ប្រជាពលរដ្ឋមានវិវាទដីធ្លីជាច្រើនសហគមន៍នៅខេត្តត្បូងឃ្មុំ សង្ឃឹមជាថ្មីថា បញ្ហាដីធ្លីរបស់ពួកគាត់នឹងអាចត្រូវបានដោះស្រាយ។ ក្តីសង្ឃឹមនេះ ក្រោយពេលប្រជាសហគមន៍ទាំងនោះរៀបរាប់ពីទុក្ខលំបាករបស់ខ្លួន ប្រាប់ទៅមន្ត្រីគណៈកម្មាធិការទី១ ព្រឹទ្ធសភា ដែលចុះអង្កេត និងប្រមូលពាក្យបណ្ដឹងពីពលរដ្ឋនៅព្រឹកថ្ងៃទី៣១ មីនា។ ប្រធានគណៈកម្មការនេះសន្យាថា នឹងយកពាក្យបណ្ដឹងពលរដ្ឋទៅជួបអាជ្ញាធរខេត្ត ហើយនឹងអាចស្នើទៅរាជរដ្ឋាភិបាលឲ្យជួយដោះស្រាយ ប្រសិនបើករណីចាំបាច់។
ក្រោយពេលទទួលពាក្យបណ្ដឹង និងស្តាប់ពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋហើយ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត ឬហៅថាគណៈកម្មការទី១ ព្រឹទ្ធសភា សន្យាថានឹងជំរុញឲ្យអាជ្ញាធរខេត្ត ជួយដោះស្រាយបញ្ហាទាំងនោះ។
បន្ថែមពីនេះ ប្រសិនបើបញ្ហាទាំងនោះស្ថិតនៅក្នុងភាពចម្រូងចម្រាស គណៈកម្មការទី១ ព្រឹទ្ធសភា នឹងអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ព្រមទាំងក្រសួងពាក់ព័ន្ធ ជាដើម។ ការសន្យារបស់មន្ត្រីគណៈកម្មការទី១ ព្រឹទ្ធសភា ក្រោយពេលពួកគេជួបជាមួយប្រជាពលរដ្ឋមានបញ្ហាដីធ្លីមកពីបណ្ដាស្រុកមួយចំនួនក្នុងខេត្តត្បូងឃ្មុំ រួមមានស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់។
ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត លោក គង់ គាំ មានប្រសាសន៍ថា គណៈកម្មការទី១ ព្រឹទ្ធសភា មានតួនាទីប្រមូលពាក្យបណ្ដឹង អង្កេតឲ្យបានត្រឹមត្រូវ និងឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស។ លោកបន្តថា សិទ្ធិទទួលបានដីធ្លីជារឿងសំខាន់មួយសម្រាប់ប្រជាពលរដ្ឋ ពីព្រោះដីធ្លី គឺជាអាយុជីវិតរបស់ពួកគាត់៖ « ក្នុងការរស់នៅ ដីធ្លី គឺជាជីវិត ហើយបើអត់ដីធ្លី ក៏អត់មានជីវិត ក៏អត់មានការអាស្រ័យផលដែរ »។
ក្រោយពេលប្រមូលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ គណៈកម្មការទី១ បានចុះពិនិត្យស្ថានភាពដីទំនាស់មួយកន្លែងនៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ហើយក៏បន្តដំណើរទៅជួបជាមួយអាជ្ញាធរខេត្តបន្តទៀត។ បញ្ហារបស់ប្រជាសហគមន៍ រួមមាន បញ្ហាដីព្រៃសហគមន៍នៅស្រុកតំបែរ ជម្លោះដីធ្លីរវាងពលរដ្ឋជាង ៥០០គ្រួសារនៅឃុំត្រមូង ជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់។ វិវាទដីធ្លីរវាងពលរដ្ឋនៅឃុំជាំក្រវៀន ជាមួយក្រុមហ៊ុន ម៉ែន សារុន ព្រមទាំងបញ្ហាមួយចំនួនទៀត។
តំណាងពលរដ្ឋនៅឃុំត្រមូង ដែលមានវិវាទដីលំនៅឋានជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ លោកស្រី ឃុត ស្រីអូន មានសង្ឃឹមថា គណៈកម្មការទី១ ព្រឹទ្ធសភា នឹងអាចជំរុញទៅរាជរដ្ឋាភិបាល ឬមន្ត្រីពាក់ព័ន្ធ ឲ្យជួយដោះស្រាយបញ្ហាចេញប្លង់កម្មសិទ្ធិជូនពួកគាត់៖ « សុំឲ្យឯកឧត្តមជួយសើរើទំនាស់ដីធ្លីខ្ញុំ ដែលកើតឡើងតាំងពីឆ្នាំ២០០៨ មកម្ល៉េះ ហើយមកដល់ពេលហ្នឹងអត់ទាន់មាននរណាដោះស្រាយទេ »។
ស្រដៀងគ្នានេះ ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមអ្នកមានអំណាច និងក្រុមហ៊ុនមួយចំនួនលើទំហំដីជាង ១ពាន់ហិកតារ មកពីឃុំទន្លូង លោក យ៉ែម គង់ រៀបរាប់ថា កន្លងមក ពាក្យបណ្ដឹងរបស់ពលរដ្ឋដាក់ទៅស្ថាប័នពាក់ព័ន្ធ ប៉ុន្តែគ្មានដំណោះស្រាយឡើយ ទើបបណ្ដាលឲ្យអ្នកភូមិត្រូវជួបការលំបាក ពីព្រោះគ្មានដីធ្លីសម្រាប់បង្កបង្កើនផល៖ « គោលបំណងរបស់ខ្ញុំ គឺចង់បង្ហាញពីវប្បធម៌ប្រពៃណី និងដីសមូហភាពរបស់ជនជាតិដើមភាគតិច »។
ទោះបីជាយ៉ាងណា បញ្ហារបស់ប្រជាពលរដ្ឋទាំងនោះ កន្លងមកអាជ្ញាធរខេត្តធ្លាប់លើកឡើងថា ពួកគេកំពុងដោះស្រាយជាជំហានៗ ប៉ុន្តែជម្លោះដីធ្លីខ្លះត្រូវការពេលវេលាដើម្បីដោះស្រាយតាមនីតិវិធី។
ដោយឡែកមន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត យល់ថា ជារឿងល្អមួយសម្រាប់ពលរដ្ឋមានបញ្ហាទាំងនោះ ពីព្រោះមានឱកាសជួបជាមួយមន្ត្រីគណៈកម្មការទី១ ព្រឹទ្ធសភា ផ្ទាល់ ដើម្បីលើកឡើងពីបញ្ហាប្រឈមរបស់ពួកគេ។ លោកបន្ថែមថា កន្លងមក ភាគច្រើនអាជ្ញាធរខេត្តមិនបានដោះស្រាយជូនពលរដ្ឋទេ ប៉ុន្តែជាការដោះសាច្រើនជាង។ លោកថា មូលហេតុដែលអាជ្ញាធរខេត្តមិនអាចដោះស្រាយបាន គឺខ្លាចប៉ះពាល់ផលប្រយោជន៍របស់ពួកគេ៖ « អ៊ីចឹងការដោះស្រាយហ្នឹងវាអត់បាន ដោយសារអី ? ដោយសារអ្នកយកនេះ ផ្តល់ឲ្យអ្នកមានអំណាចក្នុងការដោះស្រាយ។ អ៊ីចឹងមានតែការដោះសា »។
មន្ត្រីសង្គមស៊ីវិលរូបនេះមើលឃើញថា ប្រសិនបើបញ្ហាដីធ្លីនៅខេត្តត្បូងឃ្មុំ អាជ្ញាធរនៅតែមិនអាចដោះស្រាយបាន ផលប៉ះពាល់នឹងកើតមានចំពោះប្រជាពលរដ្ឋ ដូចជាចំណាកស្រុក អ្នកភូមិត្រូវបង្ខំចិត្តធ្វើកម្មករឲ្យក្រុមហ៊ុនបរទេស ពីព្រោះពួកគាត់មិនអាចរស់បានដោយសារធនធានធម្មជាតិ ព្រមទាំងដីធ្លីរបស់ខ្លួនត្រូវបាត់បង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។