ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រកឃើញថា ការវិនិយោគរបស់ក្រុមហ៊ុនបុត្រសម្ពន្ធចិនចំនួន ៥ នៅក្នុងខេត្តព្រះវិហារ បានបង្កផលប៉ះពាល់យ៉ាងធំធេងដល់បរិស្ថាន និងជីវិតមនុស្សនៅតំបន់នោះ ជាពិសេស ប៉ះពាល់ទៅលើគឺសហគមន៍ជនជាតិដើមភាគតិចកួយ ដែលបានរស់នៅ និងអាស្រ័យផលលើដីធ្លី និងព្រៃឈើ តាំងពីដូនតារបស់ខ្លួនមក។ ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនបុត្រសម្ពន្ធចិនទាំងនោះ បានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយពលរដ្ឋទាមទារកុំឱ្យក្រុមហ៊ុនឈូសឆាយដីធ្លី និងព្រៃឈើដែលជាទីអាស្រ័យផលរបស់ពួកគាត់ ខណៈក្រុមហ៊ុនមិនបានបញ្ឈប់សកម្មភាពឈូសឆាយនោះឡើយ។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន ១៣ស្ថាប័ន បាននាំគ្នាបង្កើតបេសកកម្មស្វែងរកការពិតមួយកាលពីពេលថ្មីៗនេះ ដើម្បីពិនិត្យមើលទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុនចំនួន ៥ ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនផលិតស្ករសហេងហ្វូ (Hengfu Sugar Industry Co., Ltd.) របស់ចិន ដែលកំពុងវិនិយោគនៅខេត្តព្រះវិហារ។
បេសកកម្មស្វែងរកការពិតនេះ រកឃើញថា ការវិនិយោគរបស់ក្រុមហ៊ុនខ្នាតធំមួយនេះ បានបង្កផលប៉ះពាល់យ៉ាងច្រើនសម្បើមដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ដែលពួកគាត់ភាគច្រើន គឺជាជនជាតិដើមភាគតិចកួយ។ ផលប៉ះពាល់ទាំងនោះរួមមាន ការបាត់បង់សិទ្ធិប្រើប្រាស់ និងគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ ការបាត់បង់អត្តសញ្ញាណជនជាតិដើមភាគតិច ការបាត់បង់សាមគ្គីភាព និងឯកភាពគ្នាក្នុងសហគមន៍ បង្កើតឱ្យមានការធ្វើចំណាកស្រុក នាំមកនូវក្តីអន្តរាយដល់បរិស្ថាន និងប្រព័ន្ធជីវៈចម្រុះ ព្រមទាំងការរំលោភបំពានលើរូបរាងកាយ និងស្មារតីរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។
ក្រុមហ៊ុនបានចាប់ផ្តើមឈូសឆាយ និងត្រួសព្រៃ តាំងពីឆ្នាំ ២០១០ មកម្ល៉េះ ពោលគឺនៅមុនពេលដីនោះមិនទាន់ត្រូវបានធ្វើអនុប្បយោគ ឬផ្លាស់ប្តូរផ្លូវច្បាប់ពីដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋនៅឡើយ។ គិតត្រឹមឆ្នាំ ២០១៦ កន្លងទៅ ក្រុមហ៊ុនបានដាំអំពៅនៅលើផ្ទៃដី ១ម៉ឺន ៣ពាន់ហិកតារ ឬស្មើនឹង ៣៦ ភាគរយនៃផ្ទៃដីសម្បទានសរុប។
បេសកកម្មស្វែងរកការពិត រកឃើញទៀតថា ក្រុមហ៊ុនចិនបានឈូសឆាយ និងត្រួសត្រាយព្រៃនេះ មិនបានធ្វើឡើងស្របតាមគោលការណ៍នៃការផ្តល់សំណងសមរម្យ និងត្រឹមត្រូវនោះឡើយ ជាពិសេសវាបានរំលោភទៅលើសិទ្ធិជនជាតិដើមភាគតិចដែលរស់នៅតំបន់នោះ។ ហើយបើទោះជាក្រុមហ៊ុនធ្វើបែបនោះក្តី អាជ្ញាធរមិនបានហាមឃាត់ ឬរារាំងក្រុមហ៊ុនឡើយ ផ្ទុយទៅវិញមន្ត្រីរដ្ឋាភិបាល ប៉ូលីស និងកងកម្លាំងប្រដាប់អាវុធដទៃទៀត បែរជាបានអនុញ្ញាត ឬចូលរួមក្នុងសកម្មភាពឈូសឆាយទាំងនោះទៀតផង។ ក្រុមហ៊ុនបានឈូសបំផ្លាញព្រៃ ចាក់ដីលុបត្រពាំង បឹងបួរ និងឈូសរានយកដីកសិកម្ម និងដីបម្រុងទុករបស់អ្នកភូមិថែមទៀត ដែលធនធានទាំងអស់នេះ សុទ្ធសឹងតែជាប្រភពចំណូល និងកន្លែងរកអាហារចិញ្ចឹមជីវិតរបស់ពួកគាត់។
ទីប្រឹក្សាយោបល់របស់ពលរដ្ឋជនជាតិដើមភាគតិចកួយនៅឃុំប្រមេរ លោកស្រី ទេព ទឹម អះអាងថា ជីវភាពរបស់ពលរដ្ឋក្នុងសហគមន៍របស់លោកស្រី បានស្រុតចុះជាខ្លាំងចាប់តាំងពីមានវត្តមានរបស់ក្រុមហ៊ុន ដោយសារអស់ព្រៃឈើ ដីធ្លី និងប្រភពទឹកទាំងនោះ។ លោកស្រីបន្តថា មានពលរដ្ឋខ្លះបានធ្លាក់ខ្លួនជំពាក់បំណុលគេ ដោយសារខ្ជីបុលដោះទាល់ជីវភាព៖ «»
ក៏ប៉ុន្តែ ការអះអាងរបស់តំណាងពលរដ្ឋរូបនេះ ត្រូវបានមេឃុំប្រមេរ លោក ធាន ហេង បដិសេធ ដោយលោកបញ្ជាក់ថា ជីវភាពមិនមានការធ្លាក់ចុះឡើយ ផ្ទុយទៅវិញមានតែគ្រាន់បើជាងមុនផង ដោយអ្នកភូមិខ្លះមានផ្ទះថ្មរស់នៅ ហើយដីធ្លីដែលពួកគាត់ធ្លាប់បង្កបង្កើនផលនោះមិនបានបាត់បង់ទៅណាឡើយ៖ «»
មេឃុំរូបនេះបញ្ជាក់ថា ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនចិននោះ លោកមិនអាចដោះស្រាយបានឡើយ ព្រោះវាហួសពីសមត្ថភាពរបស់អាជ្ញាធរឃុំ។
អាស៊ីសេរីមិនទាន់អាចរកប្រភពទាក់ទងអាជ្ញាធរខេត្តព្រះវិហារ ដើម្បីសាកសួរបន្ថែមអំពីរឿងនេះបានឡើយ គិតត្រឹមម៉ោងផ្សាយនេះ ក៏ប៉ុន្តែអតីតអភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា ធ្លាប់បានទទួលស្គាល់ថា ការអភិវឌ្ឍរបស់ក្រុមហ៊ុនចិននេះ បានជួបប្រទះនឹងបញ្ហាដីធ្លីជាមួយប្រជាពលរដ្ឋមួយចំនួន។ ក៏ប៉ុន្តែ លោកបានអះអាងថា អាជ្ញាធរខេត្តព្រះវិហារបានសម្របសម្រួល និងឆ្វៀលដីដែលប៉ះពាល់ ដើម្បីផ្ទេរសិទ្ធិឱ្យពលរដ្ឋ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលរួចស្រេចទៅហើយ។
ចំណែកឯអភិបាលខេត្តព្រះវិហារបច្ចុប្បន្ន គឺលោក អ៊ុន ចាន់ដា ក៏ធ្លាប់បានចុះទៅពិនិត្យដល់ទីតាំងមានទំនាស់រវាងក្រុមហ៊ុន និងពលរដ្ឋនៅតំបន់មួយចំនួនផងដែរ ដោយបានសន្យាថា នឹងដោះស្រាយបញ្ចប់ទំនាស់នេះឱ្យបានឆាប់ ស្របតាមគោលការណ៍ច្បាប់។ លោកបានអះអាងថា ទំនាស់ដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនចិននេះ នៅមានសេសសល់តិចតួចប៉ុណ្ណោះមកទល់នឹងពេលនេះ។
ក៏ប៉ុន្តែ ការអះអាងរបស់ថ្នាក់ដឹកនាំខេត្តព្រះវិហារទាំងពីររូបនេះ ត្រូវបានពលរដ្ឋច្រានចោល និងចាត់ទុកថា គ្រាន់តែជាការនិយាយយករួចខ្លួនតែប៉ុណ្ណោះ។ ពលរដ្ឋបញ្ជាក់ថា ការវិនិយោគនេះប៉ះពាល់ដល់ពលរដ្ឋចំនួន ១០ឃុំ ស្មើនឹង ២៥ភូមិ ដែលមានពលរដ្ឋរស់នៅលើសពី ២ម៉ឺន ៣ពាន់នាក់។ តំបន់ដែលប៉ះពាល់គ្របដណ្តប់លើផ្ទៃដីមួយចំនួននៃស្រុកចំនួន ៣ របស់ខេត្តព្រះវិហារ គឺស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែន ហើយមកទល់នឹងពេលនេះ មិនទាន់ឃើញមានដំណោះស្រាយ ឬការផ្តល់សំណងសមរម្យអ្វីដល់ពួកគាត់នៅឡើយ បើទោះជាពួកគាត់បានទាមទារតវ៉ាជាច្រើនលើករួចមកហើយក្តី៖ «»
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ធ្លាប់បានបង្ហាញមោទនភាពយ៉ាងខ្លាំង ចំពោះគម្រោងខ្នាតធំមួយនេះ។ ថ្លែងក្នុងពិធីសម្ពោធរោងចក្រផលិតស្កររបស់ក្រុមហ៊ុន រ៉ូយ ហ្វេង ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃ ១ ស្រុកឆែប ខេត្តព្រះវិហារ កាលពីខែមេសា ឆ្នាំ ២០១៦ លោកអួតថា រោងចក្រផលិតស្ករសនេះ នឹងក្លាយជារោងចក្រដែលមានខ្សែសង្វាក់ផលិតកម្មធំជាងគេក្នុងតំបន់អាស៊ី។ លោកបន្តថា ក្រុមហ៊ុនស្ករសរបស់ចិននេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងបង្កើតការងាររាប់ម៉ឺនកន្លែងដល់ពលរដ្ឋខ្មែរ។ លោកសង្កត់ធ្ងន់ថា ពលរដ្ឋនៅជុំវិញតំបន់វិនិយោគ នឹងទទួលបានផលប្រយោជន៍កាន់តែច្រើនតាមរយៈហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹក និងភ្លើងអគ្គិសនីជាដើម ដែលក្រុមហ៊ុនបានសាងសង់៖ «»
លោកក៏បានណែនាំដល់ម្ចាស់ក្រុមហ៊ុនស្ករសចិនដែលទទួលបានសិទ្ធិវិនិយោគពីរបបរបស់លោក ឱ្យរក្សាទុកព្រៃឈើ និងដាំដើមឈើបន្ថែមនៅក្នុងតំបន់ដែលក្រសួងកសិកម្មតម្រូវឱ្យកាត់ឆ្វៀលទុកផងដែរ៖ «»
ក៏ប៉ុន្តែពលរដ្ឋអះអាងក្រុមហ៊ុនមិនបានរក្សាទុកព្រៃដូចការណែនាំរបស់លោក ហ៊ុន សែន ឡើយ ផ្ទុយទៅវិញពួកគេបានកាប់ដើមឈើ និងឈូសឆាយដីព្រៃទាំងនោះអស់គ្មានសល់ឡើយ ហើយសូម្បីតែដើមច្បោះជ័រក៏ក្រុមហ៊ុនមិនទុកឱ្យពលរដ្ឋអាស្រ័យផលដែរ។
លោកស្រី ទេព ទឹម អះអាងថា សកម្មភាព និងលទ្ធផលជាក់ស្តែងរបស់ក្រុមហ៊ុនហេងហ្វូនេះ ខុសគ្នាស្រឡះពីការរំពឹងទុករបស់លោក ហ៊ុន សែន។ លោកស្រីបញ្ជាក់ថា គ្មានការផលិតស្ករស អាល់កុល អគ្គិសនី និងជីសរីរាង្គ ដូចការរំពឹងទុកឡើយ ហើយក្រុមហ៊ុនក៏មិនបានបង្កើតការងារអ្វីសម្រាប់ពលរដ្ឋនោះដែរ៖ «»
ចំណែកតំណាងសហគមន៍ឃុំសង្កែ ២ ស្រុកឆែប លោក ផាវ យ៉ន ក៏បានអះអាងដែរថា រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនមិនបាននាំមកនូវការអភិវឌ្ឍដល់សហគមន៍របស់លោកឡើយ ផ្ទុយទៅវិញមានតែធ្វើឱ្យពលរដ្ឋកាន់តែក្រីក្រ ព្រោះព្រៃឈើ និងដីធ្លីដែលពួកគាត់ធ្លាប់ប្រើប្រាស់ និងអាស្រ័យផលនោះ ត្រូវបានក្រុមហ៊ុនឈូសឆាយរំលោភយកស្ទើរអស់ទៅហើយ។ លោកថាក្រុមហ៊ុនក៏មិនបានផ្តល់ការងារអ្វីដល់ពលរដ្ឋ ដូចការអះអាងរបស់លោក ហ៊ុន សែន នោះដែរ។ ទាក់ទងនឹងដំណោះស្រាយដីធ្លីនេះវិញ លោកបញ្ជាក់ថា អាជ្ញាធរបានត្រឹមតែការសន្យាប៉ុណ្ណោះ ប៉ុន្តែគ្មានលទ្ធផលអ្វីឡើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ៖ «»
ពលរដ្ឋសំណូមពរដល់មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ចុះមកត្រួតពិនិត្យឡើងវិញចំពោះសកម្មភាពរបស់ក្រុមហ៊ុនបុត្រសម្ពន្ធនៃក្រុមហ៊ុនហេងហ្វូ ដើម្បីឱ្យដឹងថា តើក្រុមហ៊ុនទាំងនេះកំពុងធ្វើអ្វីខ្លះនៅខេត្តព្រះវិហារ ជាជាងគ្រាន់តែស្តាប់ព័ត៌មានមិនពិតពីមន្ត្រីថ្នាក់ក្រោមរបស់លោក៖«»
បេសកកម្មស្វែងរកការពិតបានរកឃើញថា ការវិនិយោគនេះ ក៏កំពុងធ្វើឱ្យជនជាតិដើមភាគតិចកួយបាត់បង់អត្តសញ្ញាណរបស់ខ្លួនដែរ។ តាមរយៈការឈូសទន្ទ្រានរបស់ក្រុមហ៊ុន ពួកគាត់បានបាត់បង់ព្រៃជំនឿ ព្រៃកប់សព ព្រៃបម្រុងទុក និងដីចម្ការវិលជុំ ហើយសូម្បីតែទីទួលបូរាណ និងខឿនប្រាសាទទាំងឡាយ ដែលពលរដ្ឋធ្លាប់មានជំនឿ និងគោរពប្រតិបត្តិនោះ ក៏ក្រុមហ៊ុនឈូសឆាយអស់គ្មានសល់ផងដែរ។ លើសពីនេះ ក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន បានព្យាយាមបំបែកបំបាក់សាមគ្គីភាពរបស់អ្នកភូមិគ្រប់រូបភាព ជាពិសេស គឺការបញ្ចុះបញ្ចូលឱ្យពលរដ្ឋចុះបញ្ជីដីជាលក្ខណៈឯកជន។
ដោយសារតែធ្លាក់ចុះជីវភាព ពលរដ្ឋមួយចំនួន ជាពិសេស យុវជន បាននាំគ្នាធ្វើចំណាកស្រុកទៅប្រទេសថៃ និងកន្លែងដទៃទៀត ដើម្បីរកប្រាក់មកផ្គត់ផ្គង់គ្រួសារ។ តាមភូមិមួយចំនួន ដូចជា ភូមិកាឡោត ភូមិប្រមេរ ភូមិបុសធំ ភូមិស្រែព្រាង និងភូមិសំរោងជាដើម ក្មេងៗ ជាច្រើន បាននាំគ្នាឈប់រៀន ដោយសារការខ្វះខាតជីវភាព។
បញ្ហាសំខាន់មួយទៀត គឺផលប៉ះពាល់ទៅលើស្រ្តី និងកុមារ។ ក្រុមបេសកកម្មពិសេសរកឃើញថា ស្ត្រីមួយចំនួនដែលមកពីតាមបណ្តាខេត្តបានបង្កើតទំនាក់ទំនងស្នេហា និងមានកូនជាមួយកម្មករជនជាតិចិន ដែលធ្វើការឱ្យក្រុមហ៊ុនបុត្រសម្ពន្ធរបស់ក្រុមហ៊ុន ហេង ហ្វូ។ នៅពេលកម្មករចិនទាំងនោះ អស់កិច្ចសន្យាការងារ ពួកគេក៏ត្រឡប់ទៅប្រទេសចិនវិញ ដោយបន្សល់ទុកនូវស្ត្រីមេម៉ាយ និងកុមារកំព្រា ដែលងាយរងគ្រោះដោយសារការបែកបាក់គ្រួសារ។
ទាក់ទងទៅនឹងបញ្ហាបរិស្ថានវិញ អ្នកភូមិអះអាងថា គុណភាពដីរបស់ពួកគាត់លែងល្អដូចពីមុនទៀតហើយ ដោយប្រែជាហួតហែងគ្មានសំណើមឡើយ។ ពួកគាត់សង្ស័យថា នេះអាចបណ្តាលមកពីជីគីមី និងថ្នាំសម្លាប់សត្វល្អិត និងសារធាតុគីមីផ្សេងៗ ដែលក្រុមហ៊ុនបានប្រើប្រាស់លើដំណាំរបស់ពួកគេ និងក្នុងសកម្មភាពផ្សេងទៀត។ អ្នកភូមិអះអាងទៀតថា ទឹកកខ្វក់ចេញពីរោងចក្រ និងបរិក្ខារផ្សេងទៀត ក៏បានបំពុលដី និងទឹក ដែលធ្វើឱ្យត្រី និងគោក្របីអ្នកស្រុកងាប់ជាបន្តបន្ទាប់ ហើយប្រភពទឹកសម្រាប់ប្រើប្រាស់ក៏មិនអាចប្រើបានដូចពីមុនទៀតឡើយ។ បន្ថែមពីលើនេះ ការឈូសឆាយសម្អាតព្រៃនេះ ក៏បានធ្វើឱ្យជីវៈចម្រុះទាំងក្នុងទឹក និងនៅលើដី វិនាសហិនហោចផងដែរ។ ដើមច្បោះជ័រ រុក្ខជាតិឱសថ ផ្សិត ផ្កាអ័រគីដេព្រៃ សត្វព្រៃ និងសត្វល្អិតទាំងឡាយ ក៏បានបាត់បង់តាមនោះដែរ។
អាស៊ីសេរីមិនទាន់អាចទាក់ទងតំណាងក្រុមហ៊ុនបុត្រសម្ពន្ធនៃក្រុមហ៊ុនហេងហ្វូរបស់ចិនបាននៅឡើយទេ គិតត្រឹមថ្ងៃទី១៥ តុលា ដើម្បីឆ្លើយតបនឹងការចោទប្រកាន់របស់ពលរដ្ឋនេះ។ ប៉ុន្តែក្រុមហ៊ុននេះ ធ្លាប់បដិសេធនឹងសំណួរ និងសំណើសុំជួបរបស់អាស៊ីសេរីកន្លងមក។
ក្រៅពីរងផលប៉ះពាល់ទៅលើជីវភាព និងបរិស្ថានហើយនោះ ក្រុមពលរដ្ឋក៏រងគ្រោះដោយសារការរំលោភសិទ្ធិមនុស្សពីសំណាក់អាជ្ញាធរ និងក្រុមហ៊ុនផងដែរ។ ពលរដ្ឋបាននាំគ្នាចេញតវ៉ាប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍របស់ចិននេះ ចាប់តាំងពីឆ្នាំ ២០១២ រហូតមកទល់នឹងពេលបច្ចុប្បន្ន។ ជាការឆ្លើយតប ទាំងអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មិនត្រឹមតែមិនជួយរកដំណោះស្រាយជាក់លាក់ជូនពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែបែរជាជួយការពារក្រុមហ៊ុនទៅវិញ។ ពលរដ្ឋអះអាងថា អាជ្ញាធរមូលដ្ឋានបានប្រើអាវុធ និងអំពើហិង្សា ដើម្បីកាងឱ្យក្រុមហ៊ុន ជាថ្នូរនឹងការទទួលបានផលប្រយោជន៍ ឬលាភសក្ការៈ។
ក្រៅពីនេះ អាជ្ញាធរមូលដ្ឋាន និងប៉ូលីសក៏បានតាមដានសកម្មភាពរបស់ពលរដ្ឋ និងតំណាងរបស់ពួកគាត់ដែលចេញមុខប្រឆាំងនឹងក្រុមហ៊ុនហេងហ្វូផងដែរ ដោយលាបពណ៌ពួកគាត់ថា អ្នកប្រឆាំងនឹងការអភិវឌ្ឍរបស់រដ្ឋាភិបាល។ អាជ្ញាធរបានភ្ជាប់ពួកគាត់ទៅនឹងក្រុមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយដែលរិះគន់រដ្ឋាភិបាល ឬនិយាយឱ្យចំ គឺគណបក្សប្រឆាំងតែម្តង។ ហើយកាន់តែធ្ងន់ធ្ងរជាងនេះ អាជ្ញាធរថែមទាំងបានចោទប្រកាន់ពួកគាត់ថា ចូលរួមក្នុងបដិវត្តន៍ពណ៌ និងចង់ធ្វើអបគមន៍ ឬបំបែករដ្ឋទៀតផង។ ការរំលោភបំពាន ការគំរាមកំហែង ការចោទប្រកាន់ និងការប្តឹងពលរដ្ឋទៅតុលាការ កើតមានជាច្រើនករណី តាំងពីឆ្នាំ ២០១២ រហូតមក។
លោកស្រី ទេព ទឹម ឆ្លើយថា ពលរដ្ឋគ្មានបំណងទៅបង្កើតរដ្ឋក្នុងរដ្ឋឡើយ ហើយអ្វីដែលពលរដ្ឋធ្វើនេះ គឺដើម្បីតែទាមទារយកដីធ្លី និងព្រៃឈើ ដែលបានបាតបង់នោះមកវិញតែប៉ុណ្ណោះ៖ «»
នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក អាង ជាតិឡោម កត់សម្គាល់ថា ការដោះស្រាយទំនាស់ដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនចិននោះ ធ្វើឡើងសម្រាប់តែពលរដ្ឋចំណូលថ្មី ដែលទៅចាប់យកដីនៅតំបន់នោះប៉ុណ្ណោះ ក៏ប៉ុន្តែពលរដ្ឋម្ចាស់ស្រុកវិញ មិនទាន់ឃើញអាជ្ញាធរដោះស្រាយជូនពួកគាត់នៅឡើយទេ។ លោកថា ទំនាស់ដីធ្លីនេះ គឺជាកំហុសរបស់របបលោក ហ៊ុន សែន ដែលមិនបានសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ ចំពោះទីតាំងដីដែលត្រូវផ្តល់ឱ្យក្រុមហ៊ុន ដោយគ្រាន់តែគូសវាសថាជាដីព្រៃ រួចក៏ផ្តល់ឱ្យក្រុមហ៊ុន ដែលតាមការពិតតំបន់នោះមានពលរដ្ឋរស់នៅ និងអាស្រ័យផលជាយូរយារមកហើយ។ លោកថារបបលោក ហ៊ុន សែន គួរតែសើរើមើលឡើងវិញនូវកិច្ចសន្យាជាមួយក្រុមហ៊ុន ដោយសារតែក្រុមហ៊ុនមិនបានផលិតអ្វីជាដុំកំភួននៅឡើយ ហើយក៏មិនបាននាំយកមកនូវការអភិវឌ្ឍអ្វីសម្រាប់ប្រជាពលរដ្ឋនោះដែរ៖ «»
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ លើកទឹកចិត្តដល់ពលរដ្ឋរងផលប៉ះពាល់ពីការវិនិយោគនេះ ឱ្យបន្តការទាមទារដោយសន្តិវិធី និងតស៊ូមតិតទៅទៀត ដើម្បីឱ្យក្រុមហ៊ុន ហេង ហ្វូ ឈប់រំលោភយកដីធ្លី និងសងជំងឺចិត្តដល់ពួកគាត់វិញ ព្រមទាំងទាមទារឱ្យរបបក្រុងភ្នំពេញទទួលខុសត្រូវចំពោះការធ្វេសប្រហែសរបស់ខ្លួនក្នុងករណីរំលោភបំពានដីធ្លីពីសំណាក់ក្រុមហ៊ុន ហេងហ្វូ នេះ។ ពួកគេក៏ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃរបបលោក ហ៊ុន សែន នាំខ្លួនជនដែលរំលោភសិទ្ធិពលរដ្ឋ ទាំងសន្តិសុខក្រុមហ៊ុន និងកងកម្លាំងប្រដាប់អាវុធ ឱ្យមកទទួលខុសត្រូវ ចំពោះអំពើយាយី និងរំលោភបំពាន ដែលបានប្រព្រឹត្តិលើអ្នកភូមិកាលពីពេលកន្លងទៅ។ ក្រៅពីនេះ ពួកគេក៏ជំរុញឱ្យរបបលោក ហ៊ុន សែន ស៊ើបអង្កេតទៅលើការរំលោភបំពានទាំងឡាយ ដែលប្រព្រឹត្តដោយក្រុមហ៊ុន ហេងហ្វូ និងត្រូវឱ្យក្រុមហ៊ុននេះទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ បន្ថែមពីលើនេះ ពួកគេក៏ជំរុញឱ្យរបបក្រុងភ្នំពេញគោរពសិទ្ធិពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលធានាអំពីសិទ្ធិគ្រប់គ្រងដីធ្លី សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិសេរីភាពក្នុងការជួបប្រជុំផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។