ជនជាតិ​ដើម​ភាគ​តិច​ព្នង​ដាក់​ញត្តិ​សុំ​ឲ្យ​លុប​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ដី​សម្បទាន​នៅ​មណ្ឌលគិរី

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ៥​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ចំនួន ២៧៣​គ្រួសារ​មក​ពី​ខេត្ត​មណ្ឌលគិរី ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ដើម្បី​ស្នើសុំ​លុប​ចោល​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច វីឡា ឌីវេឡុបមេន (Villa Development)។

ការ​ទាមទារ​នេះ បន្ទាប់​ពី​ពួក​គេ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង ខេត្ត​មណ្ឌលគិរី មុន​មក​ភ្នំពេញ។

បន្ទាប់​ពី​ដាក់​ពាក្យ​បណ្ដឹង និង​ដាក់​ញត្តិ​រួច​ហើយ តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ៥​នាក់ បាន​លើក​ដៃ​សំពះ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ទីស្នាក់ការ​កណ្ដាល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ដឹង និង​ជួយ​អន្តរាគមន៍​បន្ថែម។

ក្នុង​សម្លៀកបំពាក់​ជនជាតិ​ព្នង លោក ប្លឹក ម៉ាល់ មក​ពី​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ថ្លែង​ថា ក្រុមហ៊ុន វីឡា ឌីវេឡុបមេន ដែល​ទទួល​អភិវឌ្ឍ​តំបន់​នោះ បាន​ឈូស​ឆាយ​ដី​ចម្ការ ដី​កប់​ខ្មោច និង​បាន​កាប់​បំផ្លាញ​ឈើ​ជ័រ​ទឹក។ តំណាង​សហគមន៍​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ការ​តវ៉ា ក្រុមហ៊ុន​តែង​តែ​គំរាម​កំហែង​ក្រុម​ប្រជា​សហគមន៍៖ «បើ​សិន​ជា​រាជ​រដ្ឋាភិបាល​ទុក​ក្រុមហ៊ុន​ហ្នឹង​ទៀត ទុក​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ណា ពីព្រោះ​ជនជាតិ​ដើម​ភាគ​តិច របរ​រក​ស៊ី​របស់​គេ​រស់នៅ​ដោយសារ​ព្រៃ​ហ្នឹង។ កុំ​អោយ​យក​ខ្ញុំ​ទៅ​ធ្វើ​ខ្ញុំ​កញ្ជះ​របស់​វា​ហ្នឹង ខ្ញុំ​អត់​ចូល​ចិត្ត​ទេ»

ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត​មណ្ឌលគិរី ដែល​ទាមទារ​ឲ្យ​លុប​ចោល​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច វីឡា ឌីវេឡុបមេន បាន​អះអាង​ថា បាន​បាត់​បង់​ដីធ្លី ៧២៨​ហិកតារ ហើយ​ក្រុមហ៊ុន​បាន​កាប់​ដើម​ជ័រ​ច្បោះ ដែល​មាន​ជ័រ​ជាង ៣៦០​ដើម។

បន្ទាប់​ពី​មាន​បញ្ហា​ដីធ្លី​ស្ទើរ​គ្រប់​ខេត្ត​រាជធានី រាជ​រដ្ឋាភិបាល​បាន​លុប​ចោល​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​១៩ ដើម្បី​ដក​ហូត​មក​ទុក​គ្រប់គ្រង​ដោយ​ស្ថាប័ន​រដ្ឋ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។