ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី ជិត ២០០នាក់នាំគ្នាដើរចេញពីកិច្ចពិភាក្សាស្វែងរកដំណោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ ពាក់ព័ន្ធគម្រោងផ្តល់ដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល។ អ្នកភូមិបាននាំគ្នាបន្តធ្វើបាតុកម្មរឿងនេះនៅមុខសាលាស្រុក ទាមទារឲ្យអាជ្ញាធរទទួលយកសំណើសហគមន៍បីចំណុច។
ចរាចរណ៍នៅកំណាត់ផ្លូវក្រាលក្រួសក្រហមចំណុចមុខសាលាស្រុកពេជ្រាដា ត្រូវកាត់ផ្តាច់ចាប់ពីម៉ោង ១២ថ្ងៃត្រង់រហូតដល់ម៉ោងជិតពីររសៀលថ្ងៃទី៣០ ខែមីនា ដោយសារតែអ្នកភូមិជនជាតិដើមភាគតិចព្នង នៅឃុំប៊ូស្រា ជិត ២០០នាក់ឈរធ្វើជារបាំងមិនឲ្យធ្វើចរាចរ ជាលក្ខខណ្ឌទាមទារឲ្យអាជ្ញាធរដោះស្រាយការតវ៉ារបស់ពលរដ្ឋ។
តំណាងសហគមន៍ លោក ក្រើង តុលា ថ្លែងបញ្ជាក់ថា មូលហេតុធ្វើឲ្យអ្នកភូមិបង្ខំចិត្តបិទផ្លូវនេះ ដោយសារតែអាជ្ញាធរស្រុកមិនគោរពកិច្ចព្រមព្រៀងដោះស្រាយវិវាទដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ផ្តល់ទៅឲ្យជនជាតិចាម ក៏ប៉ុន្តែបានបង្កផលប៉ះពាល់ដីកប់សពដូនតា ព្រៃអារក្ស និងព្រៃអភិរក្សសហគមន៍។ លោកបន្តថា អ្នកភូមិបានយល់ព្រមបើកផ្លូវវិញ បន្ទាប់ពីអភិបាលស្រុកពេជ្រាដា យល់ព្រមកំណត់ពេលវេលាជាក់លាក់ចុះដោះស្រាយការទាមទារបីចំណុច រួមមាន អាជ្ញាធរត្រូវចុះបោះបង្គោលព្រំដីសម្បទានសង្គមកិច្ច បន្ទាប់មកសហគមន៍ចង្អុលបង្ហាញទីតាំងមានផលប៉ះពាល់ និងត្រូវរៀបចំសែនព្រេនតាមជំនឿប្រពៃណីជនជាតិដើមភាគតិច ប្រសិនរកឃើញមានផលប៉ះពាល់ដីធ្លីព្រៃឈើសហគមន៍អភិរក្ស៖ « ឥឡូវបើកផ្លូវហើយ ប៉ុន្តែសំណូមពរប្រជាពលរដ្ឋអភិបាលស្រុក លោក នួន សារ៉ន សន្យាថានឹងចុះបោះបង្គោលព្រំនៅថ្ងៃទី១ ខែមេសា »។
អាជ្ញាធរស្រុកពេជ្រាដា កោះហៅប្រជាពលរដ្ឋសហគមន៍ពូលុ ឃុំប៊ូស្រា ដោះស្រាយបញ្ហាវិវាទដីធ្លីជាមួយប្រជាពលរដ្ឋជនជាតិចាម នៅចំណុចដីសម្បទានសេដ្ឋកិច្ចវាល់យ៉ូង នៅព្រឹកថ្ងៃទី៣០ ខែមីនា ខណៈជនជាតិចាម ជាជនចំណាកស្រុក បានមកកាប់ឆ្ការព្រៃតាំងទីលំនៅ ៣ឆ្នាំកន្លងទៅនេះ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា កត់សម្គាល់ថា ជំនួបដោះស្រាយជម្លោះដីធ្លីនេះមិនបានជោគជ័យ ដោយសារតែអាជ្ញាធរស្រុកមិនព្រមបោះបង្គោលកំណត់ព្រំដីសម្បទានតាមការស្នើសុំរបស់សហគមន៍ ហើយទាមទារឲ្យសហគមន៍បង្ហាញទីតាំងដី និងព្រៃរងផលប៉ះពាល់ពីគម្រោងសម្បទានវិញ។ លោកថា ការមិនឯកភាពនេះ គឺជាហេតុផលធ្វើឲ្យអ្នកភូមិបន្តតវ៉ានៅមុខសាលាស្រុក ទាមទារដំណោះស្រាយ៖ « ត្រូវតែដោះស្រាយបានឆាប់កាន់តែប្រសើរ ចៀសវាងកុំឲ្យប្រជាពលរដ្ឋជនជាតិដើមមានទំនាស់ជាមួយប្រជាពលរដ្ឋចាម »។
រាជរដ្ឋាភិបាលបានសម្រេចផ្តល់ដី ២.៤០០ហិកតារសម្រាប់សម្បទានសង្គមកិច្ចដល់ពលរដ្ឋមកពីខេត្តកំពង់ចាម ជាង ៥៨៨គ្រួសារ បន្ទាប់ពីប្រជាពលរដ្ឋទាំងនោះបានស្នើសុំដីប្រកបរបរកសិកម្មចិញ្ចឹមជីវិតកាលពីឆ្នាំ២០១១។ រហូតពេលនេះ អាជ្ញាធរខេត្តមណ្ឌលគិរី មិនទាន់បែងចែកដីទៅដល់ប្រជាពលរដ្ឋនៅឡើយ។ ផ្ទុយទៅវិញ ជនជាតិចាម បានចូលមកកាប់ឆ្ការព្រៃនៅតំបន់នោះសម្រាប់តាំងលំនៅឋាន ទើបអ្នកភូមិជនជាតិដើមភាគតិច ធ្វើការតវ៉ា។
ឆ្លើយតបបញ្ហានេះ អភិបាលស្រុកពេជ្រាដា លោក នួន សារ៉ន ឲ្យដឹងដែរថា រាជរដ្ឋាភិបាលបានកាត់ដីមានផលប៉ះពាល់ចេញពីគម្រោងផ្តល់ដីសម្បទានសង្គមកិច្ចនេះ ៦០០ហិកតាររួចហើយ ក៏ប៉ុន្តែសហគមន៍នៅតែតវ៉ាពីគម្រោងផ្តល់ដីនេះ។ លោកថា អាជ្ញាធរបានកំណត់ពេលវេលាជាក់លាក់ចុះត្រួតពិនិត្យព្រំដីសម្បទានតាមសំណើរបស់សហគមន៍នៅដើមសប្ដាហ៍ក្រោយ៖ « ឆ្នាំ២០១១ ខ្ញុំបានដឹកនាំក្រុមការងារសិក្សាផលប៉ះពាល់ អញ្ជើញតំណាងចាស់ទុំសហគមន៍ មេភូមិ មេឃុំ ផលប៉ះពាល់ជិត ៥០០ ប៉ុន្តែយើងរាយការណ៍ស្នើសុំសម្ដេច សម្ដេចកាត់ចេញ ៦០០ សល់តែ ២ . ៤០០។ រហូតដល់ឆ្នាំ២០១៤ គាត់តវ៉ាតែម្តង »។
របាយការណ៍អង្កេតរបស់សមាគមអាដហុក ឲ្យដឹងថា មានភាពមិនប្រក្រតី ដូចជាការបែងចែកដីសម្បទានសង្គមកិច្ចនេះនៅយឺតយ៉ាវ អ្នកទទួលបានដីសម្បទានសង្គមកិច្ចមួយចំនួន មិនមានលក្ខណៈសម្បត្តិទទួលបានដីតាមការកំណត់របស់រាជរដ្ឋាភិបាល ដីសម្បទានខ្លះត្រូវបានគេលក់បន្តពីម្នាក់ទៅម្នាក់ និងដោយឡែកជនជាតិចាម បានកាប់ទន្ទ្រានព្រៃឈើនៅតំបន់នោះបន្ថែម ដើម្បីពង្រីកយកដី៕ SR
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។