មន្ត្រីមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី កំពុងឈូសឆាយដីនៅតំបន់ភ្នំដោះក្រមុំ ដើម្បីរៀបចំគម្រោងសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋនៅតំបន់ភាគឦសានប្រទេស ពីមុខជំនាញស្រាវជ្រាវរ៉ែ ថាមពល និងប្រេងកាត។ ចំណែកសហគមន៍ជនជាតិដើមភាគតិចដែលអភិរក្សភ្នំដោះក្រមុំ ចាត់ទុកការសាងសង់នេះ ធ្វើឲ្យប៉ះពាល់តំបន់វប្បធម៌ ជំនឿ និងប្រពៃណីជនជាតិដើមភាគតិច។
ជនជាតិព្នង នៅស្រុកចំនួនប្រាំក្នុងខេត្តមណ្ឌលគិរី គ្រោងតវ៉ាប្រឆាំងការឈូសឆាយដីនៅតំបន់ភ្នំដោះក្រមុំ ដើម្បីរក្សាទីនោះទុកជាតំបន់បូជនីយកិច្ចដាច់ដោយឡែករបស់ជនជាតិដើមភាគតិច។
នៅថ្ងៃទី១៥ ខែកក្កដា គ្រឿងចក្រកំពុងឈូសឆាយដីមួយផ្នែកនៃកំពូលភ្នំដោះក្រមុំ ធ្វើឲ្យអ្នកភូមិជនជាតិដើមភាគតិចនៅតំបន់ក្បែរនោះភ្ញាក់ផ្អើល ហើយរៀបចំគម្រោងប្រមូលផ្តុំសហគមន៍ពីស្រុកនានា និងក្នុងក្រុងសែនមនោរម្យ ដើម្បីធ្វើការតវ៉ាការឈូសឆាយនៅចុងសប្ដាហ៍នេះ។
ជនជាតិព្នងម្នាក់រស់នៅភូមិឡៅកា សង្កាត់សុខដុម លោកស្រី សូត ភីរម្យ បញ្ជាក់ថា សហគមន៍ឡៅកា មិនយល់ព្រមប្រគល់ដីភ្នំដោះក្រមុំសម្រាប់ការសាងសង់អ្វីក្រៅពីទុកតំបន់នោះសម្រាប់ទីសក្ការៈ តាមជំនឿប្រពៃណីជនជាតិដើមភាគតិច។ លើសពីនេះទៀត ការឈូសឆាយនៅលើភ្នំដោះក្រមុំ នឹងបង្កផលប៉ះពាល់កន្លែងសក្ការៈអ្នកភូមិ ដែលធ្លាប់ចាត់ទុកភ្នំនេះជាទីស្នាក់អាស្រ័យនៃអារក្សអ្នកតា សម្រាប់ជួយផ្តល់សេចក្តីសុខដល់អ្នកភូមិ៖ « កំណត់ ៥ស្រុកយកទាំងអស់ គេមកប៉ុន្មានយកប៉ុណ្ណឹង ។ ប្រភេទទំនាស់ជនជាតិហ្នឹង ប្រពៃណីសែនព្រេន បើសិនយើងធ្វើអ៊ីចឹងទៅ វាប៉ះពាល់ជនជាតិ គេកាន់អបិយជំនឿ »។
ភ្នំដោះក្រមុំ ក្រៅពីអភិរក្សសម្រាប់តំបន់បូជនីយកិច្ចរបស់ជនជាតិដើមភាគតិច ភ្នំនេះក៏ជាតំបន់ទេសចរណ៍វប្បធម៌ដ៏សំខាន់នៅចំកណ្ដាលបេះដូងក្រុងសែនមនោរម្យ នៃទឹកដីខេត្តមណ្ឌលគិរី។ កន្លងទៅនេះ ដីមួយចំនួននៅជុំវិញជើងភ្នំ ត្រូវបានប្រជាពលរដ្ឋចូលទៅតាំងទីលំនៅ និងកាត់យកដីចំណីភ្នំអស់ជាច្រើនហិកតារ។ បច្ចុប្បន្ន ផ្ទៃដីភ្នំដែលនៅសេសសល់មានទំហំប្រមាណ ៧០ហិកតារ ដែលអ្នកភូមិនាំគ្នាសង់រោង និងរូបសំណាកអ្នកតាដ៏ធំសម្រាប់គោរពបូជា។
ចំណែកជនជាតិដើមភាគតិចរស់នៅសហគមន៍ប៊ូស្រា លោក ក្រើង តុលា បញ្ជាក់ដែរថា អ្នកភូមិធ្លាប់បានតវ៉ាច្រើនលើកទាក់ទិនគម្រោងអភិវឌ្ឍន៍នានា ដែលបង្កផលប៉ះពាល់ដល់កន្លែងគោរពបូជារបស់ជនជាតិដើមភាគតិចនៅភ្នំដោះក្រមុំនេះ។ លោកថា អាជ្ញាធរត្រូវតែគោរពសិទ្ធិ និងជំនឿប្រពៃណីជនជាតិដើមភាគតិចដែលច្បាប់បានកំណត់៖ « ឈូសម្សិលមិញហើយថ្ងៃហ្នឹងប្រហែល ២ហិកតារ ។ លើភ្នំហ្នឹងមានកន្លែងបន់ស្រន់។ ពីមុនមានវត្ត គេរើវត្តនៅកន្លែងផ្សេង។ តំបន់ហ្នឹងទីសក្ការៈបូជារបស់ជនជាតិដើមភាគតិចនៅដដែល មិនអាចទៅធ្វើកន្លែងហ្នឹងបានទេ »។
កាលពីឆ្នាំ២០១៤ សហគមន៍ជនជាតិដើមភាគតិចព្នង មកពីស្រុកនានាបានប្រតិកម្មទៅនឹងការលើកស្លាកនៅលើដីមួយផ្នែកនៃភ្នំដោះក្រមុំ ដើម្បីរក្សាទុកជាទីតាំងវិទ្យាស្ថានស្រាវជ្រាវរ៉ែ និងថាមពល ខណៈអាជ្ញាធរខេត្តសម្រេចកាត់ដីជាង ៥ហិកតារប្រគល់ឲ្យក្រសួងរ៉ែ និងថាមពល ដើម្បីសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋ។
ប្រធានមន្ទីរវប្បធម៌ខេត្តមណ្ឌលគិរី លោក ស្រី ទូច កត់សម្គាល់ថា ភ្នំដោះក្រមុំជាតំបន់វប្បធម៌ក្រោមការគ្រប់គ្រងរបស់មន្ទីរវប្បធម៌ ក៏ប៉ុន្តែការសម្រេចកាត់ចេញដីមួយផ្នែកនៅតំបន់នោះ គឺជាការសម្រេចរបស់អាជ្ញាធរខេត្ត។ លោកថា មន្ទីរវប្បធម៌បានទទួលដំណឹងស្ដីពីការឈូសឆាយដីតំបន់នោះ ក៏ប៉ុន្តែលោកមិនអាចវាយតម្លៃបានយ៉ាងណានោះទេ ដោយសារលោកទើបនឹងផ្ទេរភារកិច្ចជាប្រធានមន្ទីរវប្បធម៌ នាពេលថ្មីៗនេះ៖ « កន្លែងហ្នឹង មិនទាន់មាន ការអភិវឌ្ឍ អ្វីទេ ប៉ុន្តែប៉ះពាល់រឿងដី ដែលគណៈរដ្ឋមន្ត្រីប្រគល់ឲ្យ ក្រសួងវប្បធម៌ និងខេត្ត ទុកជាតំបន់គោរពបូជា ។ ខ្ញុំត្រូវការពិគ្រោះយោបល់ជាមួយអាជ្ញាធរខេត្ត ក៏ដូចក្រសួង វប្បធម៌ »។
ទាក់ទិនករណីនេះដែរ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា កត់សម្គាល់ដែរថា ការឈូសឆាយទៅលើតំបន់គោរពបូជារបស់ជនជាតិដើមភាគតិច គួរមានការពិគ្រោះយោបល់ជាមួយសហគមន៍ ទាក់ទិនផលប៉ះពាល់ទៅលើជំនឿប្រពៃណីអ្នកភូមិ។ លើសពីនេះទៀត ប្រសិនអាជ្ញាធរអាចរកទីតាំងផ្សេងដើម្បីអភិវឌ្ឍវិទ្យាស្ថានបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋនោះ គឺជាជម្រើសប្រសើរ ពីព្រោះភ្នំដោះក្រមុំក្រៅពីជាកន្លែងបូជនីយកិច្ចរបស់ជនជាតិដើមភាគតិច ទីនោះក៏ជាមជ្ឈមណ្ឌលស្រល់ត្រកាលនៅខេត្តមណ្ឌលគិរី សម្រាប់វិស័យទេសចរណ៍៖ « ប្រសិនអាច អាជ្ញាធរគួរទៅស្វះស្វែងរកទីតាំងមិនប៉ះពាល់ភ្នំ ប៉ះពាល់ ទីសក្ការៈ មិនប៉ះពាល់តំបន់ទេសចរណ៍ ។ អ៊ីចឹងខ្ញុំជឿជាក់ថា ខេត្តមណ្ឌលគិរី មិនខ្វះដីទេក្នុងការសាងសង់វិទ្យាស្ថានហ្នឹង »។
ឆ្លើយតបទៅនឹងបញ្ហានេះ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី លោក សាន់ ដារិទ្ធ ថ្លែងថា ការអភិវឌ្ឍវិទ្យាស្ថានស្រាវជ្រាវរ៉ែ និងថាមពល នេះ មានសារសំខាន់ណាស់សម្រាប់ជួយបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិចនៅខេត្តភាគឦសាន រៀនមុខជំនាញបម្រើជីវភាពរស់នៅរបស់ពួកគេ។ លើសពីនេះទៀត ភ្នំដោះក្រមុំ គឺជាកន្លែងសមស្របដែលអ្នកផ្តល់ជំនួយ តម្រូវឲ្យមានទីតាំងនៅជិតទីរួមខេត្ត ទើបអាជ្ញាធរសម្រេចយកដីមួយផ្នែកនៃភ្នំដោះក្រមុំនេះ៖ « ដីហ្នឹងអត់ យកទៅ ដាំកៅស៊ូ អត់ យកទៅ ធ្វើអាជីវកម្មស្អីទេ យកឲ្យ កូនចៅ គាត់រៀន។ គេធ្វើ សាលាហ្នឹង ទូទាំងប្រទេស។ អ្នកណាក៏រៀនបានដែរពាក់ព័ន្ធអគ្គិសនី ពាក់ព័ន្ធរ៉ែ ពាក់ព័ន្ធ ប្រេង។ គាត់ មករៀនមក »។
អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក សុខ សេរ៉ា បញ្ជាក់ដែរថា ទីតាំងដីដែលកាត់ចេញសម្រាប់សាងសង់វិទ្យាស្ថាន មិនប៉ះពាល់កន្លែងគោរពបូជារបស់សហគមន៍នោះទេ ពីព្រោះទីតាំងរោងអ្នកតារបស់សហគមន៍នៅមួយចំហៀងនៃកំពូលភ្នំ។ លោកថា អ្នកភូមិគួរយោគយល់ និងចូលរួមជាមួយអាជ្ញាធរ ប្រគល់ទីនោះសម្រាប់ការអភិវឌ្ឍវិទ្យាស្ថានមានសារប្រយោជន៍ធំធេងសម្រាប់ពលរដ្ឋទូទាំងប្រទេស ពិសេសពលរដ្ឋនៅខេត្តមណ្ឌលគិរី បន្តការសិក្សាជំនាញបច្ចេកទេស៖ « កន្លែងសក្ការបូជាគាត់ មាននៅ កន្លែងអ្នកតា ហើយអ៊ីចឹងឲ្យបន្តិចទៅខាងហ្នឹង។ យើងចង់បង្កើតកន្លែងហ្នឹងទៅ បើសិនកូនចៅបងប្អូនជនជាតិរៀនបានល្មមៗ យើងអាចបញ្ចូលទៅខាងធនធានរ៉ែ។ ស្រុកយើងមានសក្ដានុពល រ៉ែស្រាប់ ។ ខ្ញុំ គិតថា ជាប្រយោជន៍ ទាំងអស់គ្នា ទេ »។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យសាលាខេត្ត លោក សុខ សេរ៉ា ឲ្យដឹងថា អាជ្ញាធរពាក់ព័ន្ធ នឹងជួបពិភាក្សាជាមួយចាស់ទុំតំណាងសហគមន៍ ដើម្បីពន្យល់ពីសារប្រយោជន៍នៃការសាងសង់វិទ្យាស្ថានលើកដំបូងក្នុងខេត្តមណ្ឌលគិរី និងតួនាទីរបស់សហគមន៍ក្នុងការចូលរួមជាមួយគម្រោងអភិវឌ្ឍន៍ជាប្រយោជន៍សាធារណៈដែលបានកំណត់ក្នុងច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។