អ្នកមាន​ជម្លោះ​ដីធ្លី​នៅ​កោះ​កុង​ជាង ៦០គ្រួសារ​បន្ត​សុំ​ដំណោះ​ស្រាយ​ដីធ្លី និង​ដោះ​លែង​តំណាង​​ពលរដ្ឋ

0:00 / 0:00

ប្រជាពលរដ្ឋ ៦៥​គ្រួសារ​ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​ យូញៀន (UDG) និង​ក្រុមហ៊ុន​លោក ឧកញ៉ា លី យ៉ុងផាត់ បាន​នាំ​គ្នា​មក​ភ្នំពេញ សុំ​អន្តរាគមន៍​ពី​គណៈកម្មាការ​ដោះ​ស្រាយ​ទំនាស់​នៅ​មុខ​ផ្ទះ​លោក ហ៊ុន សែន ដែល​របប​ក្រុង​ភ្នំពេញ​​ទើប​តែ​បាន​បង្កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ នេះ។ ពលរដ្ឋរងគ្រោះដីធ្លីនៅខែត្រកោះកុង អះអាងថា ជម្លោះដីធ្លីរ៉ាំរៃនេះ បានអូសបន្លាយពេល​ប្រមាណ ១០ឆ្នាំ​មក​ហើយ មកទ​ល់​ពេល​នេះ ក្រុមហ៊ុន​ចិន មិន​ទាន់​ដោះ​ស្រាយ​ជូន​ពួក​គាត់​នៅ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​ត្រូវ​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ដល់​ពួក​គាត់ ព្រោះ​ពួក​គាត់​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ជីវភាព។

ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ចំនួន ៣​ឃុំ នៅ​ស្រុក​គិរីសាគរ ខេត្ត​កោះកុង បាន​ឡើង​ទៅ​រាជធានី​ភ្នំពេញ​ជា​ថ្មី នៅ​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ដើម្បីត្រៀមតវ៉ា និង​ដាក់​ញត្តិ​រួម​គ្នា នៅ​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា នៅ​មុខ​ភូមិគ្រឹះ​លោក ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ និង​ដាក់​ញតិ្ត​សុំ​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា ឲ្យ​ជួយ​អន្តរាគមន៍​ពន្លឿន​ដំណោះ​ស្រាយ​ដីធ្លី​ជូន​ពួក​គាត់ និង​ដោះ​លែង​តំណាង​ពួក​គាត់​ម្នាក់​វិញ។

តំណាង​ពលរដ្ឋ​សហគមន៍​ព្រែក​ខ្សាច់ លោកស្រី ថៃ គឹម​ធុច រៀបរាប់​ថា ពួក​គាត់​ទាំង ៦៥​គ្រួសារ ត្រូវ​ក្រុមហ៊ុន​ចិន យូញៀន (Union Development Group) រំលោភ​យក​ដីធ្លី​ជាង ១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ អាជ្ញាធរ​មិន​ទាន់​ជួយ​ដោះស្រាយ​នោះ​ទេ។ ចំណែក​ក្រុមហ៊ុន​កោះកុង អេស.អ៊ី.ហ្សិត (Koh Kong SEZ) របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ដែល​ធ្លាប់​រំលោភ​យក​ដីធ្លី​ពួក​គាត់​ដែរ​នោះ បាន​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​រួចរាល់​ហើយ តែ​មិន​ព្រម​ដោះ​លែង​តំណាង​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ ហេង សុខ។

លោកស្រី ថៃ គឹមធុច អះអាង​ថា ពួកគាត់​ទាំង ៦៥គ្រួសារ បាន​ចេញ​តវ៉ា​ជា​បន្ត​បន្ទាប់​តាំង​ពី​ថ្នាក់​ខេត្ត​រហូត​ដល់​ស្ថាប័ន​កំពូលៗ របស់​ជាតិ ជាពិសេស កាល​ពី​សប្តាហ៍​មុន ពួក​គាត់​ក៏​បាន​ដាក់​ញត្តិ សុំ​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​លោក ហ៊ុន សែន ដែរ ប៉ុន្តែ​មិន​បាន​ជួយ​អន្តរាគមន៍​នោះ​ទេ បាន​ត្រឹម​តែ​សន្យា​ភូត​កុហក​ពួក​គាត់​ឲ្យ​រំសាយ​ការ​តវ៉ា​ម្តង​ហើយ​ម្តង​ទៀត​ប៉ុណ្ណោះ៖ «សារ​នេះ​ទៅ​មុខ​ផ្ទះ​សម្តេច​ហ្មង ហើយ​ខាង​ខុទ្ទកាល័យ​ទៅ​ទាញ​រុញ ទៅ​ក្រោម​ដើម​ពោធិ៍​យ៉ាង​ម៉េច ក៏​អត់​ព្រម​ទៅ​ដែរ សុខ​ចិត្ត​នៅ​ននៀល​ព្រោះ​អូស​បន្លាយ​យូរ​ហើយ ជាង ១០ឆ្នាំ​ហើយ។ យើង​ទាមទារ​សុំ​តែ​កាត់​ឆ្វៀល​ដី និង​ដោះ​លែង​លោក​ពូ ហេង សុខ មក​វិញ »

លោកស្រី ថៃ គឹមធុច រៀបរាប់​ថា ការ​ពន្យារ​ពេល​ដោះ​ស្រាយ​ជម្លោះដីធ្លី និង​បន្ត​ឃុំ​ឃាង​តំណាង​របស់​ពួក​គាត់​បែប​នេះ គឺ​ពិតជា​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ និង​អយុត្តិធម៌​យ៉ាង​ខ្លាំង​សម្រាប់​ពួក​គាត់ ដែល​បាត់បង់​ដីធ្លី។ លោកស្រី​អះអាង​ថា សព្វថ្ងៃ​នេះ មន្ត្រី​ក្រសួង​បរិស្ថាន និង​សន្តិសុខ​ក្រុមហ៊ុន​ចិន​កំពុង​កាង និង​កាន់​កាប់​លើ​ដី​ទំនាស់ ដោយ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ទៅ​រស់​នៅ និង​ធ្វើ​ដំណាំ​កសិកម្ម​បាន​ទេ៖ «វា​ខាត​ពេល​អត់​បាន​រក​ស៊ី រវល់​តវ៉ា​ចុះ​ឡើង ឡើង​ចុះ ចោល​កូន​ចោល​អី ហើយ​ចំណាយ​លុយ​ចំណាយ​ពេល អ៊ីចឹង​ក្រ​ជាន់​លើ​ក្រ​ខ្លាំង​ណាស់។ សូម​ទាមទារ​កុំ​ឲ្យ​ប្រើ​ពេល​វេលា​ដោះ​ស្រាយ​យូរ​ពេក »

មន្ត្រីខុទ្ទកាល័យលោក ហ៊ុន សែន និង​ជា​សមាជិក​ក្រុម​ការងារ​ទទួល​បណ្តឹង និង​ដោះ​ស្រាយ​បណ្តឹង​តវ៉ា​ផ្សេងៗ លោក គង់ ចំរើន បដិសេធ​មិន​ឆ្លើយ​តប​ជាមួយ​អាស៊ី​សេរី​ទេ​នៅ​ថ្ងៃ​អាទិត្យ​ទី៤ វិច្ឆិកា ព្រោះ​លោក​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​លោក​ត្រូវ​ឈប់​សម្រាក៖ «ខ្ញុំ​អត់​មាន​ទម្លាប់​និយាយ​ក្នុង​ម៉ោង​សម្រាក​ទេ។សុំ​ទោស ... ចាំ​ថ្ងៃ​ចន្ទ​ម៉ោង​ធ្វើការ បង​វាយ​ទូរស័ព្ទ​មក​ខ្ញុំ​វិញ​ណា »

រីឯអ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ស៊្រុន ដារិទ្ធ ក៏​មិន​ឆ្លើយ​តប​ជាមួយ​អាស៊ី​សេរី​ដែរ ក្រោម​ហេតុផល​ថា អាស៊ី​សេរី​គ្មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «សុំ​ទោស​ផង ខ្ញុំ​មិន​អាច​ឆ្លើយ​ជាមួយ​អាស៊ី​សេរី​បាន​ទេ​ណា ព្រោះ​អាស៊ី​សេរី រដ្ឋាភិបាល​បាន​បិទ​ប្រតិបត្តិការ​នៅ​ក្នុង​ស្រុក​ខ្មែរ​ហើយ ខ្ញុំ​មិន​មែន​សិទ្ធិ​ឆ្លើយ​តប​ជាមួយ​អាស៊ី​សេរី​ទេ។ សូមអរគុណ

អាស៊ីសេរី ក៏បានព្យាយាម​ទាក់ទង​ទៅ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង លោក ម៉ម ផល្លា ដែរ ប៉ុន្តែ លោក​មិន​ទទួល​ទូរស័ព្ទ។

តំណាង​ពលរដ្ឋ​សហគមន៍​ព្រែកខ្សាច់ គឺ​លោក ហេង សុខ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង ចាប់​ខ្លួន​កាល​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ២០១៨ តាម​បណ្ដឹង​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ ខណៈ​លោក​ទៅ​ចូល​បោះ​បង្គោល​ព្រំ​ដី​របស់​លោក ដែល​កំពុង​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន លី យ៉ុងផាត់។ សំណុំ​រឿង​នេះ តុលាការ​ខេត្ត​កោះកុង បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ១​ឆ្នាំ ៦​ខែ និង​រង​ពិន័យ​ជា​ប្រាក់​ចំនួន ២​លាន​រៀល ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនទ្រព្យ​ដោយ​សុចរិត។ ទោះ​យ៉ាង​ណា​ក្តី ពលរដ្ឋ​អះអាង​ថា វិវាទ​ដីធ្លី​នេះ ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​ទទួល​ខុស​ត្រូវ​និង​បាន​ផ្ដល់​សំណង​ជូន​ប្រជា​ពលរដ្ឋ​បញ្ចប់​ទំនាស់​រួចរាល់​ហើយ គួរ​តែ​ដោះ​លែង​លោក ហេង សុខ វិញ។

ចំណែក​ជម្លោះ​ដីធ្លី​ជាមួយ​ចិន​ យូញៀន ​វិញ គឺ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ២០០៨ បន្ទាប់​ពី​របប​លោក ហ៊ុន សែន ផ្ដល់​ដី​សម្បទាន​ដី​ទំហំ​ជាង ៣​ម៉ឺន ៦​ពាន់​ហិកតារ ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​នេះ ហើយ​បាន​ប៉ះ​ពាល់ ឬ​ជាន់​លើ​ដី​ប្រជា​ពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ ប៉ុន្តែ​ពុំ​មាន​ដំណោះ​ស្រាយ​សមរម្យ​ជូន​ពួក​គាត់​នោះ​ទេ។ ក្រុមហ៊ុន​នៅ​តែ​បន្ត​ឈូស​ឆាយ​ដំណាំ និង​ផ្ទះ​សម្បែង​ពលរដ្ឋ​ជា​បន្ត​បន្ទាប់។

មន្ត្រី​ប្រឹក្សា​ផ្នែក​ច្បាប់​នៃ​អង្គការ លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង លោក ហ៊ួ អ៊ីន មាន​ប្រសាសន៍​ថា របប​ក្រុង​ភ្នំពេញ គួរ​តែ​ដល់​ពេល​ដោះ​ស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ ព្រោះ​ពួក​គាត់​បាន​ចំណាយ​ទ្រព្យធន និង​ប្រាក់កាស​ដើរ​តវ៉ា​ជិត ១០ឆ្នាំ​មក​ហើយ។ លោក​បារម្ភ​ថា បើ​អូស​បន្លាយ​ត​ទៅ​ទៀត គឺ​ជីវភាព​ពលរដ្ឋ​កាន់​តែ​រង​ប៉ះ​ពាល់​ខ្លាំង ហើយ​ការ​តវ៉ា​របស់​ពួក​គាត់​អាច​កាន់​តែ​ពុះ​កញ្ជ្រោល ដែល​នាំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច៖ «អ៊ីចឹង​ដោយសារ​តែ​គ្មាន​សង្ឃឹម និង​គ្មាន​ជំនឿ​ដោយសារ​តែ​ញត្តិ ឬ​ពាក្យ​បណ្តឹង​ដាក់​ទៅ​ស្ងាត់ គ្មាន​ដំណោះ​ស្រាយ​អី​សោះ ដល់​អ៊ីចឹង ធ្វើ​ឲ្យ​ពួក​គាត់​សម្រេច​ចិត្ត​ឡើង​ទៅ​ដាក់​ញត្តិ​ម្តង​ទៀត​ហើយ។ ដូច្នេះ​កាល​ណា​ប្រជា​ពលរដ្ឋ​ឡើង​ដាក់​ញត្តិ​ច្រើន​លើក​ច្រើន​សារ​ខាង​ក្រសួង​បរិស្ថាន ដែល​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង មិន​បាន​ចេញ​មុខ​មក​សម្របសម្រួល ឬ​ក៏​សន្យា​ឲ្យ​ប្រជា​ពលរដ្ឋ​ទុក​ចិត្ត​បាន​នោះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា មិន​បាន​យក​ចិត្ត​ទុក​ដាក់ និង​គ្មាន​ឆន្ទៈ​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​ប្រជា​ពលរដ្ឋ ហើយ​បណ្តោយ​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​តែ​ជួប​ទុក្ខ​លំបាក​ព្រោះ​តែ​ដី​ខ្លួន​ឯង​ត​ទៅ​ទៀត»

លោក ហ៊ួ អ៊ីន បន្ថែម​ថា ការ​សិក្សា​អំពី​ប្រវត្តិ​ដី និង​អំពី​ផ្លូវ​ច្បាប់​នោះ គឺ​ប្រជា​ពលរដ្ឋ​គួរ​តែ​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ដី ឬ​គួរ​តែ​ទទួល​បាន​ដំណោះ​ស្រាយ​សមរម្យ​ជា​យូរ​មក​ហើយ។

អ្នកមានជម្លោះ​ដីធ្លី​បាន​លើក​ឡើង​ថា​ ពួកគេ​នឹង​បន្ត​តវ៉ា​រហូត​ដល់​មាន​ដំណោះ​ស្រាយ ហើយ​ប្រសិន បើ​របប​លោក ហ៊ុន សែន នៅ​តែ​មិន​ពន្លឿន​ដំណោះ​ស្រាយ​ដីធ្លី​ជូន​ពួក​គាត់ និង​ដោះ​លែង​តំណាង​ពួក​គាត់​នោះ​ទេ គឺ​ពួក​គាត់​នឹង​នៅ​តែ​នាំ​គ្នា បន្ត​ធ្វើ​ការ​តវ៉ា​រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។