តំណាងអយ្យការអមតុលាការខេត្តកោះកុងនៅថ្ងៃទី២២ ឧសភា នេះ កោះហៅពលរដ្ឋ ២នាក់ ឱ្យទៅបំភ្លឺជុំវិញរឿងវិវាទដីធ្លី តាមបណ្ដឹងរបស់ក្រុមហ៊ុនយូញៀន ឌីវេឡុបមែនគ្រុប (Unions Development Group) ឬហៅកាត់ថា ក្រុមហ៊ុនយូឌីជី (UDG)។ ក្រុមហ៊ុនឯកជនមួយនេះ បានប្តឹងទៅតុលាការខេត្តកោះកុង ទាមទារឱ្យមានការរុះរើផ្ទះ របង និងសម្ភារៈផ្សេងទៀតរបស់ពលរដ្ឋទាំងពីរគ្រួសារនេះ ចេញពីទីតាំងដីដែលក្រុមហ៊ុនអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួននោះ។
ពលរដ្ឋទាំង ២នាក់អះអាងថា ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបណ្ដេញចេញដោយបង្ខំនៅពេលខាងមុខ ក្រោយពេលតំណាងអយ្យការប្រាប់ពួកគាត់ថា ពួកគាត់គ្មានសិទ្ធិទាមទារសំណងតាមការចង់បានរបស់ខ្លួនឡើយ។
ពលរដ្ឋម្នាក់ លោកស្រី លីវ ភួង អះអាងថា ដីភូមិ និងផ្ទះរបស់លោកស្រីនៅក្នុងភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង មាន ២កន្លែង ក្នុងនោះមួយកន្លែងត្រូវបានលោកស្រីព្រមព្រៀងទទួលយកសំណងពីក្រុមហ៊ុនរួចហើយ ដោយក្រុមហ៊ុនបានផ្តល់ដីកន្លះហិកតារ និងលុយចំនួន ១ ពាន់ ១ រយដុល្លារដល់រូបគាត់។ ចំណែកដីភូមិ និងផ្ទះមួយកន្លែងទៀតដែលលោកស្រីកំពុងតែរស់នៅសព្វថ្ងៃនេះ ក្រុមហ៊ុនមិនបានផ្ដល់សំណងអ្វីឡើយ ប៉ុន្តែបែរជាប្តឹងទៅតុលាការបង្ខំឱ្យលោកស្រីចាកចេញពីដីនេះទៅវិញ៖ « ដីភូមិខ្ញុំមានពីរកន្លែង គេយកត្រាក់ទ័រមកឈូសធ្វើជាថ្នល់មួយកន្លែងហើយ ដោយសារខ្លាចអត់បានអ្វីសោះ ខ្ញុំក៏ទៅយករបស់គេមួយកន្លែងទៅ តែខ្ញុំមិនបានទៅនៅទេ។ ខ្ញុំគ្រាន់តែផ្តិតមេដៃយករបស់គេហ្នឹង តែនៅរបស់ខ្ញុំមួយកន្លែងទៀត ឥឡូវគេថាគ្មានទេ ថាយើងទទួលយករបស់គេហើយ យើងដឹងតែរុះរើចេញ បើអ៊ីចឹងទេ កន្លះខែទៀត គេនឹងយកត្រាក់ទ័រឈូសចោលហើយ។ វាអយុត្តិធម៌ណាស់បែបនេះ លុយក៏មិនឱ្យ ដីក៏មិនព្រមឱ្យ »។
លោកស្រីអះអាងថា ដីភូមិមួយកន្លែងនេះលោកស្រីកាន់កាប់តាំងពីឆ្នាំ១៩៨៩ ហើយបានសង់ផ្ទះរស់នៅតាំងពីពេលនោះមក ដោយមានដាំដុះដំណាំមួយចំនួនផងដែរ។ លោកស្រីថា សុខចិត្តរុះរើចេញ ជាថ្នូរនឹងលុយ ១០ម៉ឺនដុល្លារ និងដីភូមិកន្លះហិកតារទៀត ប៉ុន្តែខាងតំណាងអយ្យការបែរជាប្រាប់លោកស្រីវិញថា លោកស្រីគ្មានសិទ្ធិទាមទារសំណងតាមការចង់បាននោះឡើយ ព្រោះលោកស្រីបានព្រមព្រៀងគ្នាទទួលយកសំណងពីក្រុមហ៊ុនរួចហើយ។ បញ្ហានេះ បានធ្វើឱ្យលោកស្រីមានការព្រួយបារម្ភជាខ្លាំង ខ្លាចត្រូវអាជ្ញាធរ និងក្រុមហ៊ុនបណ្ដេញចេញដោយបង្ខំ៖ « ខ្ញុំចង់សុំលុយបន្ថែម និងដីមួយប្លង់ទៀត ហើយនិងដីចម្ការ ៥ហិកតារ ដែលក្រុមហ៊ុនថាឱ្យខ្ញុំនោះ ខ្ញុំនឹងចេញហើយ តែតុលាការថា មីងឯងមិនបាច់ទៅសុំអ្វីទៀតទេ បើមីងឯងយករបស់គេរួចហើយ នៅចង់បានអ្វីទៀត ម្ដេចមិនចេញទៅ កាលណាដីកាដាក់មកអ៊ីចឹង គឺដឹងតែអនុវត្តហើយ »។
ចំណែកពលរដ្ឋម្នាក់ទៀត លោក អ៊ុក សាវ៉ន ក៏អះអាងដូចគ្នាដែរថា លោកមានផ្ទះ និងដីភូមិ ២ កន្លែង នៅក្នុងភូមិព្រែកស្មាច់។ លោកបានព្រមព្រៀងទទួលសំណងពីក្រុមហ៊ុនរួចហើយចំពោះដីមួយកន្លែងដែលមានទំហំ ៨ម៉ែត្រ គុណនឹង ២០ ម៉ែត្រ ក៏ប៉ុន្តែចំពោះផ្ទះ និងដីភូមិមួយកន្លែងទៀតទំហំ ១ហិកតារ ដែលលោកកំពុងរស់នៅបច្ចុប្បន្ននេះវិញ ក្រុមហ៊ុនមិនបានដោះស្រាយឡើយ ប៉ុន្តែបែរជាប្ដឹងទៅតុលាការឱ្យរុះរើយកដីធ្លី និងផ្ទះសម្បែងរបស់គាត់ទៅវិញ។ លោកកំពុងបារម្ភថា នឹងត្រូវបាត់បង់ទ្រព្យសម្បត្តិជាដីធ្លី និងផ្ទះសម្បែងដែលធ្លាប់រស់នៅតាំងពីឆ្នាំ១៩៨៦ នោះ ដោយសារអំណាចនៃពាក្យបណ្ដឹងរបស់ក្រុមហ៊ុននេះ៖ « យើងនិយាយគេអត់ស្ដាប់យើងផងហ្នឹង ពាក្យណាក៏គេស្ដាប់យើងមិនបានដែរហ្នឹង។ គេនិយាយឡើងសុទ្ធតែ គ្មានដំណោះស្រាយឡើយ ទោះបីជាមិនចាកចេញ ក៏គេឈូស ចាកចេញ ក៏គេឈូស។ អត់មានដំណោះស្រាយអ្វីទៀតទេ គេថាយើងទទួលដីគេហើយ ទទួលផ្ទះគេហើយ យើងនៅធ្វើអ្វីទៀត នៅក្រាញននាលដល់អង្កាល់ទៀត។ យើងតវ៉ាថាមានផ្ទះពីរ គេថាអត់បានទេ បានតែមួយប៉ុណ្ណោះ »។
អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺបញ្ហានេះ ពីតំណាងអយ្យការអមតុលាការខេត្តកោះកុង លោក អ៊ីវ ត្រាយ បានទេនៅថ្ងៃទី២២ ឧសភា ចំណែកតំណាងក្រុមហ៊ុនយូឌីជី ក៏មិនអាចទាក់ទងបានដូចគ្នា។
មន្ត្រីប្រឹក្សាច្បាប់គម្រោងពន្ធនាគារនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក លោក ហ៊ួរ អ៊ីន ថ្លែងថា ពលរដ្ឋទាំងពីរគ្រួសារទទួលរងភាពអយុត្តិធម៌ខ្លាំងនៅក្នុងសំណុំរឿងនេះ ព្រោះដីដែលពួកគាត់បានព្រមព្រៀងទទួលយកសំណងពីក្រុមហ៊ុន គឺជាដីនៅទីតាំងផ្សេង មិនមែនជាទីតាំងដីដែលពួកគាត់កំពុងរស់នៅសព្វថ្ងៃនេះទេ ប៉ុន្តែក្រុមហ៊ុនបែរជាបានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីចាត់ការពលរដ្ឋទៅវិញ។ លោកថានេះជាការអនុវត្តផ្ទុយនឹងគោលការណ៍របស់រដ្ឋាភិបាលក្នុងការដោះស្រាយវិវាទដីធ្លី៖ « ករណីនេះវាពិតជាអយុត្តិធម៌ណាស់សម្រាប់ប្រជាពលរដ្ឋ។ ទទួលសំណងបាននៅកន្លែងផ្សេង ប៉ុន្តែក្រុមហ៊ុនមានចេតនាចង់បណ្ដេញចេញពីកន្លែងដែលពួកគាត់កំពុងតែរស់នៅហ្នឹងទៀត ដោយសារតែពួកគាត់មិនព្រមទទួលយកសំណងតិចតួចដែលខាងក្រុមហ៊ុនបានផ្ដល់ឱ្យ។ ពួកគាត់នៅតែទាមទារចង់បានឱ្យមានការឆ្វៀលដី ពួកគាត់បានដាក់លិខិត និងពាក្យបណ្ដឹងទៅខេត្ត និងក្រសួងបរិស្ថាន តែងតែទាមទារចង់បានដីមកវិញ តែកន្លែងនេះខាងក្រុមហ៊ុន គេថាមិនអាចឆ្វៀលដីឱ្យបានទេ គឺត្រូវតែចាកចេញ អញ្ចឹងហើយទើបខាងក្រុមហ៊ុនប្រើប្រព័ន្ធតុលាការដើម្បីបង្ខំឱ្យពួកគាត់ចេញ »។
មន្ត្រីសិទ្ធិមនុស្សរូបនេះ ស្នើដល់អាជ្ញាធរដោះស្រាយវិវាទដីធ្លីថ្នាក់ជាតិឱ្យជួយពិនិត្យករណីនេះ ដើម្បីកុំឱ្យពលរដ្ឋទាំងពីរគ្រួសារនេះ ទទួលរងភាពអយុត្តិធម៌តាមរយៈការបណ្ដេញចេញរបស់ក្រុមហ៊ុន។ លោកព្រមាន ថា ការប្រើប្រព័ន្ធតុលាការដើម្បីបណ្ដេញពលរដ្ឋចេញដោយបង្ខំ នឹងប៉ះពាល់ធ្ងន់ធ្ងរដល់មុខមាត់រដ្ឋាភិបាលដែលកំពុងខិតខំដោះស្រាយវិវាទដីធ្លី ទោះបីជាសំណុំរឿងនេះមានពលរដ្ឋតិចគ្រួសារក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។