ពលរដ្ឋមានទំនាស់ដីធ្លី ២១៨គ្រួសារនៅឃុំ ២ធ្នូ ខេត្តក្រចេះ ស្នើសុំឱ្យអាជ្ញាធរពន្លឿនដំណោះស្រាយដីធ្លីជូនពួកគាត់បន្ទាប់ពីពួកគាត់ អះអាងថា អាជ្ញាធរបានដកហូតដីពីពួកគាត់ដែលកាន់កាប់ជិត ២០ឆ្នាំ ទៅចែកឱ្យពលរដ្ឋរងមានជម្លោះដីធ្លីផ្សេងទៀត។ អភិបាលខេត្តក្រចេះអះអាងថា ពលរដ្ឋនៅតំបន់នោះសុទ្ធតែជាអ្នកចូលទៅកាន់កាប់ដីរដ្ឋខុសច្បាប់ទាំងអស់។ ដូច្នេះ អាជ្ញាធរមានសិទ្ធិដកហូតដីនោះធ្វើជាដីសម្បទានសង្គមកិច្ច ដើម្បីចែកជូនពលរដ្ឋទាំងនោះឡើងវិញក្នុង ១គ្រួសារ ២ហិកតារស្មើៗ គ្នា ប៉ុន្តែពលរដ្ឋដែលតវ៉ានេះមិនព្រម ព្រោះចង់បានលើសពីគោលការណ៍ដីសម្បទានសង្គមកិច្ច។
ក្រុមពលរដ្ឋចំនួន ២១៨គ្រួសារ អះអាងថាជម្លោះដីធ្លីនៅក្នុងឃុំ ២ធ្នូស្រុកស្នួល ខេត្ត ក្រចេះកាន់តែស្មុគស្មាញ នៅពេល ដែលអាជ្ញាធរបានចែកសម្បទានសង្គមជូនពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុម ហ៊ុនជាមួយក្រុមចម្ការកៅស៊ូមេមត់ជាន់ប៉ះចំលើដីធ្លីដែលពួកគាត់កំពុងកាន់កាប់ និងអាស្រ័យផល តាំងពីឆ្នាំ២០០១ មក។
តំណាងពលរដ្ឋ ២១៨គ្រួសារ លោក ប៉ែន វិសាលស្នើសុំអាជ្ញាធរឱ្យពន្លឿនដំណោះស្រាយដីធ្លីជូនពួកគាត់ទាំង ២១៨គ្រែសារដូចជាផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីតាមទំហំដីដែលពួកគាត់កាន់កាប់និងតាមព្រឹត្តិបត្រព័ត៌មានឆ្នាំ២០១៦។ លោក ក៏ស្នើសុំឱ្យអាជ្ញាធរឈប់គំរាមគំហែងពលរដ្ឋ និងបញ្ឈប់សកម្មភាពឈូសឆាយផលដំណាំ ផ្ទះសម្បែងពួកគាត់តទៅទៀត៖ «ឥលូវនេះផ្ទះខ្ទមតូចៗ ល្មមៗ គេ ( អាជ្ញាធរ ) ដុតចោលអស់ហើយ គេទុកតែផ្ទះធំៗ ដែលនៅសល់ប្រហែលជិត ៤០ខ្នងផ្ទះ។ ដូច្នេះអ្នកមានផ្ទះធំៗ នេះអាចអាទិភាពទទួលបានដីមួយគ្រួសារ ២ហិកតារ ប៉ុន្តែមិនមានអ្នកព្រមទទួលយកទេ ព្រោះពួកយើងទាមទារចង់ឱ្យបានដីទាំងអស់គ្នា»។
ក្រុមពលរដ្ឋ ២១៨គ្រួសារអះអាងថា ពួកគាត់បានរុករានកាន់កាប់ និងអាស្រ័យផលលើដីនៅចំណុច D5 D6 ស្ថិតក្នុងភូមិជើងឃ្លេឃុំ ២ធ្នូ តាំងពីឆ្នាំ២០០១ ដោយពុំមានអាជ្ញាធរហាមឃាត់អ្វីទេ។ ក្នុងឆ្នាំ ២០១៦ អាជ្ញាធរស្រុកក៏ធ្លាប់ចុះធ្វើព្រឹត្តិបត្រព័ត៌មានជូនពលរដ្ឋ ដើម្បីធ្វើប្លង់កម្មសិទ្ធដីធ្លីដែរ ហើយ នៅឆ្នាំ២០១៨ អាជ្ញាធរស្រុក និងក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ក៏បានកាយព្រំដីដើម្បីសម្គាល់ថា ជាដី របស់ពលរដ្ឋដែរ។ ស្រាប់តែនៅខែកុម្ភៈ ឆ្នាំ២០១៩ អាជ្ញាធរខេត្តក្រចេះ បានប្រកាសថា ដីនៅតំបន់ ពួកគាត់កំពុងកាន់កាប់ទាំងអស់ គឺជាដីសម្បទានសង្គមកិច្ច សម្រាប់ចែកជូនពលរដ្ឋដែលមកពីតំបន់ផ្សេងៗ គ្នា ដែលគ្មានដីរស់នៅទៅវិញ។
តំណាងពលរដ្ឋមួយរូបទៀត គឺលោក យ៉េង ឃាង លើកឡើងថា ដីរបស់ពួកគាត់ ដែលអាជ្ញាធរដកហូតទៅធ្វើជាដីសម្បទានសង្គមកិច្ចនេះ គឺសម្រាប់ចែកជូនក្រុមពលរដ្ឋ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ដែលធ្លាប់មានការប៉ះទង្គិចគ្នាដ៏ធ្ងន់ធ្ងរមួយ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ដោយសារតែពលរដ្ឋរាប់រយនាក់ទាំងនោះផ្ទុះការតវ៉ាបិទផ្លូវ ហើយត្រូវបានក្រុមសមត្ថកិច្ចចម្រុះបាញ់បង្ក្រាប។ លោកបន្តថា អាជ្ញាធរគួរតែរកដីទំនេរនៅកន្លែងផ្សេង ចែកជូនពលរដ្ឋទាំងនោះ មិនត្រូវយកដីដែលពលរដ្ឋចំនួន ២១៨គ្រួសារបានកាន់កាប់ជិត ២០ឆ្នាំទៅចែកនោះទេ ព្រោះវាមិនយុត្តិធម៌ និងនាំឱ្យមានទំនាស់កាន់តែស្មុគស្មាញបន្ថែមទៀត៖ «នៅពេលពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ចេះតែឡើងទៅតវ៉ារហូតនៅភ្នំពេញ ក៏ឯកឧត្ដម ជា សុផារ៉ា រៀបចំចែកដីឱ្យ ប៉ុន្តែពេលចែកដីឱ្យនោះមិនយកដីមានជម្លោះនោះទេ បែរជាមកយកដីពួកខ្ញុំទៅវិញ ដែលរស់នៅសុខសាន្ត តាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១៩ នេះ។ ខ្ញុំសំណូមពរថា ដីខាងពួកខ្ញុំនេះធ្វើយូរហើយ ដូច្នេះពួកខ្ញុំសុំតែដីរបស់ពួកខ្ញុំវិញមក»។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីលោក ទេព ធន បានទេ នៅថ្ងៃទី៥ ខែមិថុនា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ចំណែកអភិបាលខេត្តក្រេះលោក វ៉ា ថន មានប្រសាសន៍ប្រាប់អាស៊ីសេរីថាដីនៅតំបន់នោះ គឺជាដីរបស់រដ្ឋដែលវិនិយោគឱ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចហើយពលរដ្ឋទាំងអស់នោះ សុទ្ធតែបានចូលទៅដណ្ដើមដីក្រុមហ៊ុនកាន់កាប់ដូច្នេះគ្មានពលរដ្ឋណាដែលចូលទៅកាន់កាប់តាំងពីយូរនោះទេ៖ «ពួកគាត់ទើបតែទៅដណ្ដើមថ្មីៗ នេះប្រហែលជា ២ ទៅ ៣ឆ្នាំនេះទេ។ យើងអត់មានគិតថា នេះទេ អ្នករំលោភដីទាំងអស់នេះ ទាំងអ្នកតវ៉ាក្តីមិនតវ៉ាក្តី គឺយើងចែកឱ្យ ស្មើៗ គ្នាប៉ុន្តែគាត់មិនសុខចិត្ត ព្រោះគាត់ទាមទារលើស។ ពួកគាត់តវ៉ាទៅភ្នំពេញស្ទើរគ្រប់កន្លែងហើយ ពិសេសនៅក្រសួងរៀបចំដែនដី។ ថ្ងៃមុនក្រសួងរៀបចំដែនដីបានចេញសេចក្ដីប្រកាសមិនទទួលស្គាល់ថា ពួកគាត់ជាជនរងគ្រោះទេ ដោយសារក្រសួងបានយល់ និងបានប្រកាសថា ជូន ២ហិកតារស្មើៗ គ្នា ព្រោះសម្បទានសង្គមកិច្ច គឺបានតែប៉ុណ្ណឹង។ អ៊ីចឹងគាត់ទាមទារច្រើន យើងក៏មិនអាចដោះស្រាយជូន។ ប្រសិនបើគាត់មានដាំដុះនៅទីនោះ គឺយើងនឹងចែកឱ្យគាត់ទីនោះតែម្ដង»។
មន្ត្រីសម្របសម្រួលសមាគម អាដហុក ប្រចាំខេត្តក្រចេះ លោក ធីម ហ៊ន ឱ្យដឹងថា ពិតជាមានពលរដ្ឋខ្លះ បានចូលទៅរស់នៅ និងកាន់កាប់ដីនៅតំបន់ទំនាស់នោះជាច្រើនឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរ បានចាត់ទុកថា ពួកគាត់ បានកាប់ទន្ទ្រានដីរដ្ឋដោយខុសច្បាប់។ លោកបន្តថា វាអាចជាកំហុសរបស់អាជ្ញាធរ ដែលមិនបានហាមឃាត់ និងផ្សព្វផ្សាយឱ្យពលរដ្ឋបានដឹងតាំងពីដំបូងមក។លោកយល់ថា អាជ្ញាធរគួរតែពិនិត្យដោះស្រាយទំនាស់ដីធ្លីនោះឱ្យមានតម្លាភាព និងយុត្តិធម៌ឡើងវិញ ដើម្បីកុំឱ្យប្រជាពលរដ្ឋ និងពលរដ្ឋ មានទំនាស់ជាមួយគ្នា ហើយកុំឱ្យពលរដ្ឋកាន់តែជួបការលំបាកក្នុងជីវភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។