តំណាងសហគមន៍ដីធ្លីនៅឃុំបឹងប្រាំស្រុកបវេល ខេត្តបាត់ដំបងប្រមាណ ១០នាក់ តំណាងឲ្យជិត ២០០គ្រួសារ នាំគ្នាទៅស្វែងរកកិច្ចអន្តរាគមន៍ផ្លូវច្បាប់ពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) កាលពីព្រឹកថ្ងៃទី៥ ឧសភា។ ការរកអន្តរាគមន៍នេះ គឺនៅពេលពួកគាត់ទទួលដីកាពីសាលាដំបូងខេត្តបាត់ដំបង ដែលកោះហៅតំណាងពួកគាត់ចំនួន ៥នាក់ ឲ្យចូលសវនាការ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨។
តំណាងពលរដ្ឋរងគ្រោះដីធ្លីនៅបឹងប្រាំ លោក អ៊ុល យ៉ាន់ អះអាងថា មូលហេតុដែលពួកគាត់ទៅប្រឹក្សាផ្លូវច្បាប់ពីអង្គការសង្គមស៊ីវិល ដោយសារពួកគាត់ព្រួយបារម្ភខ្លាចគេចាប់ពួកគាត់ដាក់ពន្ធនាគារ ដូចតំណាងសហគមន៍ដីធ្លីនៅខេត្តបន្ទាយមានជ័យ អ្នកស្រី ឡុង សុគន្ធី កាលពីខែមេសាកន្លងទៅ។ លោក អ៊ុល យ៉ាន់ បន្ថែមទៀតថា ពួកគាត់ស្នើអង្គការសង្គមស៊ីវិលមួយនេះ ជួយធ្វើយ៉ាងណាកុំឲ្យពួកគាត់ជាប់គុកជាប់ក្រវ៉ាក់ ដោយសារតែទំនាស់ដីធ្លីនេះ៖ «ឥឡូវអ្នកធ្វើស្រែពិតប្រាកដក៏អត់មានអង្ករហូបដែរ ហើយព្រួយបារម្ភថា បើចូលគុកប្រពន្ធកូនខ្លាចហូបចុកមិនបានគ្រប់គ្រាន់ទៅ ដូចជារូបខ្ញុំផ្ទាល់ហ្នឹងមួយថ្ងៃកាត់មួយថ្ងៃកោរ ហើយប្រពន្ធខ្ញុំយំដែរ តែខ្ញុំថា កុំខ្លាច! បើខ្ញុំជាប់គុកក៏ជាប់ចុះខ្ញុំសប្បាយចិត្ត » ។
ចំណែកសហគមន៍ដីធ្លីឃុំបឹងប្រាំម្នាក់ទៀត គឺអ្នកស្រី នួន នឿន ថ្លែងថា លោកស្រីបានកាន់កាប់ដីប្រមាណ ៣ហិកតារ តាំងពីឆ្នាំ១៩៩៩ មក ហើយបានដាំដុះនៅលើដីនេះជាបន្តបន្ទាប់រហូតមកទល់សព្វថ្ងៃ។ អ្នកស្រីមានប្រសាសន៍ថា ប្រសិនតុលាការចាប់អ្នកស្រីដាក់ពន្ធនាគារ គឺក្រុមគ្រួសាររបស់អ្នកស្រីនឹងរងការឈឺចាប់ផ្លូវចិត្តអស់មួយជីវិត ព្រោះមានកូនចំនួន ៤នាក់នៅក្នុងបន្ទុកគ្រួសារ ហើយអ្នកស្រី និងស្វាមីរងបណ្ដឹងក្នុងតុលាការ ដោយសារតែបញ្ហាទំនាស់ដីធ្លីជាងនោះ៖ «ខ្ញុំចេះតែបារម្ភខ្លាចជាប់គុកមែនទៅខ្លាចគ្មានអ្នកណារកស៊ីចិញ្ចឹមកូន បើពួកគេកំពុងរៀងទាំងផង ហើយក៏ជំពាក់បំណុលគេទៀត ហើយបើជាប់តែខ្ញុំវាស្រាលទេ តែនេះទាំងប្ដីទៀត ដែលគាត់មិនដឹងអីសោះ ទៅរកស៊ីរាល់ថ្ងៃមិនទាំងបានទៅស្រែផង ខ្ញុំទៅតែម្នាក់ខ្ញុំសោះនោះ » ។
ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបាត់ដំបង លោក គី ប៊ុណ្ណរ៉ា បានកោះហៅតំណាងសហគមន៍ដីធ្លីនៅឃុំបឹងប្រាំចំនួន ៥នាក់ ដើម្បីជម្រះក្ដីលើសំណុំរឿង ដែលពលរដ្ឋម្ខាងទៀតប្ដឹងចោទប្រកាន់អ្នកទាំង ៥នាក់ ពីបទធ្វើឲ្យប៉ះពាល់កម្មសិទ្ធិឯកជន នៅក្នុងឃុំបឹងប្រាំស្រុកបវេល ខេត្តបាត់ដំបង ដើម្បីជំនុំជម្រះ។
អាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៥ ឧសភា។
ពលរដ្ឋមានទំនាស់ដីធ្លីនៅឃុំបឹងប្រាំ លោកស្រី មាន ពៅ អះអាងថា តំណាងរបស់ពួកគាត់ទាំង ៥នាក់នោះ គ្មានកំហុសដូចការចោទប្រកាន់របស់ភាគីម្ខាងទៀតដែលមានទ្រព្យសម្បត្តិរស់នៅតំបន់ផ្សេងនោះទេ។ អ្នកស្រី មាន ពៅ ស្នើសុំឲ្យមន្ត្រីតុលាការមេត្តាទម្លាក់ ការចោទប្រកាន់មកលើតំណាងរបស់ពួកគាត់ ហើយងាកមកដោះស្រាយបញ្ចប់រឿងទំនាស់ដីធ្លីជូនពួកគាត់ឲ្យបានឆាប់ ដើម្បីពួកគាត់ដាំដុះនៅលើដីទំនាស់ រកប្រាក់ចំណូលចិញ្ចឹមជីវភាពគ្រួសារ ដោយគ្មានការភ័យខ្លាចដូចពេលបច្ចុប្បន្នទៀត៖ «គ្រាន់តែឈ្លោះគ្នាបន្តិចបន្តូចដឹងតែចាប់គ្នា តើខាងពូអាចជួយពួកខ្ញុំបានទេ ពួកខ្ញុំវេទនាណាស់ បើថាមិនបានទេយកពួកខ្ញុំដាក់គុកឲ្យអស់តែម្ដងទៅ។ អ្នកក្រីក្រនេះឲ្យគ្នារហេមរហាមយ៉ាងមិចទៀត បើដាច់បាយដោយសារអត់ដីធ្វើស្រែ អ្នកផ្សារគេស្តង់ ចុះបើពួកខ្ញុំអ្នកស្រែអាងអី? មិនអាងទៅលើដីធ្វើស្រែហ្នឹង ចុះបើអត់ដីឲ្យធ្វើហ្នឹងអីទៅ ? តើឲ្យវេទនារស់ដើម្បីអ្វី? បើថាលំបាកពេកយកទៅវាយចោលឲ្យអស់តែម្ដងទៅ » ។
មេឃុំបឹងប្រាំលោក ឈា នី មានប្រសាសន៍ថា អាជ្ញាធរខេត្តក៏នៅតែមានគោលការណ៍ដោះស្រាយវិវាទដីធ្លីដដែលទេ ហើយអាជ្ញាធរខេត្តក៏គ្រោងបានបង្កើតយន្តការថ្មីសម្រាប់ដោះស្រាយបញ្ហានេះដែរ ដែលដោះស្រាយជា ២ផ្នែក ដោយពលរដ្ឋដែលមានទំនាស់ជាមួយភាគីដែលមានប័ណ្ណកម្មសិទ្ធិ ត្រូវដោះស្រាយតាមប្រព័ន្ធតុលាការ ចំណែកពលរដ្ឋដែលគ្មានប័ណ្ណកម្មសិទ្ធិទាំងសង្ខាង ដោះស្រាយតាមរយៈអាជ្ញាធរខេត្តបាត់ដំបង។ ទោះជាយ៉ាងណាក្ដី លោក ឈា នី អះអាងថា ករណីតុលាការកោះហៅពលរដ្ឋទាំង ៥នាក់នោះ លោកថា ពុំទាន់ដឹងព័ត៌មាននេះនៅឡើយ៖ «តាមពិតថ្ងៃដែលខ្ញុំទៅចូលធ្វើសាក្សីនោះ គេមិនទាន់ប្រកាសសាលក្រមភ្លាមៗ ទេ ប៉ុន្តែនៅថ្ងៃទី២៤ ខែ៥ គេនឹងប្រកាសសាលក្រមហើយ។ ដូច្នេះក៏គេបើកផ្លូវតវ៉ាបន្តទៀតដែរ គេមិនមែនបិទភ្លាមទេ ព្រោះតុលាការត្រូវបើកផ្លូវតវ៉ារយៈពេល ៣០ថ្ងៃ សម្រាប់ប្ដឹងឧទ្ធរណ៍នោះ ហើយខ្ញុំក៏មិនទាន់ដឹងថា ភាគីខាងចាញ់ខាងណាឈ្នះដែរ បើគេមិនទាន់ប្រកាសសាលក្រមផង»។
ផ្ទៃដីទំនាស់នៅឃុំបឹងប្រាំសរុបជាង ១ពាន់ហិកតារ (១.០៨០) ដោយមានទំនាស់រវាងពលរដ្ឋ និងពលរដ្ឋ។ ពលរដ្ឋចំនួន ១៩២គ្រួសារអះអាងថា ពួកគាត់បានកាន់កាប់ដីនោះតាំងពីឆ្នាំ១៩៩៩ រហូតមក ចំណែកឯពលរដ្ឋម្ខាងទៀតចំនួនជាង ១ពាន់ ២០០គ្រួសារមានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ដែលមកពីតំបន់ផ្សេង ហើយអាជ្ញាធរមូលដ្ឋានជាអ្នកនៅពីក្រោយពួកគាត់។ ដីនេះមានទំនាស់ខ្លាំងតាំងពីឆ្នាំ២០១២ រហូតមកទល់បច្ចុប្បន្ន មិនទាន់ដោះស្រាយបាននៅឡើយ។ សព្វថ្ងៃប្រជាពលរដ្ឋទាំងសង្ខាងរស់នៅប្រាស្រ័យទាក់ទងគ្នាជាធម្មតាដោយពុំមានបញ្ហានោះទេ ដោយពលរដ្ឋចំនួន ១៩២គ្រួសារ បន្តធ្វើស្រែនៅលើដីនោះបណ្ដោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយបន្តទៀត។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបាត់ដំបងលោក យិន ម៉េងលី កត់សម្គាល់ថា បញ្ហាទំនាស់ដីធ្លីនៅឃុំបឹងប្រាំរ៉ាំរ៉ៃដោយសារអាជ្ញាធរមូលដ្ឋានគ្មានឆន្ទៈក្នុងការដោះស្រាយ៖ «អីចឹងហើយបានខ្ញុំគិតអាជ្ញាធរត្រូវមានវិធានការណ៍មួយជាក់លាក់ឬក៏ បើសិនជាលោកមិនហ៊ានអារកាត់ទេ គឺត្រូវមានរបាយការណ៍មួយជាក់លាក់ដែរ ដោយមិនលំអៀង ដើម្បីសុំគោលការណ៍ទៅរដ្ឋាភិបាលដើម្បីសម្រេច កុំបញ្ហានេះចូលទៅដល់សាលក្រមដែលយើងធ្លាប់ឃើញអាជ្ញាធរតែងឆ្លើយដោះសាថាគាត់មិនហ៊ានទេ » ។
លោកយិន ម៉េងលី បន្ថែមទៀតថា ប្រសិនបើអាជ្ញាធរនៅតែបន្តដោះស្រាយតាមប្រព័ន្ធតុលាការទៀត គឺពលរដ្ឋដែលបានដាំដុះនៅលើដីទំនាស់តែគ្មានប័ណ្ណកម្មសិទ្ធិ ពួកគាត់មួយចំនួននឹងប្រឈមជាប់ពន្ធនាគារ ហើយពួកគាត់មួយចំនួនទៀត នឹងរត់ចោលផ្ទះសម្បែង ដោយធ្វើចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃ។ ចំណែកកុមារតូចៗ នៅថ្ងៃអនាគតប្រឈមនឹងគ្រោះមិនចេះអក្សរ ដោយសារពួកគេមិនបានចូលសាលារៀន ព្រោះជាប់រវល់ទៅតាមឪពុកម្ដាយនៅក្រៅប្រទេស និងគ្មានអ្នកទំនុកបម្រុងជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។