ក្រុមអ្នកភូមិអះអាងថា ពួកគាត់ខំប្រឹងរស់ទាំងត្រដរ ដោយដើរកាប់ជន្លេន ចាប់កូនកង្កែប និងដេរស្លឹកកណ្ដបលក់ ដើម្បីយកប្រាក់ទិញអង្កយកមកដាំបាយ ឬបបរហូបប្រចាំថ្ងៃ។
ប្រជាពលរដ្ឋរស់នៅភូមិឡពាងជាង ១០គ្រួសារ ក្នុងចំណោម ៥២គ្រួសារដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយនឹងក្រុមហ៊ុន ខេ ឌី ស៊ី របស់លោកជំទាវ ជា ខេង ភរិយាលោក ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល កំពុងស្រែករកជំនួយពីសប្បុរសជន និងអាជ្ញាធរពាក់ព័ន្ធឲ្យងាកមកគិតគូរពីរឿងជីវភាព និងដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់ បើមិនដូច្នោះទេ ពួកគាត់នឹងស្លាប់ដោយសារដាច់បាយជាក់ជាមិនខាន។

អ្នកស្រី អ៊ុន ទុំ គឺជាប្រជាពលរដ្ឋមានបញ្ហាដីធ្លីម្នាក់នៅក្នុងចំណោម ៥២គ្រួសារ បានប្រាប់វិទ្យុអាស៊ីសេរីទាំងទឹកមុខក្រៀមក្រំថា ភាពឈឺចាប់ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារគាត់កាន់តែធ្លាក់ដុនដាបខ្លាំង ក្រោយពីអស់ដីស្រែចម្ការ ដែលធ្លាប់តែបង្កបង្កើនផល ត្រូវក្រុមហ៊ុនរំលោភយកនៅឆ្នាំ២០០៧៖ «អត់គ្រប់គ្រាន់ទេហូបតែបបររាល់ថ្ងៃ កូនវាដើរកាប់ជន្លេន ដេរស្លឹកបានទៅទិញអង្ករយកមកបបរហូបបានហូបទៅ។ គ្រួសារខ្ញុំរឹតតែដុនទៅៗហើយ ខ្ញុំក៏គ្មានកម្លាំងអីតទៅទៀតដែរ ទៅនេះក៏គេអត់មានអើពើទៅនោះក៏អត់អើពើបាត់ទៅៗដូចជាស្ងាត់ទៅៗ ខ្ញុំចេះតែអស់សង្ឃឹមក្នុងខ្លួន»។
ចំណែកភរិយាលោក ស សុង ដែលត្រូវគេចាប់ដាក់ពន្ធនាគារដោយសារតែទំនាស់ដីធ្លីអ្នកស្រី ឈិត ខន បញ្ជាក់ថា កូនស្រីពៅរបស់គាត់ម្នាក់ត្រូវបង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី៦ ហើយរត់ទៅធ្វើការងាររោងចក្រ ដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ។
អ្នកស្រីបន្តថា បើទោះបីជាអ្នកស្រី និងកូនស្រីខិតខំខ្នះខ្នែងរកប្រាក់គ្មានពេលឈប់សម្រាកយ៉ាងណាក្ដី ក៏នៅតែទ្រទ្រង់ជីវភាពគ្រួសារមិនរួច៖ «ជីវភាពរបស់ខ្ញុំរាល់ថ្ងៃខ្ញុំមិនអាចនិយាយបានទេវាខ្វះខាតណាស់ហើយ។ ខ្ញុំរាល់ថ្ងៃដេរស្លឹក កាប់ជន្លេនជួនកាលបាន១ថ្ងៃកន្លះគីឡូ។ ទិញស្លឹកគេហ្នឹងឲ្យដើមគេខ្លះទៅ ខ្ញុំឡើងកាប់ខ្លួនឯងយកមកដេរទៅបានផ្គត់ផ្គង់ជីវភាពទៅ ជួនកាលហូបបាយ ជួនកាលហូបបបរអ៊ីចឹងទេ។ មូលហេតុគេយកដីយកធ្លីខ្ញុំអស់ទៅ គេចាប់ប្ដីខ្ញុំដាក់គុកទៅវាអត់មានមេគ្រួសារ ហើយអត់មានដីធ្វើ អ៊ីចឹងយើងខ្វះខាតជីវភាពណា៎ក្មួយ»។

តំណាង និងក្រុមអ្នកភូមិឲ្យដឹងថា ក្រោយពីបាត់បង់ដីធ្លី មនុស្សពេញកម្លាំងបានធ្វើចំណាកស្រុកដើម្បីរកការងារធ្វើស្ទើរស្ងាត់ភូមិ ដោយឡែកមនុស្សចាស់ និងក្មេងៗមិនទាន់គ្រប់អាយុ ឬពេញកម្លាំងធ្វើការងារទាំងប្រុសស្រី បានដើរកាប់ជន្លេន និងចាប់កូនកង្កែបលក់យកប្រាក់ទិញអង្ករហូបប្រចាំថ្ងៃ ហើយភាគច្រើននៃកុមារទាំងនោះមិនបានទៅរៀនសូត្រនឹងគេឡើយ។
ទាក់ទងនឹងបញ្ហានេះ មេភូមិឡពាងលោក ផេង សុខឿន មានប្រសាសន៍ទទួលស្គាល់ថា ប្រជាពលរដ្ឋក្នុងភូមិរបស់លោកភាគច្រើនពិតជាមានជីវភាពទីទ័លក្រមែន ហើយតាមការធ្វើអត្តសញ្ញាណកម្មជនក្រីក្រកន្លងមក ឃើញថា ក្រ១ មានចំនួន ២៦គ្រួសារ និងក្រ២ មានចំនួន ២៩គ្រួសារ ក្រៅពីនេះសុទ្ធតែគ្រួសារដែលមានលទ្ធភាពអាចទ្រទ្រង់ជីវភាពរបស់ខ្លួនបាន ពីព្រោះគ្រួសារទាំងនោះមានកម្លាំងពលកម្មរកប្រាក់ ដូចជាការងារកាប់គាស់ស៊ីឈ្នួលគេ ឬទៅធ្វើការងាររោងចក្រជាដើម៖ «ក្នុងនាមជាអាជ្ញាធរនិយាយរួមទៅគឺមានការដោះទុក្ខលំបាកវាទាល់តែមានពីលើមក ឧទាហរណ៍គាត់មរណភាពអ៊ីចឹងទៅក្នុងឃុំហ្នឹងគេអាចជួយបានអង្ករ១បេ និងលុយប្រាំម៉ឺនរៀល។ និយាយរួមទៅ អាការជួយគាត់ដោយបញ្ហាមុនពេលដែលគាត់ស្លាប់ហ្នឹងវាដូចជាអត់មានគម្រោងអ្វីដែលថាអាចជួយបាន»។

អភិបាលស្រុកកំពង់ត្រឡាច លោក ហ៊ុល ចាន់ថូ មានប្រសាសន៍ថា លោកកំពុងតែសើរើ និងបញ្ជាក់ឡើងវិញនូវចំនួនគ្រួសារប៉ះពាល់ពិតប្រាកដ ដើម្បីយកទៅពិភាក្សាជាមួយភាគីក្រុមហ៊ុនជុំវិញបញ្ហានេះ៖ «រហូតមកដល់ថ្ងៃនេះយើងកំពុងតែដំណើរការសួរគាត់ពីបញ្ហាដី និងទំហំ ហើយនិងចំនួនអ្នកមានពាក់ព័ន្ធច្បាស់លាស់ក្នុងបញ្ហាហ្នឹង ដោយសារកន្លងទៅហ្នឹងយើងឃើញថា វាអត់ប្រាកដ ម្ដងយើងឃើញប៉ុណ្ណេះ ម្ដងប៉ុណ្ណោះអ៊ីចឹង»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចន្ទគា ថ្លែងថា រយៈពេលជាង ១០ឆ្នាំដែលអ្នកភូមិឡពាង មានជម្លោះដីធ្លីជាមួយនឹងក្រុមហ៊ុន ខេ ឌី ស៊ី ពុំដែលមានអាជ្ញាធរណាមកសួរនាំ ឬប្រឹក្សាយោបល់ជាមួយក្រុមប្រជាពលរដ្ឋនោះទេ ទើបតែនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ ខាងអាជ្ញាធរស្រុកកំពង់ត្រឡាច បានចុះមកសួរនាំពួកគាត់ទាក់ទងនឹងបញ្ហានេះ ហើយប្រជាពលរដ្ឋក៏បានដាក់ពាក្យបណ្ដឹង និងចំនួនគ្រួសារប៉ះពាល់សរុបចំនួន ៥២គ្រួសារទៅឲ្យលោកអភិបាលស្រុកជួយដោះស្រាយនៅពេលនោះដែរ៖ «ខ្ញុំសង្ឃឹមថារដ្ឋាភិបាលថ្មីដែលប្រកាសកែទម្រង់ ហើយបើសិនជាការប្រកាសនេះជាការប្រកាសដ៏ពិតប្រាកដមិនមែនជារបៀបប្រកាសបូញមាត់បទដុំដៃទេ ខ្ញុំយល់ថានឹងមានការដោះស្រាយរឿងជម្លោះដីធ្លីនៅភូមិឡពាងនេះបានឆាប់ ហើយនឹងស្ដារជីវភាពពួកគាត់ឡើងវិញបាន»។
លោក សំ ចន្ទគា បន្តថា សមាគមអាដហុក បានធ្វើការស៊ើបអង្កេត និងស្រង់ចំនួនគ្រួសារដែលរងផលប៉ះពាល់ពិតប្រាកដ តាំងពីដើមដំបូងនៃរឿងរ៉ាវដីធ្លីនៅក្នុងតំបន់នេះបានកើតឡើង ដោយនៅក្នុងឆ្នាំ២០០៦ ឃើញចំនួន ១០៨គ្រួសារ នៅឆ្នាំ២០០៩ មានចំនួន ៦៤គ្រួសារ និងបច្ចុប្បន្នមានចំនួន ៥២គ្រួសារ។ លោកបញ្ជាក់ថា មូលហេតុពិតប្រាកដ នៃការថយចុះចំនួនគ្រួសារដែលរងផលប៉ះពាល់ គឺបណ្ដាលមកពីប្រជាពលរដ្ឋមានភាពភ័យខ្លាច និងបង្រួមគ្រួសារចូលគ្នា។
តំណាង និងក្រុមអ្នកភូមិឡពាង ធ្លាប់បានតស៊ូយ៉ាងស្វិតស្វាញក្នុងការទាមទារដីធ្លីរបស់ពួកគាត់ពីសំណាក់ក្រុមហ៊ុនមកវិញ ដោយមានតំណាងប្រជាពលរដ្ឋមួយចំនួនត្រូវគេគំរាមកំហែង និងប្ដឹងចាប់ដាក់ពន្ធនាគាររហូតមកដល់ពេលនេះនៅមិនទាន់ចេញនៅឡើយ។ ចំពោះបណ្ដឹងរបស់ក្រុមអ្នកភូមិចំនួន ២១បណ្ដឹង ដែលតុលាការខេត្តកំពង់ឆ្នាំង បានទទួល ហើយចាត់ការបានតែ ១បណ្ដឹង រួចផ្ទេរចូលទៅតុលាការរាជធានីភ្នំពេញវិញ ក៏ប៉ុន្តែបណ្ដឹងទាំងនោះមិនត្រូវបានតុលាការអើពើ ឬចាត់ការឡើយរហូតមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕