ក្រុមមេធាវីការពារក្តីឲ្យពលរដ្ឋសហគមន៍អូរខ្សាច់បួននាក់ ដែលកំពុងជាប់ឃុំព្រោះបញ្ហាដីធ្លីសម្រេចបានដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍សុំឲ្យក្រុមពលរដ្ឋអាចនៅក្រៅឃុំ។ ការសម្រេចប្តឹងទៅតុលាការជាន់ខ្ពស់របស់ក្រុមមេធាវីនៅពេលនេះ ខណៈសាលាដំបូងខេត្តព្រះសីហនុ បានឃុំខ្លួនពួកគេអស់រយៈពេលជាងមួយខែមកហើយ ដោយចោទប្រកាន់ក្រុមពលរដ្ឋថា ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត។
មេធាវីម្នាក់ដែលការពារក្តីឲ្យពលរដ្ឋសហគមន៍អូរខ្សាច់ លោក កែ ប៊ុនធឿន ឲ្យអាស៊ីសេរីដឹងថ្ងៃទី១៩ មិថុនា ក្រោយដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍រួចថា ពេលនេះក្រុមមេធាវីកំពុងរៀបចំឯកសារ និងប្រមូលភស្តុតាងរបស់កូនក្តីលោក ដើម្បីទុកតតាំងនៅចំពោះមុខតុលាការ។ លោកបន្តថា ក្រុមមេធាវីសង្ឃឹមថាសាលាឧទ្ធរណ៍នឹងសម្រេចឲ្យកូនក្តីរបស់លោក អាចនៅក្រៅឃុំ។ ក្រុមពលរដ្ឋបានចូលទៅរស់នៅលើដីជម្លោះមុនពេលក្រុមឈ្មួញមួយក្រុមទៀត ដែលមានងារជាឧកញ៉ា និងអ្នករកស៊ីមានអំណាចទទួលប័ណ្ណកម្មសិទ្ធិដីធ្លីនោះ៖ «ខ្ញុំមានសង្ឃឹមថា សាលាឧទ្ធរណ៍នឹងពិចារណាឡើងវិញ ពាក់ព័ន្ធទៅលើសិទ្ធិជនត្រូវចោទនោះ ព្រោះពួកគាត់ជាអ្នកកាន់កាប់ដីធ្លីតាំងពីដើមមក«។
កូនប្រុសរបស់លោកស្រី ឡុច ទូច ដែលជាសកម្មជនដីធ្លីម្នាក់ និងកំពុងជាប់ឃុំ លោក ហ៊ី រ៉ា យល់ថា តុលាការគួរដោះលែងម្តាយរបស់លោក និងពលរដ្ឋផ្សេងទៀតឲ្យនៅក្រៅឃុំ ព្រោះពេលនេះម្តាយរបស់លោកកំពុងមានជំងឺបេះដូងធ្ងន់ធ្ងរ។ លោក ហ៊ី រ៉ា នៅតែអះអាងថា ម្តាយរបស់លោក និងពលរដ្ឋបីរូបផ្សេងទៀត គ្មានទោសនោះទេ ព្រោះពួកគេគ្រាន់តែកាប់ឆ្ការលើដីរបស់ខ្លួនតែប៉ុណ្ណោះ៖ «ខ្ញុំចេះតែព្រួយបារម្ភ ព្រោះគាត់ ( អ្នកស្រី ឡុច ទូច ) មានជំងឺអ៊ីចឹង គាត់លើសឈាមផង ហើយគាត់មានបញ្ហាបេះដូងផង»។
គិតមកដល់ពេលនេះពលរដ្ឋសហគមន៍អូរខ្សាច់ទាំងបួនបានបានជាប់ឃុំនៅពន្ធនាគារជាង១ខែហើយ ក្រោយតុលាការចោទប្រកាន់ពួកគេពីបទ «ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត»តាមបណ្តឹងរបស់ឈ្មោះ តាន់ តាត់ មានងារជាឧកញ៉ា និងឈ្មួញរកស៊ីដីធ្លី ម្នាក់ទៀតឈ្មោះ ឡុញ វណ្ណៈ។
កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ហេង ប៊ុនទី បានបញ្ជាឲ្យកម្លាំងចុះចាប់ពលរដ្ឋទាំងនោះ ខណៈពួកគេកំពុងត្រួសត្រាយសំអាតស្មៅ និងកាប់ព្រៃនៅលើដីមានជម្លោះ។
ករណីជម្លោះដីធ្លីនៅសហគមន៍អូរខ្សាច់ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវនេះ ក្រុមពលរដ្ឋ បានចូលទៅរស់នៅក្នុងតំបន់នេះ តាំងពីឆ្នាំ១៩៩២ ដែលកាលនោះ វាជាកន្លែងប្រឈមមុខគ្នា រវាងកងទ័ពរដ្ឋកម្ពុជា និងក្រុមខ្មែរក្រហម។ នៅឆ្នាំ២០០៧ ទើបក្រុមឈ្មួញអ្នកមានលុយ និង អំណាចចោទប្រកាន់ក្រុមពលរដ្ឋថា ចូលរស់នៅលើដីកម្មសិទ្ធិរបស់ពួកគេដោយសំអាងថាពួក គេមានប្លង់កម្មសិទ្ធិ។
អ្នកសម្របសម្រួលនៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ក្នុងខេត្តព្រះសីហនុ លោក ញិល ភាព ដែលតាមដានដំណើររឿងនេះយល់ថា ករណីជម្លោះដីធ្លីនេះ ទាល់តែមានការអន្តរាគមន៍ពីលោក ហ៊ុន សែន ទើបអាចផ្តល់យុត្តិធម៌ដល់ពលរដ្ឋបាន។ លោកអះអាងថា ករណីជម្លោះដីធ្លីនេះ គឺជាការរំលោភដីធ្លីមកលើក្រុមពលរដ្ឋជាប្រព័ន្ធ ពីសំណាក់ឈ្មួញមានលុយ និងមន្រ្តីមានអំណាច៖ «ស្នើសម្តេចអន្តរាគមន៍ជួយដល់ពលដ្ឋ ដែលជាម្ចាស់ដីពិតប្រាកដ ហើយមានវិធានការទៅលើអ្នកណា ដែលគិតតែដើររំលោភធ្វើបណ្ឌកម្មសិទ្ធលើដីធ្លីពលរដ្ឋ»។
ពលរដ្ឋមានជម្លោះដីធ្លីហៅការចាប់ខ្លួនពលរដ្ឋ ៤នាក់នៅសហគមន៍អូរខ្សាច់ ខេត្តព្រះសីហនុ ថា ជារឿងអយុត្តិធម៌។ អ្នកសម្របសម្រួលសមាគម អាដហុក ប្រចាំខេត្តព្រះសីហនុ លោកស្រី ជាប សុធារី និយាយថា ផ្អែកលើការរស់នៅរបស់ពលរដ្ឋលើដីមានជម្លោះ ហើយថែមទាំងមានអាជ្ញធរមូលដ្ឋានចេញលិខិតបញ្ជាក់ឲ្យថែមទៀតនោះ ដូច្នេះពួកគេមានសិទ្ធិគ្រប់គ្រាន់ធ្វើជាម្ចាស់លើដីធ្លីមានជម្លោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។