អ្នក​ឡពាង​ខេត្ត​កំពង់ឆ្នាំង​រង​ការ​គំរាម​ករណី​ចង់​យក​ញត្តិ​​ជូន​លោក ហ៊ុន សែន ពេល​ជួប​កម្មករ

0:00 / 0:00

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​រ៉ាំរ៉ៃ នៅ​សហគមន៍​ឡពាង ខេត្ត​កំពង់ឆ្នាំង អះអាង​ថា ពួកគេ​បរាជ័យ​គម្រោង​យក​ញត្តិ​ទៅ​ដាក់​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​លោក​ចុះ​ជួប​កម្មករ នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា ដោយសារតែ​ប៉ូលិស និង​មេភូមិ បាន​ឃ្លាំមើល និង​ទូរស័ព្ទ មក​សួរនាំ​ពួកគាត់ ពី​ការ​ប្រជួប​ជុំ​គ្នា។ សង្គម​ស៊ីវិល ហៅ​សកម្មភាព​អាជ្ញាធរ ជា​ការ​រំលោភ​សិទ្ធិ សេរីភាព និង​គំរាមកំហែង​ពលរដ្ឋ។

សមាជិក​សហគមន៍​ដែល​មាន​ជម្លោះដីធ្លី នៅ​ភូមិ​ឡពាង​ម្នាក់ លោក ស្ងួន យឿន ឲ្យ​ដឹង​ថា ពួកគាត់​បាន​លឺ​ដំណឹង​ពី​កម្មករ ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​មក​ជួប​កម្មករ​នៅ​ខេត្ត​កំពង់ឆ្នាំង ដូច្នេះ ពួកគាត់​បាន​ប្រជុំ​គ្នា ដើម្បី​ត្រៀម​យក​ញត្តិ​ទៅ​សុំ​ការ​អន្ដរាគមន៍ ករណី​ដី​មាន​ជម្លោះ​រ៉ាំរ៉ៃ រាប់​ឆ្នាំ ពី​លោក ហ៊ុន សែន។ ប៉ុន្តែ លោក ស្ងួន យឿន ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា ប៉ូលិស ជាច្រើន​នាក់​បាន​នាំគ្នា​ជិះ​ម៉ូតូ​ក្រឡឹង​នៅ​ក្នុង​ភូមិ ខុស​ពី​ថ្ងៃ​ធម្មតា ដែល​ធ្វើ​ឲ្យ​អ្នកភូមិ​មានការ​ភ័យខ្លាច ហើយ​មេភូមិ ឡពាង បាន​ទូរស័ព្ទ​មក​សួរ​ពលរដ្ឋ​ក្នុង​ភូមិ ហេតុអ្វី​ប្រជុំ​គ្នា មិន​ប្រាប់​ឲ្យ​លោក​បាន​ដឹង។

លោក ស្ងួន យឿន បន្ត​ថា អ្នកភូមិ​ក៏បាន​ឃើញ​ប៉ូលិស​ជាច្រើន​នាក់ បាន​រាយ​បណ្ដាក់​គ្នា​នៅ​ផ្លូវជាតិ ខុស​ពី​ធម្មតា គឺ​នៅ​ម្ដុំ​ថ្នល់ទទឹង ដែល​អ្នកភូមិ​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់ យក​ញត្តិ​ទៅ​ជូន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ អ្នកភូមិ​ឡ​ពាង​រូប​នេះ ថា ដោយ​ឃើញ​រូបភាព​ទាំងនេះ ម្ចាស់​គោយន្ដ ដែល​អ្នកភូមិ​ជួល​ឲ្យ​ដឹក​អ្នកភូមិ ទៅ​កន្លែង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួប​កម្មករ បាន​បដិសេធ លែង​ហ៊ាន​ដឹក​អ្នកភូមិ។ «»

ជម្លោះដីធ្លី​នៅ​សហគមន៍​ឡ​ពាង ស្ថិតនៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ជាមួយ​ក្រុមហ៊ុន​ខេ.ឌី.ស៊ី (KDC) របស់​ភរិយា លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​គឺ អ្នកស្រី ជា ខេង បាន​អូស​បន្លាយ​ច្រើន​ឆ្នាំ​មក​ហើយ។ អ្នកភូមិ​អះអាង​ថា ជម្លោះ​ដី​ដំបូង កើតឡើង​តាំងពី​ឆ្នាំ​១៩៩៧ ហើយ​ស្ថានភាព​ជម្លោះ​តានតឹង​ខ្លាំង​នៅ​ឆ្នាំ​២០០៨ ក្រោយពេល​ក្រុមហ៊ុន​បាន​ធ្វើ​របង​ព័ទ្ធ​យក​ដី​មាន​ជម្លោះ មាន​ទំហំ​ជាង​៦០០​ហិកតារ។

ក្រោយ​ឆ្នាំ​២០០៨ អ្នកភូមិ​អះអាង​ថា ក្រុមហ៊ុន ខេឌីស៊ី បាន​ប្រើប្រាស់​គ្រប់​វិធីសាស្ត្រ​ជាច្រើន ក្នុង​ការ​ដោះស្រាយ​ជម្លោះ គឺ​ប្រើ​ទាំង​ទិដ្ឋភាព​ច្បាប់ ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ មាន​ការ​អន្តរាគមន៍​ពី​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី ឡោក ខេង និង​ពេលខ្លះ​មាន​ប្រើ​អំពើ​ហិង្សា​ពី​សមត្ថកិច្ច និង​សន្តិសុខ​ក្រុមហ៊ុន ផង​ក៏​មាន។

កាល​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​លេខ​៤៦៦ សម្រេច​ផ្ដល់​ដី ដែល​អ្នកភូមិ​អះអាង​ថា ជា​ដី​មាន​ជម្លោះ សម្បទាន​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន។ អ្នកភូមិ​ថា ពួកគេ​ចង់​ដាក់​ញត្តិ​ប្រាប់ លោក ហ៊ុន សែន ឲ្យ​បាន​ដឹង​ពី​ការពិត ដោយ​បដិសេធ​របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ព្រោះ​អាជ្ញាធរ​ខេត្ត​នេះ បាន​ធ្វើ​របាយការណ៍ កុហក​នាយករដ្ឋមន្ត្រី ថា ដី​ទាំងនោះ គ្មាន​ទំនាស់ ហើយ​កុហក​ថា ពលរដ្ឋ​បាន​ព្រម​ទទួល​យក​លុយ​ចំនួន ៧​ម៉ឺន​ដុល្លារ ជា​ថ្នូរ​ចាកចេញ ហើយ​ពេល​យក​លុយ​ហើយ​មិន​ព្រម​ចាកចេញ អាជ្ញាធរ​សម្រេច​ឈូស​ឆាយ។

ដោយឡែក កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា កន្លងទៅ អ្នកភូមិ​ឡពាង បាន​នាំគ្នា​ទៅ​ដាក់​ញត្តិ​នៅ​បញ្ជាការដ្ឋាន​កង​អង្គរក្ស លោក ហ៊ុន សែន នៅ​ក្រុង​តាខ្មៅ ហើយ​មន្ត្រី​ទីនោះ​បាន​ចេញ​មក​ទទួល​ញត្តិ និង​បាន​ណែនាំ​ឲ្យ​ពួកគេ ទៅ​ដាក់​នៅ​ខុទ្ទកាល័យ ក្រោម​ដើម​ពោធិ៍ មុខ​វត្តបទុមវតី ក្រុងភ្នំពេញ​វិញ។ អ្នកភូមិ​ថា មក​ដល់​ពេល​នេះ​ញត្តិ​នោះ មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​បែប​ណា​នៅឡើយ​ទេ។

អាស៊ីសេរី មិន​អាច​រក​ប្រភព​សុំ​ការ​បំភ្លឺ​ពី​មេភូមិ​ឡពាង និង​ប៉ូលិស​ប៉ុស្តិ៍​តា​ជេស បាន​ទេ នៅ​ថ្ងៃ​ទី២៧ មិថុនា។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ហៅ​សកម្មភាព​ឃ្លាំមើល​របស់​ប៉ូលិស និង​ការ​ទូរស័ព្ទ​សួរ​ពី​មេភូមិ​ឡ​ពាង ជា​រូបភាព​គំរាមកំហែង​លើ​សិទ្ធិ សេរីភាព ពលរដ្ឋ។ លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា ដោយសារតែ​ជម្លោះ​នៅ​ភូមិ​ឡ​ពាង អូស​បន្លាយ​យូរ​ពេក អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​លែង​មាន​ទំនុកចិត្ត​លើ​អាជ្ញាធរ និង​មន្ត្រី​មូលដ្ឋាន ទើប​ពួកគាត់​ទៅ​រក​កិច្ច​អន្តរាគមន៍​ដោយ​ផ្ទាល់ ពី​មេដឹកនាំ​កំពូល។ «»

សង្គម​ស៊ីវិល សង្កេត​ឃើញ​ថា ដើម​ហេតុ​ដែល​បណ្ដាល​ឲ្យ​ជម្លោះ​នៅ​ភូមិ​ឡពាង អូស​បន្លាយ​រ៉ាំរ៉ៃ ដោយសារតែ​អាជ្ញាធរ​មូលដ្ឋាន បាន​ព្យាយាម​លាក់បាំង​ព័ត៌មាន​ការពិត​ជូន​ថ្នាក់លើ។ សង្គម​ស៊ីវិល​ផ្ដល់​ទស្សនៈ​ថា អាជ្ញាធរ​នៅ​ថ្នាក់​ជាតិ គួរ​ជំរុញ ឬ​សកម្ម​ជាង​នេះ ក្នុង​ការ​អនុវត្ត ឲ្យ​បាន​ម៉ឺងម៉ាត់​លើ​លិខិត​របស់​ក្រសួងមហាផ្ទៃ ដែល​បាន​ណែនាំ​ឲ្យ​ថ្នាក់​ខេត្ត​ដោះស្រាយ​ជម្លោះដីធ្លី នៅ​ថ្នាក់​មូលដ្ឋាន។

ពលរដ្ឋ​សហគមន៍​ឡពាង ប្ដេជ្ញា​ថា ពួកគេ​នឹង​ឡើង​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៀត លុះត្រាតែ​ពួកគេ​ទទួល​បាន​ដីធ្លី​មកវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។