ប្រជាពលរដ្ឋប្រមាណ ៣០០នាក់ មកពីសហគមន៍មួយចំនួន រួមមានសហគមន៍ឡពាង និងសហគមន៍ភូមិបឹងកក់ជាដើម នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ប្រារព្ធខួបលើកទី៣២ នៃទិវាសិទ្ធិលំនៅឋានពិភពលោក។ ការរៀបចំទិវានៅក្នុងសហគមន៍ ក្បែរដីដែលមានទំនាស់ប្រមាណ ២០ឆ្នាំមកហើយនេះ ត្រូវបានសង្គមស៊ីវិលយល់ឃើញថា នេះដោយសារភាគីទំនាស់ជាមួយនិងពលរដ្ឋ ជាមន្ត្រីដែលស្និតនិងរដ្ឋាភិបាល ទើបដីទំនាស់នេះដោះស្រាយមិនចេញហើយបន្តរ៉ាំរ៉ៃមកដល់ពេលនេះ។
តំណាងសហគមន៍ភូមិឡពាង បន្តអំពាវនាវដល់ស្ថាប័នជំនាញរបស់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធដទៃ ជួយរកដំណោះស្រាយដីដែលមានទំនាស់ជាមួយនិងអ្នកស្រី ជាង ខេង ប្រពន្ធរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីរ៉ែ និងថាមពល ដែលអ្នកភូមិចោទប្រកាន់ថា ក្រុមហ៊ុន ខេ ឌី ស៊ី របស់មន្ត្រីស្និតនិងរដ្ឋាភិបាលនេះ ចូលទន្ទ្រានដីអ្នកភូមិ ហើយចាប់ខ្លួនម្ចាស់ដីដាក់ពន្ធនាគារថែមទៀត។
រស់នៅភូមិឡពាង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោកស្រី អ៊ុំ សុភី រំពឹងថា ថ្វីបើទិវានេះរៀបចំឡើង លើទីតាំងដីចង្អៀត និងត្រូវហ៊ុំព័ន្ធទៅដោយបម្រាមរបស់អាជ្ញាធរមូលដ្ឋាន ក៏ក្រុមអ្នកភូមិយល់ឃើញថា ការប្រឹងប្រែងនេះនឹងបានដឹងឮដល់សហគមន៍ជាតិ និងអន្តរជាតិដែរ។
ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី ៨ តុលា លោកស្រី បន្តថា ជម្លោះដីធ្លីដែលបានអូសបន្លាយប្រមាណ ២០ឆ្នាំមកហើយនេះ ក្រុមអ្នករងគ្រោះដោយសាររំលោភដីធ្លី នៅតំបន់ឡពាង និងសហគមន៍នៅក្បែរនោះទៀត នៅពុំទាន់ទទួលបានដំណោះស្រាយម្ដងណាឡើយ។
តំណាងសហគមន៍ឡពាង បញ្ជាក់ថា ក្រោយដីមានទំនាស់ជាមួយមនុស្សដែលស្និតនិងរដ្ឋាភិបាល ពួកគេប្ដឹងផ្ដល់មិនដែលឈ្នះ អ្នកស្រី ជា ខេង ឡើយ។ បន្ថែមពីលើនេះ ក្រុមសហគមន៍បានដើរដាក់ញត្តិ ស្ទើរគ្រប់ច្រកល្ហក អស់ពេលជាច្រើនឆ្នាំមកហើយ នៅតាមស្ថាប័នស្ថាប័នរដ្ឋ និងបណ្ដាស្ថានទូតនានា ប្រចាំកម្ពុជា ប៉ុន្តែពុំដែលទទួលបានចម្លើយ និងដំណោះស្រាយទេ។ តំណាងអ្នកភូមិឡពាង អះអាងថា ក្រោយពីដីមានទំនាស់ ក្រុមហ៊ុនបានឈូសឆាយផ្ទះពលរដ្ឋអស់ចំនួន ១៤ខ្នងផ្ទះ ក្នុងចំណោមគ្រួសារសរុប ៥៦គ្រួសារ។
អតីតជាគ្រូបង្រៀនលោកស្រី អ៊ុំ សុភី បដិសេធនឹងរបាយការណ៍របស់គណៈកម្មាធិការខេត្តកំពង់ឆ្នាំង ពីឆ្នាំ២០១៤ តែទើបត្រូវផ្សព្វផ្សាយ នៅឆ្នាំ២០១៧បង្ហាញថា ពលរដ្ឋបានទទួលសំណងពីក្រុមហ៊ុនចំនួនលុយ ៧ម៉ឺនដុល្លារ។ ប៉ុន្តែ អ្នកស្រី អះអាងថា ពលរដ្ឋដែលរងគ្រោះដោយទំនាស់ដីធ្លី គឺពុំមានអ្នកដែលទទួលបានសំណងនោះឡើយ។
ដីដែលមានជម្លោះ នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាចនេះ បានផ្ដើមផ្ទុះតាំងពីថ្ងៃទី៩ ខែ មករា ឆ្នាំ២០០៨។ អ្នកភូមិ ក្រៅពីអស់ជំនឿលើប្រព័ន្ធតុលាការ តែងរៀបចំពិធីសែនព្រេន តាមបែបអប្បិយជំនឿជាញឹកញាប់ ដោយដាក់បណ្ដាសា អ្នកស្រី ជា ខេង ម្ចាស់ក្រុមហ៊ុន ខេ ឌី ស៊ី (KDC ) ដែលត្រូវជាប្រពន្ធរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរក្នុងតំបន់ ឲ្យក្លាយជាអ្នករងគ្រោះ ដូចពលរដ្ឋដែរ។
ប្រជាពលរដ្ឋចោទប្រកាន់ថា អ្នកស្រី ជា ខេង និងអាជ្ញាធរក្នុងតំបន់ បានសហការគ្នា ប្លន់ដីអ្នកភូមិដោយបំពាន។
អាស៊ីសេរី ពុំអាចសុំប្រតិកម្ម ចំពោះការចោទប្រកាន់ជុំវិញរឿងនេះ ពីតំណាងក្រុមហ៊ុន ខេ ឌី ស៊ី របស់អ្នកស្រី ជា ខេង បានទេ នៅថ្ងៃទី ៨ ខែ តុលា។ បើទោះជាបែបណា ប្រធានភូមិឡពាង លោក ឌុច ប៊ុនហេង ដែលរងការចោទប្រកាន់ថា បានរារាំងពលរដ្ឋ មិនឲ្យប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក បដិសេធថា លោកពុំបានដឹងពីការរៀបចំរបស់ពលរដ្ឋឡើយ។
អង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្ស យល់ឃើញថា ដោយសារកម្រិតនៃការយល់ដឹងផ្នែកច្បាប់ របស់មន្ត្រីអាជ្ញាធរនៅថ្នាក់ក្រោមជាតិ មិនទូលំទូលាយ ទើបបង្កជាការស្មុគស្មាញ ដល់ពលរដ្ឋបែបនេះ។ ជាងនេះទៀត ដើម្បីបញ្ចប់បញ្ហា រដ្ឋាភិបាលត្រូវបង្កើតគណៈកម្មការជំនាញឯករាជ្យ បើកការស៊ើបអង្កេត ដោយតម្លាភាពលើទំនាស់ដីធ្លីនេះ។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា ចាត់ទុកថា នេះជាកំហុសរបស់អាជ្ញាធរ ក្នុងពេលការជួបជុំសំដែងមតិរបស់ពលរដ្ឋ រៀបចំតាមទម្រង់អហិង្សា តែនៅតែរងការរារាំង និងទប់ស្កាត់។ លោកបន្តថា អាជ្ញាធរនៅថ្នាក់មូលដ្ឋាន ត្រូវបើកចិត្តឲ្យទូលាយជាងនេះ បើមិនដូច្នេះ ការអនុវត្តច្បាប់នៅតែរងការរិះគន់ថា ប្រកាន់និន្នាការនយោបាយ។ប៉ុន្តែមន្ត្រីផ្នែកសិទ្ធិមនុស្សរូបនេះ មើលឃើញថា ជម្លោះដីធ្លីនេះដោយសារអ្នកមានទំនាស់ដីជាមួយពលរដ្ឋ ជាមនុស្សខ្នងក្រាស់ និងស្និតជាមួយរដ្ឋាភិបាល ហេតុនេះទើបជំរុញឲ្យការដោះស្រាយ មិនអាចរកច្រកចេញបាន។
សហគមន៍ឡពាងឲ្យដឹងថា ចាប់តាំងពីដីមានទំនាស់ ជាមួយនិងអ្នកស្រី ជា ខេង ប្រជាពលរដ្ឋប្រមាណ ១២មកហើយ ត្រូវក្រុមហ៊ុននេះ ប្ដឹងទៅតុលាការ និងចាប់ខ្លួនដាក់ពន្ធនាគារ ហើយក្នុងចំណោមនោះ ត្រូវបាត់បង់ជីវិត ក្រោយចេញពីបន្ទប់ឃុំឃាំងវិញ។ អង្គការមិនមែនរដ្ឋាភិបាល ផ្នែកសិទ្ធិមនុស្ស សង្កេតឃើញថា លំហនៃការជួបជុំសំដែងមតិនៅកម្ពុជា កំពុងតែរួមតួច និងស្ថិតក្រោមការរឹតត្បិតសិទ្ធិសេរីភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។