អ្នក​ឡ​ពាង​ស្នើ​សុំ​ជំនួយ​ពី​សប្បុរសជន​រឿង​តុលាការ​បង្គាប់​ឱ្យ​បង់​លុយ​ដើម្បី​បន្ត​រឿងក្ដី

0:00 / 0:00

អ្នកភូមិ​ឡ​ពាង​៩​នាក់ ស្នើសុំ​ជំនួយ​ពី​សប្បុរស​នានា​ទាំង​ក្នុង និង​ក្រៅ​ស្រុក ពាក់ព័ន្ធ​ករណី​តុលាការ​បង្គាប់​ឱ្យ​ពួកគាត់​បង់​ប្រាក់​ប្រដាប់​ក្ដី​ក្រៅពី​ពន្ធ ក្នុង​រឿងក្ដី​ជាមួយ​ប្រធាន​ក្រុមហ៊ុន ខេឌីស៊ី (KDC) របស់​អ្នកស្រី ជា ខេង នៅ​តុលាការ​ក្រុងភ្នំពេញ។ សង្គម​ស៊ីវិល​យល់ថា តុលាការ​គួរ​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ក្រីក្រ ដើម្បី​ធ្វើ​យ៉ាងណា ឱ្យ​បណ្ដឹង​របស់​គាត់​អាច​ដំណើរ​បាន​តាម​នីតិវិធី។

តំណាង​សហគមន៍​ឡពាង លោកស្រី អ៊ុំ សុភី ឱ្យ​ដឹង​ថា មក​ពេល​នេះ ពួកគាត់​ស្វែងរក​ប្រាក់​កម្ចី​ពី​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ប៉ុន្តែ​គេ​មិន​អាច​ផ្ដល់​ឱ្យ​បាន ដោយសារតែ​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ខេឌីស៊ី។ លោកស្រី អ៊ុំ សុភី ថ្លែង​ថា ពួកគាត់​មិន​ដឹង​ថា ទៅ​រក​ប្រាក់​ពី​ណា បង់​ឱ្យ​តុលាការ​នោះ​ទេ ព្រោះថា​ពួកគាត់​ធ្វើការ​បាន​ចំណូល​មួយថ្ងៃ ដើម្បី​ចិញ្ចឹមជីវិត​មួយថ្ងៃ​។ តំណាង​ពលរដ្ឋ​រូប​នេះ យល់ថា ការ​តម្រូវ​ឱ្យ​បង់​ប្រាក់​ប្រដាប់​ក្ដី​ក្រៅ​ពន្ធ ៤០​ម៉ឺន​រៀល​នេះ ជា​ការ​ដាក់​បន្ទុក​ឱ្យ​ពួកគាត់ កាន់តែ​លំបាក​បន្ថែម​ទៀត បន្ទាប់ពី​ដីស្រែ​ចម្ការ​ត្រូវ​ក្រុមហ៊ុន​រំលោភ​យក៖ «ពួក​ខ្ញុំ​សូម​អំពាវនាវ​ដល់​សប្បុរស​ជន​ក្ដី ឬ​អង្គការ​ម្ចាស់​ជំនួយ​ក្ដី មេត្តា​ជួយ​ពួក​ខ្ញុំ​ផង ព្រោះ​ពួក​ខ្ញុំ​អត់​មាន​លុយ​បង់​ចូល​តុលាការ​ទេ។ ហើយ​កាលណា​ពួក​ខ្ញុំ​អត់​បង់លុយ​៤០​ម៉ឺន​ហ្នឹង គឺ​តុលាការ​នឹង​បញ្ចប់​នីតិវិធី​ច្បាប់​។ ខ្ញុំ​មិន​ដឹង​ថា នីតិវិធី​ច្បាប់​ហ្នឹង​គេ​មិច​ទៀត​ទេ។ តុលាការ​ក៏​ដឹង​ដែរ​ថា ពួក​ខ្ញុំ​ក្រីក្រ រឿង​របស់​ពួក​ខ្ញុំ​អូស​បន្លាយពេល​យូរហើយ​។ ហេតុអ្វី​បានជា​ពួកគាត់​បង្គាប់​ឱ្យ​ពួក​ខ្ញុំ​បង់​ទៅដល់ ៤០​ម៉ឺន​រៀល ហើយ​រងគ្រោះ​ជាន់​លើ​រងគ្រោះ​បន្ត​ទៀត​។ ហើយ​ពួក​ខ្ញុំ​មានលទ្ធភាព​ឯណា​ទៅ​រក​លុយ​ឱ្យ​ពួកគាត់​បាន»។

កាល​ពី​ថ្ងៃ​ទី២២ មីនា មន្ត្រី​នគរបាល​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បាន​យក​ដីកា​បង្គាប់​ឱ្យ​ប្រាក់​ប្រដាប់​ក្ដី​ក្រៅ​ពន្ធ​របស់​តុលាការ​ក្រុង​ភ្នំពេញ ប្រគល់​ឱ្យ​ពលរដ្ឋ​៩​នាក់ នៅ​ភូមិ​ឡ​ពាង ឃុំ​តាជេស។ ក្នុង​ដីកា​នោះ សរសេរ​ថា ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លាង សំណាត់ បង្គាប់​ឱ្យ​អ្នកភូមិ​ឡ​ពាង ដែល​ជា​ដើមចោទ ក្នុង​បណ្ដឹង​សុំ​សិទ្ធិ​គ្រប់គ្រង​ដី​កាលពី​ឆ្នាំ​២០១១ បង់​ប្រាក់​សម្រាប់​បញ្ជូន​ឯកសារ ចំនួន ៤០​ម៉ឺន​រៀល នៅ​តុលាការ​ក្រុងភ្នំពេញ ក្នុង​រយៈពេល ១៥​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទទួល​បាន​ដីកា​នេះ​ជា​កំណត់ ដើម្បី​តុលាការ​ចាត់​រឿងក្ដី​នេះ​តាមច្បាប់។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើបអង្កេត​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត យល់ថា ការ​ចេញ​ដីកា​តម្រូវ​ឱ្យ​អ្នក​ឡពាង បង់​ប្រាក់​នេះ ជា​រឿង​ឆាប់​ពេក​ដែល​ពួកគាត់​មិន​មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​រក​ប្រាក់​បង់​ឱ្យ​តុលាការ។ លោក អំ សំអាត ស្នើសុំ​តុលាការ​គួរ​អនុគ្រោះ​ប្រាក់​ប្រដាប់​ក្ដី​ក្រៅ​ពន្ធ​នេះ ចំពោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​បញ្ហា​ដីធ្លី ៖ «​រឿង​នេះ​ដល់​តុលាការ​ហើយ ខ្ញុំ​គិត​ថា តុលាការ​គួរតែ​ពិនិត្យ​ពី​លទ្ធភាព​នៃ​ការ​អនុគ្រោះ​ពន្ធ​ប្រថាប់​ក្ដី គួរ​ជជែក​ជាមួយ​ពួកគាត់ ថា​តើ​ត្រូវ​ធ្វើ​យ៉ាងណា អាច​មាន​វិធី​ដែល​អនុគ្រោះ​ប្រាក់​សម្រាប់​ក្រុម​ពួកគាត់ ដែល​អាច​ឱ្យ រឿងក្ដី​របស់​ពួកគាត់​អាច​ដំណើរការ​ទៅ​បាន»។

ក្នុង​ជំពូក​ទី​៤ អំពី​ប្រាក់​ប្រដាប់​ក្ដី នៃ​នីតិវិធី​រដ្ឋប្បវេណី ត្រង់​មាត្រា​៦៩ ចែងថា «​ការ​ផ្ដល់​ជំនួយ​សង្គ្រោះ​លើ​បណ្ដឹង ធ្វើឡើង​ចំពោះ​បុគ្គល​ដែល​គ្មាន​លទ្ធភាព​ទ្រព្យធន​នឹង​បង់​ប្រាក់​ដែល​ចាំបាច់​ដើម្បី​រៀបចំ និង​ប្រព្រឹត្តទៅ​នីតិវិធី​បណ្ដឹង ឬ​បុគ្គល​ដែល​អាច​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ទ្រទ្រង់​ជីវភាព ដោយសារ​ការ​បង់ប្រាក់​នេះ តុលាការ​អាច​ចេញ​ដីកា​សម្រេច​ឱ្យ​ជួយសង្គ្រោះ​លើ​បណ្ដឹង​តាម​ពាក្យសុំ​»​។ ចំពោះ​ខ្លឹមសារ​នៃ​ជំនួយ​សង្គ្រោះ​លើ​បណ្ដឹង​នេះ ត្រង់​មាត្រា​៧០ ចែងថា «ដីកា​សម្រេច​ឱ្យ​ជួយសង្គ្រោះ​លើ​បណ្ដឹង ត្រូវ​មាន​អនុភាព​ទៅតាម​ការកំណត់​ក្នុង​ដីកា​សម្រេច ដូចជា ការ​ពន្យារ​ពេល​បង់​ប្រាក់​ប្រដាប់​ក្ដី តុលាការ​និង​ការ​អនុគ្រោះ​មិនបាច់​ឱ្យ​បង់​ប្រាក់​ប្រដាប់​ក្ដី​តុលាការ»។

ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង ជា ភរិយា លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ជាមួយ​ពលរដ្ឋ​នៅ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ១៣​ឆ្នាំ​មក​ហើយ ចាប់​ពី​ឆ្នាំ​២០០៦។ នៅ​ឆ្នាំ​២០១១ ពលរដ្ឋ​នៅ​ភូមិ​ឡពាង ៥២​គ្រួសារ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង ប្ដឹង​ទាមទារ​កាន់កាប់​ដីធ្លី​របស់​ពួកគាត់​ពី​ក្រុមហ៊ុន​ខេ.ស៊ី.ឌី។ ក្រោយ​មក តុលាការ​ខេត្ត​កំពង់ឆ្នាំង សម្រេច​ឱ្យ​ពលរដ្ឋ​មួយ​គ្រួសារ​ឈ្មោះ «​ចាត បាត់​» ដែល​មាន​ដី ៣០​អា ចាញ់ក្ដី​ក្រុមហ៊ុន។ ចំណែក​សំណុំរឿង​របស់​ពលរដ្ឋ​៥១​គ្រួសារ​ទៀត តំណាង​ពលរដ្ឋ​ឱ្យ​ដឹង​ថា ចៅក្រម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង សម្រេច​បង្វិល​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​កាត់ក្ដី​ជំនួស​វិញ ដោយ​គ្មាន​ជូនដំណឹង​ឱ្យ​ពួកគាត់​បាន​ដឹង​នោះ​ទេ។

អ្នកភូមិ​ឡ​ពាង​ឱ្យ​ដឹង​ថា ពួកគាត់​នឹង​លើកគ្នា​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​សប្ដាហ៍​ក្រោយ​ដើម្បី​ស្នើសុំ​ចៅក្រម លោក លាង សំណាត់ ទុក​ពេល​ឱ្យ​ពួកគាត់ ដើម្បី​រក​ថវិកា​បង់​ជូន​តុលាការ​តាម​ការកំណត់​ក្នុង​ម្នាក់ ៤០​ម៉ឺន​រៀល។ សហគមន៍​ឡ​ពាង ស្នើសុំ​សប្បុរសជន​ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​ក្រៅ​ប្រទេស ជួយ​ផ្ដល់​ជា​ថវិកា​ដល់​ពួកគាត់​ដើម្បី​បន្ត​រឿងក្ដី​ជាមួយ​អ្នកស្រី ជា ខេង ប្រធាន​ក្រុមហ៊ុន ខេ​.​ឌី​.​ស៊ី ជុំវិញ​បណ្ដឹង​សុំ​កាន់កាប់​ដីធ្លី​ពី​ក្រុមហ៊ុន​មកវិញ កាលពី​ឆ្នាំ​២០១១៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។