សហគមន៍​ឡពាង​ខេត្ត​កំពង់ឆ្នាំង​តវ៉ា​ជា​ថ្មី​ឲ្យ​មាន​ដំណោះស្រាយ​ជម្លោះ​ដីធ្លី

ដោយ ជិន ជេដ្ឋា
2016-10-27
Share
ការ​តវ៉ា​របស់​សហគមន៍​ឡពាង ៨៥៥ ទិដ្ឋភាព​ដើរ​តវ៉ា​របស់​សហគមន៍​ឡពាង ខេត្ត​កំពង់​ឆ្នាំង ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​រឿង​ដីធ្លី​របស់​ពួកគាត់ នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chin Chetha
RFA/Chin Chetha

សហគមន៍​ឡពាង នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់​ភរិយា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​កំណត់​ពេល​មួយ​សប្ដាហ៍ ដើម្បី​ឲ្យ​អាជ្ញាធរ​ឆ្លើយតប​ផ្លូវ​ការ​លើ​ញត្តិ​តវ៉ា​ពួក​គេ ដែល​ធ្វើ​នៅ​ថ្ងៃ​ទី​២៧ តុលា។ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​សុរិយោដី បាន​ទទួល​ញត្តិ​ដោយ​សន្យា​ថា នឹង​យក​ទៅ​ពិភាក្សា​ដោះស្រាយ។

អ្នក​ភូមិ​បឹងកក់ ភូមិ​សំរោង និង​ភូមិ​ឡពាង នៃ​ឃុំ​តាជេស បាន​ដង្ហែ​ក្បួន​តវ៉ា​លើ​ចម្ងាយ​ផ្លូវ​ប្រមាណ ១​គីឡូម៉ែត្រ​ចេញ​ពី​ផ្ទះ​របស់​តំណាង​ពួក​គេ ក្នុង​ភូមិ​ឡពាង ឆ្ពោះ​ទៅ​មុខ​ទីស្នាក់ការ​ដី​របស់​ក្រុមហ៊ុន។ អ្នក​ភូមិ​ស្រែក​តវ៉ា​តាម​ផ្លូវ​ដោយ​ដៃ​កាន់​បដា និង​ទង់ជាតិ ដើម្បី​ពញ្ញាក់​អារម្មណ៍​អាជ្ញាធរ សាធារណជន និង​មន្ត្រី​សិទ្ធិ​មនុស្ស ឲ្យ​បាន​ដឹង​ពី​ទុក្ខ​កង្វល់ និង​ភាព​អយុត្តិធម៌​ដែល​បាន​កើត​ឡើង​ចំពោះ​ពួក​គេ។

តំណាង​អ្នក​តវ៉ា​ម្នាក់​នៅ​ភូមិ​ឡពាង លោកស្រី អ៊ុំ សុភី មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​បាន​រំលោភ​បំពាន​ពលរដ្ឋ​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​ជម្នះ​ធ្វើ​របង ហើយ​បច្ចុប្បន្ន​កំពុង​ជួល​កម្មករ​ដាំ​ដូង​ប្រេង​នៅ​លើ​ដី​មាន​ជម្លោះ​ទៀត។ លោកស្រី​ស្នើ​អាជ្ញាធរ ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន ដើម្បី​ឆ្វៀល​ដី​ទំហំ​ជាង ២០០​ហិកតារ (២១៩,៣​ហិកតារ) ជូន​ពលរដ្ឋ​ចំនួន ៩២​គ្រួសារ​ដែល​មាន​ដី​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន៖ «ពួក​ខ្ញុំ​រង់ចាំ​លទ្ធផល​ដែល​គណៈកម្មការ (គណៈកម្មការ​ជំនាញ​រដ្ឋសភា ទទួល​ពាក្យ​បណ្ដឹង អង្កេត) ចុះ​ស៊ើប​អង្កេត ប៉ុន្តែ​ស្ងាត់​ទៅៗ​ឃើញ​ថា​មិន​មាន​ដំណោះស្រាយ​សម្រាប់​ពួក​ខ្ញុំ។ អ៊ីចឹង​ពួក​ខ្ញុំ​សម្រេច​នឹង​ក្រោក​ឈរ​តវ៉ា​បន្ត​ទៀត លុះត្រា​តែ​ទទួល​បាន​លទ្ធផល»

អ្នក​ភូមិ​នៃ​ឃុំ​តាជេស និង​ក្រុមហ៊ុន ខេ.ឌី.ស៊ី បាន​ប្រឈម​មុខ​ដាក់​គ្នា​តាម​ផ្លូវ​តុលាការ កម្លាំង​ពលរដ្ឋ​ប៉ះ​ទង្គិច​ជាមួយ​សមត្ថកិច្ច​ចម្រុះ​រយៈពេល ១០​ឆ្នាំ​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បច្ចុប្បន្ន​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ពុំ​មាន​លទ្ធភាព​ដោះស្រាយ​រឿង​នេះ​ឡើយ។ ប៉ុន្តែ​ញត្តិ​ពលរដ្ឋ​នៅ​តែ​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត ឬ​ស្រុក ចាត់​ការ​មន្ត្រី​សុរិយោដី​ដែល​សង្ស័យ​ថា​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន កសាង​ប្លង់​រំលោភ​យក​ដី​ពលរដ្ឋ។

អភិបាល​ស្រុក​កំពង់ត្រឡាច លោក ឈឹម វុទ្ធា ដែល​ធ្វើ​ដំណើរ​ជាមួយ​មន្ត្រី​ជំនាញ​សុរិយោដី ដើម្បី​ទៅ​ទទួល​ញត្តិ​របស់​អ្នក​តវ៉ា​នៅ​មុខ​ទីស្នាក់ការ​ក្រុមហ៊ុន​ថ្លែង​ថា រឿងរ៉ាវ​នេះ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​បាន​ខ្នះខ្នែង​ដោះស្រាយ​ជា​បន្តបន្ទាប់។ ការ​ទទួល​យក​ញត្តិ​ពេល​នេះ លោក​មិន​អាច​កំណត់​ថា​នឹង​ឆ្លើយតប ឬ​ដោះស្រាយ​បាន​កម្រិត​ណា​នោះ​ទេ ប៉ុន្តែ​លោក​នឹង​ពាំនាំ​ទៅ​ថ្នាក់​លើ​ទៀត៖ «ការិយាល័យ​ជំនាញ​សុរិយោដី នឹង​ពាំនាំ​សំណូមពរ​របស់​បង​ប្អូន​យក​ទៅ​ដោះស្រាយ​បន្ត​ទៀត ទៅ​តាម​លទ្ធភាព និង​តាម​នីតិវិធី​បាន​កំណត់។ (ការ​តវ៉ា) អា​នេះ​ជា​សិទ្ធិ​របស់​បង​ប្អូន​ទៅ​ចុះ ក៏ប៉ុន្តែ​គ្រាន់​ថា​បើ​បង​ប្អូន​មាន​គោល​បំណង​ចង់​ឲ្យ​អាជ្ញាធរ សាធារណជន​ដឹង​ឮ ឥឡូវ​បាន​ដឹង​ឮ​ហើយ អំបាញ់មិញ​មាន​អាស៊ីសេរី មាន​ស្អីៗ​ថត​សព្វ​បែប​សព្វ​យ៉ាង​ទាំងអស់​ហើយ»

តំណាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) លោក ថៃ ហ៊ី ធ្លាប់​បញ្ជាក់​ប្រាប់​អាស៊ីសេរី ថា ក្រុមហ៊ុន​មាន​ប្លង់​រឹង​ដែល​បាន​កសាង​ឡើង​ស្រប​តាម​លក្ខណៈ​ច្បាប់ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​នៅ​តែ​បន្ត​ដោះស្រាយ​បញ្ចប់​បញ្ហា​ជាមួយ​ពលរដ្ឋ​ចំនួន ១៦​គ្រួសារ។ ចំពោះ​ពលរដ្ឋ​ងើប​ឡើង​តវ៉ា​ថ្មី ឬ​អ្នក​ដែល​ទទួល​បាន​សំណង​គោល​នយោបាយ ហើយ​បន្ត​ការ​តវ៉ា​ទៀត​នោះ ក្រុមហ៊ុន​មិន​ទទួល​យក​មក​ដោះស្រាយ​ទៀត​ឡើយ។

បន្ថែម​លើ​នេះ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​តប​លិខិត​មួយ​ច្បាប់​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៦ ដោយ​បញ្ជាក់​ថា ដី​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី ដែល​មាន​វិវាទ​បាន​ចុះ​បញ្ជី​សុរិយោដី និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​រួច​រាល់​ហើយ។ នៅ​ក្នុង​លិខិត ក៏​បង្ហាញ​នីតិវិធី​ថា ដី​ដែល​ចុះ​បញ្ជី​ហើយ​មាន​វិវាទ គឺ​ស្ថិត​នៅ​ក្នុង​សមត្ថកិច្ច​របស់​តុលាការ។

ពលរដ្ឋ​បាន​រំសាយ​ក្បួន​តវ៉ា​នៅ​ម៉ោង​ជាង ១០​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​តុលា ដោយ​គ្មាន​វត្តមាន​តំណាង​ក្រុមហ៊ុន​ចេញ​មក​ជួប ប៉ុន្តែ​មាន​កម្លាំង​ប៉េអិម និង​ប៉ូលិស​ប្រមាណ ២០​នាក់ ជួយ​រក្សា​សណ្ដាប់ធ្នាប់​តាម​ផ្លូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល