ពលរដ្ឋ ៣៣០គ្រួសារ រស់នៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាពអះអាងថា បុរសម្នាក់ ក្នុងចំណោមពលរដ្ឋ១៤នាក់ ដែលត្រូវបានក្រុមកងទ័ពវារៈ២៦១ ចាប់ខ្លួនកាលពីចុងខែមករាកន្លងទៅ នៅមិនទាន់ទទួលដំណឹងនៅឡើយទេ។ អ្នកភូមិបានដាក់ពាក្យប្ដឹងក្រុមយោធាទាំងនោះ ទៅក្រសួងការពារជាតិ និងតំណាងអយ្យការខេត្តព្រះវិហារ។
ពលរដ្ឋមានវិបត្តិដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាពចាត់ទុកការចាប់ខ្លួនពលរដ្ឋ១៤នាក់ ក្នុងនោះម្នាក់បាត់ខ្លួនគឺជារឿងអយុត្តិធម៌។ អ្នកភូមិថាក្រុមយោធា វារៈ ២៦១ ឬហៅថាក្រុមកងកម្លាំងទាហានកងពលលេខ៦ និងអាជ្ញាធរខ្លះកំពុងតាមចាប់ខ្លួនតំណាងពលរដ្ឋ ៤នាក់ផ្សេងទៀត ដែលពួកគេចោទថា ជាអ្នកមេដឹកនាំក្រុមពលរដ្ឋឱ្យប្រព្រឹត្តបទល្មើសបរិស្ថាន។
តំណាងពលរដ្ឋលោក ឡយ លីហ៊ួ ប្រាប់អាស៊ីសេរី នៅថ្ងៃទី២៣ កុម្ភៈ ថា តុលាការខេត្តព្រះវិហារនៅមិនទាន់ដោះលែងពលរដ្ឋ ១៣នាក់នៅឡើយទេ ហើយមកទល់ពេលនេះក្រុមគ្រួសារពលរដ្ឋទាំងនោះកំពុងលំបាកវេទនាផ្នែកជីវភាពជំពាក់បំណុលគេ និងភ័យខ្លាចមិនហ៊ានវិលទៅរស់នៅលំនៅឋានវិញទេ។ លោកសង្ស័យថា ពលរដ្ឋម្នាក់ឈ្មោះ ស៊ុំ ម៉ឺន ដែលបាត់ខ្លួនជិត ១ខែមកហើយនោះ ទំនងជាត្រូវស្លាប់ហើយពួកគេទាមទារឱ្យក្រុមយោធាវារៈ២៦១ ទទួលខុសត្រូវរឿងនេះ៖ «អត់មានដឹងថា គួរលែង ឬមិនលែងពលរដ្ឋទេ អត់មាននរណាជួយអន្តរាគមន៍ទេ។ ខ្ញុំស្នើទៅថ្នាក់ដឹកនាំមេភូមិ មេឃុំ ស្រុកខេត្ត ស្ថាប័នពាក់ព័ន្ធ និងសម្ដេចទាំងអស់មេត្តាជួយ សូមមេត្តាលើកលែងអាណិតអាសូរពលរដ្ឋយើងខ្ញុំដែលជាអ្នកក្រីក្រ សូមដោះលែងឱ្យគាត់ចេញពីពន្ធធនាគារ ដើម្បីឱ្យគាត់មករកស៊ីចិញ្ចឹម ក្រុមគ្រួសារគាត់»។
ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាពលោកស្រី ងូវ គង់ វ័យ ៥៦ ឆ្នាំ ឱ្យដឹងថា ក្រុមយោធាវារៈ ២៦១ បានចាប់ខ្លួនប្ដី និងកូនប្រុសរបស់លោកស្រីកាលពីចុងខែមករា ហើយមកទល់ពេលនេះពួកគេកំពុងជាប់ពន្ធនាគារខេត្តព្រះវិហារ។ លោកស្រីថា អ្នកភូមិបានស្វែងរកកិច្ចអន្តរាគមន៍ទៅក្រសួងការពារជាតិ និងតំណាងអយ្យការខេត្តព្រះវិហារ ដើម្បីស្នើឱ្យស៊ើបអង្កេតកងអន្តរាគមន៍វារៈយោធាលេខ២៦១ ដែលលោកស្រីចោទថា អនុវត្តខុសនីតិវិធី ប្រើហិង្សាដោយចេតនា និងកំហែងយកទ្រព្យសម្បត្តិ តែមកទល់ពេលនេះនៅមិនទាន់ទទួលលទ្ធផល៖ «កូនខ្ញុំទៅចាំដំឡូងដើរទៅគេចាប់តែម្ដងអត់មានបានធ្វើការអីទេ និងប្តីខ្ញុំគេចាប់តាមផ្លូវ។ ខ្ញុំថា ឱ្យដោះលែងប្តីខ្ញុំទៅ។ ទាហានចាប់តាំងពីកាំភ្លើង ដកសម្ភារឆ្នាំងចានអីគ្មានសល់ទេ និងទូរស័ព្ទអាថ្លៃទៅ»។
មកទល់ពេលនេះមានពលរដ្ឋ ១៤នាក់ ត្រូវបានមន្ត្រីយោធាចាប់ខ្លួន ក្នុងនោះម្នាក់បាត់ខ្លួន និងឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តព្រះវិហារហើយពលរដ្ឋ ២៥នាក់ផ្សេងទៀតកំពុងជាប់បណ្ដឹងនៅតុលាការ។ ក្រៅពីនេះមានអ្នកភូមិខ្លះទៀតរត់គេចចេញពីការតាមចាប់របស់អាជ្ញាធរ។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាននៅថ្ងៃទី២៣ កុម្ភៈ។
ចំណែកតំណាងអយ្យការខេត្តព្រះវិហារលោក ទី សុវិនថាល់ ប្រាប់អាស៊ីសេរីថា បទល្មើសជាក់ស្ដែងកុំថាឡើយមន្ត្រីយោធាសូម្បីតែពលរដ្ឋធម្មតាក៏មានសិទ្ធិឃាត់ខ្លួនជនសង្ស័យបញ្ជូនមកតំណាងអយ្យការបានដែរ។ លោកថា ប្រសិនបើពលរដ្ឋដាក់ពាក្យប្ដឹងមកលោក គឺតំណាងអយ្យការដាច់ខាតត្រូវតែទទួលនិងធ្វើការស៊ើបអង្កេតជាបឋម ក៏ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតថា នឹងមានចំណាត់ការ ពេលណានៅឡើយទេ៖ «សំណុំរឿងនេះត្រូវការស៊ើបអង្កេតបឋម ហើយចេញដីកាកោះ រយៈពេលនៃការចេញដីកាកោះវាមាន មួយខែ ២ខែ និង ៣ខែ ទៅតាមជិតឆ្ងាយ ៣ខែ គឺឆ្លងដែន។ ឱ្យតែដាក់ប្ដឹងសង្ស័យបទល្មើសព្រហ្មទណ្ឌ ខាងអយ្យការត្រូវតែទទួលដាច់ខាត ត្រូវតែចុះក្នុងសំណុំរឿង»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តព្រះវិហារលោក ឡោ ចាន់ សង្កេតឃើញថាពលរដ្ឋបានដាក់ពាក្យប្ដឹងក្រុមយោធាវារៈ ២៦១ ដែលមានលោក លុយ សម្បត្តិ ជាមេដឹកនាំ ពីបទចាប់ខ្លួនខុសនីតិវិធី ការប្រើហិង្សា និងការកំហែងយកព្រោះក្រុមទាហានទាំងនោះបានរឹបអូសយកគោយន្ត និងសម្ភាររបស់ពលរដ្ឋទៅរក្សាទុកខុសនីតិវិធី។ លោកបញ្ជាក់ថា ក្រសួងការពារជាតិមិនត្រឹមតែគ្មានវិធានការដោះស្រាយរឿងនេះទេ បែរជាជំរុញឱ្យពលរដ្ឋដកពាក្យបណ្ដឹងសំណុំរឿងនេះទៅវិញ៖ «ពលរដ្ឋស្លូតត្រង់ និងពលរដ្ឋរងគ្រោះដាក់ពាក្យប្តឹងទៅ ស្ថាប័នរដ្ឋ និងស្ថាប័ន គាត់អត់មានវិធានការណាមួយ ផ្នែកច្បាប់ទៅហ្នឹងជនសង្ស័យ និងជនប្រព្រឹត្តបទល្មើសទេ។ ជាក់ស្ដែងដូចករណីនេះអ៊ីចឹង គឺក្រសួងការពារជាតិមិនបានយកចិត្តទុកដាក់។ ពលរដ្ឋអស់ជំនឿលើស្ថាប័នរដ្ឋ»។
មន្ត្រីសង្គមស៊ីវិលរូបនេះសង្កេតឃើញថា ការបាត់ខ្លួនពលរដ្ឋម្នាក់គឺស្របពេលដែលក្រុមយោធាវារៈលេខ២៦១ ចាប់ខ្លួនកាលពីចុងខែមករាកន្លងទៅ។ លោកយល់ថា តុលាការខេត្តព្រះវិហារគួរតែដោះលែងពលរដ្ឋទាំងនោះឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ព្រោះវិបត្តិដីធ្លីនេះកើតឡើងរវៀងពលរដ្ឋ និងក្រុមហ៊ុនមេត្រីភាពពុំមែនពាក់ព័ន្ធដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពនោះទេ៕