សង្គមស៊ីវិល បារម្ភចំពោះភាពខ្វះខាតនៃប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ដែលនាំឲ្យពលរដ្ឋ ពិសេសកសិករខ្នាតតូច តែងរងគ្រោះឥតឈប់ឈរពីករណីរំលោភដីធ្លី ដែលជាបញ្ហាដែលនាំឲ្យមានការអភិវឌ្ឍយឺត។ ទន្ទឹមគ្នានេះ សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាល ពង្រឹងយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដើម្បីបញ្ចប់បញ្ហាដីធ្លី។
សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងបញ្ហាដីធ្លី ចង់ឲ្យរដ្ឋាភិបាលពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការលើបញ្ហាមួយចំនួន រួមមាន ទំនាស់ដីធ្លីរវាងពលរដ្ឋ និងអ្នកមានអំណាច បញ្ហាសន្តិសុខ បញ្ហាចំណាកស្រុក និងបញ្ហាវិនិយោគដីសម្បទានសេដ្ឋកិច្ច ដែលប៉ះពាល់ដល់សហគមន៍ជនបទ។
ការលើកឡើងនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាស្ដីពី "ការរៀនសូត្ររួមគ្នាលើការដោះស្រាយវិវាទដីធ្លីក្នុងប្រទេសកម្ពុជា" ដែលរៀបចំឡើងនៅថ្ងៃទី២៦ ខែឧសភា។ សិក្ខាសាលានេះ ក្នុងបំណងជួយឲ្យមាននូវគោលនយោបាយដ៏ពេញចិត្ត និងអាចអនុវត្តបាន ដែលធានាដល់សិទ្ធិរបស់គ្រួសារកសិករក្នុងការអាស្រ័យផលពីដីធ្លី និងធនធានធម្មជាតិ។
ថ្លែងក្នុងសិក្ខាសាលានេះ ទីប្រឹក្សានៃអង្គការស្ដារកម្ពុជា លោក សោ សុន្ទ៍រធារី ឲ្យដឹងថា តាមការសិក្សាស្រាវជ្រាវនៅតំបន់ដែលមានបញ្ហាដីធ្លីអស់រយៈពេល ១ឆ្នាំនៅខេត្តមួយចំនួន រួមមាន រតនគិរី ក្រចេះ មណ្ឌលគិរី ពោធិ៍សាត់ ស្វាយរៀង និងខេត្តបន្ទាយមានជ័យ។ លោកឃើញបញ្ហាប្រឈមដ៏ធំក្នុងបញ្ហាដីធ្លី មកពីមិនបានកំណត់ព្រំដីឲ្យបានច្បាស់លាស់ កង្វះចំណេះដឹងច្បាប់ កង្វះគោលនយោបាយ កំណើនប្រជាជន និងកង្វះយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ។
ទីប្រឹក្សានៃអង្គការស្ដារកម្ពុជា រូបនេះយល់ថា ការពង្រឹងការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការឲ្យមានប្រសិទ្ធភាព ជាយុទ្ធសាស្ត្រសំខាន់ជួយបញ្ចប់ជម្លោះដីធ្លីបានឆាប់រហ័ស ជាងការដោះស្រាយតាមប្រព័ន្ធតុលាការ៖ « គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងជម្លោះ គួរណាស់តែយកយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ ព្រោះថាយន្តការនេះ វាជួយសម្រួលដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងៗបានលឿនជាងប្រព័ន្ធតុលាការ និងមិនធ្វើបានបាត់បង់ដល់ការវិនិយោគ និងផលប្រយោជន៍ប្រជាពលរដ្ឋ ពិសេសសេដ្ឋកិច្ច »។
ទន្ទឹមគ្នានេះ តំណាងសហគមន៍ភូមិសាលាខ្មែរ មកពីខេត្តបន្ទាយមានជ័យ លោក សេន វី លើកឡើងដែរថា ពលរដ្ឋសហគមន៍ជាង ៤០០គ្រួសារ បានទទួលរងនូវការរំលោភបំពានដីស្រែ និងដីលំនៅឋានតាំងពីឆ្នាំ២០០៤ ពីសំណាក់អ្នកមានអំណាច មិនទាន់មានដំណោះស្រាយនៅឡើយ។ លោកស្នើឲ្យប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជូនមន្ត្រី និងអ្នកជំនាញមកស៊ើបអង្កេតបញ្ហាជម្លោះដីធ្លី ដើម្បីឲ្យការដោះស្រាយក្រៅប្រព័ន្ធតុលាការនៅថ្នាក់មូលដ្ឋានឲ្យមានប្រសិទ្ធភាព៖ « ខ្ញុំសូមឲ្យសម្ដេច ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ ត្រូវតែបង្កើតគណៈកម្មការចុះទៅស៊ើបអង្កេត បើសង្ឃឹមតែថ្នាក់ក្រោមដោះស្រាយមិនបានទេ ត្រូវតែពិនិត្យ និងស្រាវជ្រាវឲ្យច្បាស់ ទើបការដោះស្រាយក្រៅប្រព័ន្ធតុលាការ អាចឆ្លើយតបទុក្ខលំបាកពលរដ្ឋដែលមានជម្លោះដីធ្លីបានទាន់ពេល » ។
ឆ្លើយតបនឹងបញ្ហានេះ ប្រធាននាយកដ្ឋានផែនការ និងស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុទ្ធី មានប្រសាសន៍ថា ក្រសួងតែងតែគាំទ្រយន្តការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ។ ជាងនេះទៀត រដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម បានបង្កើតគណៈកម្មការសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញឲ្យការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការឲ្យបានច្រើន និងមានប្រសិទ្ធភាព។
សិក្ខាសាលាដែលមានអ្នកចូលរួមជិត ១០០នាក់មកពីដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ផ្នែកឯកជន ក្រុមហ៊ុន សហគមន៍ ដែលធ្វើការពាក់ព័ន្ធនឹងអភិបាលកិច្ចដីធ្លី និងការដោះស្រាយវិវាទដីធ្លីនៅកម្ពុជា ក្រៅពីជំរុញឲ្យរដ្ឋាភិបាលពង្រឹងយន្តការដោះស្រាយទំនាស់ដីក្រៅប្រព័ន្ធតុលាការ ដើម្បីបញ្ចប់បញ្ហាដីធ្លីនៅកម្ពុជា។ ពួកគេក៏ជំរុញឲ្យរដ្ឋាភិបាល សិក្សាពីស្ថានភាពតំបន់ដែលមានទំនាស់ មុនសម្រេចផ្តល់ដីសម្បទានសេដ្ឋកិច្ច ព្រមទាំងអនុវត្តច្បាប់ឲ្យមានតម្លាភាពផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។