ក្រុមហ៊ុនអភិវឌ្ឍកោះពេជ្រកាយដីចេញពីមាត់ទន្លេដែលចាក់ហួសគោលការណ៍
2014.05.31

ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ដែលអភិវឌ្ឍន៍កោះពេជ្រ របស់លោកឧកញ៉ា ពុង ខៀវសែ បានសម្រេចកាយដីផ្នែកខ្លះដែលបានចាក់បំពេញទន្លេនោះចេញវិញ។ សកម្មភាពនេះកើតឡើងនៅក្រោយប្រតិកម្មរបស់ក្រសួងធនធានទឹក និងឧតុនិយម បន្ទាប់ពីរកឃើញថា ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី បានរំលោភលើគម្រោងការវិនិយោគរបស់ខ្លួនដែលច្បាប់អនុញ្ញាត។
ម៉ោងជិត ១២ថ្ងៃត្រង់ទៅហើយ រថយន្ត និងត្រាក់ទ័រកំពុងកាយដីចេញពីក្នុងទន្លេនៅចំណុចត្រើយម្ខាងនៃទន្លេចតុមុខ ដែលក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី ព្យាយាមចាក់ដីបំពេញដើម្បីពង្រីកការអភិវឌ្ឍកោះពេជ្របន្ថែមជាប់ជានិច្ច។ សកម្មភាពកាយដីចេញវិញនេះ គឺក្រោយពីក្រសួងធនធានទឹក និងឧតុនិយម រកឃើញពីកំហុសដ៏ធ្ងន់ធ្ងរ រំលោភលើសេចក្ដីទុកចិត្តនៃការវិនិយោគខុសគោលការណ៍ ហើយឲ្យបញ្ឈប់ជាបន្ទាន់មក។
ពាក់ព័ន្ធបញ្ហានេះ ប្រជាពលរដ្ឋដែលប្រកបមុខរបរនៅក្បែរទីតាំងនោះ និងអ្នកឆ្លងកាត់ សាទរចំពោះចំណាត់ការរបស់ក្រសួងសាមីនៅពេលនេះ ដោយចាត់ទុកថា ជាការឆ្លើយតបមួយទាន់ពេលវេលា។
រស់នៅរាជធានីភ្នំពេញ លោក សុង វិសល ឲ្យដឹងថា ការវិនិយោគនេះ ពិតជាធ្វើឲ្យមានផលប៉ះពាល់ខ្លាំងបំផុត ក្រៅពីប្រព័ន្ធខ្សែទឹក និងជីវចម្រុះហើយ ការចាក់ដីលុបទន្លេនេះ ថែមទាំងធ្វើឲ្យខូចខាត ព្រមទាំងបាត់បង់ទ្រង់ទ្រាយដើមនៃទន្លេចតុមុខទៀតផង។
សុង វិសល អះអាងថា ប្រតិកម្មរបស់ក្រសួងធនធានទឹកនៅពេលនេះ ពិតជាធ្វើឲ្យក្ដីកង្វល់ និងការឈឺចាប់របស់ពលរដ្ឋអស់ជាច្រើនខែមកហើយ បានធូរស្រាលឡើងវិញមួយកម្រិត។ លោកឲ្យដឹងថា ថ្វីបើផ្នែកខ្លះនៃច្រាំងទន្លេនៅតែត្រូវបានក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី គ្រប់គ្រងក៏ដោយចុះ តែថាយ៉ាងណាក៏អាចជួយកាត់បន្ថយការវិនិយោគដែលនាំឲ្យប៉ះពាល់នេះបានមួយកម្រិតដែរ៖ «អាហ្នឹងល្អហើយ ជាការមួយដែលថា យើងកែខៃឲ្យវាមានចរន្ត វាស្រួលគ្រាន់បើអ៊ីចឹងវិញទៅណា! ទោះបីវាមិនបានមួយភាគរយ តែវាគ្រាន់បើដែរ។ បើយើងមិនកែវាប៉ះពាល់ខ្លាំងដែរ។ ប៉ះពាល់ច្រើនដែរ ចរន្តទឹក»។
កំពុងឈរមើលការកាយដីចេញពីទន្លេ ជាចំណុចដែលក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី ធ្លាប់លុបយកធ្វើជាកម្មសិទ្ធិ ប្រជាពលរដ្ឋបង្ហាញការពេញចិត្តចំពោះការអន្តរាគមន៍របស់ក្រសួងធនធានទឹកនៅពេលនេះ។ ពួកគេយល់ឃើញថា ការពិតរដ្ឋាភិបាលគប្បីទប់ស្កាត់ការចាក់ដីលុបទន្លេនេះ តាំងដើមរៀងមក៖ «ពីមុនមើលទៅខាងណោះអី ឈរពីហ្នឹងអី មើលឃើញច្បាស់ៗ ដល់ឥឡូវពេលគេបិទមើលមិនចង់ឃើញ។ កាលពីគេចាក់ពីដំបូងហ្នឹង ខ្ញុំមើលទៅដូចថា វាឃើញថា ប្រព័ន្ធទឹកហ្នឹងវាអាចខុសប្លែកដែរ។ ប៉ុន្តែយើងមើលឃើញទៅថា យើងមិនមានលទ្ធភាពនឹងនិយាយ។ វាមិនគួរមកអភិវឌ្ឍចាក់នៅអ៊ីចឹងៗសោះ»។
មូលហេតុដែលនាំឲ្យក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី សម្រេចចិត្តស្តាឡើងវិញនៅទីតាំងដែលខ្លួនចាក់លុបទន្លេ កាលពី៥ខែមុននេះ គឺបន្ទាប់ពីមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យដោយផ្ទាល់លើទីតាំងនោះ កាលពីថ្ងៃទី២៨ ឧសភា កន្លងទៅនេះ។ ការចុះសិក្សារកឃើញថា គម្រោងវិនិយោគនេះ បានរំលោភលើសពីអ្វីដែលរដ្ឋាភិបាល និងក្រុមហ៊ុនអភិវឌ្ឍន៍កោះពេជ្រ បានព្រមព្រៀងរួចមកហើយ។
បន្ថែមពីលើនេះ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ប៊ុន ហ៊ាន ឲ្យដឹងនៅថ្ងៃទី៣១ ឧសភា ថា ក្រោយពីក្រសួងបានបញ្ជាឲ្យស្តាឡើងវិញលើទីតាំងដែលរងប៉ះពាល់នៅពេលនេះ ក្រុមហ៊ុនបានចាប់ផ្ដើមចុះអនុវត្តជិតរួចហើយ។
ទោះជាបែបណា លោកអះអាងថា ក្រសួងធនធានទឹកនឹងពិនិត្យជាថ្មីម្ដងទៀត ដើម្បីសិក្សាថា តើទីតាំងដែលរដ្ឋកំណត់ឲ្យស្តារឡើងវិញនេះ បានត្រឹមត្រូវតាមគោលការណ៍ដែរទេ៖ «ជាក់ស្ដែងយើងមើលឃើញទាំងអស់គ្នា បើតាមសាតថាលៃថ៍ (Satellite) ដែលថាជើងទេ ប្រូសេសុង (Procession) របស់កោះពេជ្រហ្នឹង គឺបានរើអស់ហើយ។ ផ្នែកកណ្ដាលគឺបានរើអស់ហើយ។ ផ្នែកខាងកើត និង ផ្នែកខាងលិចដែលកំពុងតែបន្តរើទៀត។ នេះយើងមើលឃើញក្រវាត់ថ្ម កំពុងតែរើផ្នែកកណ្ដាលហ្នឹងអស់ប្រហែល ៦០ភាគរយ ៧០ភាគរយ នៅតែផ្នែកខាងចុងហើយដើម»។
វិទ្យុអាស៊ីសេរី ព្យាយាមសុំការបំភ្លឺលើបញ្ហានេះជាច្រើនលើកច្រើនសាពីលោក ពុង ខៀវសែ ជាម្ចាស់គម្រោងអភិវឌ្ឍន៍កោះពេជ្រ នៃក្រុមហ៊ុនកាណាឌីយ៉ា ប៉ុន្តែទូរស័ព្ទរបស់លោកត្រូវបានអ្នកផ្សេងទទួលហើយ បដិសេធក្នុងការអត្ថាធិប្បាយលើបញ្ហានេះ ដោយចាត់ទុកថា គេមិនដឹងអ្វីទាំងអស់ទាក់ទងនឹងគម្រោងនេះមុនបិទទូរស័ព្ទ។
អ្នកសម្របសម្រួលបណ្ដាញកសាងសន្តិភាពសហគមន៍ លោក សេង សុខហេង យល់ឃើញថា ចំណាត់ការរបស់ក្រសួងនៅពេលនេះ ហាក់យឺតពេល និងទំនងពុំមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ទេ៖ «ការចាក់កោះពេជ្រហ្នឹង គឺមិនមែននៅត្រឹមតែទីតាំងដែលក្រសួងគាត់ឲ្យទេ គឺវាលើសច្រើនជាងហ្នឹងទៀត។ អ៊ីចឹងអ្វីគឺថា អ្វីដែលក្រសួងគាត់នេះ ប្រហែលហាក់ដូចជាយឺតពេល ហើយយើងជឿជាក់ថា ប្រហែលជាមិនអាចមានប្រសិទ្ធភាព ដែលអាចដាក់ ឬជះឥទ្ធិពលទៅដល់ក្រុមហ៊ុននោះ គាត់កាយចេញតាមមើល»។
ទាក់ទងការអភិវឌ្ឍនៅពេលបច្ចុប្បន្ននេះ ភាគច្រើនម្ចាស់គម្រោងពុំដែលសូវបានសិក្សាពីផលប៉ះពាល់ជាមុនទេ។ រឹតតែមិនខ្វល់ទៅទៀតនោះ គឺគេគិតតែពីរឿងប្រាក់ចំណេញតែមួយមុខប៉ុណ្ណោះ។ ការចាក់ដីលុបទន្លេ ឬ បឹងនៅពេលនេះ ត្រូវគេមើលឃើញថា ហាក់ជារឿងសាមញ្ញទៅហើយនៅកម្ពុជា។ រហូតឧកញ៉ា និងអ្នកមានទ្រព្យស្តុកស្ដម្ភមួយចំនួនប្រើប្រាស់លុយដែលចាយមិនអស់លុបរហូតដល់សមុទ្រទៀតផង។
មានមូលហេតុមួយទៀត ក្នុងរឿងនេះ ដែលនាំឲ្យស្ទះលូពេលភ្លៀងម្ដងៗ គេចាត់ទុកថា ព្រោះតែប្រព័ន្ធបង្ហូរទឹកមិនគ្រប់តម្រូវការ ប៉ុន្តែគេភ្លេចគិតថា រឿងដែលធំគឺបណ្ដាលពីការលុបបឹង ស្រះត្រពាំង បឹងបួ និងព្យាយាមចាក់ដីសងផ្ទះទៅវិញទេ។ ទាំងនេះ ជាជម្រកទឹកភ្លៀង និងជាប្រព័ន្ធរំដោះទឹកដ៏លឿន និងឆាប់រហ័ស៕