សហគមន៍​អូរខ្សាច់​រង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់​១​ឆ្នាំ​និង​ពិន័យ​២០​លាន​រៀល

0:00 / 0:00

តុលាការ​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ​ពុធ​ទី​៣ តុលា​នេះ បាន​ប្រកាស​សាលក្រម​ដាក់​ពន្ធនាគារ ប្រជា​សហគមន៍​អូរខ្សាច់​បួន​នាក់ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ២០​លាន​រៀល ពាក់ព័ន្ធ​ករណី​ជម្លោះដីធ្លី។ មេធាវី​ការពារ​ក្តី មន្ដ្រី​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ថា​ការ​សម្រេច​របស់​តុលាការ​គឺជា​រឿង​អយុត្តិធម៌ ហើយ​ពួកគាត់​បាន​ស្រែក​ទាមទារ​រក​យុត្តិធម៌​នៅមុខ​តុលាការ។

ពាក្យ​ថា “​តុលាការ​ពុករលួយ និង​អយុត្តិធម៌​ណាស់​” ត្រូវ​បាន​ពលរដ្ឋ​មាន​ជម្លោះ ដីធ្លី​ស្រែក និង​ទ្រហោយំ​នៅ​តុលាការ​សាលាដំបូង​ខេត្ត​ព្រះសីហនុ។

ពលរដ្ឋ​រង​ការចោទ​ប្រកាន់​ម្នាក់ លោកស្រី ឡុច ទូច ដែល​ត្រូវ​ឆ្មាំ​ពន្ធនាគារ​បញ្ជូន​ទៅ​ឃុំខ្លួន​បន្ត នៅ​ពន្ធនាគារ​បាន​និយាយ​ទាំង​យំសោក​ថា "​អយុត្តិធម៌​ណាស់" ៖ «អយុត្តិធម៌​ណាស់ អយុត្តិធម៌​ណាស់ តុលាការ​ពុករលួយ​ !!!»។

ទោះបី​តុលាការ​កាត់​ឲ្យ​អ្នក​ទាំង​បួន​នាក់​ជាប់ទោស​ម្នាក់ៗ​ មួយ​ឆ្នាំ ប៉ុន្តែ​ពួកគេ​ត្រូវ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រយៈពេល ៧​ខែ​ទោស នៅសល់​បី​ខែ​ទៀត​ត្រូវ​ព្យួរ ដូច្នេះ​ពួកគេ​នឹង​រួច​ទោស​ក្នុង​រយៈ​ពីរ​ខែ​ទៀត។

ករណី​ជម្លោះដីធ្លី​នៅ​សហគមន៍​អូរខ្សាច់ ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ក្រុម​ពលរដ្ឋ​បាន​ចូល​ទៅ​រស់នៅ​ក្នុង​តំបន់​នេះ​តាំងពី​ឆ្នាំ​១៩៩២។ នៅ​ឆ្នាំ​២០០៧​ទើប​ក្រុម​ឈ្មួញ​អ្នកមាន​លុយ និង​អំណាច​ចោទប្រកាន់​ក្រុម​ពលរដ្ឋ​ថា ចូល​រស់នៅ​លើ​ដី​កម្មសិទ្ធិ​របស់​ពួកគេ​ដោយ​សម្អាង​ថា ពួកគេ​មាន​ប្លង់​កម្មសិទ្ធិ។ ពលរដ្ឋ​ទាំង​បួន​រូប​ត្រូវ​បាន​ដើម​បណ្តឹង​ឈ្មោះ តាន់ តាត់ មាន​ងារ​ជា ឧកញ៉ា និង​ឈ្មួញ​រកស៊ី​ដីធ្លី​ម្នាក់ទៀត​ឈ្មោះ ឡុញ វណ្ណៈ ប្ដឹង​ពី​បទ «ប្រើ​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត»។

ប្រជា​សហគមន៍​ចំនួន ១៣​សហគមន៍​នៅ​ខេត្ត​ព្រះសីហនុ​អះអាង​ថា ពួកគេ​នឹង​នាំ​គ្នា​ទៅ​ទាមទារ​នៅ​ក្រុងភ្នំពេញ​បន្ត​ទៀត ដើម្បី​ឲ្យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន បាន​ដឹង​អំពី​រឿង​នេះ។

មេធាវី​របស់​ពលរដ្ឋ លោក​មេធាវី ពុធ ធាវី លើកឡើង​ថា លោក​បដិសេធ​មិន​ទទួលយក​សាលក្រម​នេះ​ទេ ដោយសារតែ​តុលាការ​មិនបាន​បង្ហាញ​ភស្តុតាង​គ្រប់គ្រាន់​ដាក់​បន្ទុក​កូន​ក្តី​របស់​លោក។ លោក​មេធាវី​លើកឡើង​ទៀត​ថា ការ​សម្អាង​របស់​ដើម​បណ្ដឹង ដែល​ថា មាន​ប័ណ្ណ​កម្មសិទ្ធិ​លើ​ដី​ធ្លី​នោះ ក៏​មិន​សម​ហេតុផល​ដែរ​ព្រោះ​ប័ណ្ណ​កម្មសិទ្ធិ​នោះ​ត្រូវ បាន​អាជ្ញាធរ​និរាករណ៍​បាត់​ទៅ​ហើយ​កាលពី​ឆ្នាំ​២០០២ ហេតុ​អី​បានជា​ភាគី​ដើម​បណ្ដឹង​មាន ប័ណ្ណ​កម្មសិទ្ធិ​នេះ​ទៀត៖ «ចំពោះ​កូន​ក្តី​ខ្ញុំ​អយុត្តិធម៌​ណាស់​គាត់​អត់​បាន​ទៅ​បំពាន​កម្មសិទ្ធិ​ដីធ្លី​លើ​ដើម​បណ្ដឹង​ទេ ចំពោះ​ដី​ភាគី​ដើម​បណ្ដឹង​មាន​ទំហំ ៨០​ហិកតារ​ឯណោះ តើ​បួន​នាក់​នេះ​បំពាន​លើ​ដី​ទំហំ​ប៉ុន្មាន ចៅក្រម​ស៊ើប​សួរ​រក​មិនទាន់​ឃើញ​ផង មក​ចោទ​គ្នា»។

សង្គម​ស៊ីវិល​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​តាមដាន​ដំណើរ​រឿង​នេះ​សង្កេតឃើញ​ថា ករណី​ជម្លោះ ដីធ្លី​នេះ​គឺជា​ការរំលោភ​ដីធ្លី​មក​លើ​ក្រុម​ពលរដ្ឋ​ជា​ប្រព័ន្ធ ពី​សំណាក់​ឈ្មួញ​មាន​លុយ​និង​មន្ត្រី​មាន​អំណាច ហើយ​ពួកគេ​ប្រើ​ឥទ្ធិពល​មក​លើ​ប្រព័ន្ធ​តុលាការ។ ពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន សហគមន៍​អូរខ្សាច់​អះអាង​ថា ការដែល​ភាគី​ដើម​បណ្តឹង​មាន​ប្លង់​កម្មសិទ្ធិ​លើ​ដី​ធ្លី លើ​ដី​មាន​ជម្លោះ​នេះ​មិន​ត្រឹមត្រូវ​តាមច្បាប់​ទេ ព្រោះ​ដី​តំបន់​នេះ​ជា​ដី​គម្រប​ព្រៃឈើ​ដែល​អាជ្ញាធរ​មិន​អាច​ចេញ​ប្លង់​កម្មសិទ្ធិ​បាន​នោះ​ទេ។

អ្នក​សម្របសម្រួល​នៃ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ក្នុង​ខេត្ត​ព្រះសីហនុ លោក ញិល ភាព ដែល​តាមដាន​សវនាការ​នេះ​សង្កេត​ឃើញ​ថា មេធាវី​ការពារ​ឲ្យ​ដើម​បណ្ដឹង​មាន​ភស្តុតាង​តែមួយគត់​គឺ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដែល​ពួកគេ​បាន​ធ្វើ​កាលពី​អំឡុង​ឆ្នាំ​១៩៩៥។ ប៉ុន្តែ​លោក​យល់ថា ការ​សម្អាង​បែបនេះ​គឺ​ខុស​ទៅ​ទិដ្ឋភាព​ច្បាប់ និង​ទិដ្ឋភាព​ពិតប្រាកដ​នៃ​តំបន់​អូរ​ខ្សាច់​កាលពី​ជំនាន់​នោះ៖ «គឺ​មិន​អាច​ទៅ​រួច​ទេ ជំនាន់​ក្រសួង​ដែនដី​ក៏​មិនទាន់​បង្កើត​ដែរ ហើយ​តំបន់​ជា​កន្លែង​ប្រទាញប្រទង់​រវាង​កងទ័ព​រដ្ឋ​ខ្មែរក្រហម និង​កងទ័ព​រដ្ឋាភិបាល​អ៊ីចឹង​មិន​អាច​មាន​ជំនាញ​ទៅ​វាស់វែង​លើ​ដី​នោះ​បាន​ទេ»។

ចំណែក​ពលរដ្ឋ​មាន​បញ្ហា​ធ្លី​ម្នាក់​ដែល​មិន​ពេញចិត្ត​ចំពោះ​ការសម្រេច​របស់​តុលាការ លោកស្រី ញ៉ាញ ស៊ន ស្នើ​ទៅ​លោក ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​ទាំង​បួន​រូប​ដែល​រង​ការចោទប្រកាន់។ លោកស្រី​ព្រួយបារម្ភ​ថា បើ​ពេល​តុល​ការសម្រេច​ឲ្យ​ក្រុម​ឈ្មួញ​មានអំណាច ឈ្នះ​ក្តី​ដូច្នេះ នឹង​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​ផ្សេងទៀត​បន្ត​រំលោភ​ដីធ្លី​ពលរដ្ឋ​បន្ត​ទៀត​ព្រោះ​លោកស្រី សព្វថ្ងៃ​កំពុង​រង​ការ​គំរាមកំហែង​ពី​ក្រុម​ឈ្មួញ​ទាំងនោះ៖ «លោកពូ​នាំ​ដំណឹង​នេះ​ទៅ​សម្ដេច​ឲ្យ​បាន​ដឹង​ផង សូម​សម្ដេច​ជួយ​ផង លោកជំទាវ លោក​ជួយ​កូនចៅ បើ​លោក​មិន​ជួយ​ទេ​កូនចៅ​ពិតជា​រងកម្ម រង​ទុក្ខ រង​ភ័យ ទឹកភ្នែក​នេះ​ក្លាយ​ជា​ទឹកសមុទ្រ»។

មេធាវី​ការពារ​ឲ្យ​ពលរដ្ឋ​ទាំង​បួន​ថា នឹង​ប្ដឹង​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ ខេត្ត​ព្រះសីហនុ ទៅ​សាលាឧទ្ធរណ៍​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។