សម្ពន្ធអង្គការអន្តរជាតិផ្នែកសិទ្ធិពលរដ្ឋមូលដ្ឋាន ស្នើឱ្យអាជ្ញាធរបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើប្រជាសហគមន៍ ដែលរងគ្រោះដោយសារការរំលោភយកដីធ្លីនៅក្នុងខេត្តព្រះវិហារ។ ការអំពាវនាវនេះ ដោយសារតែតុលាការខេត្តព្រះវិហារ កាលពីសប្ដាហ៍មុន បានកោះហៅមន្ត្រីអង្គការពន្លកខ្មែរ និងប្រជាពលរដ្ឋជាច្រើននាក់ទៅបំភ្លឺ រឿងបង្ខាំងគ្រឿងចក្រក្រុមហ៊ុនចិន ដែលជាសំណុំរឿងផ្អឹបទុកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
អង្គការសម្ពន្ធភាពប្រជាជនដើម្បីអធិបតេយ្យភាពស្បៀង ហៅកាត់ថា PCFS (The People’s Coalition on Food Sovereignty) ដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន ថ្កោលទោសជាខ្លាំងចំពោះការរំលោភបំពានទាំងឡាយប្រឆាំងនឹងពលរដ្ឋនៅក្នុងខេត្តព្រះវិហារ ដែលការពារដីធ្លីរបស់ពួកគេពីការច្បាមយកពីសំណាក់ក្រុមហ៊ុនចិន។
អង្គការអន្តរជាតិមួយនេះបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍នៅពេលថ្មីៗនេះថា ការរំលោភសិទ្ធិមនុស្សដែលផ្តើមចេញពីការតស៊ូប្រឆាំងនឹងការរឹបអូសយកដីធ្លី កំពុងកើតឡើងជាបន្តបន្ទាប់នៅលើពិភពលោក ជាពិសេសនៅតំបន់អាមេរិកឡាទីន និងតំបន់អាស៊ី ក្នុងនោះក៏មានកម្ពុជាផងដែរ ហើយសកម្មជនដីធ្លី និងជនជាតិដើមភាគតិច គឺជាជនរងគ្រោះនៃអំពើទាំងនេះ។
កាលពីសប្ដាហ៍មុន តុលាការខេត្តព្រះវិហារបានកោះហៅមន្ត្រីអង្គការសង្គមស៊ីវិល និងពលរដ្ឋជនជាតិដើមភាគតិចកួយឃុំប្រមេរ សរុប៩ នាក់ ឱ្យចូលខ្លួនឆ្លើយបំភ្លឺក្នុងសំណុំរឿងបង្ខាំងគ្រឿងចក្រ ២គ្រឿង របស់ក្រុមហ៊ុនឡានហ្វេង (Lan Feng) និងរ៉ូយហ្វេង (Rui Feng) ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុនស្ករស គ័ងទុង ហេងហ្វូ (Guangdong Hengfu Group Sugar Industry Co., Ltd) របស់ចិន កាលពីចុងឆ្នាំ២០១៤ កន្លងទៅ។ អ្នកទាំង៩ ត្រូវបានចោទប្រកាន់ និងដាក់ក្រោមការត្រួតពិនិត្យពីបទ “សមគំនិតក្នុងអំពើចាប់ឃុំឃាំង និងការបង្ខាំងដោយខុសច្បាប់” ។
អង្គការសម្ពន្ធភាពប្រជាជនដើម្បីអធិបតេយ្យភាពស្បៀង ថ្លែងថា នេះគឺជាបទចោទប្រកាន់ដែលគ្មានមូលដ្ឋានគ្រប់គ្រាន់ និងធ្វើឡើងតាមការបង្គាប់បញ្ជារបស់ក្រុមហ៊ុន ព្រោះក្រុមហ៊ុនបានឈូសឆាយដីស្រែចម្ការដែលពលរដ្ឋធ្លាប់បង្កបង្កើនផល ដែលធ្វើឱ្យពួកគេបង្ខំចិត្តឃាត់គ្រឿងចក្រពីរគ្រឿងនោះទុក។ ម្យ៉ាងវិញទៀត អាជ្ញាធរក៏បានយកគ្រឿងចក្រទាំងនោះទៅឱ្យក្រុមហ៊ុនវិញរួចរាល់ហើយដែរ ដូច្នេះមិនគួរណាមានចំណាត់ការតាមផ្លូវច្បាប់លើក្រុមពលរដ្ឋបែបនេះនោះឡើយ។
អង្គការអន្តរជាតិមួយនេះក៏បានថ្កោលទោសករណីដែលអាជ្ញាធរប្រើប្រាស់កម្លាំង និងអាវុធ បង្ក្រាបទៅលើករណីវិវាទដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនមេត្រីភាព នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារផងដែរ។
អភិបាលខេត្តព្រះវិហារលោក អ៊ុន ចាន់ដា បដិសេធផ្ដល់បទសម្ភាសតាមទូរស័ព្ទ ចំណែកចៅក្រមស៊ើបសួរតុលាការខេត្តព្រះវិហារ លោក ជៀន ស្រស់ ក៏មិនធ្វើអត្ថាធិប្បាយដូចគ្នា។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ និងជាអ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា កត់សម្គាល់ថា វិវាទដីធ្លីនៅខេត្តព្រះវិហារ ជាពិសេសករណីពលរដ្ឋជនជាតិដើមភាគតិចកួយ និងក្រុមហ៊ុនចិន នៅតែអូសបន្លាយមកទល់នឹងពេលបច្ចុប្បន្ន ដោយមិនឃើញអាជ្ញាធរដោះស្រាយឱ្យបានចប់សព្វគ្រប់នោះទេ។ ផ្ទុយទៅវិញ បែរជាមានចំណាត់ការតាមផ្លូវច្បាប់លើពលរដ្ឋ និងមន្ត្រីអង្គការពន្លកខ្មែរទៅវិញ ដែលលោកថា នេះជាការអនុវត្តផ្ទុយនឹងការណែនាំរបស់រដ្ឋាភិបាល និងអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកស្នើឱ្យអាជ្ញាធរដោះស្រាយបញ្ចប់ទំនាស់ដីធ្លីនៅក្នុងខេត្ត និងទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយលើប្រជាពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិល៖ «យើងគួរតែកុំប្រើតុលាការនេះដាក់សម្ពាធទៅលើប្រជាពលរដ្ឋ ឬក៏ខាងអង្គការសង្គមស៊ីវិលដែលគាត់បានធ្វើការផ្នែកនេះអី។ យើងគួរតែទម្លាក់ចោលបទចោទប្រកាន់ទៅ ហើយយើងគួរតែពន្លឿននីតិវិធីក្នុងការដោះស្រាយបញ្ហាដីធ្លីដែលកំពុងតែកើតមាននៅក្នុងតំបន់ហ្នឹងទៅវិញ ខ្ញុំយល់ថា វាជារឿងដែលល្អប្រសើរ»។
អង្គការសង្គមស៊ីវិល មើលឃើញថា វិវាទដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនចិននៅខេត្តព្រះវិហារ បានដើរមកដល់ចំណុចមួយដ៏គួរឱ្យព្រួយបារម្ភ ដែលទាមទារឱ្យមានដំណោះស្រាយជាបន្ទាន់ ក៏ប៉ុន្តែអាជ្ញាធរខេត្តព្រះវិហារ និងរបបក្រុងភ្នំពេញតែងតែអះអាងថា ពួកគេបានដោះស្រាយបញ្ចប់បញ្ហានេះរួចរាល់ហើយ។
ទោះជាយ៉ាងណា ពលរដ្ឋបញ្ជាក់ថា ទំនាស់ដីធ្លីរ៉ាំរ៉ៃនេះមិនទាន់ត្រូវបានដោះស្រាយបញ្ចប់នៅឡើយទេ ហើយភាគីអាជ្ញាធរតែងតែបង្ហាញជំហរលម្អៀងទៅរកក្រុមហ៊ុនជានិច្ច បើទោះបីជាពលរដ្ឋស្ទើរតែបាត់បង់អស់រលីងនូវមុខរបរ និងដីធ្លីសម្រាប់បង្កបង្កើនផលក៏ដោយ។
អង្គការសម្ពន្ធភាពប្រជាជនដើម្បីអធិបតេយ្យភាពស្បៀង អំពាវនាវដល់សមាជិក បណ្ដាញ និងអ្នកតស៊ូមតិផ្នែកអធិបតេយ្យភាពស្បៀងទាំងអស់ ឱ្យចូលរួមថ្កោលទោសចំពោះការធ្វើទុក្ខបុកម្នេញលើប្រជាកសិករនៅក្នុងប្រទេសកម្ពុជា និងបង្ហាញចំណងសាមគ្គីភាពជាមួយសហគមន៍ដែលរងផលប៉ះពាល់ដោយសារការរំលោភយកដីធ្លីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។