ពលរដ្ឋ​​ភូមិ​ខ្វា​ខក​ចិត្ត​នឹង​អាជ្ញាធរ​ខណ្ឌ​ដង្កោ​រឿង​មិន​ដោះស្រាយ​បញ្ហា​ទឹក​លិច​ភូមិ

0:00 / 0:00

ប្រជាពលរដ្ឋ​នៃ​ភូមិ​មួយ​នា​រាជធានី​ភ្នំពេញ សម្ដែង​ការ​ខក​ចិត្ត​ត្បិត​ពួក​គាត់​ទាមទារ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ដង្កោ ដោះស្រាយ​ស្ថាបនា​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​កុំ​ឲ្យ​លិច​ផ្ទះ​សម្បែង​របស់​ពួក​គាត់ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​បែរ​ជា​ជំរុញ​ពួក​គាត់ ឲ្យ​ទាមទារ​ការ​លុប​ស្រះ​ជំនួស​វិញ។

ប្រជាពលរដ្ឋ​ភូមិ​ខ្វា បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ប្រឆាំង​នឹង​ជំហរ​របស់​អាជ្ញាធរ នៅ​ថ្ងៃ​ទី​១៥ មករា ទាក់ទង​នឹង​បញ្ហា​ទឹក​លិច​ភូមិឋាន​របស់​ពួក​គាត់។

តំណាង​ប្រជាពលរដ្ឋ​ភូមិ​ខ្វា លោកស្រី ចាន់ សុផា យល់​ថា អាជ្ញាធរ​ខណ្ឌ​ពុំ​មាន​សុឆន្ទៈ​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ឡើយ៖ «បំណង​របស់​គាត់ និយាយ​ទៅ​ប្រហែល​ជា​គាត់​ចង់​ឲ្យ​ពួក​យើង​គាំទ្រ​ដល់​ការ​លុប​ស្រះ​ហ្នឹង ហើយ​បើ​សិន​ជា​មាន​បញ្ហា​ប៉ះពាល់​លិច​ដល់​ផ្ទះ​ពួក​យើង ប្រហែល​ជា​គាត់​ឆ្លើយ​ថា នេះ​គឺ​ជា​ការ​ព្រមព្រៀង​របស់​ប្រជាពលរដ្ឋ។ ការ​លុប​ស្រះ​មិន​មែន​ជា​ដំណោះស្រាយ​ទេ គ្រាន់​ជា​គោល​បំណង​របស់​អ្នក​ដែល​គាត់​ចង់​បាន​ប្រយោជន៍​តែ​ប៉ុណ្ណោះ»

តំណាង​ប្រជាពលរដ្ឋ​ភូមិ​ខ្វា ម្នាក់​ទៀត លោកស្រី ជួន សុខុម ថ្លែង​ថា លោកស្រី​ព្រម​ទទួល​យក​មធ្យោបាយ​ណា​ក៏ដោយ​ចុះ ឲ្យ​តែ​អាច​បញ្ចៀស​ទឹក​ជំនន់​លិច​ភូមិ​របស់​ពួក​គាត់​បាន៖ «បើ​សិន​ជា​គេ​លុប​ស្រះ​ហ្នឹង ទឹក​វា​ហៀរ​មក​លើ​ហើយ​ចា៎ ហើយ​វា​អត់​មាន​ប្រព័ន្ធ​លូ​ហូរ​ចេញ គឺ​បញ្ហា​ប៉ះពាល់​ប្រជាពលរដ្ឋ​កាន់​តែ​ខ្លាំង។ តែ​បើ​លុប​ស្រះ​ហើយ​មាន​ប្រព័ន្ធ​លូ​ទៀត គឺ​ហ្នឹង​វា​ល្អ​ចំពោះ​ប្រជាជន។ មាន​ប្រព័ន្ធ​លូ​ហើយ​យើង​លុប​ស្រះ​ទៅ វា​ហូរ​តាម​ប្រព័ន្ធ​លូ​ហ្នឹង​ចេញ​ទៅ វា​អត់​អាច​លិច​លង់​ប្រជាជន​ត​ទៅ​ទៀត​ទេ»

ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ គឺ​បន្ទាប់​ពី​ពួក​គាត់​ដែល​ជា​តំណាង​អ្នក​រស់នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ជាង ១៥០​គ្រួសារ និង​គាំទ្រ​ដោយ​តំណាង​សហគមន៍​ដែល​មាន​បញ្ហា​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ផង សរុប​ប្រមាណ ១០០​នាក់ បាន​នាំ​គ្នា​តវ៉ា​ខាង​មុខ​សាលា​ខណ្ឌ​ដង្កោ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មករា ហើយ​ដែល​អភិបាល​រង​ខណ្ឌ​ដង្កោ លោក ប្រាជ្ញ សីហា បាន​ចេញ​មក​ជួប​ពួក​គាត់ តែ​លោក​បង្ហាញ​ជំហរ​ផ្ទុយ​ពី​បំណង​របស់​ប្រជាពលរដ្ឋ៖ «ខណ្ឌ​ក៏​សុំ​ទៅ​វិញ​ដែរ​ថា ឥឡូវ​សុំ​មេ​ដៃ​ពី​បង​ប្អូន ថា​សូម​ឲ្យ​ម្ចាស់​ស្រះ​ហ្នឹង​លុប​ស្រះ​គាត់​ទៅ។ កាល​ណា​លុប​ទៅ ភ្លៀង​មក​វា​មាន​ប្រព័ន្ធ​លូ​ត្រូវ​តែ​បង្ហូរ​ចេញ​ហើយ ហើយ​កន្លែង​បង​ប្អូន​ដែល​លិច​ហ្នឹង វា​មាន​កម្រិត​មួយ​តិច​ទឹក​វា​តិច ហើយ​ក៏​វា​មិន​ដក់​យូរ។ ទោះ​បី​យើង​បូម​ខ្លាំង​ណាស់​បូម​មួយ​អាទិត្យ​រីង​អស់ បើ​អា​នេះ​យើង​បូម​ប៉ុន្មាន​ខែ​ក៏​មិន​រីង​ដែរ។ ជា​រួម​អ៊ីចឹង​ណា៎»

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធាន​គ្រប់គ្រង​កម្មវិធី​ចងក្រង​សហគមន៍​ដើម្បី​សិទ្ធិ​លំនៅឋាន នៃ​អង្គការ​សមធម៌​កម្ពុជា លោក ស៊ូ សាវឿន មាន​ប្រសាសន៍​ថា បើ​ឈរ​លើ​ភាព​ស្មោះ​ត្រង់​នោះ អាជ្ញាធរ​អាច​នឹង​ពន្លឿន​ការ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​បាន៖ «គាត់​ហាក់​ដូច​ជា​មិន​ច្បាស់​លាស់​ណា​មួយ​ទេ​មក​ទល់​ពេល​នេះ។ ខ្ញុំ​ឃើញ​ថា ម្ដង​គាត់​នៅ​ខាង​ភាគី​ប្រជាពលរដ្ឋ ម្ដង​គាត់​នៅ​ខាង​ភាគី​ដែល​បង្ក​បញ្ហា។ អ៊ីចឹង​ខ្ញុំ​ចង់​ឲ្យ​គាត់​ធ្វើ​ការ​សិត (set = កំណត់) អាទិភាព​ទៅ​លើ​ប្រជាពលរដ្ឋ​ជា​ធំ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​គាត់​ចេះ​តែ​ខាត​បង់​ពេល​វេលា ហើយ​អាជ្ញាធរ​ខ្លួន​ឯង​ហ្នឹង​ក៏​រវល់​តែ​ដោះស្រាយ​រឿង​ដដែលៗ​ជាច្រើន​លើក​ជា​ច្រើន​សា​អ៊ីចឹង​ណា៎»

ទោះ​យ៉ាង​ណា​ក៏ដោយ លោក ប្រាជ្ញ សីហា សន្យា​ថា​នឹង​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​ចំនួន ៥​រូប ជួប​ចរចា​ជាមួយ​លោក​នៅ​ថ្ងៃ​អង្គារ សប្ដាហ៍​ក្រោយ។

កាល​ពី​ចុង​រដូវ​វស្សា​កន្លង​ទៅ ប្រជាពលរដ្ឋ​ភូមិ​ខ្វា ជាច្រើន​គ្រួសារ បាន​រងគ្រោះ​ដោយ​ទឹក​លិច​ផ្ទះ​សម្បែង។ ពួក​គាត់​មួយ​ចំនួន បាន​នាំ​គ្នា​បោះ​តង់​រស់នៅ​ក្បែរ​របង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ហើយ​មួយ​ចំនួន​ទៀត បាន​ភៀស​ខ្លួន​ទៅ​រក​ទី​សុវត្ថិភាព​ដទៃ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។