គណៈកម្មការសហគមន៍ព្រៃឈើភ្នំទទឹង ស្រុកទឹកឈូ ខេត្តកំពត សោកស្ដាយចំពោះសាលាឧទ្ធរណ៍ ដែលបានសម្រេចមិនចាត់ការលើបណ្ដឹង ដែលពួកគាត់ប្ដឹងបុគ្គលមួយចំនួន ពាក់ព័ន្ធនឹងកាប់រាន និងឈូសឆាយដីព្រៃសហគមន៍យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ គណៈកម្មការសហគមន៍បញ្ជាក់ថា សាលដីការបស់តុលាការជាន់ខ្ពស់មួយនេះ ប្រៀបបាននឹងការបើកភ្លើងខៀវឱ្យក្រុមជនល្មើសបន្តកាប់រានដីព្រៃសហគមន៍ដោយមិនគ្មានខ្លាចរអែង ហើយវាក៏ជាការបើកផ្លូវនាំទៅរកវិនាសកម្មព្រៃឈើក្នុងដែនសហគមន៍ភ្នំទទឹងផងដែរ។
តំណាងគណៈកម្មការសហគមន៍ព្រៃឈើភ្នំទទឹង លោក អ៊ុំ វិចិត្រ ថ្លែងប្រាប់អាស៊ីសេរីថា ខាងគណៈកម្មការសហគមន៍ធ្លាក់ទឹកចិត្ត និងហាក់បាត់បង់ជំនឿទាំងស្រុងទៅលើប្រព័ន្ធតុលាការ ក្រោយពេលទទួលដំណឹងថា សាលាឧទ្ធរណ៍បានសម្រេចតម្កល់សំណុំរឿងកាប់រានទន្ទ្រានដីព្រៃសហគមន៍អស់ប្រហែល ១០ហិកតារ ទុកឥតចាត់ការ បន្ទាប់ពីបានផ្អឹបទុកអស់រយៈពេលជាង ១ឆ្នាំ។ លោកបន្តថា ខាងគណៈកម្មការហួសចិត្តនឹងសាលាឧទ្ធរណ៍ ដែលមិនបានកោះហៅដើមបណ្ដឹង សូម្បីតែម្នាក់ឱ្យទៅឆ្លើយបំភ្លឺ រួចបែរជាសម្រេចមិនចាត់ការពាក្យបណ្ដឹងរបស់សហគមន៍ដោយផ្អែកទៅលើតែចម្លើយរបស់ជនសង្ស័យ និងរបាយការណ៍ការរបស់ក្រុមអាជ្ញាធរជំនាញខេត្តកំពត ដែលលោកអះអាងថា ជារបាយការណ៍ការពារក្រុមជនល្មើសទៅវិញ៖ «រឿងនេះគឺជាបទពិសោធន៍សម្រាប់ ខ្ញុំជឿថាសហគមន៍មិនអាចធ្វើការប្ដឹងផ្ដល់បន្តទៅតុលាការកំពូលបានទេ តែប្រសិនបើចំណុចផ្សេងពីនេះអាចធ្វើបាន ឧទាហរណ៍ ស្នើសុំចូលទៅស្ថាប័នព្រះមហាក្សត្រ ស្នើទៅជាដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋក្រីក្រ ហើយក៏ជាដីសាធារណៈរបស់រដ្ឋវិញ ដូចជាដីសាលារៀន ដីវត្តអារាមជាដើម។ បើរឿងប្ដឹងយើងអស់ជំនឿចំពោះអ្វីដែលតុលាការកំពុងតែធ្វើនៅពេលនេះ»។
កាលពីខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ គណៈកម្មការសហគមន៍ព្រៃឈើភ្នំទទឹងបានដាក់ពាក្យប្ដឹងឈ្មួញដីម្នាក់ឈ្មោះ ពេជ្រ គឿន និងបក្ខពួកទៅតុលាការ ទាក់ទងនឹងការរុករាន និងរំលោភយកដីព្រៃសហគមន៍អស់ប្រមាណ ១០ហិកតារ ក៏ប៉ុន្តែបណ្ដឹងនេះត្រូវបានតំណាងអយ្យការអមតុលាការខេត្តកំពត លោក ខៃ សម្ផស្សសម្រេចតម្កល់រឿងទុកឥតចាត់ការ។ នៅខែមីនា ឆ្នាំ២០១៧ គណៈកម្មការសហគមន៍ក៏បានប្ដឹងសាទុក្ខករណីនេះទៅសាលាឧទ្ធរណ៍ ក៏ប៉ុន្តែក្រោយទន្ទឹងរង់ចាំអស់រយៈពេលជាងមួយឆ្នាំស្រាប់តែសាលាឧទ្ធរណ៍ចេញសេចក្ដីសម្រេច រក្សាដីកាតម្កល់រឿងទុកឥតចាត់ការរបស់អយ្យការអមសាលាដំបូងខេត្តកំពត ទុកជាបានការដដែល។ សាលាឧទ្ធរណ៍បានសម្រេចរឿងនេះតាំងពីថ្ងៃទី១២ ខែមេសាមកម្ល៉េះ ប៉ុន្តែដីកាតម្កល់សំណុំរឿងទើបតែបញ្ជូនមកដល់ដៃគណៈកម្មការសហគមន៍ កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះប៉ុណ្ណោះ។
លោក អ៊ុំ វិចិត្រ ថ្លែងថា លោកសោកស្ដាយចំពោះការសម្រេចរបស់តុលាការជាន់ខ្ពស់មួយនេះ ព្រោះការកាប់រានដីព្រៃសហគមន៍ភ្នំទទឹង កើតមានជាក់ស្ដែង ហើយខាងគណៈកម្មការសហគមន៍ដែលតំណាងឱ្យពលរដ្ឋរាប់រយគ្រួសារ បានភ្ជាប់នូវភស្តុតាងជាច្រើនដើម្បីបង្ហាញប្រាប់តុលាការអំពីបទល្មើសឧក្រិដ្ឋនេះ ប៉ុន្តែតុលាការបែរជាសម្រេចបែបនេះទៅវិញ។ លោកថាការសម្រេចក្ដីនេះ គឺជាការបើកផ្លូវឱ្យបទល្មើសឧក្រិដ្ឋព្រៃឈើ កើតមានកាន់តែខ្លាំងនៅក្នុងដែនសហគមន៍ភ្នំទទឹង ដែលអាចនឹងឈានដល់ការវិនាសហិនហោចព្រៃសហគមន៍មួយនេះនៅថ្ងៃមុខជាក់ជាមិនខាន៖ «រឿងនេះ ខ្ញុំក៏បានប្រតិកម្មទៅមន្ត្រីរដ្ឋបាលព្រៃឈើ ហើយនិងមន្ត្រីអាជ្ញាធរមូលដ្ឋានផងដែរថា ប្រសិនបើយើងបើកផ្លូវរឿងនេះឱ្យជារឿងស្របច្បាប់ អញ្ចឹងថ្ងៃក្រោយនឹងមានភាពល្អក់កករកើតឡើង។ បញ្ហាដែលចោទសំខាន់ គឺអ្នកដែលបរិចា្ចកដីចម្ការពីមុនចូលជាសម្បត្តិសហគមន៍ ឥឡូវនេះគេចាប់ផ្ដើមរើបម្រះវិញបណ្ដើរៗ ហើយ។ អញ្ចឹងនេះ ដូចជាជំងឺមហារីកមួយធ្វើឱ្យរាលដាលកាន់តែអាក្រក់ខ្លាំងទៅៗ ដែលយើងមិននឹកស្មានដល់។ ខ្ញុំជឿថា គណៈកម្មការក៏អស់ទឹកចិត្តក្នុងការថែរក្សា ( ព្រៃសហគមន៍ ) ទៅទៀតដែរ»។
លោកបានឱ្យដឹងទៀតថា ខាងគណៈកម្មការសហគមន៍ក៏ហាក់បាត់ទំនុកចិត្តទាំងស្រុងទៅលើមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀតក្នុងខេត្តកំពតដែរ ដែលមិនត្រឹមតែមិនអើពើចំពោះបទល្មើសដែលបានកើតឡើងក្នុងដែនសហគមន៍ភ្នំទទឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយសម្របសម្រួលឱ្យជនល្មើសទទួលបានដីទាំងនោះដោយស្របច្បាប់ទៅវិញ។ លោកអះអាងថា គណៈកម្មការសហគមន៍ធ្លាប់បានរាយការណ៍ករណីកាប់រានទន្ទ្រានយកដី និងបទល្មើសផ្សេងៗទៀតដែលកើតឡើងក្នុងព្រៃសហគមន៍ជាច្រើនដង ប៉ុន្តែមិនដែលឃើញអាជ្ញាធរពាក់ព័ន្ធទាំងនោះ ចេញមុខធ្វើអន្តរាគមន៍តាមសំណើរបស់ពួកគាត់ឡើយ ផ្ទុយទៅវិញ អាជ្ញាធរបែរជាបានសួរដេញដោលគណៈកម្មការសហគមន៍ទៅវិញ ថាមានភស្តុតាងអ្វីដែលសំអាងថា ក្រុមឈ្មួញបានកាប់រាន និងកាយព្រំចូលដែនសហគមន៍នោះ៖ «ការស្នើផ្ទាល់ ក៏ដូចជាតាមលិខិត តាមរយៈទូរស័ព្ទ ទៅស្ថាប័នពាក់ព័ន្ធ យើងធ្វើរាល់លើកហ្នឹង គឺមានតែគំនាប និងការដាក់កំហិតឱ្យគណៈកម្មការថាមិនស្របច្បាប់ថា យើងគ្រប់គ្រងដីនោះមិនត្រូវបច្ចេកទេស។ ការពិត គឺមន្ត្រីរដ្ឋបាលព្រៃឈើកំពតជាអ្នកបោះព្រំប្រទល់ឱ្យយើងថែរក្សាការពារ ( ដី ) ខាងក្នុងបង្គោលនោះ ប៉ុន្តែដល់ពេលរឿងកើតឡើងនៅខាងក្នុងបង្គោលហ្នឹងបែរជាគាត់ថា ដីនោះមិនស្ថិតនៅក្នុងដីសហគមន៍ ១១៥ហិកតារទៅវិញ»។
អាស៊ីសេរីមិនអាចសុំការបំភ្លឺអំពីបញ្ហានេះពីនាយខណ្ឌរដ្ឋបាលព្រៃឈើកំពត លោក ជួន សារ៉ា បានទេ នៅថ្ងៃទី១៧ ឧសភា ដោយលោកចុចបិទទូរស័ព្ទភ្លាម ក្រោយពេលឮថា អាស៊ីសេរីចង់សម្ភាសរូបលោក។
មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគម អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ ថ្លែងថា រាល់ការកាប់រានទន្ទ្រានដីព្រៃ សុទ្ធសឹងតែជាបទល្មើសឧក្រិដ្ឋ មិនថាការប្រព្រឹត្តនោះធ្វើឡើងនៅខាងក្នុង ឬខាងក្រៅដែនសហគមន៍នោះទេ ហើយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញត្រូវតែវិធានការជាបន្ទាន់ដើម្បីទប់ស្កាត់បទល្មើសទាំងនោះ ក្រោយទទួលបានព័ត៌មាន។ ជាពិសេស បើបទល្មើសទាំងនោះ កើតឡើងនៅខាងក្រៅដែនសហគមន៍ អ្នកដែលមានភារកិច្ចទប់ស្កាត់ដំបូងគេ គឺក្រុមអាជ្ញាធរតែម្តង។
មន្ត្រីសិទ្ធិមនុស្សរូបនេះ អះអាងថា នៅក្នុងសំណុំរឿងនេះមន្ត្រីជំនាញរដ្ឋបាលព្រៃឈើកំពត បានរាយការណ៍ប្រាប់តុលាការថា ដីដែលត្រូវបានកាប់រាននោះ មិនស្ថិតនៅក្នុងដែនសហគមន៍ភ្នំទទឹងនោះទេ ដូច្នេះមានន័យថា មន្ត្រីជំនាញទទួលស្គាល់រួចជាស្រេចទៅហើយថា ពិតជាមានករណីកាប់រានដីព្រៃពិតមែន។ លោកអះអាងថា នឹងយកចំណុចនេះជាសំអាង ដើម្បីប្ដឹងបរិហារមន្ត្រីទាំងនោះអំពីការបណ្ដែតបណ្ដោយ និងអនុគ្រោះចំពោះបទល្មើសកាប់រានដីព្រៃខុសច្បាប់ ក្នុងតំបន់ដែលខ្លួនគ្រប់គ្រង៖ «បណ្ដឹងទី១ សហគមន៍គាត់កំណត់ថា ដីនោះ គឺស្ថិតនៅក្នុងដីព្រៃសហគមន៍របស់គាត់ ប៉ុន្តែត្រូវបានស្ថាប័នជំនាញថា ដីហ្នឹងស្ថិតនៅខាងក្រៅដីព្រៃសហគមន៍ទៅវិញ អ៊ីចឹងមានន័យថា វានៅជាព្រៃនៅឡើង។ ដូច្នេះទាំងខ្ញុំ និងទាំងសហគមន៍ នឹងប្រើបណ្ដឹងបរិហារទីពីរ គឺប្ដឹងពីការដែលមន្ត្រីនគរបាលយុត្តិធម៌ ឬអាជ្ញាធរមូលដ្ឋាន ធ្វេសប្រហែស អនុគ្រោះដល់បទល្មើសព្រៃឈើ កើតឡើងនៅក្រៅតំបន់ព្រៃសហគមន៍ ប៉ុន្តែវានៅតែជាដីព្រៃដដែល»។
សហគមន៍ព្រៃឈើភ្នំទទឹង ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ ដោយមានការទទួលស្គាល់ពីអាជ្ញាធរខេត្តកំពត។ សហគមន៍នេះ មានផ្ទៃដី ១១៥ហិកតារ ស្ថិតក្នុងឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។ ធនធានរបស់សហគមន៍ព្រៃឈើនេះ រួមមាន សត្វព្រៃ និងព្រៃធម្មជាតិ ដូចជា ព្រៃឈើ និងព្រៃឫស្សី ជាដើម។ សហគមន៍ព្រៃឈើមួយនេះ ជាទីអាស្រ័យផលរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារដែលរស់នៅក្នុងឃុំស្ទឹងកែវ និងតំបន់នៅជុំវិញនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។