ពលរដ្ឋ​ ១៤៥​គ្រួសារ មាន​ទំនាស់​ដី​ជាមួយ​កងទ័ព​ជើង​អាកាស​លេខ​៩១ ​លើក​គ្នា​តវ៉ា​នៅ​សាលា​ខណ្ឌ

0:00 / 0:00

ពលរដ្ឋ​មាន​ជម្លោះដីធ្លី ចំនួន​១៤៥​គ្រួសារ ជាមួយ​កងទ័ព​ជើង​អាកាស នៅ​បន្ទាយ​វរសេនា​តូច​លេខ​៩១ ស្ថិតនៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ លើកគ្នា​ទៅ​តវ៉ា​នៅ​សាលា​ខណ្ឌ​ពោធិ៍សែនជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី២៦ មិថុនា។ ពលរដ្ឋ​អះអាង​ថា ការ​តវ៉ា​ដោយសារ មេ​យោធា​វរ​សេនា​តូច​លេខ​៩១ កុហក​រដ្ឋាភិបាល​ថា បាន​ដោះស្រាយ​បញ្ចប់​វិវាទ​ជូន​ពលរដ្ឋ​អស់ហើយ តែ​តាមពិត ពលរដ្ឋ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​អ្វី​ទាំងអស់។

ពលរដ្ឋ​ប្រាប់​ថា ពួកគេ​លើកគ្នា​ទៅ​តវ៉ា ដើម្បី​ចង់​ប្រាប់​អភិបាលខណ្ឌ​ពោធិ៍សែនជ័យ ឱ្យ​នាំ​ពាក្យ​ទៅ​ប្រាប់​រដ្ឋាភិបាល​ថា មន្ត្រី​យោធា ដែល​បាន​ធ្វើ​សន្និសីទកាសែត ប្រកាស​ថា បាន​ដោះស្រាយ​វិវាទ​ជាមួយ​ពលរដ្ឋ​រួចរាល់​នៅ​ភូមិ​ព្រៃទា ជា​ការ​កុហក​រដ្ឋាភិបាល និង​ស្នើសុំ​ឱ្យ​អភិបាលខណ្ឌ​ពោធិ៍សែនជ័យ យក រឿង​នេះ ទៅ​ប្រាប់​ផ្ទាល់ ដល់​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន និង​មន្ត្រី​ថ្នាក់លើ​ពាក់ព័ន្ធ​ដទៃ​ទៀត។

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ម្នាក់ រស់នៅ​ភូមិ​ព្រៃទា សុំ​លាក់​ឈ្មោះ ប្រាប់​ថា អភិបាលរងខណ្ឌ​ពោធិ៍សែនជ័យ​ម្នាក់ បាន​ចេញ​មក​ជួប​ពល​រដ្ឋ នៅ​ពេល​ពួកគេ​ទៅ​តវ៉ា​មុខ​សាលា​ខណ្ឌ និង​បង្គាប់​ឱ្យ​ពលរដ្ឋ​សរសេរ​ញត្តិ​ ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល​តាម​រយៈ​លោក​​​អភិបាលខណ្ឌ ព្រោះ​លោក​អភិបាលខណ្ឌ ជាប់រវល់​ប្រជុំ​គណបក្ស​នៅ​កោះពេជ្រ៖ «អត់​មាន​ញត្តិ​ផង​ ! ចុះ​ភ្លាមៗ​ ! ប្រជាពលរដ្ឋ គាត់​ទៅ​ហ្នឹង គឺ​ទៅ​ដោយ​ចិត្ត​ឯង។ អត់​មាន​គម្រោង​ទេ គឺ​សុំ​ជួប​ដោយ​ផ្ទាល់​ជាមួយ​អភិបាលខណ្ឌ​តែម្ដង ឱ្យ​ជួយ។ ខាង​កងទ័ព​ហ្នឹង គាត់​បាន​ជម្រាប​ទៅ​ខាង​សារព័ត៌មាន​ថា បាន​ដោះស្រាយ​ឱ្យ​ពលរដ្ឋ​រួចរាល់​ហើយ​។ (​ ថា​ ) ពួក​ខ្ញុំ​ចេះតែ​ទៅ​ទាមទារ​តវ៉ា​ដី​បន្ទាយ​ហ្នឹង​ទៀត តាម​ការពិត​មិន​ទាន់​បាន​ដោះស្រាយ​អ្វី​ទេ​។ ពួក​ខ្ញុំ​មាន​ឯកសារ​គ្រប់គ្រាន់​ទាំងអស់ ហើយ​ដល់ពេល​គាត់​ (​ មន្ត្រី​យោធា​ ) និយាយ​អ៊ីចឹង មានការ​ខឹង​សម្បារ​ក៏​ឡើង​ទៅ​សុំ​អន្តរាគមន៍​ទៅ​អភិបាលខណ្ឌ ឱ្យ​ជួយ​នាំ​ពាក្យ​ហ្នឹង​ទៅដល់​ថ្នាក់លើ​កុំ​ឱ្យ​មានការ​យល់​ច្រឡំ ព្រោះ​ពួក​ខ្ញុំ​មិនទាន់​មាន​ការ​ដោះស្រាយ​ឱ្យ​ទេ»។

ពលរដ្ឋ​រូប​នេះ រៀបរាប់​ប្រវត្តិ​ដី មាន​ជម្លោះ​ថា បច្ចុប្បន្ន​ជា​បន្ទាយ​ទាហាន​វរ​សេនា​តូច​លេខ​៩១​។ ដី​នោះ មាន​ទំហំ​សរុប​៩​ហិកតារ ៣០​អារ ជា​កម្មសិទ្ធិ​សមូហភាព​របស់​ពលរដ្ឋ​ចំនួន​១៤៥​គ្រួសារ ដែល​កាន់កាប់ ដាំ​ដំណាំ តាំងពី​ឆ្នាំ​១៩៧៩​មក​។ នៅ​ឆ្នាំ​១៩៨៧ ក្រុម​កងទ័ព បាន​សុំ​ខ្ចី​ដី​នោះ​ពី​ពលរដ្ឋ ដោយមាន​អាជ្ញាធរ​ភូមិ ឃុំ សម័យ​នោះ​ដឹង​ឮ ហើយ​សន្យា​សង​ដី​ឱ្យ​ពលរដ្ឋ​វិញ ពេល​បិទ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​។ លុះ​កំឡុង​ឆ្នាំ​២០០០ នៅ​ពេល​សង្គ្រាមស៊ីវិល​បិទ​បញ្ចប់ ហើយ​មានការ​រំសាយ​កងទ័ព​ជើង​អាកាស​ខ្លះ ពលរដ្ឋ​អះអាង​ថា ក្រុម​កងទ័ព​ជើង​អាកាស​នៅ​សេសសល់​មិន​ព្រម​ប្រគល់​ដី​នោះ ឱ្យ​ពលរដ្ឋ​វិញ​ទេ ហើយ​ឃើញ​មានគ្រួសារ​របស់​កងទ័ព និង​អ្នក​ចំណូល​ថ្មី ចូល​ទៅ​បោះតង់ និង​សង់​លំនៅឋាន​ជា​បន្តបន្ទាប់។

លោក​រៀបរាប់​បន្ត​ថា បន្ទាប់មក គឺ​ក្រោយ​ឆ្នាំ​២០០០ ក្រុម​ពលរដ្ឋ​១៤៥​គ្រួសារ បាន​នាំ​គ្នា​ចេញ​តវ៉ា ដើម្បី​ទាមទារ​យក​ដី​នោះ​មក​វិញ​។ ពលរដ្ឋ​អះអាង​ថា ពួកគេ​តវ៉ា​ជាង​១០​ឆ្នាំ គឺ​នៅ​ឆ្នាំ​២០១៧ ទីស្ដីការគណៈរដ្ឋមន្ត្រី និង​ក្រសួងការពារជាតិ សម្រេច​ជា​បន្តបន្ទាប់​ឱ្យ​កាត់​ដី​ទំហំ ៤​ហិកតារ ៣៧​អា ឱ្យ​ពលរដ្ឋ​ចំនួន​៣៥​គ្រួសារ​វិញ​។ តែ​មកដល់ពេលនេះ ពលរដ្ឋ​ទទួល​បានតែ​ក្រដាស​ប៉ុណ្ណោះ តែ​ដី​ពិតប្រាកដ មិន​មាន​នរណា ចេញមុខ​កាត់​ដី​ទាំងនោះ ឱ្យ​ពលរដ្ឋ​ទេ​។ ពលរដ្ឋ​អះអាង​ថា បច្ចុប្បន្ន​ដី​មាន​ទំនាស់ កំពុង​រង​ការ​ចាក់​ដី​លុប​បំពេញ និង​ពុះ​ឡូត៍​លក់៖ «អ្នកមាន​ទំនាស់​១៤៥​គ្រួសារ ក្នុង​ស . . ណ មាន​៣៥​គ្រួសារ ដោយសារ​កងទ័ព គាត់​ចុះ​មក​កត់​លម្អិត​ថា អ្នកណា​មាន​ផ្ទះ អត់​ផ្ទះ អ៊ីចឹង​ទៅ គាត់​កត់​តែ​៣៥​គ្រួសារ​ទេ ដែល​មាន​ចំណែក​ដែល​ត្រូវ​ចែក។ ដល់ពេល​ដាក់​សំណើ​ថា ៣៥​គ្រួសារ​ហ្នឹង គាត់​ដោះស្រាយ​ជា​ដី​២៥​អា ក្នុង​មួយ​គ្រួសារ រួច​ចុះ​មនុស្ស​ជាង​១០០​គ្រួសារ ដោះ​តែ​៣៥​គ្រួសារ​អ៊ីចឹង ក្នុង​ចិត្ត​។ រួចហើយ​ពួក​ខ្ញុំ​គិត​ថា រឿង​ហ្នឹង​ដឹង​ដល់​សម្ដេច (​ ហ៊ុន សែន​ ) ទៅ​ហើយ បើសិនជា​ចែក​៣៥​គ្រួសារ ក្នុង​មួយ​គ្រួសារ​២៥​អាហ្នឹង យើង​យក​មក​បែង​ចែង​ឱ្យ​គ្នីគ្នា​១៤៥​គ្រួសារ​ហ្មង​ទៅ​ឱ្យ​ចប់​។ គោលការណ៍​ដែល​បែងចែក​ ( ១​គ្រួសារ ២៥​អា​ ) មានតែ​ក្នុង​ក្រដាស​ប៉ុណ្ណឹង»។

អ្នកនាំពាក្យ​កងទ័ព​ជើង​អាកាស នៃ​ក្រសួងការពារជាតិ លោក ប្រាក់ សុខា ប្រាប់​ថា ជម្លោះ​នោះ មិន​ពាក់ព័ន្ធ​នឹង​អគ្គនាយកដ្ឋាន​កងទ័ព​ជើង​អាកាស​ទេ គឺ​ពាក់ព័ន្ធ​នឹង បញ្ជា​ការដ្ឋាន​វរសេនា​តូច​លេខ​៩១​នោះ​ផ្ទាល់។ អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​វរសេនា​តូច​លេខ​៩១ លោក សុខ ប៉ាង តាម​លេខ​ទូរស័ព្ទ ដែល​ពលរដ្ឋ​ឱ្យ​បាន​ទេ ដោយសារ​ទូរស័ព្ទ​មិន​ចូល។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត លឺ​ករណី​វិវាទ​ដីធ្លី​នេះ យូរ​ឆ្នាំ​ហើយ ប៉ុន្តែ​មិន​ព្រម​ដោះស្រាយ​បិទ​បញ្ចប់​ឱ្យ​ពលរដ្ឋ​។ លោក យល់ថា បើ​ដូច​ការ​រៀបរាប់​របស់​ពលរដ្ឋ ពួកគេ​គួរ​ទៅ​ជំរុញ​ឱ្យ​ស្ថាប័ន​ថ្នាក់ជាតិ​ធំៗ អនុវត្ត​សេចក្ដី​សម្រេច​កាត់​ដី​ឱ្យ​ពលរដ្ឋ​កន្លងមក ព្រោះ​ពលរដ្ឋ​មាន​ភស្តុតាង​រឹងមាំ​ក្នុង​ដៃ​រួចហើយ៖ «យោបល់​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នាំគ្នា​គោរព​ច្បាប់​ទៅ ហើយ​ពិសេស​គឺ​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង ជាងគេ ហើយ​នឹង​ស្ថាប័ន​មាន​សមត្ថកិច្ច រួម​ទាំង​សាលា​រាជធានី​ភ្នំពេញ ក្រសួង​ដែនដី នគរោបនីយកម្ម​ហ្នឹង គួរតែ​អនុវត្ត​ច្បាប់ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់​ទៅ ព្រោះ​គាត់​មាន​ឯកសារ​គ្រប់គ្រាន់​អស់ហើយ​។ អ៊ីចឹង​អត់​មាន​អ្វី​ទៀត​ទេ នៅតែ​ធ្វើការ​សម្របសម្រួល​ជាមួយ​ភាគី​ម្ខាង​ទៀត ដើម្បី​កាត់​ដី​ហ្នឹង​យក​មក​ឱ្យ​ប្រជាពលរដ្ឋ ព្រោះ​ដី​គាត់ បើ​តាម​ស្ដាប់​មក​ដី​ធំ​ជាង​ហ្នឹង ឥឡូវ​គាត់​បានតែ​ជាង​៤​ហិកតារ​ជាង។ អ៊ីចឹង ឱ្យ​គាត់​បរិច្ចាគ​ម្ដេច​ទៀត​ ? អ៊ីចឹង​ត្រូវតែ​ធ្វើការ​សម្របសម្រួល​ដើម្បី​កាត់​ដី​ទៅ​ឱ្យ​ពួកគាត់ ក្នុង​ពេល​ឆាប់ៗ​ហ្នឹង កុំ​ឱ្យ​ប្រទូស្ត​សារាយ នឹង​គ្នា រហូតដល់​មានការ​ប្រមូលផ្ដុំ​ផ្ទុះ​ជា​ហិង្សា​ដាក់គ្នា»។

តំណាង​សង្គម​ស៊ីវិល​រូប​នេះ សង្កេត​ឃើញ​ថា ករណី​វិវាទ​ដីធ្លី​ភាគច្រើន ​គឺ​ពលរដ្ឋ​ទន់ខ្សោយ​ទទួល​​បាន​​ត្រឹម​​ក្រដាស ឬ​​ការ​សន្យា​ឱ្យ​​រង់ចាំ ហើយ​​គ្មាន​​ដំណោះស្រាយ ទើប​ជាហេតុ​បណ្ដាល​ឱ្យ​ករណី​ជម្លោះដីធ្លី​ក្លាយ​ជា​រឿង​ធំ អូស​បន្លាយ និង​ពេល​ខ្លះ អាច​បង្ក​ជា​ហិង្សា​។ លោក វណ្ណ សូផាត បន្ថែម​ថា ដើម្បី​ដោះស្រាយ​ជម្លោះដីធ្លី អាជ្ញាធរ​ថ្នាក់​ជាតិ ក្រៅ​ពី​​ចេញ​​សេចក្ដី​​សម្រេច ឬ​​សន្យា​​ថា នឹង​​ដោះ​ស្រាយ ត្រូវ​ចុះទៅ​ជំរុញ​មន្ត្រី​ពាក់ព័ន្ធ ឬ​ចុះទៅ​ដោះស្រាយ​ដោយ​ផ្ទាល់ ទើប​​ការ​សម្រេច​​នោះ មាន​​ប្រសិទ្ធភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។