ពលរដ្ឋជាង ៣០០នាក់មកពីខេត្តព្រះសីហនុ ស្វាយរៀង ត្បូងឃ្មុំ ព្រះវិហារ ខេត្តកណ្ដាល និងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែវិច្ឆិកានេះ បាននាំគ្នាឡើងមកដាក់ញត្តិទៅកាន់របបក្រុងភ្នំពេញ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីលោក ហ៊ុន សែន ឲ្យជួយដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់ពួកគេ។ ប៉ុន្តែអ្នកនាំពាក្យរបបនេះបានចោទប្រកាន់ថា ការឡើងមកទាមទារនៅភ្នំពេញរបស់ក្រុមពលរដ្ឋទាំងនោះ ស្របពេល មានវត្តមានតំណាងពិសេសេអង្គការសហប្រជាជាតិមកបំពេញទស្សនៈកិច្ចនៅកម្ពុជា គឺជាការរៀបចំរបស់ក្រុមមួយ ដើម្បីដាក់បន្ទុកមកលើរបបរបស់ខ្លួនប៉ុណ្ណោះ។
សមត្ថកិច្ចក្រុងភ្នំពេញ មិនអនុញ្ញាតិឲ្យពលរដ្ឋដង្ហែរក្បួនទៅកាន់ក្រសួងមួយចំនួននោះទេ ដោយបានរៀបចំឲ្យពួកគេ ទៅប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យថ្មីដែលឋិតនៅខណ្ឌឬស្សីកែវជំនួសវិញ។
តំណាងពលរដ្ឋមកពីខេត្តស្វាយរៀងលោកស្រី ខៀវ សារ៉ុន យល់ថា ការមិនឲ្យក្រុមលោកស្រីដង្ហែរក្បួនដាក់ញត្តិតាមគម្រោង គឺជាការរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋ។ លោកស្រីបន្តទៀតថា លោកស្រីមិនសូវមានក្តីរំពឹងថា ទុក្ខកង្វល់របស់ពលរដ្ឋនឹងត្រូវបានដោះស្រាយនោះទេ ព្រោះមន្រ្តីដែលមកទទួលញត្តិរបស់ពលរដ្ឋមិនមែនជាស្ថានប័ន ដែលពលរដ្ឋស្នើសុំឲ្យជួយដោះស្រាយឡើយ៖ ដូចរាងអត់ទុកចិត្តដែរ។ ដោយសារពួកខ្ញុំដាក់ញត្តិទៅបួនក្រសួង តែអ្នកទទួលបានតែពីរក្រសួងទេ » ។
ទាក់ទងការដាក់ញត្តិរបស់ពលរដ្ឋនេះដែរ កាលពីយប់ថ្ងៃទី៥ ខែវិច្ឆិកា អាជ្ញាធរក្រុងភ្នំពេញ និង អាជ្ញធរខេត្តមួយចំនួន បានដឹកបញ្ជូនពលរដ្ឋជាច្រើនរយនាក់ចេញពីភ្នំពេញទាំងយប់យកទៅខេត្តរបស់ពួកគេវិញ។ បើទោះបីមានការបញ្ជូនពលរដ្ឋឲ្យទៅកាន់ទីលំនៅរបស់ពួកគេទាំងយប់បែបនេះក្តី ក៏នៅសល់ពលរដ្ឋជាង ៣០០នាក់ទៀត ដែលមកពីខេត្តកណ្តាល ព្រះសីហនុ ស្វាយរៀង និងខេត្តព្រះវិហារនៅតែក្រាញននៀលរង់ចាំដាក់ញត្តិរបស់ខ្លួនឲ្យបានសម្រេច។
អ្នកនាំពាក្យរបបក្រុងភ្នំពេញលោក ផៃ ស៊ីផាន ចោទប្រកាន់ថា ការឡើងមកទាមទាររបស់ពលរដ្ឋបែបនេះ គឺជាការរៀបចំរបស់ក្រុមមួយ ដើម្បីដាក់បន្ទុកបន្ថែមមកលើរបបរបស់លោក ខណៈមានវត្តមានអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា លោកស្រី រ៉ូណា ស្មីត (Rhona Smith) កំពុងបំពេញទស្សនៈកិច្ចនៅកម្ពុជា។ ទោះបែបបនេះក្តី លោក ផៃ ស៊ីផាន មិនបានបង្ហើបឲ្យដឹងពីអត្តសញ្ញាណក្រុម ដែលលោកចោទប្រកាន់នេះទេ៖ «ខ្ញុំឃើញជាចលនាដែលមានគម្រោង ដើម្បីមកស្វាគមន៍ ឬក៏បង្កើតព័ត៌មានក្នុងវត្តមានអញ្ជើញមកលោកស្រី រ៉ូណា ស្មីត ជាទូទៅហើយ ពេលគាត់មកមនុស្សផ្អើលឆោឡោអ៊ីចឹង»។
ប៉ុន្តែអគ្គលេខាធិការសម្ពន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ដែលធ្វើការងារទាក់ទងនិងកសិករនិយាយថា បើលោក ផៃ ស៊ីផាន ចង់ដឹងការពិតថា ពលរដ្ឋឡើងមកតវ៉ានៅពេលនេះ គឺជាការរៀបចំ ឬមិនមែននោះលោក ផៃ ស៊ីផាន អាចចុះជួបពលរដ្ឋមានបញ្ហាដីធ្លីនៅតាមមូលដ្ឋានទាំងនោះ លោកនឹងបានដឹងការពិត។ លោក ថេង សាវឿន បន្តទៀតថា មូលហេតុដែលនាំឲ្យក្រុមពលរដ្ឋនាំគ្នាមកសុំអន្តរាគមន៍ដល់ក្រុងភ្នំពេញ ព្រោះអាជ្ញាធរថ្នាក់ខេត្តមិនបានផ្តល់ដំណោះស្រាយសមស្របមួយ ដែលធ្វើឲ្យពលរដ្ឋមិនអាចទទួលយកបាន៖ «ខ្ញុំគិតថា នេះការយល់ឃើញរបស់អ្នកនាំពាក្យ ដែលគាត់នៅតែឆ្លើយតបទៅនឹងបញ្ហា សួរទៅវិញថា មិនមែនខេត្តមួយទេ ចុះខេត្តផ្សេងៗ ទៀត ដែលពលរដ្ឋមានបញ្ហាដីធ្លី តើពួកគាត់ជាពលរដ្ឋហ្នឹង គាត់មានក្រុមរៀបចំ ឬក៏យ៉ាងម៉េច ?» ។
កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានបង្កើតក្រុមការងារចម្រុះទទួល និងដោះស្រាយបណ្តឹងតវ៉ាផ្សេងៗ នៅមុខភូមិគ្រឹះរបស់លោកទាំងពីរកន្លែង គឺនៅភ្នំពេញ និងក្រុងតាខ្មៅ។ ក្រុមការងារនេះដឹកនាំដោយមេយោធា មេប៉ូលិស និងមន្រ្តីខុទ្ធកាល័យលោក ហ៊ុន សែន។ បើទោះបីមានក្រុមការងារទទួលដោះស្រាយបណ្តឹងតវ៉ានានា របស់ពលរដ្ឋបែបនេះក្តី ប៉ុន្តែគេនៅតែឃើញសមត្ថកិច្ចនៃរបបក្រុងភ្នំពេញប្រើហិង្សាបណ្តេញពលរដ្ឋមិនឲ្យឈរទាមទារនៅមុខផ្ទះរបស់លោក ហ៊ុន សែន ដដែល។ ជាងនេះទៅទៀត មន្រ្តីតំណាងខុទ្ធកាល័យលោក ហ៊ុន សែន ដែលមកទទួលញត្តិរបស់ពលរដ្ឋ គឺអង្គុយនៅលើដីទទួលញត្តិរបស់ពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។