ពលរដ្ឋ​ដែល​ត្រូវ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចុះ​រុះរើ​ផ្ទះ​ទាមទារ​សំណង

ដោយ វ៉ែន សុមេធ
2020.02.01
គួច ចំរើន ៦២២ អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន ក្នុង​ពិធី​ប្រកាស​ចូល​កាន់​ដំណែង​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ​២០១៩។
រូប​រដ្ឋបាល​ខេត្ត​ព្រះសីហនុ

ពលរដ្ឋ​រស់នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ប្រមូល​ផ្តុំ​គ្នា​ទាមទារ​សំណង​ក្រោយ​អាជ្ញាធរ​ខេត្ត​រុះរើ​ផ្ទះ​របស់​ពួកគេ ដើម្បី​ពង្រីក​អូរ​ប្រឡាយ​ដោយ​មិនទាន់​ផ្ដល់​សំណង​។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាមដាន​ដំណើរ​រឿង​នេះ​ស្នើ​ទៅ​អភិបាលខេត្ត​គួរ​ជជែក​ជាមួយ​ពលរដ្ឋ​ដើម្បី​រក​ដំណោះស្រាយ។

ក្រុម​ពលរដ្ឋ​ប្រមាណ​១០០​នាក់​បាន​នាំ​គ្នា​ទាមទារ​តវ៉ា​ខណៈ​គ្រឿងចក្រ​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បន្ត​ឈូស​ឆាយ​លើ​ដី​ផ្ទះ​របស់​ពួកគេ​។ ពលរដ្ឋ​ដែល​ចេញ​តវ៉ា​នេះ​ជា​ក្រុម​ពលរដ្ឋ​២៩​គ្រួសារ ដែល​ត្រូវ​អាជ្ញាធរ​ចាត់វិធានការ​រុះរើ​ផ្ទះ​របស់​ពួកគេ ដោយ​ចោទ​ប្រកាន់ថា​រស់នៅ​លើ​ដី​ចំណី​អូរ និង​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ។

ពលរដ្ឋ​ម្នាក់​ដែល​ត្រូវ​អាជ្ញាធរ​រុះរើ​ផ្ទះ​របស់​ខ្លួន​គឺ​លោកស្រី អ៊ុច ម៉ុន ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​៣១ ខែ​មករា​ថា អាជ្ញាធរ​បាន​ឈូស​ឆាយ និង​កម្ទេច​ផ្ទះ​លោកស្រី​អស់​ទៅ​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ថ្នាក់ដឹកនាំ​ខេត្ត ឬ​អាជ្ញាធរ​ណាមួយ ប្រាប់​ថា នឹង​ផ្ដល់​សំណង​នៃ​ការបាត់បង់​ផ្ទះ​របស់​លោក​ស្រី​និង​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ផ្សេងទៀត​នៅឡើយ​ទេ​។ ពលរដ្ឋ​រូប​នេះ​បន្ត​ថា អាជ្ញាធរ​បាន​រុះរើ​ផ្ទះ​ពលរដ្ឋ​អស់​ប្រមាណ ១០​ខ្នង​ទៅ​ហើយ៖ «គាត់​វាយ​ផ្ទះ​យើង​នៅតែ​បន្ត​វាយ​រហូត​អ៊ីចឹង​ពួក​ខ្ញុំ​អត់​ទៅ​ទេ​ដល់​រក​ដំណោះស្រាយ​សិន​ទៅ បាន​ពួក​ខ្ញុំ​ព្រម​ថ្ងៃនេះ​ឃើញ​ដក​អាអ៊ិច​ចេញ​ហើយ​បង ប៉ុន្តែ​វាយ​ផ្ទះ​ហើយ​អស់​ប៉ុន្មាន​ខ្នង​ហើយ»

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ចាប់​ផ្តើម​រុះរើ​ផ្ទះ​ពលរដ្ឋ​កាលពី​ថ្ងៃ​ទី​២៣ មករា ដោយ​ចោទ​ប្រកាន់​ថា​ការរស់នៅ​របស់​ពលរដ្ឋ ២៩​គ្រួសារ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំដោះ​ទឹក និង​គម្រោង​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​ព្រះសីហនុ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ខេត្ត​នេះ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង។

លិខិត​របស់​សាលាខេត្ត​ព្រះសីហនុ​ឱ្យ​ដឹង​ថា ពលរដ្ឋ​ទាំងនេះ​រស់នៅ​ក្នុង​ភូមិសាស្ត្រ ក្រុម​២៨ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ប៉ុន្តែ​ពលរដ្ឋ​រងគ្រោះ​អះអាង​ថា ពួកគេ​រស់នៅ​ក្នុង​ភូមិ​៤ សង្កាត់​លេខ​៤ ក្នុង​ខេត្ត​ព្រះសីហនុ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី យល់​ថា វិធានការ​របស់​អាជ្ញាធរ​ខេត្ត​គឺ​ប៉ះពាល់​ដល់​សិទ្ធិ​លំនៅឋាន​របស់​ពលរដ្ឋ​។ អ្នកស្រី​បន្ត​ថា ទោះ​ពលរដ្ឋ​រស់នៅ​លើ​ដី​រដ្ឋ​ក្តី ប៉ុន្តែ​ពួកគេ​រស់នៅ​លើ​ដី​នេះ​ជាង ១០​ឆ្នាំ​ទៅ​ហើយ ហើយ​អភិបាលខេត្ត​មុនៗ​ក៏​មិន​ដែល​មាន​វិធានការ​អ្វី​លើ​ពួកគេ​ដែរ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​គួរ​ផ្តល់​ទីកន្លែង​រស់នៅ​ថ្មី ឬ​ផ្ដល់​សំណង​ជា​ប្រាក់​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ទាំងនេះ៖ «គួរ​កោះ​អញ្ជើញ​ប្រជាពលរដ្ឋ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ហ្នឹង​មក​ជជែក​ជួយ​ផ្តល់​ដំណោះស្រាយ​ដល់​ពួកគាត់​ព្រោះ​ពួកគាត់​មិនមែន​ទើប​មក​រស់នៅ​មួយ​ឆ្នាំ​ពីរ​ឆ្នាំ​ទេ​ពួកគាត់​នៅ​ខ្លះ​១០​ឆ្នាំ ១៥​ឆ្នាំ​ហើយ»

ឆ្លើយតប​ការ​លើកឡើង​នេះ អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​មករា ថា អាជ្ញាធរ​គ្មាន​គម្រោង​ផ្ដល់​សំណង​ដល់​ពលរដ្ឋ​ទាំង​នោះ​ទេ ព្រោះ​លោក​ចោទ​ថា ពលរដ្ឋ​ទាំងនោះ រស់នៅ​លើ​ដី​អូរ​ប្រឡាយ ដោយ​ខុសច្បាប់​។ ប៉ុន្តែ​លោក​ថា អាជ្ញាធរ​ខេត្ត អាច​ពិចារណា​ផ្ដល់​ជា​ដី​សម្បទាន​សង្គមកិច្ច ប្រសិន​អាជ្ញាធរ​រក​ឃើញ​ថា ពួកគេ គ្មាន​ដីធ្លី​និង​ផ្ទះសម្បែង មែន​នោះ៖ «អេ​ដូចជា​ខ្ញុំ​អត់​មាន​ទម្លាប់​ផ្ដល់​សំណង​អ្នក​រស់នៅ​លើ​ដី​ផ្លូវ ឬ​នៅ​លើ​អូរ​ប្រឡាយ​ទេ បើ​សង្គមកិច្ច​អាច​មានតែ​រឿង​សំណង​គឺ​គ្មាន»

ពលរដ្ឋ​បាត់បង់​ផ្ទះ លោកស្រី អ៊ុច ម៉ុន ឱ្យ​ដឹង​ទៀត​ថា លោកស្រី​និង​ពលរដ្ឋ​ផ្សេងទៀត​បាន​ចូល​មក​រស់នៅ​លើ​​ដី​នេះ​ជាង​១០​ឆ្នាំ​មក​ហើយ ហើយ​ពួកគេ​ក៏​មិន​ប្រឆាំង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ខេត្ត​នេះ​ដែរ​។ ប៉ុន្តែ​ក្រុម​ពលរដ្ឋ​ស្នើ​ទៅ​អភិបាល​ខេត្ត គួរ​ផ្តល់​សំណង ឬ​ផ្ដល់​ទីកន្លែង​ថ្មី​ឱ្យ​ពួកគាត់​អាច​រស់​នៅ​បាន ព្រោះ​លោកស្រី​គ្មាន​ដី​ផ្សេង​សម្រាប់​សង់ផ្ទះ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។