ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​ដំណាំ​អំពៅ​របស់​ក្រុមហ៊ុន​ចិន​លើ​ពលរដ្ឋ​ខេត្ត​ព្រះវិហារ

0:00 / 0:00

គម្រោង​វិនិយោគ​ខ្នាត​ធំ​មួយ​របស់​ចិន ដែល​ប្រតិបត្តិការ​ក្នុង​វិស័យ​កសិឧស្សាហកម្ម​កម្ពុជា គឺ​គម្រោង​វិនិយោគ​ដំណាំ​អំពៅ​របស់​ក្រុមហ៊ុន​ចិន នៅ​ខេត្ត​ព្រះវិហារ។ កិច្ចសន្យា​នៃ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំពោះ​ការ​អនុវត្ត​គម្រោង​នេះ​មាន​រយៈពេល ៧០​ឆ្នាំ។

ក្រុមហ៊ុន​ចិន ទើប​បាន​បង្កើត​រោងចក្រ​ផលិត​ស្ករស​ដ៏​ធំ​មួយ​ក្នុង​ខេត្ត​ព្រះវិហារ ដែល​នឹង​ក្លាយ​ជា​រោងចក្រ​មាន​ខ្សែ​សង្វាក់​ផលិតកម្ម​ធំ​មួយ​ក្នុង​តំបន់​អាស៊ី។ រោងចក្រ​នេះ ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ រូយ ហ្វេង ខេមបូឌា អ៊ិនធើណេសិនណល ខមភេនី លីមីតធីត (Rui Feng Cambodia International Company Limited)។ ការ​វិនិយោគ​ជំហាន​ដំបូង​នៃ​ក្រុមហ៊ុន​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា មាន​តម្លៃ ៣៦០​លាន​ដុល្លារ​ក្នុង​គម្រោង​សរុប ១​ពាន់​លាន​ដុល្លារ​អាមេរិក។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា រំពឹង​ថា ការ​វិនិយោគ​ឧស្សាហកម្ម​ស្ករស​នៅ​ខេត្ត​ព្រះវិហារ នេះ នឹង​អាច​បង្កើត​ការងារ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ជូន​ពលរដ្ឋ ដែល​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​ជីវភាព​កាន់​តែ​ប្រសើរ។

ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់​លើ​និយាយ​អ្វី​ឲ្យ​តែ​យើង​ស៊ី​ឈ្នួល​គេ។ យើង​ស៊ី​មួយ​ថ្ងៃ បាន​មួយ​ថ្ងៃ ចុះ​បើ​យើង​អត់​ស៊ី​ឈ្នួល ថ្ងៃ​ណា​យើង​គ្រុន​ឈឺ​ទៅ យើង​បាន​អី​ហូប។ តែ​ឥឡូវ​នេះ ក្រុមហ៊ុន​មក​ធ្វើ​ឲ្យ​យើង​ធ្លាក់​ភាព​ក្រីក្រ ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត ហើយ​ពួក​ខ្ញុំ​ទៅ​ស្រែ​ចម្ការ​ក៏​អត់​មាន​សុវត្ថិភាព​ទៀត។ នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី ទេព ទឹម។

តើ​ការ​វិនិយោគ​មួយ​នេះ ពិត​ជា​នាំ​មក​នូវ​ការ​អភិវឌ្ឍ និង​បាន​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​មែន​ឬ​យ៉ាង​ណា?

គម្រោង​វិនិយោគ​ដំណាំ​អំពៅ​ដើម្បី​ផលិត​ជា​ស្ករស ដែល​មាន​ទឹក​ប្រាក់​រាប់​រយ​លាន​ដុល្លារ កំពុង​ត្រូវ​បាន​អនុវត្ត​ដោយ​ក្រុមហ៊ុន​ចិន ចំនួន​៥ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជ​រដ្ឋាភិបាល​ចំនួន​រាប់​ម៉ឺន​ហិកតារ​នៅ​ខេត្ត​ព្រះវិហារ។

ក្រុមហ៊ុន​ចិន ទាំង​នោះ​រួម​មាន ក្រុមហ៊ុន ឡាន ហ្វេង ខេមបូឌា អ៊ិនធើណេសិនណល ខមភេនី លីមីធីត (Lan Feng Cambodia International Company Limited) ក្រុមហ៊ុន រូយ ហ្វេង ខេមបូឌា អ៊ិនធើណេសិនណល ខមភេនី លីមីធីត (Rui Feng Cambodia International Company Limited) ក្រុមហ៊ុន ហេង ណុង ខេមបូឌា អ៊ិនធើណេសិនណល ខមភេនី លីមីធីត (Heng Non Cambodia International Company Limited) ក្រុមហ៊ុន ហេង យូ ខេមបូឌា អ៊ិនធើណេសិនណល ខមភេនី លីមីធីត (Heng Yue Cambodia International Company Limited) និង​ក្រុមហ៊ុន ហេង រូយ ខេមបូឌា អ៊ិនធើណេសិនណល ខមភេនី លីមីធីត (Heng Rui Cambodia International Company Limited)។

ក្រុមហ៊ុន​ទាំង​នេះ គឺ​ជា​បុត្រ​សម្ព័ន្ធ​នឹង​គ្នា កើត​ចេញ​ពី​ក្រុមហ៊ុន​មេ​តែ​មួយ គឺ​ក្រុមហ៊ុន ហឹង ហ៊្វូ ស៊ូហ្គឺរ គ្រុប (Hengfu Group Sugar Industry Co., LTD) ដែល​ជា​សហគ្រាស​ផលិត​ស្ករស​ធំ​ជាង​គេ​មួយ​របស់​ចិន មាន​មូលដ្ឋាន​ក្នុង​ខេត្ត​គ័ងទុង (Guangdong) ប៉ែក​អាគ្នេយ៍​ប្រទេស​ចិន។

គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន ឈូស​រំលំ​ដើម​ច្បោះ​ជ័រ​ទឹក​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៥។ រូបថត​ដោយ​អង្គការ​ពន្លក​ខ្មែរ
គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន ឈូស​រំលំ​ដើម​ច្បោះ​ជ័រ​ទឹក​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៥។ រូបថត​ដោយ​អង្គការ​ពន្លក​ខ្មែរ (រូបថត​ដោយ​អង្គការ​ពន្លក​ខ្មែរ)

ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចិន ទាំង​នេះ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា នៅ​អំឡុង​ឆ្នាំ​២០១១ ដើម្បី​វិនិយោគ​ដាំ​អំពៅ និង​អាកាស្យា។ ក្រុមហ៊ុន​នីមួយៗ​ទទួល​បាន​ដី​សម្បទាន​ចាប់​ពី​ជិត ៧​ពាន់​ហិកតារ​ដល់​ជាង ៩​ពាន់​ហិកតារ ហើយ​បើ​គិត​ជា​សរុប ពួក​គេ​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ចំនួន​ជាង ៤​ម៉ឺន​ហិកតារ (៤២.៧៧៦​ហិកតារ) ដែល​គ្រប​ដណ្ដប់​លើ​តំបន់​មួយ​ចំនួន​នៃ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ។

គិត​ត្រឹម​ដើម​ឆ្នាំ​២០១៦ ចម្ការ​អំពៅ​ទំហំ ១​ម៉ឺន ៣​ពាន់​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន​ដាំ​ដុះ​រួច​រាល់​ហើយ និង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា កន្លង​ទៅ រោងចក្រ​ផលិត​ស្ករស​ដ៏​ធំ​របស់​ក្រុមហ៊ុន រូយ ហ្វេង ស្ថិត​នៅ​ភូមិ​ពោធិទាប ឃុំ​ម្លូព្រៃមួយ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវ​ការ​ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុង​ឱកាស​សម្ពោធ​រោងចក្រ​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ដោយ​មោទនភាព​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​អំពៅ​នេះ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ព្រម​ទាំង​អាច​បង្កើត​ការងារ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ថែម​ទាំង​មាន​សុទិដ្ឋិនិយម​ទៀត​ថា ពលរដ្ឋ​នៅ​ជុំវិញ​តំបន់​វិនិយោគ នឹង​ទទួល​បាន​ផល​ប្រយោជន៍​កាន់​តែ​ច្រើន​តាម​រយៈ​ហេដ្ឋារចនាសម្ព័ន្ធ រួម​មាន​ផ្លូវ​ថ្នល់ សាលា​រៀន មន្ទីរពេទ្យ ប្រឡាយ​ទឹក និង​ភ្លើង​អគ្គិសនី ជាដើម ដែល​ក្រុមហ៊ុន​បាន​ស្ថាបនា៖ « ប្រជាពលរដ្ឋ​នៅ​ជិត​ខាង​នេះ ក៏ដូចជា​នៅ​ខេត្ត​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​រក​ការងារ​ធ្វើ នឹង​មក​មាន​ការងារ​ធ្វើ​នៅ​ទីនេះ ដែល​មក​ដល់​ពេល​នេះ​ត្រូវ​ការ​កម្លាំង​ពលកម្ម ៧ . ០០០​នាក់ ហើយ​ទី​ចុង​បំផុត​ទៅ ត្រូវ​ការ​រហូត​ដល់ ១៤ . ០០០​នាក់ »

ទន្ទឹម​នឹង​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទូរទស្សន៍​រដ្ឋ​ចិន ស៊ីស៊ីធីវី (CCTV America) ផ្នែក​ភាសា​អង់គ្លេស ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ក៏​បាន​ផ្សព្វផ្សាយ​ដូច​គ្នា​អំពី​ភាព​វិជ្ជមាន​នៃ​ការ​វិនិយោគ​មួយ​នេះ​ដែរ។

ស៊ីស៊ីធីវី ផ្សាយ​ថា រោងចក្រ​ឧស្សាហកម្ម​មួយ​នេះ​នឹង​ក្លាយ​ជា​រោងចក្រ​ផលិត​ស្ករស​ធំ​ជាង​គេ​មួយ​របស់​អាស៊ី ដែល​នឹង​បង្កើត​ការងារ​រាប់​ពាន់​ដល់​ប្រជាជន ព្រម​ទាំង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ទៀត​ផង។ ស៊ីស៊ីធីវី (CCTV America) រាយការណ៍​បន្ត​ថា រោងចក្រ​ស្ករស​ចិន នេះ បាន​នាំ​មក​នូវ​ភាព​រីក​ចម្រើន​សម្រាប់​ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ ដោយ​មាន​កសិករ​ជាច្រើន​បាន​ទៅ​ដាំ​ដុះ​អំពៅ​នៅ​តំបន់​នោះ ហើយ​រោងចក្រ​បាន​បង្កើត​ទីផ្សារ​ដ៏​សម​ប្រកប​មួយ​ចំពោះ​កសិផល​របស់​ពួក​គេ។ ស៊ីស៊ីធីវី (CCTV America) បាន​សម្ភាស​កម្មករ​ចម្ការ​អំពៅ ដោយ​បញ្ជាក់​ថា ពួក​គេ​ទទួល​បាន​ប្រាក់​ខែ ២៥០​ដុល្លារ​អាមេរិក ឬ​ប្រហែល ១​លាន​រៀល​ក្នុង​មួយ​ខែ ដែល​ធ្វើ​ឲ្យ​ពួក​គេ​រស់នៅ​បាន​ស្រួល​ជាង​មុន។ លើស​ពី​នេះ ដោយ​ផ្ដិត​យក​រូបភាព​ត្រាក់ទ័រ​មួយ​គ្រឿង​កំពុង​បើក​កាត់​ចម្ការ​អំពៅ​ដ៏​ធំ​ល្វឹងល្វើយ ស៊ីស៊ីធីវី អាមេរិក (CCTV America) ផ្សាយ​ថា ដី​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ចិន ដាំ​ដុះ​អំពៅ​រួច​ហើយ​នោះ កាល​ពី​មុន គឺ​ជា​ដី​ព្រៃ​សឹករិចរិល ប៉ុន្តែ​ឥឡូវ​ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ និង​បង្កបង្កើនផល​រួច​ជា​ស្រេច។

និយាយ​ជា​រួម ទាំង​សុន្ទរកថា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ទាំង​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន អំពី​គម្រោង​វិនិយោគ​ឧស្សាហកម្ម​ស្ករស​នៅ​ខេត្ត​ព្រះវិហារ សុទ្ធតែ​បង្ហាញ​ឲ្យ​សាធារណជន និង​ពិភពលោក មើល​ឃើញ​ថា នេះ​ជា​ការ​អភិវឌ្ឍ​មួយ​ដ៏​ពិត​ប្រាកដ​ដែល​កើត​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន។

ទោះ​បី​ជា​យ៉ាង​ណា គម្រោង​វិនិយោគ​ដ៏​ធំ​មួយ​នេះ មិន​មែន​សុទ្ធតែ​នាំ​មក​នូវ​ការ​អភិវឌ្ឍ​សុខដុមនីយកម្ម និង​វិបុលភាព​សម្រាប់​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ នោះ​ទេ។ អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះវិហារ និយាយ​ផ្ទុយ​ទៅ​វិញ​ថា គម្រោង​វិនិយោគ​នេះ​កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ដែល​រស់នៅ​តំបន់​ជុំវិញ​នោះ បាត់បង់​មុខ​របរ និង​ធ្លាក់​ចុះ​ជីវភាព។

ទីប្រឹក្សា​យោបល់​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ អ្នកស្រី ទេព ទឹម ផ្តល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Phann Yasy
ទីប្រឹក្សា​យោបល់​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ អ្នកស្រី ទេព ទឹម ផ្តល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Phann Yasy (RFA/Phann Yasy)

ស្ថិត​ក្នុង​វ័យ​ជាង ៦០​ឆ្នាំ លោកស្រី ទេព ទឹម គឺ​ជា​ទីប្រឹក្សា​យោបល់​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ក្នុង​ឃុំ​ប្រមេរ។ លោកស្រី​ថ្លែង​ថា ជីវភាព​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​ទាំង​មូល បាន​ធ្លាក់​ចុះ​ជា​ខ្លាំង​ចាប់​តាំង​ពី​មាន​វត្តមាន​ក្រុមហ៊ុន​ចិន មក​ដល់​ក្នុង​មូលដ្ឋាន​របស់​លោកស្រី។ ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដី និង​ព្រៃ​ឈើ​ដែល​ពួក​គាត់​ធ្លាប់​បង្កបង្កើនផល ព្រម​ទាំង​កាប់​ដើម​ច្បោះ​អស់​ជាច្រើន​រយ​ដើម។

លោកស្រី​បន្ត​ថា ពលរដ្ឋ​ដែល​កាល​ពី​មុន​ធ្លាប់​តែ​រស់នៅ​ដោយ​ភាព​សុខសាន្ត រក​ចំណូល​បាន​ច្រើន​ពី​ដី​ស្រែ និង​ព្រៃ​ឈើ អាច​បញ្ជូន​កូន​ចៅ​ឲ្យ​ទៅ​រៀន​សូត្រ​បាន ប្រែ​មក​ជា​រស់នៅ​ក្នុង​ក្តី​ភិតភ័យ និង​ព្រួយ​បារម្ភ​ឥត​ស្រាកស្រាន្ត។ ព្រួយ​បារម្ភ ដ្បិត​មិន​ដឹង​ថា ត្រូវ​ធ្វើ​អ្វី​ដើម្បី​រក​ចំណូល​ចិញ្ចឹម​ជីវិត​នៅ​ក្រោយ​ដី​ស្រែ​ប្រែ​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ហើយ​ភិតភ័យ ដោយសារ​មាន​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ និង​ភាគី​ក្រុមហ៊ុន នៅ​ពេល​ពួក​គាត់​ចុះ​ទៅ​ធ្វើ​ស្រែ​ចម្ការ ឬ​ចុះ​ទៅ​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​ដី៖ « ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់​លើ​និយាយ​អ្វី​ឲ្យ​តែ​យើង​ស៊ី​ឈ្នួល​គេ។ ស៊ី​ឈ្នួល​គេ ខ្ញុំ​ថា​អត់​ល្អ​ទេ ធ្វើ​ឲ្យ​យើង​ហត់។ យើង​ស៊ី​មួយ​ថ្ងៃ បាន​មួយ​ថ្ងៃ ចុះ​បើ​យើង​អត់​ស៊ី​ឈ្នួល ថ្ងៃ​ណា​យើង​គ្រុន​ឈឺ​ទៅ យើង​បាន​អី​ហូប។ បើ​ពួក​ខ្ញុំ​ធ្វើ​ស្រែ​ដូច​រាល់​ថ្ងៃ ពួក​ខ្ញុំ​ឈឺ​គ្រុន ១០​ថ្ងៃ ២០​ថ្ងៃ ក៏​នៅ​មាន​បាយ​ហូប។ ស្រូវ​យើង​ពេញ​ជង្រុក ហើយ​យើង​បាន​លក់។ យើង​មិន​ភ័យ​ព្រួយ។ តែ​ឥឡូវ​នេះ ក្រុមហ៊ុន​មក​ធ្វើ​ឲ្យ​យើង​ធ្លាក់​ភាព​ក្រីក្រ ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត ហើយ​ពួក​ខ្ញុំ​ទៅ​ស្រែ​ចម្ការ​ក៏​អត់​មាន​សុវត្ថិភាព​ទៀត »

ក្នុង​ទឹក​មុខ​ស្រពោន លោកស្រី ទេព ទឹម ថ្លែង​បន្ត​ថា យុវជន​វ័យ​ក្មេង​ជាច្រើន​នាក់​នៅ​ក្នុង​សហគមន៍ ត្រូវ​បង្ខំ​ចិត្ត​បោះបង់​ចោល​ការ​សិក្សា ដើម្បី​មក​ជួយ​ធ្វើ​ការងារ​ឪពុក​ម្ដាយ។ ខ្លះ​ត្រូវ​ទៅ​ដេក​ចាំ​ដី​របស់​ខ្លួន​ខ្លាច​ក្រុមហ៊ុន​ឈូស​ឆាយ និង​មាន​ខ្លះ​ទៀត​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ។

ជុំវិញ​រឿង​នេះ អាជ្ញាធរ​ខេត្ត​ព្រះវិហារ មិន​បាន​សហការ​ផ្តល់​បទសម្ភាសន៍ ឬ​ធ្វើ​ការ​បកស្រាយ​ណា​មួយ​ឡើយ។ អភិបាល​រង​ខេត្ត​ព្រះវិហារ លោក សុខ ហៃ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី ឲ្យ​ទៅ​ជួប​នៅ​សាលា​ខេត្ត​ព្រះវិហារ ប៉ុន្តែ​ពេល​ក្រុម​ការងារ​ព័ត៌មាន​អាស៊ីសេរី ទៅ​ដល់ លោក​បែរ​ជា​មិន​បាន​មក​ជួប​តាម​ការ​ណាត់​ទៅ​វិញ ដោយ​លើក​ឡើង​ថា ជាប់​រវល់​ប្រជុំ។

បន្ទាប់​មក មន្ត្រី​រដ្ឋបាល​សាលា​ខេត្ត​ព្រះវិហារ បាន​ណែនាំ​ឲ្យ​ក្រុម​ការងារ​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី ដាក់​លិខិត​ទៅ​លោក អ៊ុំ ម៉ារ៉ា ដែល​ជា​អភិបាល​ខេត្ត ដើម្បី​ស្នើសុំ​ជួប​សម្ភាស ដ្បិត​លោក អ៊ុំ ម៉ារ៉ា ចង់​ផ្តល់​បទសម្ភាសន៍​ជុំវិញ​រឿង​នេះ​ដោយ​ផ្ទាល់​តែ​ម្តង។ ប៉ុន្តែ​រយៈពេល ២​សប្ដាហ៍​ក្រោយ​ដាក់​លិខិត ក្រុម​ការងារ​ព័ត៌មាន​អាស៊ីសេរី នៅ​តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​សាលា​ខេត្ត​ព្រះវិហារ នៅ​ឡើយ។ មន្ត្រី​រដ្ឋបាល​សាលា​ខេត្ត​ប្រាប់​ថា គេ​បាន​បញ្ជូន​លិខិត​នោះ​ទៅ​អភិបាល​ខេត្ត​រួច​រាល់​ហើយ តែ​ការ​សម្រេច​យ៉ាង​ណា គេ​ក៏​មិន​ដឹង​ដូច​គ្នា។

កន្លង​មក អភិបាល​ខេត្ត​ព្រះវិហារ លោក អ៊ុំ ម៉ារ៉ា ធ្លាប់​អះអាង​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា៖ « ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​អំពៅ​កន្លង​ទៅ បាន​ជួប​ផល​ប៉ះពាល់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​មួយ​ចំនួន តែ​ដោយសារ​តែ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​សម្របសម្រួល ព្រម​ទាំង​ឆ្វៀល​ដី​ដែល​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​ចេញ ដើម្បី​ផ្ទេរ​សិទ្ធិ​ឲ្យ​ពលរដ្ឋ​វិញ »

ផ្ទុយ​នឹង​ការ​អះអាង​បែប​នេះ លោកស្រី ទេព ទឹម បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​មិន​ដែល​ផ្តល់​ដំណោះស្រាយ​សមស្រប​ណា​មួយ​ដល់​ពលរដ្ឋ​នោះ​ឡើយ គឺ​មាន​តែ​ការ​បង្ខិតបង្ខំ​ឲ្យ​ពលរដ្ឋ​ដាំ​អំពៅ និង​បញ្ចុះបញ្ចូល​ឲ្យ​ពលរដ្ឋ​ចុះ​បញ្ជី​ដី​ជា​លក្ខណៈ​ឯកជន​ទៅ​វិញ។ លោកស្រី ទេព ទឹម ថ្លែង​ទៀត​ថា អាជ្ញាធរ​ចាប់​តាំង​ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ខេត្ត មិន​មាន​ជំហរ​ជាក់លាក់​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​បែរ​ជា​រារាំង​ការ​តវ៉ា​របស់​ពលរដ្ឋ​ទៅ​វិញ៖ « សម្ដេច​លោក​មិន​ដឹង ចេះ​តែ​ជឿ​តាម​របាយការណ៍​ថា​ល្អ ប៉ុន្តែ​ល្អ​អី ? ក្រុមហ៊ុន​មក​នេះ​អត់​មាន​ពិគ្រោះ​យោបល់ អត់​មាន​វាយ​តម្លៃ​ផល​ប៉ះពាល់​សង្គម និង​បរិស្ថាន អត់​មាន​ការ​ព្រមព្រៀង​ពី​ប្រជាពលរដ្ឋ ស្អី​ក៏​ល្អ។ ថ្នាក់​លើ​ស៊ីញេ ហើយ​ថ្នាក់​ក្រោម​ត្រូវ​ធ្វើ​តាម។ ថ្នាក់​ក្រោម​ធ្វើ​តាម​លុះត្រា​ត្រូវ បើ​ពួក​ខ្ញុំ​តវ៉ា ថា​ពួក​ខ្ញុំ​ប្រឆាំង ពួក​ខ្ញុំ​បង្កើត​អបគមន៍ បង្កើត​រដ្ឋ​ក្នុង​រដ្ឋ។ ខ្ញុំ​ថា​អត់​ស្គាល់​បង្កើត​អបគមន៍​អី​ទេ ស្គាល់​ថា​ពួក​ខ្ញុំ​តវ៉ា​នេះ គឺ​ដើម្បី​ក្រពះ។ ក្រពះ​វា​ស្រេក​ឃ្លាន »

ព្រឹទ្ធាចារ្យ​ភូមិ​ប្រើសក្អក ឃុំ​ម្លូព្រៃពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ លោក រឹម រឿង រៀបរាប់​ដើម​ហេតុ​នៃ​ការ​ធ្លាក់​ចុះ​ជីវភាព​របស់​ពលរដ្ឋ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Phann Yasy
ព្រឹទ្ធាចារ្យ​ភូមិ​ប្រើសក្អក ឃុំ​ម្លូព្រៃពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ លោក រឹម រឿង រៀបរាប់​ដើម​ហេតុ​នៃ​ការ​ធ្លាក់​ចុះ​ជីវភាព​របស់​ពលរដ្ឋ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Phann Yasy (RFA/Phann Yasy)

មិន​មែន​មាន​តែ​ពលរដ្ឋ​នៅ​ឃុំ​ប្រមេរ ទេ​ដែល​ចេញ​មុខ​អះអាង​បែប​នេះ ប៉ុន្តែ​ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ភូមិ​ប្រើសក្អក ឃុំ​ម្លូព្រៃពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ និង​ជា​ព្រឹទ្ធាចារ្យ​ប្រចាំ​ភូមិ​មាន​វ័យ ៧០​ឆ្នាំ លោក រឹម រឿង រំឭក​ថា កាល​ពី​មុន ពលរដ្ឋ​នៅ​ក្នុង​ភូមិ​របស់​លោក រស់នៅ​ដោយ​ជីវភាព​ធូរធារ។ ពលរដ្ឋ​ទាំង​ជាង ២០០​គ្រួសារ​នៅ​ក្នុង​ភូមិ នាំ​គ្នា​បង្កបង្កើនផល​លើ​ដី​ព្រៃ​របស់​ខ្លួន ចេញ​ទៅ​ដក​ផ្សិត បេះ​ស្លឹក​ព្រិច បោច​វល្លិ រើស​ជ័រ​ចុង បេះ​ផ្កា​អ័រគីដេ និង​រក​ត្រី ជាដើម។ សកម្មភាព​បែប​នេះ ប្រព្រឹត្ត​ទៅ​ជា​ប្រចាំ ហើយ​ក្នុង​មួយ​ថ្ងៃ យ៉ាង​ហោច​ណាស់​ក៏​ពលរដ្ឋ​អាច​រក​ចំណូល​បាន ២​ម៉ឺន​រៀល​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា លោក រឹម រឿង អះអាង​ថា ជីវភាព​របស់​ពលរដ្ឋ​ក្នុង​ភូមិ​ផ្ដើម​ស្រុត​ចុះ​ជា​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ​២០១២ មក ពោល​គឺ​នៅ​ពេល​ក្រុមហ៊ុន​ចិន បាន​ចាប់​ផ្ដើម​សកម្មភាព​វិនិយោគ​នៅ​តំបន់​នោះ៖ « តាំង​ពី​ក្រុមហ៊ុន​នេះ​ចូល​មក​ដល់ គឺ​ថា​ប្រជាជន​យើង​រក​អ្វី​ក៏​មិន​បាន​ដែរ។ រក​អ្វី ឧទាហរណ៍ បើ​សិន​ជា​រក​ខាង​ផ្កា​អ័រគីដេ ផ្កា​អ័រគីដេ វា​ស្ថិត​នៅ​លើ​ដើម​ឈើ ចុះ​បើ​អស់​ដើម​ឈើ​ទៅ​ហើយ មិន​ដឹង​ជា​ទៅ​រក​ឯណា​ទៀត ? ហើយ​ត្រី​សាច់ ក៏​ដូច​គ្នា។ ត្រី​ធ្លាប់​មាន​អូរ​មាន​ប្រឡាយ មាន​បឹង ចុះ​បើ​បឹង​គេ​លុប​អស់ មិន​ដឹង​ថា​ត្រី​មក​ពីណា​ទៀត ? ដូច្នេះ គឺ​កាន់​តែ​ខ្វះ »

បញ្ហា​សំខាន់​ដែល​អ្នក​ភូមិ​ប្រើសក្អក ព្រួយ​បារម្ភ​ជាង​គេ គឺ​ការ​រលត់​រលាយ​ទៅ​នៃ​ភូមិករ​ដ៏​ចំណាស់​របស់​ពួក​គាត់ ដ្បិត​ភូមិ​មួយ​នេះ​ស្ថិត​នៅ​ចំ​ប្លង់​គោល​នៃ​ដី​សម្បទាន​ដែល​ក្រុមហ៊ុន​ចិន ទទួល​បាន ហើយ​ក្រុមហ៊ុន​បាន​ធ្វើ​ការ​ឈូស​ឆាយ​ដី​ស្ទើរ​តែ​ទាំងអស់​ដែល​នៅ​ជុំវិញ​ភូមិ។

ប្រធាន​កម្មវិធី​តស៊ូ​មតិ និង​ដីធ្លី​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦។
ប្រធាន​កម្មវិធី​តស៊ូ​មតិ និង​ដីធ្លី​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦។

ពាក់ព័ន្ធ​រឿង​នេះ ប្រធាន​កម្មវិធី​តស៊ូ​មតិ និង​ដីធ្លី​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ ដែល​បាន​តាម​ដាន​គម្រោង​វិនិយោគ​ដំណាំ​អំពៅ​តាំង​ពី​ដំបូង បាន​បញ្ជាក់​ថា ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ចិន ទាំង​នោះ មិន​បាន​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ មុន​នឹង​ចាប់​ផ្ដើម​គម្រោង​វិនិយោគ​របស់​ខ្លួន។ ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដី និង​ព្រៃ​ឈើ​ដែល​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​តាំង​ពី​ដើម​រៀង​មក ដោយ​សំអាង​ថា ពួក​គេ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល៖ « មក​ដល់​ឥឡូវ​នេះ មាន​គ្រួសារ​ខ្លះ​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ហើយ ប៉ុន្តែ​នឹង​មាន​ការ​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​លើ​គ្រួសារ​ច្រើន​ទៀត​នៅ​ពេល​ខាង​មុខ ដោយសារ​តែ​ការ​បាត់បង់​ដី​នោះ ចេះ​តែ​បាត់បង់​បន្តៗ​គ្នា​ទៅ។ ជាក់ស្តែង ក្រុម​គ្រួសារ និង​សហគមន៍​នៅ​ជុំវិញ​ក្រុមហ៊ុន​ស្ករ​អំពៅ ដី​មិន​ទាន់​ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ​រំលោភ​យក​ទេ ប៉ុន្តែ​ក្រោយ​សម្ពោធ​ហើយ ឥឡូវ​គេ​យក​បាន​យ៉ាង​ងាយ​ស្រួល ដោយ​គេ​អះអាង​ថា ក្រុមហ៊ុន​គេ​សម្ពោធ​ដោយ​ស្រប​ច្បាប់។ ទាំង​មន្ត្រី ទាំង​អាជ្ញាធរ​ទាំងអស់ ទៅ​ចង្អុល​យកៗ​តែ​ម្តង ដោយ​បោះ​ពាក្យ​បោះ​សម្ដី​ថា សហគមន៍​ឲ្យ​ក៏​យក មិន​ឲ្យ​ក៏​យក »

លោក ប៉ិក សោភ័ណ ប៉ាន់ស្មាន​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១២ មក ពលរដ្ឋ​តាម​សហគមន៍​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​ការ​វិនិយោគ​នេះ អាច​មាន​ដល់​ជាង ១​ពាន់​គ្រួសារ ដែល​មក​ពី​ជាង ២០​ភូមិ​នៃ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ។

លិខិត​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចុះ​កាលបរិច្ឆេទ​ខែ​កុម្ភៈ ឆ្នាំ​២០១១ ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ត្រូវ​បាន​ចម្លង​ជូន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត រួម​មាន​ទាំង​សាលា​ខេត្ត​ព្រះវិហារ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ចិន ផង បាន​កំណត់​យ៉ាង​ច្បាស់​ថា បន្ទាប់​ពី​បាន​គោលការណ៍​អនុញ្ញាត​ពី​រដ្ឋាភិបាល​ហើយ ក្រុមហ៊ុន​ចិន ទាំង​៥ គឺ​ក្រុមហ៊ុន ឡាន ហ្វេង រូយ ហ្វេង ហេង ណុង ហេង យូ និង ហេង រូយ ត្រូវ​អនុវត្ត​នូវ​កាតព្វកិច្ច​សំខាន់ៗ​មួយ​ចំនួន។ បើ​ពុំ​ដូច្នេះ​ទេ រដ្ឋាភិបាល​នឹង​លុប​គោលការណ៍ និង​កិច្ចសន្យា​ចោល​ភ្លាម។

កាតព្វកិច្ច​ទាំង​នោះ​រួម​មាន ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះ​សិក្សា​លម្អិត ពិនិត្យ​ដោះស្រាយ និង​កាត់​ចេញ​នូវ​ផ្ទៃដី​ពាក់ព័ន្ធ​ជាមួយ​ពលរដ្ឋ និង​ផ្ទៃ​ដី​ព្រៃ​ឈើ​ក្រាស់ៗ​ដែល​ត្រូវ​រក្សា​ទុក​បន្ថែម​ទៀត ដើម្បី​ចៀសវាង​ការ​ប៉ះពាល់​ផ្ទៃ​ដី​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ និង​តំបន់​ការពារ​ផ្សេងៗ។ ចំពោះ​ផ្ទៃដី​ទ្រនាប់​ព្រែក អូរ ដែល​ត្រូវ​រក្សា​ទុក ក្រុមហ៊ុន​ត្រូវ​ថែ​រក្សា​ការពារ​កុំ​ឲ្យ​ខូចខាត ឬ​បាត់បង់ ដោយ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ ក្រុមហ៊ុន​ត្រូវ​គោរព​លក្ខខណ្ឌ ដោយ​ធានា​ឲ្យ​ប្រជាជន​ក្នុង​តំបន់​វិនិយោគ អាច​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ពី​គម្រោង​វិនិយោគ និង​លក្ខខណ្ឌ​នៃ​ការ​បង្កក​គម្រោង​វិនិយោគ​នៅ​តាម​ទីតាំង​ណា​ដែល​មាន​ទំនាស់​អំពី​កម្មសិទ្ធិ​ជាមួយ​ប្រជាជន រហូត​ដល់​មាន​ការ​ដោះស្រាយ​រួច​រាល់​ត្រឹមត្រូវ។ មុន​នឹង​ដំណើរ​ការ​ឈូស​ឆាយ​ធ្វើ​អាជីវកម្ម ក្រុមហ៊ុន​ត្រូវ​ធ្វើ​ផែនការ​គ្រប់គ្រង និង​អភិវឌ្ឍ​ឲ្យ​បាន​ច្បាស់លាស់ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​ស្ថាប័ន​ជំនាញ មាន​ការ​ចូលរួម​គាំទ្រ​ពី​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។ ចំពោះ​សំណល់​ឈើ​ដែល​បាន​ពី​ការ​ឈូស​ឆាយ​ក្នុង​តំបន់​សម្បទាន ក្រុមហ៊ុន​ត្រូវ​ប្រមូល​ទុក​ឲ្យ​អស់​លទ្ធភាព និង​ទុក​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ដែល​កំណត់​ដោយ​រដ្ឋបាល​ព្រៃ​ឈើ និង​ត្រូវ​បង់​សួយសារ និង​បុព្វលាភ​ជូន​រដ្ឋ​អនុលោម​តាម​ច្បាប់​ស្ដីពី​ព្រៃ​ឈើ។

កាតព្វកិច្ច​ទាំង​អម្បាលម៉ាន​ដែល​រាជ​រដ្ឋាភិបាល​ដាក់​ចេញ មិន​ត្រូវ​បាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំង​៥ របស់​ចិន អនុវត្ត​តាម​ទាំង​ស្រុង​នោះ​ឡើយ។

វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា និង​អង្គការ​ដៃគូ​មួយ​ចំនួន​ទៀត រក​ឃើញ​ថា ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ប៉ះពាល់​ដី​ស្រែ​ពលរដ្ឋ ឈូស​លុប​ប្រភព​ទឹក ដូចជា អូរ ប្រឡាយ និង​ត្រពាំង​តូច​ធំ ដែល​ជា​ផ្លូវ​ទឹក​ធម្មជាតិ​សម្បូរ​ដោយ​មច្ឆជាតិ​រស់នៅ ជំនួស​មក​វិញ​ដោយ​ប្រឡាយ​ទឹក​ជ្រៅ​របស់​ក្រុមហ៊ុន​ដែល​ពលរដ្ឋ​មិន​អាច​អាស្រ័យ​ផល​បាន។ ក្រៅ​ពី​នេះ របាយការណ៍​ស្ដីពី​ករណី​វិវាទ​ដីធ្លី​នៅ​ឃុំ​ប្រមេរ របស់​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា បង្ហាញ​ទៀត​ថា ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ទៅ​លើ​ដី​ទួល​ប្រាសាទ​បុរាណ ៤​កន្លែង រួម​មាន ប្រាសាទ​ក្រួច​ព្រួស ប្រាសាទ​យក្ស​ភ្លូក ប្រាសាទ​ភ្នំ​អណ្ដូង និង​ប្រាសាទ​យក្ស​ចង្កួយ និង​ស្ថានីយ​បុរាណ​ផ្សេង​ទៀត ដែល​ទីតាំង​ទាំង​នោះ ត្រូវ​បាន​ក្រុម​បុរាណ​វិទូ​កំណត់​សន្ទស្សន៍​រួច​ហើយ ថា​នឹង​ត្រូវ​ចុះ​បញ្ជីសារពើភណ្ឌ។

ទាក់ទង​នឹង​ដំណើរ​ការ​ឈូស​ឆាយ​មុន​ធ្វើ​អាជីវកម្ម​វិញ ភាគី​ក្រុមហ៊ុន​មិន​បាន​សហការ​ជាមួយ​ពលរដ្ឋ​នោះ​ទេ។ ទាំង​លោកស្រី ទេព ទឹម និង​លោក រឹម រឿង សុទ្ធតែ​អះអាង​ដូច​គ្នា​ថា ក្រុមហ៊ុន​ដោយ​មាន​ការ​សហការ និង​កិច្ច​ការពារ​ពី​សំណាក់​អាជ្ញាធរ តែង​ចុះ​ធ្វើ​សកម្មភាព​ឈូស​ឆាយ​តាម​តែ​អំពើ​ចិត្ត មិន​ដែល​ចុះ​មក​ពិគ្រោះ​យោបល់​ឲ្យ​បាន​ច្បាស់លាស់​ជាមួយ​ពួក​គាត់​នោះ​ឡើយ។

ទាក់ទង​នឹង​សំណល់​ឈើ​ដែល​បាន​ពី​ការ​ឈូស​ឆាយ​ក្នុង​តំបន់​សម្បទាន​វិញ ក្រុមហ៊ុន​មិន​បាន​ទុក​ដាក់​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​អ្វី​ឡើយ។ ឈើ​រាប់​ម៉ឺន​ដើម​ទាំង​តូច​ទាំង​ធំ​នៅ​ក្នុង​តំបន់​ដី​សម្បទាន ត្រូវ​បាន​ក្រុមហ៊ុន​កាប់​ផ្ដួល​រំលំ រួច​គរ​ជា​គំនរ​ដុត​ចោល ឬ​ទុក​ចោល​នៅ​តាម​ផ្លូវ​ចុះ​ទៅ​ចម្ការ​អំពៅ។ មាន​ឈើ​ជាច្រើន​ផ្សេង​ទៀត ត្រូវ​បាន​ក្រុមហ៊ុន​ជញ្ជូន​យក​ទៅ​ទុក​ចោល​នៅ​ក្នុង​ត្រពាំង​ដ៏​ធំ​មួយ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ជីក ស្ថិត​នៅ​ចម្ងាយ​ប្រហែល ២​គីឡូម៉ែត្រ​ពី​រោងចក្រ​ស្ករស​របស់​ក្រុមហ៊ុន រូយ ហ្វេង តាម​ផ្លូវ​ចុះ​ទៅ​ភូមិ​ប្រើសក្អក ឃុំ​ម្លូព្រៃពីរ ស្រុក​ឆែប។

កាតព្វកិច្ច​សំខាន់​មួយ​ទៀត​ដែល​ក្រុមហ៊ុន​ចិន មិន​បាន​អនុវត្ត​នោះ គឺ​ការ​ធានា​ឲ្យ​ប្រជាជន​ក្នុង​តំបន់​វិនិយោគ អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​គម្រោង​វិនិយោគ។ ពលរដ្ឋ​តាម​សហគមន៍​ទាំងឡាយ​ដែល​នៅ​ក្នុង​តំបន់​វិនិយោគ លើក​ឡើង​ដូច​គ្នា​ថា ពួក​គេ​មិន​ត្រូវ​បាន​ក្រុមហ៊ុន​ទទួល​យក​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ ឬ​នៅ​ចម្ការ​អំពៅ​ឡើយ ពីព្រោះ​ក្រុមហ៊ុន​ខ្លាច​ពួក​គាត់​នាំ​គ្នា​តវ៉ា​ប្រឆាំង និង​គិត​ថា​ពួក​គាត់​ភាគ​ច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច គ្មាន​ចំណេះ​ដឹង និង​គ្មាន​សមត្ថភាព​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​បាន។

កម្មករ​ដែល​ក្រុមហ៊ុន​ទទួល​ឲ្យ​ធ្វើ​ការ ភាគ​ច្រើន​មក​ពី​ខេត្ត​ផ្សេង​ទៅ​វិញ ដូចជា ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ ហើយ​ការងារ​នោះ​ក៏​មិន​មែន​ជា​ការងារ​ដែល​មាន​ប្រាក់​ខែ​ច្រើន​ដូច​ការ​ផ្សាយ​របស់​ទូរទស្សន៍​ចិន ស៊ីស៊ីធីវី (CCTV America) នោះ​ដែរ។

កម្មករ​ម្នាក់​ក្នុង​ចំណោម ៣០​នាក់ ដែល​កំពុង​ដើរ​ប្រមូល​ឫស​ឈើ និង​មែក​ឈើ ថ្លែង​ថា មាន​តែ​អ្នក​បើកបរ​គ្រឿងចក្រ ឬ​បាញ់​ថ្នាំ​អំពៅ​តែ​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ប្រាក់​ខែ ២៥០​ដុល្លារ ឬ​ក៏ ៣០០​ដុល្លារ៖ « អ្នក​បើក​ត្រាក់ទ័រ​ច្រូត​អំពៅ​បាន ៣០០ ឬ​ជាង ៣០០​ដុល្លារ។ អ្នក​បើក​ត្រាក់ទ័រ​ដឹក​មនុស្ស​បាន ២៥០​ដុល្លារ។ អ្នក​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​បាន ៣០០​ដុល្លារ។ ធម្មតា ដូច​ខ្ញុំ​នេះ​បាន ១២០​ដុល្លារ »

កម្មករ​រូប​នេះ​បញ្ជាក់​ថា ការងារ​ដែល​សម្បូរ ហើយ​ដែល​ក្រុមហ៊ុន​ត្រូវ​ការ​នោះ គឺ​កម្មករ​រើស​ឫស​ឈើ​នៅ​តាម​ការដ្ឋាន ដែល​ក្នុង​មួយ​ការដ្ឋាន​អាច​មាន​មនុស្ស​រហូត​ដល់ ៥០​នាក់។ លោក​បញ្ជាក់​ទៀត​ថា ការងារ​ដែល​ពួក​លោក​ធ្វើ​នេះ ក៏​មិន​មែន​ជា​ការងារ​ជាប់លាប់​នោះ​ដែរ៖ « កំណត់​ថា​ខែ​៧ ឬ​ខែ​៨ គេ​ផ្អាក គេ​រំសាយ​ហើយ។ វា​ភ្លៀង​ជាប់​ពេក ធ្វើ​មិន​កើត ផ្អាក​នៅ​តែ​តៃកុង​ត្រាក់ទ័រ និង​ក្រុម​គ្រួសារ។ គេ​ទុក​តិច​ទេ សម្រាប់​បាញ់​ថ្នាំ និង​ដាក់​ជី​អំពៅ »

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង និង​ផ្ញើ​លិខិត​ផ្លូវ​ការ​ទៅ​កាន់​ក្រុមហ៊ុន រូយ ហ្វេង ខេមបូឌា អ៊ិនធើណេសិនណល ខមភេនី លីមីតធីត (Rui Feng Cambodia International Company Limited) ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​ទាំងឡាយ​ដែល​កំពុង​កើត​មាន​ក្នុង​គម្រោង​វិនិយោគ​មួយ​នេះ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ណា​មួយ​ឡើយ។ បុគ្គលិក​ផ្នែក​បកប្រែ និង​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន រូយ ហ្វេង បាន​ប្រាប់​ថា គេ​បាន​បញ្ជូន​លិខិត​នោះ​ទៅ​កាន់​អ្នក​គ្រប់គ្រង​របស់​គេ​រួច​ហើយ ប៉ុន្តែ​មិន​ឃើញ​មាន​ការ​ឆ្លើយ​តប​ពី​អ្នក​គ្រប់គ្រង​នោះ​ទេ។ ចំណែក​ប្រធាន​ផ្នែក​រដ្ឋបាល​រោងចក្រ រូយ ហ្វេង ឈ្មោះ យ៉ាង ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ដែរ ដរាប​ណា​មិន​មាន​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ។

តាម​រយៈ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ និង​ភាព​អសកម្ម​នៃ​ការ​ដោះស្រាយ​ទំនាស់​របស់​អាជ្ញាធរ​ខេត្ត ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មិន​បាន​ចាត់​ទុក​គម្រោង​វិនិយោគ​ដំណាំ​អំពៅ​នៅ​ខេត្ត​ព្រះវិហារ នេះ ជា​ការ​អភិវឌ្ឍ​ដូច​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​នោះ​ទេ៖ « ទោះ​បី​ជា​ពួក​ខ្ញុំ​ខំ​តវ៉ា​នឿយ​ណាយ​យ៉ាង​ណា​ក៏ដោយ ក៏​ព្យាយាម​តស៊ូ​ដើម្បី​ជីវិត ដើម្បី​ការ​រស់​រាន​មាន​ជីវិត​នៅ​លើ​ទឹក​ដី​កម្ពុជា ក្នុង​នាម​ជា​ជនជាតិ​ដើម​ភាគ​តិច ឲ្យ​រួច​ផុត​ពី​ការ​ស៊ី​ឈ្នួល​គេ ទាសករ​គេ។ ចង់​ឲ្យ​ក្លាយ​ជា​កសិករ​ពិត​ប្រាកដ​នៅ​ថ្ងៃ​អនាគត។ សង្ឃឹម​ថា​រដ្ឋាភិបាល​នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នូវ​ដីធ្លី​ដែល​បាន​បាត់បង់​ទៅ ហើយ​ផ្តល់​សិទ្ធិ​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​ប្រើប្រាស់ និង​អាស្រ័យ​ផល​លើ​ទឹក​ដី​របស់​ខ្លួន ដែល​ជា​កេរ​មរតក​ពី​ដូនតា​មក »

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។