ប្រជាពលរដ្ឋ និងសង្គមស៊ីវិល អះអាងថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនចិន យូ ញៀន (UDG) និងក្រុមហ៊ុនលោក ឧកញ៉ា លី យ៉ុងផាត់ នៅក្នុងខេត្តកោះកុង បានផ្តល់ផលប៉ះពាល់ធំធេងដល់បរិស្ថាន និងផ្ដល់ផលវិបាកយ៉ាងច្រើនចំពោះប្រជាជនកម្ពុជាដែលស្ថិតនៅជុំវិញតំបន់សម្បទានដីសេដ្ឋកិច្ចទាំងនោះ។ ប្រជាពលរដ្ឋ អំពាវនាវឲ្យ របបលោក ហ៊ុន សែន ពិនិត្យមើលលើការអនុវត្តរបស់ក្រុមហ៊ុន និងជួយដោះស្រាយទំនាស់ដីធ្លីជូនពួកគាត់អោយបានឆាប់។
ទំនាស់ដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុនកោះកុង អេស.អ៊ី.ហ្សិត (Koh Kong SEZ) របស់លោកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុនចិន យូញៀន (Union Development Group) បានអូសបន្លាយពេលជា ច្រើនឆ្នាំមកហើយ ប៉ុន្តែក្រុមហ៊ុន និងអាជ្ញាធរ មិនទាន់ជួយដោះស្រាយបញ្ចប់ជាស្ថាពរនោះទេ។
ប្រជាពលរដ្ឋ អះអាងថា ការវិនិយោគរបស់ក្រុមហ៊ុនខ្នាតធំទាំងពីរ បានផ្ដល់ផលប៉ះពាល់យ៉ាង ច្រើនដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ដូចជាការបាត់បង់សិទ្ធិប្រើប្រាស់ និងគ្រប់គ្រងដីធ្លី បាត់បង់មុខរបរចិញ្ចឹមជីវិត ជំពាក់បំណុលធនាគារ កូនៗបាត់បង់ឱកាសសិក្សា បង្កើតឱ្យមានការធ្វើចំណាកស្រុក និងបាត់បង់ធនធានធម្មជាតិ នាំមកនូវក្តីអន្តរាយដល់បរិស្ថាន និងប្រព័ន្ធជីវចម្រុះ ព្រមទាំងការរំលោភបំពានលើរូបរាងកាយ និងស្មារតីរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។
តំណាងប្រជាពលរដ្ឋរងគ្រោះដីធ្លី លោកស្រី សាំង ពុយ រៀបរាប់ថា ការវិនិយោគរបស់ក្រុមហ៊ុនទាំង ពីរ មិនបានផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋនោះទេ។ លោកស្រីបន្តថា ជាង១០ឆ្នាំនេះ ជីវភាពប្រជាពលរដ្ឋ កាន់តែស្រុតចុះខ្លាំង ព្រោះគ្មានដីបង្កបង្កើនផល គ្មានមុខរបរដូចមុន និងជំពាក់ បំណុលធនាគារ៖ «ក្រុមហ៊ុន បានចូលមករំលោភផ្ទះ រុះរើផ្ទះ ហើយឈូសឆាយផលដំណាំចោលទាំងអស់ ហើយកន្លងមក១០ឆ្នាំហើយក្រុមហ៊ុន អត់អោយយើងចូល ទៅក្នុងដីយើងនឹងទេ។អយុត្តិធម៌សម្រាប់យើងជាពលរដ្ឋម្ចាស់ដីណាស់។ យើងមានប្លង់កម្មសិទ្ធិ ម៉ែខ្ញុំរស់នៅតាំងពីឆ្នាំ៩០ជាង៨០ជាងមេះ ខ្ញុំឃើញរូបភាពគាត់កាលពីមុនគាត់ដាំដុះ ពេលនោះយើងនៅក្មេង អ៊ីចឹងសូម្បីតែយើងអត់មានលុយដុល្លារពិតមែន តែយើងមានជីវភាពល្អ តែឥឡូវ ១០ឆ្នាំហើយ យើងអត់មានចំណូលទេ គេបំផ្លាញរបស់យើងអស់ធ្លាក់ខ្លួនក្រ។ យើងតវ៉ាជាង១០ឆ្នាំ ដាក់ញត្តិគ្រប់ក្រសួង តែបានត្រឹមសន្យាខ្យល់ ប្រាប់ថា នឹងដោះស្រាយៗ ។ក្រុមហ៊ុនមកវិនិយោគនេះ អត់មានផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ បានតែទៅលើអាជ្ញាធរ ឬអ្នកឈ្មួញកណ្ដាលទៅវិញ»។
លោកស្រី សាំង ពុយ សម្ដែងការសោកស្ដាយដែលរបបលោកហ៊ុន សែន បណ្ដោយឲ្យក្រុមហ៊ុនចិន និងក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធិសភាមកពីគណបក្សប្រជាជនកម្ពុជា រំលោភយកកម្មសិទ្ធិដីធ្លីពីពលរដ្ឋរហូតមានការទួញយំហើយពេលបាត់បង់ដីធ្លីមកប្តឹង តែបែរជាមិនបានការ ដោះស្រាយ ហើយខ្លះទៀតដោះស្រាយដែរ ប៉ុន្តែបានត្រឹមតែចេញកម្មសិទ្ធិដីធ្លី និងចែកដីសម្បទានសង្គមតិចតួច ខណៈអ្នកខ្លះត្រូវបានគេទន្ទ្រានយកដីស្រស់ៗដោយឲ្យតម្លៃថោកៗក្រោមហេតុផលយកដីអភិវឌ្ឍន៍។ លោកស្រីបន្តថា ទំនាស់ដីធ្លីទាំងនេះ ក៏មានប្រជាពលរដ្ឋម្ចាស់ដីខ្លះនៅជាប់គុក ដូចជាតំណាងពលរដ្ឋសហគមន៍ព្រែកខ្សាច់ គឺលោក ហេង សុខ ខណៈអ្នកខ្លះអស់ដីរស់នៅ ត្រូវបង្ខំចិត្តធ្វើចំណាកស្រុកទៅធ្វើខ្ញុំគេនៅបរទេស៖ «កន្លងមក ច្រើនដងណាស់ ក្រុមហ៊ុនតែងតែយកកម្លាំង និងសន្តិសុខអី មកគំរាមកំហែងពលរដ្ឋ ហើយក្រុមហ៊ុននៅតែអះអាងថា ដីនេះ បានសម្បទានពីរដ្ឋាភិបាលហើយ ដូច្នេះក្រុមហ៊ុន ត្រូវតែបានដីនេះ ទោះបីពលរដ្ឋមិនទទួលសំណងក៏ក្រុមហ៊ុនយកដីដែរ។ នៅពេលគេយកទៅនៅកន្លែងថ្មី គឺពលរដ្ឋមិនអាចយកទូកមកនេសាទ បានដូចមុន ម្យ៉ាងក្រុមហ៊ុនគ្រប់គ្រងដីទីនោះអស់ហើយ។ អ្នកខ្លះចំណាកស្រុកទៅប្រទេសជិតខាងដូចជាថៃជាដើម ធ្វើអោយក្នុងស្រុកភូមិស្ងាត់ អស់ហើយ។ ពលរដ្ឋភាគច្រើនជំពាក់ លុយពីរបីអង្គការ ហើយខ្លះសងគេមិនទាន់ ក៏ខំប្រឹងទៅធ្វើការនៅក្រៅប្រទេសដើម្បីរកលុយដោះបំណុល »។
កាលពី ខែឧសភា ឆ្នាំ២០១០ ក្រុមហ៊ុនកោះកុង អេស.អ៊ី.ហ្សិត ដែលមានលោក លី យ៉ុងផាត់ ជាប្រធាន បានជួលដីរយៈពេល ៩៩ឆ្នាំពីក្រសួងបរិស្ថាន លើទំហំផ្ទៃដីជាង ៩ពាន់ (៩.៩៧៧) ហិកតារ ដើម្បីដាំដំណាំកសិ-ឧស្សាហកម្ម ក្នុងតំបន់គ្រប់គ្រងឧទ្យានជាតិស្រុកបុទុមសាគរ ខេត្តកោះកុង។ ដីនេះបានប៉ះពាល់លើពលរដ្ឋ៣ភូមិ និងមានពលរដ្ឋរាប់រាយគ្រួសារពាក់ព័ន្ធ ប៉ុន្តែមានខ្លះបានទទួលការសម្របសម្រួល និងនៅសល់អ្នកតវ៉ាមួយចំនួនទៀត។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនលោក ឧកញ៉ា លី យ៉ុងផាត់ ធ្លាប់ប្ដឹងពលរដ្ឋដាក់ពន្ធនាគារ ៣ករណី មាន២ករណីគឺពាក់ ព័ន្ធរឿងដីធ្លី ហើយរហូតមកដល់ពេលនេះ មានតំណាងពលរដ្ឋម្នាក់ឈ្មោះហេង សុខ មិនទាន់ត្រូវបានដោះលែងនោះទេ។ ចំណែក ១ករណីទៀត ពាក់ព័ន្ធរឿងជំនួញខ្សាច់ទៅក្រៅប្រទេស ដោយក្រុមហ៊ុន បានបញ្ជាឲ្យអាជ្ញាធរចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ២នាក់ ដែលតែងធ្វើសកម្មភាព និងប្រមូលព័ត៌មានអំពីការធ្វើអាជីវកម្មខ្សាច់ក្នុងខេត្តកោះកុង។
ចំណែកក្រុមហ៊ុនចិនយូញៀន បានជួលដីពីរបបលោក ហ៊ុន សែន កាលពីក្នុងឆ្នាំ២០០៨ ក្នុងភូមិសាស្ត្រឃុំចំនួន៥ នៃស្រុកពីរ គឺបុទុមសាគរ និងគិរីសាគរ ខេត្តកោះកុង លើទំហំផ្ទៃដីចំនួន ៣ម៉ឺន៦ពាន់ហិកតារ ដើម្បីធ្វើជាតំបន់ទេសចរណ៍ និងពាណិជ្ជកម្ម ដែលរួមមានការសាងសង់ព្រលានយន្តហោះ និងទីលានវាយកូនគោលដែលមានតម្លៃសរុបចំនួន ៥ពាន់លានដុល្លារ។ កាលពីឆ្នាំ២០១១ ក្រុមហ៊ុនចិនមួយនេះ បានជួលដីពីរដ្ឋាភិបាលជាង ៩ពាន់ហិកតារថែមទៀត។ ការផ្តល់ដី សម្បទាននេះ គឺបានប៉ះពាល់ដីប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ហើយមកដល់ពេលនេះ នៅមិនទាន់ដោះស្រាយចេញទាំងស្រុងនៅឡើយ ខណៈដែលក្រុមហ៊ុនបន្តគំរាមកំហែង និងបន្តឈូសឆាយដីព្រៃ រីឯពលរដ្ឋបន្តតវ៉ាទាមទារដំណោះស្រាយដដែល។
ប្រជាពលរដ្ឋអះអាងថា ក្រុមហ៊ុនខ្នាតធំទាំងពីរនេះ មិនទាន់បានអភិវឌ្ឍន៍អ្វីឲ្យបានជឿនលឿនទៅ មុខនោះទេ ប៉ុន្តែក្រុមហ៊ុន កំពុងធ្វើសកម្មភាពឈូសឆាយពង្រីកផ្ទៃដី បណ្ដាលឲ្យបាត់បង់ធនធាន ធម្មជាតិ ប៉ះពាល់បរិស្ថាន ព្រោះតំបន់នោះជាតំបន់ឧទ្យានជាតិ និងកំពុងបូមខ្សាច់ពីតំបន់វិនិយោគ នោះទៅលក់នៅក្រៅប្រទេសទៀតផង។ លើសពីនេះក្រុមហ៊ុន ក៏មិនបានផ្ដល់ការងារជូនប្រជាពលរដ្ឋនៅតំបន់នោះដែរ មានតែពលរដ្ឋមកពីខេត្តផ្សេងៗតិចតូចប៉ុណ្ណោះ៖ «ខាងព្រៃឈើ ក៏ប៉ះពាល់ដែរព្រោះប្រជាពលរដ្ឋពឹងលើព្រៃឈើដែរ ហើយការបូមខ្សាច់ក៏បណ្ដាលអោយរងគ្រោះដល់អ្នករកនេសាទ គឺរកមិនបាន ដូចមុន។ គេបូមខ្សាច់ទៅលក់នៅបរទេសទាំងកប៉ាល់។ បើនិយាយពីរឿងជីវភាព វាពិបាកជាងមុនឆ្ងាយហ្មង ពីមុនរកនេសាទ ក៏បាន រកផលពីព្រៃឈើក៏បាន ហើយយើងបង្កបង្កើនផលក៏វាងាយស្រួល ដល់ពេលពួកគាត់មកវិនិយោគមក គឺអត់អោយពួកយើងចូលធ្វើទប់ស្កាត់គំរាមកំហែង ចាប់ដាក់គុក ដាក់ខ្នោះអ៊ីចឹងទៅ គឺជាង១០ឆ្នាំ ពួកខ្ញុំអត់បានធ្វើអីសោះ។ ពួកយើងរវល់តែឡើងចុះចុះឡើងដើម្បីតវ៉ាច្រើនសារ គឺធ្វើអោយភាពក្រីក្ររឹតក្រទៅៗ។ ពលរដ្ឋសុំអោយសម្ដេចតេជោ បញ្ចប់ជម្លោះដីធ្លីនៅខេត្តកោះកុង និងដោះលែងតំណាងលោក ហេង សុខ»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីលោកឧកញ៉ា លី យ៉ុង ផាត់ បានទេ នៅថ្ងៃទី១៦ ខែវិច្ឆិកា ដោយលោកចុចបិទទូរស័ព្ទវិញ នៅពេលលឺអាស៊ីសេរីសុំសម្ភាសន៍ និងខលទៅទៀតមិនលើកឡើយ។ ចំណែកអភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី បានចុចបិទទូរស័ព្ទវិញដូចគ្នាដែរ។
រីឯអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត ភត្រា មានប្រសាសន៍ថា ស្ថានភាពជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនទាំងពីរមិនធ្ងន់ធ្ងរដូចមុនឡើយ ហើយក្រសួងបរិស្ថាន កំពុងបន្តខិតខំដោះស្រាយជម្លោះដែលនៅសេសសល់ តាមរយៈកំណត់អត្តសញ្ញាណរបស់ប្រជាជនដែលមានផលប៉ះពាល់ជាក់ស្ដែង។ លោកបន្តថា ក្រសួងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់ ដាក់សំណើរ ឬរបាយការណ៍ភស្តុតាំង និងបញ្ជីស្នាមផ្សេងៗជូនក្រសួងដើម្បីពិនិត្យដោះស្រាយតាមបច្ចេកទេសនិងនីតិវិធី។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ អះអាងថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅតំបន់នោះ មិនបានផ្ដល់ប៉ះពាល់ដល់បរិស្ថាននិងជីវភាពប្រជាពលរដ្ឋ ដូចការចោទប្រកាន់តាមប្រព័ន្ធព័ត៌មាននិងអង្គការសង្គមស៊ីវិលឡើយ ព្រោះមកដល់ពេលនេះ ក្រសួងមិនដែលទទួលពាក្យបណ្ដឹងនោះទេ៖ «ចំពោះការចោទប្រកាន់គឺជាសិទ្ធិរបស់ពួកគាត់ ប៉ុន្តែសម្រាប់ក្រសួងបរិស្ថានយើងអនុវត្តទៅតាមកិច្ចការរបស់យើង តាមនីតិវិធីច្បាប់ដែលយើង មានហើយការផ្តល់នូវគម្រោងវិនិយោគនេះ សុទ្ធសឹងតែឆ្លងកាត់នូវការវាយតម្លៃផលប៉ះពាល់ បរិស្ថាន សង្គម សេដ្ឋកិច្ចផ្សេងៗ ដែលធានាថា គម្រោងដែលអនុវត្តទៅ នឹងមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន សង្គម និងសេដ្ឋកិច្ចនោះទេ អ៊ីចឹងហើយបានជាបញ្ហាអ្វីដែលក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋ មានបញ្ហាពាក់ព័ន្ធផ្សេងៗ គឺសូមធ្វើជាពាក្យបណ្តឹង ឬមួយក៏ប្រាប់ដល់ មន្ត្រីរបស់យើង ដើម្បីយើងធ្វើការសិក្សា ថាតើបន្ទាប់ពីដោះស្រាយហើយមានបញ្ហាអ្វីកើតឡើង ឬក៏បញ្ហាអ្វីដែលជាឧបសគ្គនៅក្នុងដំណោះស្រាយនោះ»។
ផ្ទុយពីការលើកឡើងរបស់លោក នេត ភត្រា គឺប្រជាពលរដ្ឋ អះអាងថា ពួកគាត់ តែងតែឡើងទៅដាក់ញត្តិជាបន្តបន្ទាប់ តែពុំដែលមានដំណោះស្រាយនោះទេ ហើយក្រសួង និងក្រុមហ៊ុន តែងតែចោទពលរដ្ឋវិញថា រស់នៅអាស្រ័យផលលើដីក្រហ៊ុន ឬដីរដ្ឋជាដើម។
អ្នកសម្របសម្រួលស្ដីទីអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តកោះកុង លោក ហួរ អ៊ីន ទទួលស្គាល់ថា ក្រុមហ៊ុនទាំងពីរ ពិតជាមិនបានផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋម្ចាស់ទឹកដី នៅតំបន់នោះមែន ព្រោះការដោះស្រាយកន្លងមក មានការរិះគន់ថា គ្មានតម្លាភាព និងយុត្តិធម៌ នោះទេ។ ក្រុមហ៊ុនទាំងពីរ រងការចោទថា ធ្វើអ្វីស្រេចតែចិត្ត មិនគោរពតាមច្បាប់ឡើយ ដូចជា ឈូសឆាយផលដំណាំ ដុតកម្ទេចផ្ទះពលរដ្ឋ ការរំលោភបំពាន ការគំរាមកំហែង ការចោទប្រកាន់ និងការប្តឹងពលរដ្ឋដាក់ពន្ធនាគារជាច្រើនករណី បង្ខិតបង្ខំពលរដ្ឋឲ្យចាកចេញដីចាស់ បណ្ដាលឲ្យបាត់បង់មុខរបរ ធ្វើឲ្យពលរដ្ឋបាត់បង់សាមគ្គីភាព និងឯកភាពគ្នាក្នុងសហគមន៍ ។ក្មេងៗ ជាច្រើន បាននាំគ្នាឈប់រៀន ដោយសារការខ្វះខាតជីវភាព ហើយបង្ខំចិត្តចំណាកស្រុក។ លោកឲ្យដឹងថា អាជ្ញាធរថ្នាក់ក្រោមជាតិមួយចំនួន ក៏មិនបានជួយដោះស្រាយជូន ប្រជាពលរដ្ឋគ្រប់ៗគ្នាដែរ ប៉ុន្តែ បែរឆ្លៀតស្វែងរកផលប្រយោជន៍ពីភាពរងគ្រោះរបស់ពលរដ្ឋថែមទៀត។ លើសពីនេះ ធនធានធម្មជាតិ ក៏បានបង់តាមរយៈការទន្ទ្រានរបស់ក្រុមហ៊ុនដែរ ជាពិសេស មានការចោទថា ក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ សម្ងំបូមខ្សាច់ទៅលក់នៅក្រៅប្រទេសទៀតផង។
មន្ត្រីសិទ្ធិមនុស្សរូបនេះ ទំនាស់ដីធ្លី និងផលប៉ះពាល់នេះ គឺជាកំហុសរបស់របបលោក ហ៊ុន សែន ដែលមិនបានសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ ចំពោះទីតាំងដីដែលត្រូវផ្តល់ឱ្យក្រុមហ៊ុន ខណៈ ដី តំបន់នោះមានពលរដ្ឋរស់នៅ និងអាស្រ័យផលជាយូរយារមកហើយ។ លោកថា របបលោក ហ៊ុន សែន គួរតែសើរើមើលឡើងវិញនូវកិច្ចសន្យាជាមួយក្រុមហ៊ុន ដោយសារតែក្រុមហ៊ុននៅមិនទាន់ បានអភិវឌ្ឍអ្វីជាដុំកំភួនសម្រាប់ប្រជាពលរដ្ឋនោះឡើយ៖ «វាគឺជាកំហុសរបស់រដ្ឋាភិបាល មុនពេលដែលផ្ដល់ដីសម្បទាន ទៅអោយក្រុមហ៊ុន គួរតែបានសិក្សាអោយបានច្បាស់លាស់សិន អំពីផលប៉ះពាល់ បរិស្ថាន និងសង្គម ហើយបើសិនជាបានផ្តល់ទៅហើយ ប៉ះពាល់គួរតែខិតខំបង្ហាញឆន្ទៈអោយបានខ្ពស់ ក្នុងការសម្របសម្រួលដោះស្រាយអោយប្រជាពលរដ្ឋ ទទួលបានយុត្តិធម៌មកវិញ។ កុំអូសបន្លាយទំនាស់នីមួយជាង១០ គឺធ្វើអោយពលរដ្ឋប្រាកដជារងគ្រោះហើយទាំងផ្លូវកាយផ្លូវចិត្ត»។
លោក ហួរ អ៊ីន លើកទឹកចិត្តដល់ពលរដ្ឋរងផលប៉ះពាល់ពីការវិនិយោគនេះ ឱ្យបន្តការទាមទារដោយសន្តិវិធី និងតស៊ូមតិតទៅទៀត ដើម្បីឱ្យក្រុមហ៊ុនទាំងពីរឈប់រំលោភយកដីធ្លី និងសងជំងឺចិត្តដល់ពួកគាត់វិញ។
បញ្ហាសម្បទានដីសេដ្ឋកិច្ច នៅតែជាបញ្ហាមួយ ដែលផ្ដល់ផលវិបាកចំពោះប្រជាជនកម្ពុជាភាគច្រើន ដែលស្ថិតនៅជុំវិញតំបន់សម្បទានដីសេដ្ឋកិច្ចទាំងនោះ ប៉ុន្តែរបបលោកហ៊ុន សែន តែងតែ អះអាងថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច គឺដើម្បីជួយសម្រាលជីវភាព ផ្ដល់ការងារឲ្យប្រជាជនកម្ពុជា និងជំរុញការអភិវឌ្ឍប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។