តំណាងពលរដ្ឋ ៧៧គ្រួសារ នៅខេត្តកោះកុង ដែលមានវិបត្តិដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនចិន បានមកដាក់ញត្តិជាថ្មីទៀតនៅស្ថានទូតអាមេរិក ចិន និងស្ថានទូតអឺរ៉ុប ក្នុងបំណងស្វែងរកដំណោះស្រាយជម្លោះដីធ្លី ដែលពួកគេចោទថា ក្រុមហ៊ុនចិនមួយ ឈ្មោះយូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ឬយូឌីជី (UDG) រំលោភបំពានយ៉ាងអយុត្តិធម៌ជាង ១០ឆ្នាំមកហើយ។
តំណាងពលរដ្ឋ ៧៧គ្រួសារ រស់នៅភូមិតានួន ឃុំតានួន ស្រុកគិរីសាគរ ខេត្តកោះកុង ទាមទារឲ្យអាជ្ញាធរខេត្ត កាត់ឆ្វៀលផលប៉ះពាល់ចេញពីដីដែលក្រុមហ៊ុនចិនរំលោភយក និងត្រូវផ្ដល់សំណងសមរម្យតាមតម្លៃទីផ្សារ។ ពួកគេត្អូញថា ជាង ១០ ឆ្នាំមកហើយ ដែលអ្នកភូមិទន្ទឹងរង់ចាំដំណោះស្រាយពីអាជ្ញាធរនៅគ្រាដែលពួកគាត់បានដាក់ញត្តិស្ទើរតែគ្រប់ស្ថាប័នរដ្ឋ តែគ្មានលទ្ធផល។
តំណាងពលរដ្ឋមកដាក់ញត្តិនៅរាជធានីភ្នំពេញ លោក សំ ធី ឲ្យដឹងថា អាជ្ញាធរខេត្ត គ្មានឆន្ទៈដោះស្រាយវិបត្តិដីធ្លីជូនពលរដ្ឋក្រីក្រនោះទេ ថែមទាំងទម្លាក់កំហុស មកលើក្រុមពលរដ្ឋវិញថា ជាអ្នករស់នៅខាងក្រៅមូលដ្ឋាន និងតែងតែរារាំងពួកគេមិនឲ្យអាស្រ័យផលលើដីដែលធ្លាប់កាន់កាប់មុនឆ្នាំ២០០០។ លោកថា គ្រួសារលោក បាត់បង់ដីកសិកម្ម ៨ហិកតារដែលគ្រប់គ្រងមុនឆ្នាំ២០០០ រហូតមកទល់ពេលនេះ ជាង ១០ឆ្នាំមកហើយ ត្រូវបានក្រុមហ៊ុនចិនរំលោភយកយ៉ាងអយុត្តិធម៌។ លោកថា កន្លងទៅ អាជ្ញាធរចុះដោះស្រាយវិបត្តិដីធ្លីនៅតំបន់នោះដែរ តែការដោះស្រាយនោះទៀតសោត មិនគ្រប់ជ្រុងជ្រោយ និងរើសអើង រវាងពលរដ្ឋរស់នៅមូលដ្ឋាន និងពលរដ្ឋរស់នៅខាងក្រៅមូលដ្ឋាន៖ «អាជ្ញាធរពីមុនៗមក ទៅដោះស្រាយដែរ តែដោះបានតែពលរដ្ឋរស់នៅក្នុងស្រុក និងក្នុងភូមិ អត់ចំគោលការណ៍របស់ពួកខ្ញុំដែលតវ៉ាទាមទារហ្នឹង។ ពួកខ្ញុំទាមទារទាំងអស់គ្នា អោយទាមទារកាត់ឆ្វៀលចេញ ពួកខ្ញុំ ៧៧គ្រួសារហ្នឹង គឺពួកខ្ញុំឈប់ទាមទារតទៀតហើយ»។
តំណាងពលរដ្ឋម្នាក់ទៀតលោកស្រី ម៉ៃ ពៅ ប្រាប់អាស៊ីសេរីថា អាជ្ញាធរខេត្តកោះកុងបានសន្យាច្រើនសាមកហើយថា នឹងដោះស្រាយជូនពួកគាត់ តែមកទល់ពេលនេះជាង ១០ឆ្នាំមកហើយ នៅតែគ្មានតម្រុយលទ្ធផល។ លោកស្រីថា តំណាងពលរដ្ឋ ៦នាក់ បានមកដាក់ញត្តិសុំកិច្ចអន្តរាគមន៍ ពីប្រទេសមហាអំណាច ដោយសារតែពួកគេគ្មានជម្រើស ខណៈស្ថាប័នរដ្ឋស្ទើរតែគ្រប់ស្ថាប័នពួកគាត់ដាក់ញត្តិអស់ហើយ តែគ្មានប្រសិទ្ធភាព។ លោកស្រីបន្ថែមថា ក្រុមហ៊ុនចិន បានរំលោភយកដីរបស់ពលរដ្ឋចំនួន ៧៧គ្រួសារ សរុបទាំងអស់ចំនួន ជាង ១ពាន់ហិកតារ៖ «ប៉ះពាល់មែនទែន រំលោភដីរបស់ពួកខ្ញុំច្រើនហិកតារដែរ វាយកទាំងអស់តែម្ដង។ អត់ឲ្យពួកខ្ញុំតែម្ដង»។
ស្ត្រីដដែលបន្ថែមថា មន្ត្រីស្ថានទូតចិនបានប្រាប់ពួកគាត់ថា នឹងពន្លឿនអន្តរាគមន៍ទៅអាជ្ញាធរកម្ពុជាឲ្យដោះស្រាយឲ្យបានឆាប់ ព្រោះក្រុមហ៊ុននោះ ជាក្រុមហ៊ុនឯកជន និងបានអនុវត្តខុសគោលការណ៍ច្បាប់របស់កម្ពុជាផង។
អភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា អាជ្ញាធរពាក់ព័ន្ធបានវាស់វែងដីមានវិវាទនោះរួចហើយ និងបានអនុវត្តនីតិវិធីស្នើសុំបន្ថែមទៀត ក៏ប៉ុន្តែទីតាំងដីមួយចំនួនមានព្រៃច្រើន និងកំពុងធ្វើការដោះស្រាយជាបណ្ដើរៗ៖ «អាជ្ញាធរគាត់បានវាស់វែងរួចហើយនៅតែនីតិវិធីស្នើសុំបន្ថែមទៀត ហើយកន្លែងមួយចំនួនមានព្រៃច្រើន មានជាប់ពាក់ព័ន្ធគ្នា និងកំពុងធ្វើការដោះស្រាយ»។
ក្រុមហ៊ុនចិនឈ្មោះ យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ឬយូឌីជី (UDG) ទទួលសិទ្ធិវិនិយោគដីចំនួន ៣៦.០០០ហិកតារ កាលពីឆ្នាំ២០០៨ ស្ថិតនៅស្រុកគិរីសាគរ និងស្រុកបុទុមសាគរ ខេត្តកោះកុង រយៈពេល ៥០ឆ្នាំ។ អ្នកស្រុកថា ក្រុមហ៊ុននេះ បានវិយោគទីកន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរ ព្រលានយន្តហោះ ទីលានវាយកូនហ្គោល និងកំពង់ផែជាដើម។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក មាន ព្រហ្មមុនី សង្កេតឃើញថា ពលរដ្ឋបានកាន់កាប់ដី មុនពេលដែលក្រុមហ៊ុនមិនទាន់វិនិយោគដីនៅតំបន់នោះ ហេតុនេះក្រុមហ៊ុនត្រូវកាត់ឆ្វៀលផលប៉ះពាល់ចេញ និងផ្ដល់សំណងសមរម្យដែលមានការឯកភាពពីភាគីពាក់ព័ន្ធ។ លោករកឃើញថា មានភាពមិនប្រក្រតីជាច្រើន ដែលក្រុមហ៊ុនចិន អនុវត្តផ្ទុយពីគោលការណ៍វិនិយោគ បំពានច្បាប់ និងរំលោភសិទ្ធិរស់នៅរបស់ពលរដ្ឋ នៅមិនទាន់ឃើញអាជ្ញាធរណាជំរុញឲ្យក្រុមហ៊ុនទទួលខុសត្រូវនោះទេ។ រីឯពលរដ្ឋរងគ្រោះនៅតែលំបាកវេទនាចំណាយពេល និងថវិកា ស្វែងរកដំណោះស្រាយនៅរាជធានីភ្នំពេញ៖ «តាមច្បាប់ភូមិបាលសម្បទានដីសេដ្ឋកិច្ចត្រូវផ្ដល់សំណងជាមុន ដោយសមរម្យនិងយុត្តិធម៌ មាត្រា៥ នៃច្បាប់ភូមិបាល ហើយរដ្ឋធម្មនុញ្ញមាត្រា ៤៤ រដ្ឋធម្មនុញ្ញ។ តែឥឡូវមិនទាន់មានគោលការណ៍ណាមួយ ឲ្យពលរដ្ឋទទួលសំណងសមរម្យ និងយុត្តិធម៌តាមគោលការណ៍ព្រមព្រៀងគ្នានៅនៅឡើយទេ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ យល់ថា អាជ្ញាធរពាក់ព័ន្ធហាក់ខ្លាចរអាជាមួយក្រុមហ៊ុនចិន បើទោះបីជាពលរដ្ឋទទួលរងភាពអយុត្តិធម៌យ៉ាងណាក្តី។ ពលរដ្ឋចោទថា កន្លងទៅក្រុមហ៊ុននេះបានបណ្ដេញពលរដ្ឋចេញពីលំនៅឋាន ក្នុងភូមិក្បែរមាត់សមុទ្រ ដោយឲ្យសំណងមិនសមរម្យ និងប្រើកម្លាំងប្រដាប់អាវុធគំរាមកំហែងជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។