ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ ១០០នាក់ ប្រមូលផ្ដុំគ្នានៅចំណុចទំនប់ទ្វារបង្ហូរទឹក នៅសង្កាត់និមិត្ត ធ្វើបាតុកម្មតវ៉ាឲ្យអាជ្ញាធរដោះស្រាយបើកប្រព័ន្ធបង្ហូរទឹកចេញពីស្រែ នៅព្រឹកថ្ងៃទី១៨ វិច្ឆិកា។
ការតវ៉ានេះ កើតមានបន្ទាប់ពីក្រុមហ៊ុន អានកូ (Anco) ដឹកដីទៅចាក់បិទទ្វារបង្ហូរទឹក បណ្ដាលឲ្យលិចលង់ផ្ទះសម្បែង និងផលដំណាំរបស់ប្រជាកសិកររាប់រយហិកតារ ដោយពុំមានអ្នកទទួលខុសត្រូវ។
បន្ទាប់ពីការតវ៉ារបស់ប្រជាពលរដ្ឋប្រមាណ ១ម៉ោង អាជ្ញាធរក្រុងប៉ោយប៉ែត ដឹកនាំដោយ លោក ង៉ោ ម៉េងជ្រួន និងមន្ត្រីពាក់ព័ន្ធ បើកប្រជុំសម្របសម្រួលដោយមានតំណាងក្រុមហ៊ុន និងភាគីប្រជាពលរដ្ឋចូលរួមរកដំណោះស្រាយនៅចំណុចទ្វារបង្ហូរទឹក។ នៅក្នុងការរកដំណោះស្រាយនោះ ភាគីទាំងសងខាងបានឯកភាពគ្នា ដោយស្វែងរកទីកន្លែងសមរម្យដើម្បីរំដោះទឹកចេញពីស្រែរបស់ប្រជាពលរដ្ឋ។
តំណាងប្រជាពលរដ្ឋម្នាក់ គឺលោក រឹន សុផា រស់នៅភូមិសុខសាន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ថ្លែងនៅថ្ងៃទី១៨ វិច្ឆិកា ថា មូលហេតុដែលតវ៉ាឲ្យអាជ្ញាធរបើកទ្វារបង្ហូរទឹកចេញពីស្រែនោះ ដោយសារទឹកនៅតំបន់សង្កាត់និមិត្ត ហូរចាក់ពីប្រទេសថៃ លិចដីស្រែរបស់អ្នកភូមិ ក្នុងនោះស្រែខ្លះកំពុងប្រមូលផល ហើយរលួយខូចបណ្ដើរៗគ្មានអ្នកទទួលខុសត្រូវនោះទេ។ លោកបន្តទៀតថា បញ្ហាចម្បងដែលទឹកលិចស្រែអ្នកភូមិច្រើនបែបនេះ បណ្ដាលមកពីក្រុមហ៊ុន អានកូ របស់ លោកឧកញ៉ា កុក អាន ចាក់ដីបិទទ្វារបង្ហូរទឹក ធ្វើឲ្យទឹកគ្មានច្រកបង្ហូរចេញ៖ «ក្រុមហ៊ុនអានកូ នោះគាត់នៅកន្លែងរន្ធលូនោះ ដើម្បីអត់ឲ្យទឹកចេញ ហើយលើកផ្លូវដាក់លើខ្នងអាងនោះដល់ពីរបីបួនប្រាំម៉ែត្រពីលើនោះទៀត កម្ពស់ពីលើផ្លូវនោះព័ទ្ធជុំវិញរយៈពេលបីខែមកហើយ។ តាំងពីអាទឹកយើងទឹកខែភ្ជុំមក តាំងពីមុនខែភ្ជុំវាបានបិទកម្ពស់ពីលើអាថ្នល់នោះទៀតណោះ»។
វិទ្យុអាស៊ីសេរី ពុំអាចរកប្រភពទាក់ទងមន្ត្រីក្រុមហ៊ុនអានកូ ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៨ វិច្ឆិកា។
យ៉ាងនេះក្ដី អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន មានប្រសាសន៍បញ្ជាក់ថា មូលហេតុដែលទឹកលិចស្រែអ្នកភូមិខ្លះ ហើយមិនអាចបើកទ្វារបង្ហូរទឹកភ្លាមៗនោះ ដោយសារប្រជាពលរដ្ឋរស់នៅទាំងសងខាងទំនប់ទឹក ហើយប្រសិនបើបើកទ្វារបង្ហូរទឹកចេញពីស្រែអ្នកភូមិម្ខាង ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋម្ខាងទៀត។ លោកថា បញ្ហាទាំងនេះហើយទើបធ្វើឲ្យពិបាកសម្រេចចិត្តក្នុងការរំដោះទឹកចេញពីស្រែរបស់អ្នកភូមិនោះ៖ «បរិមាណទឹកវាកើនឡើងច្រើន ដល់ពេលកើនឡើងច្រើន យើងបើទៅវាហូរទៅ វាធ្វើឲ្យលិចផ្ទៃខាងលើ។ ហើយបើកាលណាយើងបើកទៅច្រើន វាធ្វើខាងក្រោម អ៊ីចឹងយើងរកវិធីសាស្ត្រដោះស្រាយ ដើម្បីធ្វើម៉េចឲ្យទឹកហ្នឹងស្រកចេញពីខាងលើផង មិនឲ្យប៉ះពាល់ខាងក្រោម។ ថ្ងៃនេះទាំងប្រជាពលរដ្ឋ ទាំងក្រុមហ៊ុនហ្នឹងសិក្សារួមគ្នា ដើម្បីដើររកកន្លែងដែលយើងត្រូវបើកបន្ថែមទៀត ហើយមិនឲ្យប៉ះពាល់ទៅនឹងផលដំណាំប្រជាពលរដ្ឋនៅខាងក្រោម»។
លោកបន្តទៀតថា អាជ្ញាធរបានបើកប្រព័ន្ធបង្ហូរទឹកម្ខាងរួចទៅហើយ ចំណែកឯផ្នែកផ្សេងទៀតកំពុងស្វះស្វែងរកទីរំដោះទឹកចេញពីស្រែ ដើម្បីបញ្ចៀសបញ្ហារបស់ប្រជាពលរដ្ឋទាំងសងខាង។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន កត់សម្គាល់ថា ហេតុដែលទឹកលិចលង់ផលដំណាំ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាញឹកញយមិនចេះចប់នោះ កើតចេញពីការបិទប្រព័ន្ធបង្ហូរទឹករបស់ក្រុមហ៊ុន ដើម្បីទាញយកអត្ថប្រយោជន៍ពីទឹកនៅតំបន់នោះទៅធ្វើអាជីវកម្មផលិតទឹកស្អាត៖ «យើងគិតថាសុំឲ្យការសន្យារបស់ហ្នឹងក្លាយជាការពិតទៅ ព្រោះយើងឃើញថា កន្លែងហ្នឹងវាកើតមានយូរមកហើយ។ ហើយប្រជាពលរដ្ឋក៏ធ្លាប់បានធ្វើការតវ៉ាជាច្រើនដងមកហើយដែរ។ អ៊ីចឹងបើសិនបញ្ហានៅតែដដែល អ៊ីចឹងយើងជឿថាថ្ងៃក្រោយប្រជាពលរដ្ឋគាត់នឹងមកធ្វើការតវ៉ាជាបាតុកម្មអីបន្តទៀត។ អ៊ីចឹងសុំឲ្យការសន្យារបស់អាជ្ញាធរហ្នឹង គាត់ធ្វើឲ្យប្រាកដប្រជាទៅ»។
ទោះយ៉ាងនេះក្ដី ប្រជាពលរដ្ឋឲ្យដឹងថា ទ្វារបង្ហូរទឹកដែលប្រជាពលរដ្ឋទាមទារឲ្យបើកនោះ ពុំទាន់មានចំណាត់ការពីអាជ្ញាធរនៅឡើយទេ។ អ្នកភូមិបង្ហើបទៀតថា ដីស្រែរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់ខ្លាំងប្រមាណ ២០០ហិកតារ ជារបស់ប្រជាពលរដ្ឋប្រមាណ ២០០គ្រួសារ ហើយភាគច្រើនរស់នៅភូមិសុខសាន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។