ពលរដ្ឋ ៧គ្រួសារ រស់នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បារម្ភពីគម្រោងអភិវឌ្ឍន៍របស់អាជ្ញាធរ ដែលតម្រូវបណ្ដេញពួកគាត់ចេញពីលំនៅឋាន បន្ទាប់ពីពួកគាត់បានសាងសង់ទីលំនៅតាំងពីឆ្នាំ២០០១។ ពួកគាត់ចាត់ទុកការបណ្ដេញចេញរបស់អាជ្ញាធរ ថាជារឿងអយុត្តិធម៌។
ប្រជាពលរដ្ឋភូមិសំអាង ចំនួន ៧គ្រួសារ នៅថ្ងៃទី៣១ មករា អំពាវនាវឲ្យអាជ្ញាធរខេត្ត ចុះស្រាវជ្រាវពិនិត្យលទ្ធភាពនៃគម្រោងអភិវឌ្ឍន៍របស់អាជ្ញាធរឃុំ ដែលជម្លៀសពួកគាត់ចេញពីលំនៅឋាន ដើម្បីយកដីធ្វើមន្ទីរពេទ្យ ដោយគ្មានសំណងទូទាត់។
តំណាងពលរដ្ឋ ៧គ្រួសារ លោកស្រី រឹម ភាព រៀបរាប់ថា ពលរដ្ឋ ៧គ្រួសារតាំងទីលំនៅតាំងពីឆ្នាំ២០០១ ហើយរហូតដល់ឆ្នាំ២០១១ អាជ្ញាធរបានជូនដំណឹងឲ្យពួកគាត់រុះរើផ្ទះដោយមិនផ្តល់សំណងទូទាត់ ឬដោះដូរដីនោះទេ។ លោកស្រីអះអាងថា ពលរដ្ឋ ៧គ្រួសារ ស៊ូស្លាប់មិនព្រមចាកចេញដាច់ខាត បើអាជ្ញាធរមិនផ្តល់ដីសម្បទានសង្គមកិច្ចសមរម្យជូនពួកគាត់ ដោយផ្ដល់សំណងណាមួយទេនោះ៖ «ទោះបីយ៉ាងណា ខ្ញុំមិនចេញដែរ ព្រោះខ្ញុំគ្មានដីនៅ បើអស់លោកមិនរកដីឲ្យខ្ញុំ ខ្ញុំអត់ចេញទេ ឲ្យខ្ញុំទៅនៅឯណា? សូម្បីតែនៅចុងឈើ ក៏សម្បត្តិរបស់រដ្ឋ នៅក្នុងទឹក ក៏សម្បត្តិរបស់រដ្ឋ»។
ពលរដ្ឋ ៧គ្រួសារមានជម្លោះដីធ្លីជាមួយអាជ្ញាធរឃុំ ទំហំដីជាង ២ហិកតារ ក្នុងមួយគ្រួសារមានដីក្បាល ១៥ម៉ែត្រទៅ ៣០ម៉ែត្រ បណ្តោយជាង ១០០ម៉ែត្រ ជាប្រភេទដីលំនៅឋានជាប់ផ្លូវជាតិលេខ៩ ផ្លូវទៅខេត្តព្រះវិហារ។ កាលពីឆ្នាំ២០១២ ក្រុមនិស្សិតវាស់វែងដីធ្លីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះទៅតំបន់នោះ ពុំបានវាស់វែងដើម្បីផ្តល់ប្លង់កម្មសិទ្ធិជូនពលរដ្ឋទាំង ៧គ្រួសារឡើយ ខណៈដីនោះកំពុងមានជម្លោះ។
ឆ្លើយតបការចោទប្រកាន់នេះ មេឃុំសំអាង លោក ញៀន ផុន ទទួលស្គាល់ថា ពលរដ្ឋបានតាំងទីលំនៅឆ្នាំ២០០១ តែគម្រោងអភិវឌ្ឍន៍របស់អាជ្ញាធរ គឺមុនឆ្នាំ២០០១ ទៀត។ លោកអះអាងថា ពលរដ្ឋទាំងនោះសុទ្ធតែមានដីកម្មសិទ្ធិនៅតំបន់ផ្សេង ហើយអាចមានលទ្ធភាពតាំងទីលំនៅថ្មីបាន។ ដូច្នេះ អាជ្ញាធរមិនបានផ្តល់សំណងទេ។ លោកថា អាជ្ញាធរឃុំបានបញ្ជូនរបាយការណ៍ករណីនេះទៅអាជ្ញាធរស្រុកដោះស្រាយបន្តទៀត៖ «ផ្លាកបិទច្រើនលើកច្រើនសា តែពួកគាត់មិនដឹងជានរណា គាស់ចេញ។ តែគាត់ចចេសតែរស់នៅ ខ្ញុំដាក់ពាក្យទៅចៅហ្វាយខេត្ត សាលាស្រុក ច្រើនលើកច្រើនសា»។
មន្ត្រីសង្គមស៊ីវិល រកឃើញថា ដីនៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ភាគច្រើនសម្បូរដោយដីទំនេរ និងសម្បូរដោយព្រៃឈើ ភាគច្រើនជាដីគ្រប់គ្រងដោយមន្ត្រីមានអំណាច និងអាជ្ញាធរនៅអមសងខាងផ្លូវជាតិលេខ៩ ផ្លូវទៅខេត្តព្រះវិហារ។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល ដែលចុះអង្កេតករណីនេះរកឃើញថា ការពន្យារពេលដោះស្រាយរបស់អាជ្ញាធរ បង្កគុណវិបត្តិដល់ការរស់នៅពលរដ្ឋ បន្ទាប់ពីពួកគាត់មិនអាចអាស្រ័យផលលើដីនោះបាន។ លោកយល់ថា អាជ្ញាធរគួរផ្តល់ជាដីសម្បទានសង្គមកិច្ចជូនពលរដ្ឋនៅតំបន់ផ្សេង ឬសំណងទូទាត់សមរម្យ ប្រសិនលំនៅឋានពួកគាត់ឋិតក្នុងគម្រោងអភិវឌ្ឍន៍ ដើម្បីអនុលោមតាមយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល៖ «ពលរដ្ឋជាអ្នកក្រីក្រ តែបើតាមដោះស្រាយយឺតរបស់អាជ្ញាធរ លំបាកដល់សេដ្ឋកិច្ចរបស់ពួកគាត់»។
ច្បាប់ភូមិបាលនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣៨ ឆ្នាំ២០០១ ចែងថា បុគ្គលទាំងឡាយណាដែលបានកាន់កាប់ដីចាប់ពី ៥ឆ្នាំឡើងទៅដោយសុចរិត មានការដឹងឮជាសាធារណៈ គ្មានការប្ដឹងទាស់ កាន់កាប់ដោយមិនអាក់ខាន បុគ្គលនោះអាចក្លាយជាម្ចាស់កម្មសិទ្ធិដោយស្របច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។