កសិករជាង ៣០គ្រួសារ មកពីភូមិចំនួន៣ នៃស្រុកបរិបូរណ៍នាំគ្នាប្រមូលផ្ដុំគ្នា តវ៉ានៅមុខសាលាស្រុក នៅថ្ងៃទី២៦ វិច្ឆិកា ករណីអាជ្ញាធរដកហូតស្រែប្រាំងរបស់ពួកគេ ឲ្យទៅពលរដ្ឋដែលត្រូវបានជម្លៀសចេញពីផ្ទៃទឹកលើបឹងទន្លេសាប។ អភិបាលស្រុកបរិបូណ៍ថាអាជ្ញាធរកាត់ដីពីពលរដ្ឋម្នាក់បន្តិចៗសរុបអស់ជាង ១៦ហិកតារដើម្បីរៀបចំទៅឲ្យពលរដ្ឋដែលជម្លៀសចេញពីលើទឹក។
កសិករម្នាក់ ដែលអះអាងថា បានរងផលប៉ះពាល់ពីគម្រោងកាត់ដីរបស់អាជ្ញាធរម្នាក់ សុំមិនបញ្ចេញឈ្មោះ រៀបរាប់ថា អាជ្ញាធរស្រុកបរិបូរណ៍ បានកាត់យកដីស្រែរបស់កសិករចំនួន ៣៣គ្រួសារ នៅភូមិស្នោ ភូមិសេរី និងភូមិល្បើក នៃឃុំផុនរ៉ង់ យកទៅចែកឲ្យពលរដ្ឋខ្មែរ ដែលជម្រៀសចេញពីផ្ទៃទឹក។ កសិកររូបនេះ បន្ដថា អាជ្ញាធរស្រុកធ្លាប់បានប្រជុំជាមួយពលរដ្ឋច្រើនដងហើយថាបានត្រៀមដីជាច្រើនហិកតារនិងត្រៀមយូរឆ្នាំហើយ សម្រាប់ទុកបម្រុងឲ្យពលរដ្ឋទាំងនេះ ប៉ុន្ដែនៅពេលដែលជម្លៀសមកជាក់ស្ដែង គឺរំលោភយកដីស្រែពលរដ្ឋដែលពួកគេខិតខំកាប់គាស់រានព្រៃលើកភ្លឺស្រែ ជីកប្រឡាយដោយដៃតាំងពីកំឡុងឆ្នាំ១៩៨០ និង១៩៩០មក ទៅវិញ៖ «អ៊ីចឹងជាសរុបមកវិញ គឺថាប្រជាជនរងគ្រោះមានចំនួន ១៦០គ្រួសារ ចំណាយដីដែលពួកគាត់រស់នៅមានប្រមាណ ១.៦០០ ម៉ែត្រ។ ចំពោះដី ១.៦០០ម៉ែត្រចែកក្នុងមួយគ្រួសារ ១៥ម៉ែត្រ វាមួយខាងបាន ១០៦ហិកតារ គុណនឹង ២ ទៅ វាស្មើ ២០០គ្រួសារជាង អ៊ីចឹងប្រជាជន ដែលគាត់បានកំណត់នឹងនៅមិនអស់ទេ។ ប៉ុន្តែគាត់មិនបានធ្វើអ៊ីចឹង»។
អាជ្ញាធរខេត្តកំពង់ឆ្នាំង កាលពីដើមខែតុលា បានចាប់ផ្ដើមយុទ្ធនាការជម្លៀសពលរដ្ឋខ្មែរ និងជនអន្ដោប្រវេសន៍វៀតណាម រស់នៅលើផ្ទះបណ្ដែតទឹក លើបឹងទន្លេសាប ឡើងគោកទាំងអស់។ របាយការណ៍អាជ្ញាធរខែត្រកំពង់ឆ្នាំង បង្ហាញថា មានជនអន្តោប្រវេសន៍វៀតណាម រស់នៅលើទឹកប្រមាណជាង ២ពាន់ (២.៣៩៧) គ្រួសារ ក្នុងនោះមានផ្ទះបណ្ដែតទឹកជាង ១ពាន់ខ្នង ប៉ុន្តែរបាយការណ៍មិនបានបញ្ជាក់ថា មានពលរដ្ឋខ្មែរប៉ុន្មានគ្រួសារដែលរស់នៅលើបឹងទន្លេសាប ជាមួយជនជាតិវៀតណាមនោះទេ។ កន្លែងដែលជនជាតិវៀតណាមរស់នៅច្រើនជាងគេ គឺនៅផ្សារក្រោម សង្កាត់កំពង់ឆ្នាំង តំបន់ឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ហើយក្រៅពីនោះនៅស្រុកកំពង់ត្រឡាច និងតំបន់ផ្សេងៗ ទៀត។
អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ ធ្លាប់ត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់សំដី ចុះផ្សាយថា នៅក្រុងកំពង់ឆ្នាំងមានជនជាតិវៀតណាម ៩៩៦គ្រួសារ រស់នៅលើផ្ទះបណ្ដែតទឹក។ ពួកគេនឹងទៅរស់នៅលើដីទំហំជាង ៤០ហិកតារ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលអាជ្ញាធរខេត្ត បានសុំអនុប្បយោគពីរបបក្រុងភ្នំពេញ សុំកាត់ចេញពីតំបន់ដីលិចទឹក។
បើទោះជាបែបណា ពលរដ្ឋរងផលប៉ះពាល់ពីការកាត់ដីស្រែនៅស្រុកបរិបូរណ៍ ឲ្យដឹងថា ដីដែលអាជ្ញាធរបានដកហូតពីពួកគេ គឺឃើញមានតែជនជាតិខ្មែរទេ មិនមានជនជាតិវៀតណាមទេ។ អ្នកខ្លះ បានរើផ្ទះ យកមកសាងសង់នៅបណ្ដើរៗ និងខ្លះទៀត បានបោះបង្គោលរបងព័ទ្ធជុំវិញដី ដែលអាជ្ញាធរដកហូតនោះហើយ ប៉ុន្ដែសម្រាប់ក្រុមកសិករទាំង ៣៣គ្រួសារវិញលែងអាចចូលធ្វើស្រែប្រាំងបានទៀតហើយដោយសារអាជ្ញាធរ និងប៉េអឹមស្រុក តែងទៅដកហូត គោយន្ដ និងនាំខ្លួនទៅអធិការដ្ឋានប៉ុស្ដិ៍រដ្ឋបាល នៅពេលកសិករជំនះទៅធ្វើស្រែ៖ «គាត់បាន អូសផ្ទះរបស់គាត់តាំងពីថ្ងៃទី១២ ខែ១០ ឆ្នាំ២០១៨មកហើយមានន័យថា អូសផ្ទះមកលើដីពួកខ្ញុំទៅហើយ អ្នកដែលអត់ផ្ទះគាត់បោះរបង សូម្បីខ្ញុំចូលទៅប្រក់ ក៏គេចូលទៅហាមឃាត់ផងដែរ គ្រាន់តែប្រជាពលរដ្ឋពួកខ្ញុំយកគោយន្តទៅ ដាក់នៅលើដីហ្នឹង ក៏គេយកកម្លាំងប៉េអឹមស្រុកកម្លាំងប៉ូលីសស្រុកកម្លាំងប្រជាការពារភូមិមករឹប គោយន្តរបស់ពួកខ្ញុំនឹងយកទៅដាក់នៅឃុំ»។
កសិករឲ្យដឹងថា ជម្លោះនេះ កើតឡើងជាង ១ខែហើយ គឺចាប់តាំងពីកំឡុងខែតុលា។ ជាង ១ខែមកនេះ ពលរដ្ឋអះអាងថា បានដាក់ពាក្យប្ដឹងទៅសាលាឃុំ សាលាស្រុក និងសាលាខេត្តកំពង់ឆ្នាំងរួចហើយ ប៉ុន្ដែមិនមានដំណោះស្រាយទេ។ ក្រុមកសិករ ប្រាប់ថា ក្រោយពេលតវ៉ាមុខសាលាស្រុក មន្ត្រីសាលាស្រុកបរិបូរណ៍បានកោះហៅពលរដ្ឋទៅប្រជុំរកដំណោះស្រាយហើយនៅម៉ោងជិត ៥ល្ងាចថ្ងៃទី២៦ វិច្ឆិកា អភិបាលស្រុកបរិបូរណ៍ លោក ឃួន សារុំ បានសម្រេចថា ដកហូតយកដី ពលរដ្ឋម្នាក់ ៥០ម៉ែត្រ ដែលនៅអមសងខាងផ្លូវ។
អាស៊ីសេរី មិនអាចសុំការបញ្ជាពី អភិបាលស្រុកបរិបូរណ៍ លោក ឃួន សារុំ ដើម្បីសុំពន្យល់អំពីរឿងនេះបានទេ កាលពីថ្ងៃទី ២៦ វិឆ្ឆិកា ដោយសារ លោកឆ្លើយថា ស្ដាប់មិនលឺ ក្រោយពេលអ្នកយកព័ត៌មានប្រាប់ថាទូរស័ព្ទពីវិទ្យុអាស៊ីសេរី។
ប៉ុន្ដែសារព័ត៌មានក្នុងស្រុកស្រង់សំដី លោក ឃួន សៅរុំ ចុះផ្សាយថា អាជ្ញាធរបានកាត់ដីពីពលរដ្ឋទាំងនោះម្នាក់បន្តិចៗសរុបអស់ជាង ១៦ហិកតាដើម្បីរៀបចំទៅឲ្យពលរដ្ឋដែលជម្លៀសចេញពីលើទឹក ហើយដីនៅសេសសល់ គឺពលរដ្ឋទាំងនោះអាចបន្តបង្កបង្កើនផលបានដដែល។
អភិបាលស្រុកបរិបូរណ៍ អះអាងថា ការដែលអាជ្ញាធរហ៊ានកាត់ដីពីពលរដ្ឋទាំងនោះ ដោយមិនផ្តល់សំណង ដោយសារតែដីនោះ ជាដីតំបន់ហាមឃាត់ ដែលពលរដ្ឋលួចរុករានដើម្បីបង្កបង្កើនផល។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថា អាជ្ញាធរគួររកយន្ដការសម្របសម្រួលគ្នាឲ្យបានល្អជាងនេះ ព្រោះប្រសិនបើពលរដ្ឋទាំងនោះទៅរុករានដីរដ្ឋខុសច្បាប់ហេតុអ្វីអាជ្ញាធរមិនទៅហាមឃាត់ពីដំបូង ដោយបណ្តាលឲ្យពលរដ្ឋកាន់កាប់ និងបង្កបង្កើនផលរហូតមកដល់បច្ចុប្បន្ន។ លោក ស៊ឹង សែនករុណា មើលឃើញថា អាជ្ញាធរមិនគួរប្រើយន្ដការជម្លៀសពលរដ្ឋ ទៅនៅលើដីពលរដ្ឋបែបនេះទេ ជាការធ្វើមានទំនាស់រវាងអាជ្ញាធរ ជាមួយពលរដ្ឋ និងទំនាស់រវាងពលរដ្ឋម្ចាស់ដី និងពលរដ្ឋទើបជម្លៀសថ្មី។
ក្រុមកសិករ៣៣គ្រួសារ នៃឃុំផុនរ៉ង់ ស្រុកបរិបូរណ៍ ព្រមានថា នៅក្នុងរដូវប្រាំងឆ្នាំនេះ ប្រសិនបើពួកគេមិនមានដីធ្វើស្រែទេ ពួកគេនឹងយកពេលវេលាធ្វើស្រែ ទៅដើរតវ៉ានៅតាមស្ថាប័នរដ្ឋ ដើម្បីទាមទារដីស្រែមកវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។