ពលរដ្ឋ ២៥ គ្រួសាររស់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចោទប្រកាន់អភិបាលស្រុកសៀមប៉ាងថា ឃុបឃិតគ្នារំលោភយកដីកសិកម្មរបស់ពួកគាត់អស់ជាច្រើនហិកតា ដើម្បីលក់ជាប្រយោជន៍បុគ្គល។ អ្នកភូមិទាំងនោះ បានធ្វើដំណើរទៅការិយាល័យសមាគមអាដហុកខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៤ ខែមីនា ដើម្បីពឹងឱ្យមន្ត្រីការពារសិទ្ធិមនុស្ស ជួយប្រឹក្សាផ្នែកច្បាប់ និងអន្តរាគមន៍ទៅអាជ្ញាធរខេត្តនេះ ឱ្យពន្លឿនផ្តល់ដំណោះស្រាយរឿងនេះ។
ក្រុមពលរដ្ឋទាំងនោះ ភាគច្រើនជាជនជាតិភាគតិចឡាវ រស់នៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង កំពុងកើតទុក្ខមិនសុខចិត្ត ករណីអភិបាលស្រុក លោក ផាន់ យុទ្ធ ឃុបឃិតគ្នាជាប្រព័ន្ធ រំលោភយកដីស្រែចម្ការរបស់អ្នកភូមិសរុបជាង ៣០ ហិកតាដើម្បីលក់ចែកផលប្រយោជន៍គ្នា។
តំណាងពលរដ្ឋលោក ឃឿន ថង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៤ ខែមីនាថា គ្រួសារលោក មានដី ១០ ហិកតា គ្រប់គ្រងជាង ២០ ឆ្នាំមកហើយ តែត្រូវបានអភិបាលស្រុករូបនេះ រំលោភយកទាំងស្រុង បង្កឱ្យប៉ះពាល់ជីវភាពធ្ងន់ធ្ងរ ដោយសារគ្មានដីដាំដុះចិញ្ចឹមជីវិត។ លោកថា អ្នកភូមិជាច្រើនគ្រួសារទៀត ក៏រងគ្រោះដូចលោកដែរ ហើយពួកលោកបានពឹងសុំកិច្ចអន្តរាគមន៍ ទៅអាជ្ញាធរខេត្តស្ទឹងត្រែងរួចហើយ កាលពីចុងឆ្នាំ២០២១ តែពុំទទួលបានលទ្ធផលនោះទេ៖ «អត់មានយកជាទ្រព្យរបស់រដ្ឋទេ គាត់យកលក់ហ្នឹងហើយ។ បើយកជាទ្រព្យរបស់រដ្ឋ ខ្ញុំមិនថាទេ ប្តឹងហើយ តែគេដោះស្រាយអត់បាន។ ម្តងនេះ ធ្វើរបងព័ទ្ធប៉ះពាល់ដីយើងបានដាំដំណាំ គេឈូសឆាយ។ គេយកអស់ហើយ ដីតែប៉ុណ្ណឹង ធ្វើស្រែក៏មិនគ្រាន់ហូប»។
ពលរដ្ឋម្នាក់ទៀតលោក គុ ប៊ុន ឱ្យដឹងថា ដីដែលមានជម្លោះនោះ ឋិតនៅចំណុចត្រពាំងកកោះ ដែលអ្នកភូមិធ្វើស្រែ និងចម្ការ បង្កបង្កើនផលចិញ្ចឹមជីវិតជិត ២០ឆ្នាំមកហើយ តែត្រូវបានអាជ្ញាធរមូលដ្ឋាន ធ្វើរបងហ៊ុមព័ទ្ធ និងឈូសឆាយផលដំណាំខ្ទេចខ្ទី កាលពីចុងឆ្នាំ២០២១។ លោកថា អភិបាលស្រុកលោក ផាន់ យុទ្ធ បានរំលោភយកដីរបស់លោក ទំហំ ១០ ហិកតាធ្វើឱ្យគ្រួសាររបស់លោក ដែលមានសមាជិកជាង ១០នាក់ លំបាកវេទនា និងគ្មានដីធ្វើកសិកម្មចិញ្ចឹមជីវិតនៅឆ្នាំនេះ៖ «ប៉ះពាល់ដីវាតិចតួច ខ្ញុំធ្វើស្រែក៏វាអត់គ្រាន់ហូបដែរ ដាំណាំខ្ញុំក៏អស់ហើយ ដីខ្ញុំគេយកទៀត គាត់ដោះស្រាយអត់ចេញទៀត។ ខ្ញុំដាក់បង្គោលរបង គាត់ឈូសឆាយបង្គោលរបងខ្ទេចខ្ទី ឥលូវគោចូលស៊ីដំណាំនៅចម្ការខ្ញុំខ្ទេចខ្ទី»។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាច ទាក់ទងសុំការបំភ្លឺរឿងនេះ ពីអភិបាលស្រុកសៀមប៉ាងលោក ផាន់ យុទ្ធ និង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គុង បាននៅឡើយទេ នៅថ្ងៃទី៤ ខែមីនា ដោយទូរសព្ទហៅចូលតែគ្មានអ្នកលើក។
ប៉ុន្តែមេឃុំថ្មកែវ លោក ស៊ឹម ដាន បញ្ជាក់យ៉ាងខ្លីថា ជម្លោះដីធ្លីនេះ អាជ្ញាធរបានដោះស្រាយរួចរាល់ម្តងហើយ ប៉ុន្តែពលរដ្ឋមួយចំនួន នៅតែមិនសុខចិត្តចំពោះដំណោះស្រាយនេះ។ លោកបដិសេធមិនអធិប្បាយលម្អិតថា តើអាជ្ញាធរដោះស្រាយជូនពលរដ្ឋយ៉ាងដូចម្តេចនោះទេ។ តែយ៉ាងណា លោកទទួលស្គាល់ថា មានពលរដ្ឋមួយចំនួន ត្អូញត្អែរពីបញ្ហាជម្លោះដីធ្លីនេះ ប៉ុន្តែភារកិច្ចដោះស្រាយរឿងនេះ គឺហួសពីសមត្ថកិច្ចអាជ្ញាធរឃុំហើយ៖ «គេដោះស្រាយមួយវគ្គហើយ គេមានផែនការឱ្យដីធ្លីគ្រប់ហើយតើ ប៉ុន្តែគាត់ទៅ សើរើឡើងវិញ តែខ្ញុំនឹងទាក់ទងទៅអភិបាលស្រុកសិន»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តស្ទឹងត្រែងលោក ប៊ី វ៉ាន់នី ស្នើឱ្យអាជ្ញាធរខេត្តស្ទឹងត្រែង គួរតែចុះពិនិត្យវិវាទដីធ្លីនេះឱ្យច្បាស់លាស់។ លោកបន្តថា ប្រសិនបើរកឃើញថា មានជាប់ពាក់ព័ន្ធ អភិបាលស្រុកសៀមប៉ាង និងអាជ្ញាធរមួយចំនួនទៀត រំលោភយកដីពលរដ្ឋ ធ្វើជាកម្មសិទ្ធិល្មើសច្បាប់ អាជ្ញាធរខេត្តត្រូវដាក់ពិន័យរដ្ឋបាល និងអនុវត្តច្បាប់ជាធរមាន។ លោកថា គោលនយោបាយរបស់រដ្ឋាភិបាល មិនអនុញ្ញាតឱ្យ អាជ្ញាធរប្រើអំណាចជាមន្ត្រីរាជការ រំលោភយកដីកម្មសិទ្ធិ ឬធ្វើឱ្យប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋាន របស់ពលរដ្ឋនោះទេ៖ «កាលណាយើងធ្វើបែបហ្នឹង វាធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈផង និងប៉ះពាល់ការគ្រប់គ្រងរដ្ឋបាលសាធារណៈផង ជាពិសេសប៉ះពាល់ទំនុកចិត្តរបស់ពលរដ្ឋ។ ថ្មីៗ សម្តេច ស ខេង ណែនាំឱ្យមន្ត្រីមូលដ្ឋាន ដោះស្រាយផលប៉ះពាល់របស់ពលរដ្ឋឈរលើគោលការណ៍ច្បាប់ជាដើម»។
តំណាងពលរដ្ឋលោក ឃឿង ថង បន្ថែមថា ប្រសិនបើអាជ្ញាធរដកហូតដី ដើម្បីប្រគល់ជូនរដ្ឋ ពួកលោកមិនជំទាស់នោះទេ ប៉ុន្តែលោកថា អាជ្ញាធរដកហូតដីទាំងនោះ ដើម្បីគ្រប់គ្រង ជាសម្បត្តិឯកជន និងមានដីខ្លះទៀត លក់ចែកគ្នា។ លោកថា មកទល់ពេលនេះជិត ១ឆ្នាំមកហើយ ដែលពលរដ្ឋ ២៥ គ្រួសារ មិនអាចចូលទៅអាស្រ័យផល និងបង្កបង្កើនផល នៅតំបន់ដីមានជម្លោះនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។