ប្រពន្ធជនរងគ្រោះដែលប្ដីត្រូវយោធាបាញ់ឲ្យរបួសកាលពីថ្ងៃទី ៣ មិថុនា បានប្ដេជ្ញាចិត្តស្វែងរកយុត្តិធម៌ពីស្ថាប័នពាក់ព័ន្ធ។ ការលើកឡើងនេះដោយសារតែសមត្ថកិច្ច មិនទាន់បង្ហាញ ឬវែកមុខជនល្មើសដែលបាញ់ប្រហារដោយហិង្សា ដើម្បីផ្តល់យុត្តិធម៌ដល់គ្រួសារជនរងគ្រោះនៅឡើយ។
គ្រួសារក្រីក្រមួយរស់នៅភូមិអង្គស្រែពោធិ៍ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល ស្នើឱ្យរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ជួយស្វែងរកយុត្តិធម៌ឱ្យប្ដី បន្ទាប់ពីក្រុមយោធាបាញ់គ្រប់ពិតបណ្ដាលឱ្យប្ដីរងរបួសធ្ងន់ដេកដួលលើវាលស្រែ ហើយកំពុងត្រូវពេទ្យសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ប្រពន្ធជនរងគ្រោះ លោក មុំ ចន្ថា គឺ លោកស្រី គាំ សាវន រៀបរាប់ប្រាប់ថាប្ដីលោកស្រីមាន អាការៈគាត់មិនទាន់ល្អប្រសើរនោះទេ។ លោកស្រីព្រួយបារម្ភពីមុខរបួសប្ដី ដែលត្រូវគ្រាប់កាំភ្លើងធ្លាយស្មាខាងឆ្វេងបន្តហូរឈាម។ ប្រពន្ធជនរងគ្រោះរូបនេះអះអាងថារហូតដល់ពេលនេះសមត្ថកិច្ចមិនទាន់បង្ហាញមុខជនប្រព្រឹត្ត ដើម្បីផ្តល់ក្ដីសង្ឃឹមដល់លោកស្រីនៅឡើយទេ ប៉ុន្តែលោកស្រីនឹងបន្តទាមទាររកយុត្តិធម៌ឱ្យប្ដីតាមស្ថាប័នរដ្ឋាភិបាល និងអង្គការសិទ្ធិមនុស្សដើម្បីជួយផ្លូវច្បាប់ វែកមុខជនល្មើសយកផ្ដន្ទាទោស៖ « បើអត់ប្ដីខ្ញុំមួយរកអត់កើត ខ្ញុំធ្វើការរោងចក្របានណាគេ រឿងដែលកើតឡើងមានអារម្មណ៍ថា ភ័យខ្លាចមានគ្រោះថ្នាក់ស្លាប់អ៊ីចឹងទៅ គាតអ្នកណាអ្នកបាញ់ពិបាកអ៊ីចឹង ចង់រកយុត្តិធម៌ឱ្យគាត់»។
ឆ្លើយតបរឿងនេះអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ប្រាប់អាស៊ីសេរីថា លោកបានចាត់អភិបាលរងខេត្ត និងមន្ត្រីផ្សេងទៀតទៅសួរសុខទុក្ខ ផ្តល់ប្រាក់មួយចំនួន និងសុំទោស រួមទាំងចេញថ្លៃព្យាបាលជំងឺឱ្យគ្រួសារជនរងគ្រោះនៅមន្ទីរពេទ្យដែរ។ លោកអះអាងថា ក្រោយកើតហេតុអាជ្ញាធរ បានជួបប្រជាពលរដ្ឋដោយសន្យាខិតខំដោះស្រាយករណីនេះតាមរយៈគណៈកម្មការអន្តរក្រសួង៖ «មិនមែនជាបុគ្គលទេ អាហ្នឹងគឺប្រើបេសកកម្មអង្គភាព យើងនឹងណែនាំ យើងនឹងតបស្នង ការសងគុណការជួយសង្គ្រោះ ការព្យាបាលឡើងវិញ ហើយក្នុងនាមរដ្ឋបាលខេត្តសុំខមាទោសបងប្អូនប្រជាជន និងសុំទោសចំពោះសាធារណជន ថាអង្គភាពយោធាបានប្រើនេះជ្រុលដៃបន្តិច ការបាញ់ឡើងលើនេះប៉ះដល់ប្រជាជន»។
ចំណែកអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បញ្ជាក់ដដែលថា ករណីនេះលោកសុំមិនផ្តល់ព័ត៌មានលំអិតជុំវិញរឿងនេះ ដោយលោកលើកហេតុផលថា សមត្ថកិច្ចកំពុងស៊ើបអង្កេត៖ «អត់បានធ្វើការហ្នឹង កំពុងធ្វើហើយបានមិន មិនទាន់រាយការណ៍ទេ គឺស្ថិតក្នុងការស៊ើបអង្កេតដូចខ្ញុំបាននិយាយអ៊ីចឹង»។
កាលពីថ្ងៃទី៣ មិថុនា ពលរដ្ឋជាង ៣០០នាក់ បានលើកគ្នាទៅឃាត់គ្រឿងចក្រ ដែលក្រុមយោធាបម្រុងយកទៅឈូសឆាយដីស្រែដែលកំពុងមានទំនាស់ជាមួយប្រជាពលរដ្ឋ។ ពេលពលរដ្ឋកំពុងតវ៉ា ស្រាប់តែក្រុមយោធាប្រើប្រាស់គ្រាប់កាំភ្លើងពិតបាញ់ទៅលើដីនិងឡើងលើ ប៉ុន្តែត្រូវពលរដ្ឋម្នាក់។ ដីមានទំនាស់របស់ពលរដ្ឋនិងក្រុមយោធា មានទំហំ ២៨០ហិកតារ។
ពាក់ព័ន្ធទៅនឹងរឿងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មើលឃើញថា ករណីក្រុមយោធាបាញ់បង្ក្រាបប្រជាពលរដ្ឋបណ្ដាលឱ្យរងរបួសនេះ សង្គមស៊ីវិលចាត់ទុកការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកសង្កេតឃើញថាករណីហិង្សាបាញ់លើពលរដ្ឋនេះតែងតែកើតឡើងបន្តបន្ទាប់ ដែលបណ្ដាលឱ្យពលរដ្ឋរងរបួស ពិការ និងស្លាប់ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធមិនបានស្វែងរកជនល្មើស ឬអ្នកទទួលខុសយកមកផ្ដន្ទាទោសនោះទេ។ សង្គមស៊ីវិលក៏ទាមទារឱ្យអាជ្ញាធរស៊ើបអង្កេតករណីហិង្សានេះដោយត្រឹមត្រូវ តម្លាភាព ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងលុបបំបាត់អំពើនិទណ្ឌភាព បញ្ឈប់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធបង្កហិង្សាបន្តទៀត៖ «សុំទោស ចេញថ្លៃព្យាបាលហើយបញ្ចប់ អាហ្នឹងហើយដែលគេហៅថាវប្បធម៌និទណ្ឌភាព វាអាចកើតឡើងបន្តទៅទៀតពីព្រោះអ្នកដែលប្រើប្រាស់អាវុធបាញ់ ដែលធ្វើឱ្យពលរដ្ឋត្រូវរបួស ហើយអ្នកដែលពាក់ព័ន្ធអត់ត្រូវបានយកទៅអនុវត្ត អាហ្នឹងវប្បធម៌និទណ្ឌភាពហើយ អ្នកដែលពាក់ព័ន្ធត្រូវតែធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ហើយកំណត់អនុវត្តទៅតាមផ្លូវច្បាប់ អាហ្នឹងជាយុត្តិធម៌ពេញលេញ ហើយជាការទប់ស្កាត់ដើម្បីកុំឱ្យមានទង្វើហ្នឹងតទៅទៀត»។
សង្គមស៊ីវិលរូបនេះយល់ថាការសុំទោស និងចេញថ្លៃព្យាបាលឱ្យជនរងគ្រោះ គឺមិនបិទបញ្ចប់អំពើនិទណ្ឌភាពបានឡើយ ព្រោះជនដែលប្រព្រឹត្តមិនបានយកទៅអនុវត្តទោសតាមច្បាប់។ លោកថាករណីនេះសង្គមស៊ីវិលនឹងពិចារណា ប្រសិនគ្រួសារជនរងគ្រោះត្រូវការមេធាវីរបស់អង្គការ។
ករណីយោធាប្រើប្រាស់កាំភ្លើងពិតបាញ់ប្រហារពលរដ្ឋរឿងទំនាស់ដីធ្លីនេះ តែងកើតមានជាញឹកញាប់នៅកម្ពុជា តួយ៉ាងដូចជា នៅខេត្តក្រចេះកាលពីឆ្នាំ២០១៨ និងខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៩ ជាដើម។ សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលប្រើប្រាស់ យន្តការដោះស្រាយបញ្ហាដីធ្លីដែលមានស្រាប់ ដើម្បីជៀសវាងអំពើហិង្សារបស់មន្ត្រីយោធាទៅលើពលរដ្ឋស្លូតត្រង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។