បុរស​រង​​គ្រោះ​​ដោយ​​សារ​យោធា​​បាញ់​​ក្នុង​ជម្លោះ​ដីធ្លី​នៅ​​ស្រុក​​អង្គ​ស្នួល​​បន្ត​ស្នើ​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន​ផ្តល់​​យុត្តិ​ធម៌​​

ដោយ ជី វិតា
2021-09-13
Share
បុរស​រង​​គ្រោះ​​ដោយ​​សារ​យោធា​​បាញ់​​ក្នុង​ជម្លោះ​ដីធ្លី​នៅ​​ស្រុក​​អង្គ​ស្នួល​​បន្ត​ស្នើ​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន​ផ្តល់​​យុត្តិ​ធម៌​​ (រូប​ឆ្វេង) គ្រាប់​កាំភ្លើងដែល​ពលរដ្ឋ​រើសបាន​ក្រោយ​ហេតុការណ៍យោធាបាញ់រះលើពលរដ្ឋ (រូបស្ដាំ) អាវ​ពលរដ្ឋ​ដែល​រង​គ្រាប់​​របស់​យោធាបាញ់​រះ​ក្នុង​ហេតុការណ៍តវ៉ា​នៃ​ជម្លោះដី នា​ភូមិ​អង្គស្រែពោធិ៍ ឃុំ​ទួលព្រិច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល នៅ​ថ្ងៃទី៣ ខែ​មិថុនា ឆ្នាំ​២០២១។
Photo provided

បុរស​រង​​គ្រោះ​​ដោយ​​យោធា​​បាញ់​បណ្តា​ល​ឱ្យរបួល​ធ្ងន់​ក្នុង​​ជម្លោះ​ដីធ្លី​នៅ​​ស្រុក​​អង្គ​ស្នួល ខេត្តកណ្តាល​ កាល​ដើម​ខែមិ​ថុនា បន្ត​ស្នើ​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន​ផ្តល់​​យុត្តិ​ធម៌​​ដល់​​គាត់ បន្ទាប់​ពី​ស្ថាប័ន​ទាំង​នោះ​ហាក់​ព្រងើយ​កន្តើយ​ជុំវិញ​ដំណោះ​ស្រា​យ​ករណី​ហិង្សា​នេះ។ មន្រ្តីសង្គម​ស៊ីវិល ស្នើដល់​ស្ថាប័ន​មាន​សមត្ថកិច្ច ពន្លឿន​ការស្រាវ​ជ្រាវ​​ឬ​​ស៊ើប​អង្កេត​ឱ្យបាន​ឆាប់ ដើម្បី​វែក​មុខជន​​ល្មើស​យក​មក​អនុវត្តតាម​ច្បាប់ និង​​កសាង​​ទំនុក​ចិត្ត​លើ​ស្ថាប័ន​អនុវត្ត​ច្បាប់។

ករណីបុរស​រង​គ្រោះ​ដោយ​សារ​ក្រុម​កង​កម្លាំង​យោធា​នៃ​ក្រសួង​ការពារ​ជាតិ​បាញ់ធ្លាយ​ស្មាខាង​ឆ្វេង​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ នៅ​​​ភូមិ​​​អង្គ​​ស្រែពោធិ៍ ឃុំ​​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្ត​​កណ្តាល បន្តអូស​បន្លា​យ​រយៈពេល​ជាង ៤ខែ​មក​ហើយ​ ដោយពុំ​ឃើញ​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​មួយ​ចាត់​វិធានការ​ ដើម្បី​ផ្តល់​យុត្តិធម៌ដ​ល់ជ​នរង​គ្រោះ​នៅ​ឡើយ​ទេ។

ជន​​​រង​​​គ្រោះ​​​​លោក មុំ ចន្ថា ប្រាប់​​អាស៊ី​សេរី​​​នៅថ្ងៃទី១៣ ខែកញ្ញា​ថា ​​រហូត​​មក​​ដល់​​ពេល​​នេះ​អាជ្ញាធរ​​​មិន​​ទាន់​ផ្តល់​​ដំណឹង​ ​ឬ​​​បង្ហាញ​​លទ្ធ​ផល​​ស្រាវ​ជ្រាវ​ ឬ​ស៊ើបអង្កេត​ជុំវិញ​តាម​ការ​​សន្យា​​រស្វែង​​រក​​យុត្តិ​ធម៌ និង​ផ្តល់​​សំណង​នៅ​ឡើយ​ទេ។ លោក​សង្កេតឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធហាក់​ព្រងើយ​កន្តើយ និង​រក្សាភាព​ស្ងៀមស្ងាត់ ហើយលោក​បែរ​ជា​រង​ការ​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ​ទៅ​វិញ បន្ទាប់​ពី​លោក​បញ្ចេញ​មតិ​ទាមទារ​យុត្តិធម៌​ជុំវិញ​រឿង​នេះ។ ជន​​គ្រោះ​​​​រូប​​​នេះ​​​ឱ្យដឹង​ថា ស្ថានភាព​​របួស​​​របស់​​​​លោក​​​​​មិន​​​​ទាន់​​​​ជា​​សះ​​ស្បើយ​​​ដូចធម្មតា​ទេ ព្រោះ​​​នៅ​​​​​​ឈឺ​​ចុក​​​ចាប់​​ត្រង់​​ឆ្អឹង​​​ដែល​បាក់ដោ​យ​សារ​ត្រូវ​គ្រាប់​កាំភ្លើង ហើយលោ​ក​ត្រូវ​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ស្ទើរ​​រាល់​ថ្ងៃ ហើយ​ពេល​ខ្លះលោក​ឈឺ​ចាប់​ខ្លាំង​ដោយ​ត្រូវហៅ​គ្រូពេទ្យ​ចាក់​ថ្នាំទៀត​ផង។ លោក​​​​ត្អូញត្អែរ​ថា ក្រោយ​រង​របួស​មក ជីវភាព​គ្រួសារ​របស់​លោក​រស់​នៅ​ទាំងត្រដាប​ត្រដួស ដោយ​ពឹង​ផ្អែក​លើ​ប្រពន្ធធ្វើការងារ​រោងចក្រ​ដើម្បី​បង់​ថ្លៃថ្នាំ​និង​ការ​ព្យាបាល​ផង រួមទាំង​ដោះបំណុល​ឯកជន​និង​ផ្គត់ផ្គង់​គ្រួសារ​ផង ព្រោះ​លោកមិន​អាច​ធ្វើការងារ​រក​ប្រា​ក់​ដូច​ជួយ​គ្រួសារ​គ្រា​មុន​បានទេ៖ «ខ្ញុំ​ចង់​ឱ្យ​យុត្តិធម៌​​ដល់​​ប្រជា​ពលរដ្ឋ​ដែរ​​ហ្នឹង​​ព្រោះ​​អី​​ខ្ញុំ​​ក៏​ជាប្រជា​ពល​រដ្ឋ ហូប​ថ្នាំ​រាល់​ថ្ងៃ​នៅ​ឈឺ​ក្នុង​ឆ្អឹង​ ជួន​កាល​​ដើរៗ​ ឮ​សូរឆ្អឹង​ ឈឺ​ចាប់រាល់​ថ្ងៃ​។ កាល​ណា​ឈឺ​​ខ្លាំង​ ទៅ​ឱ្យ​ពេទ្យ​គេ​ចាក់​ថ្នាំ​ទៅ​បាន​ធូរ​ទៅ​ក៏​ផ្អាក​ចាក់ទៅ»។

កាល​​​​ពី​​​ថ្ងៃ​​​​ទី​​​៣ ខែមិថុនា ពល​រដ្ឋ​​​​​ជាង​​​​ ៣០០នាក់ បាន​​​​​លើក​​​​​គ្នា​​​​​ទៅ​​​​ឃាត់​​​​​គ្រឿងចក្រ ដែល​​​​​ក្រុម​​​យោធា​​​​បម្រុង​​​​យក​​​​ទៅ​​​​ឈូស​​​​ឆាយ​​​​ដី​​​​ស្រែ​​​ដែល​​​​​កំពុង​​​​​មាន​​ទំនាស់​​​​​ជា​​មួយ​​​​​ប្រជា​​​​ពលរដ្ឋ​​នៅ​​​​​ភូមិ​​​​អង្គ​​​​ស្រែ​​​ពោធិ៍ ឃុំ​​​ទួល​ព្រិច ស្រុក​​​​អង្គ​​ស្នួល ខេត្ត​​​កណ្តាល។ ពេល​​​ពល​​រដ្ឋ​​​​កំពុង​​​​តវ៉ា ស្រាប់​​​​តែ​​​​ក្រុម​​​​យោធា​បាន​​​បង្ក្រាប​ពល​រដ្ឋ ដោយ​​​​បាញ់​រះ​​​​គ្រាប់​​​​​កំា​​​ភ្លើង​​​​ពិត​​​បណ្តាល​​​​ឱ្យ​​​​ពល​​រដ្ឋ​​​​ម្នាក់​​​របួស​​​​ធ្ងន់។

ជុំវិញវិញរឿងនេះ អ្នកនាំពាក្យកងទ័ព​ជើងគោកនៃ​កងយោធពលខេមរភូមិន្ទ លោក ម៉ៅ ផល្លា ប្រាប់ថា ករណីយោធា​បាញ់​ពលរដ្ឋឱ្យ​រង​របួស​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​កន្លង​មក​នេះ ​មិន​ស្ថិត​នៅក្រោ​ម​អង្គភាព​របស់​លោក​នោះ​ទេ ដោយលោ​ក​រុញ​ឱ្យ​សួរ​អ្នកនំាពាក្យ​ក្រសួង​ការពារ​ជាតិ​វិញ។ ចំណែក​អ្នក​នំាពាក្យ​ក្រសួង​ការពារ​ជាតិ​លោក ឈុំ សុជាត និង​​អភិបាល​​ខេត្ត​កណ្តាល​​លោក គង់ សោភ័ណ្ឌ ប្រាប់ថា ជាប់​រវល់​ប្រជុំ។ ប៉ុន្តែកន្លង​មក​លោក គង់ សោភ័ណ្ឌ បាន​​អះ​អាង​​​ប្រាប់​​អាស៊ី​​សេរី​​ថា អាជ្ញាធរ​​​បាន​​​បញ្ជូន​​​សំណុំ​​រឿង​​​ហិង្សា​​​ដែល​​​យោធា​​​បាញ់​​​ពលរដ្ឋ​​រង​របួស​​​នោះ​​ដាក់​​​ទៅ​​​តុលា​ការ​​ដើម្បី​​​បន្ត​​​​នីតិ​​វិធី​​​រួច​​​​ហើយ។ ​ប៉ុន្តែជន​​រង​គ្រោះប​ញ្ជាក់​​ថា លោក​​កំពុង​​ទន្ទឹង​​រង​ចាំ​​យុត្តិធម៌​​ជាង ៤ខែ​មក​​ហើយ ដោយ​ពុំ​ទាន់​​មាន​​លទ្ធ​ផល​​តាម​​ការ​​សន្យារ​​សោះ។

វិទ្យុ​អាស៊ី​សេរី ក៏​មិន​​អាច​​ទាក់​ទង​​អ្នក​​នាំ​​ពាក្យ​​​តុលា​ការ​​​ខេត្ត​​កណ្តាល​លោក សូ សារិន ដើម្បី​បក​ស្រាយ​ជុំ​វិញរឿង​នេះ​បាន​ទេ នៅថ្ងៃទី១៣ ខែកញ្ញា ដោយទូរស័ព្ទចូលតែពុំមានអ្នកទទួល។

ជុំវិញ​​រឿង​​នេះ អ្នកនាំពាក្យសមា​​គម​​​ការ​​ពារ​​​សិទ្ធិ​​​មនុស្ស​​​អាដ​ហុក (ADHOC) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សង្គមស៊ីវិលព្រួយបារម្ភដែលអាជ្ញាធនិងតុលាការមិនទាន់បង្ហាញលទ្ធផលស៊ើបអង្កេត ឬចំណាត់ការជាក់លាក់ណាមួយឈានដល់ការវែកមុខជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។ លោកថា ប្រការនេះ​វា​ធ្វើឱ្យវប្បធម៌និទណ្ឌភាពបន្តកើតឡើងនៅក្នុងសង្គមថែមទៀត ហើយពលរដ្ឋនឹងបាត់បង់ជំនឿលើការអនុវត្តច្បាប់។ លោកយល់​ថា​ ករណី​នេះ​អាជ្ញាធរ​ពាក់​ព័ន្ធ​មិន​ពិបាក​ស្រាវ​ជ្រាវ​ឬ​ស៊ើប​អង្កេតយូរ​ទេ ប្រសិន​បើ​អាជ្ញាធរទាំងនោះ​មាន​ឆន្ទៈ​ស្វែរកជនល្មើសយកមកអនុវត្តច្បាប់ដើម្បីផ្តល់យុត្តិ​ធម៌​ដល់​ជន​រង​គ្រោះ។ លោក បន្ថែម​​ថា ប្រសិនបើមានករណីគំរាមកំហែងជនរងគ្រោះមិនឱ្យសម្តែងមតិទាមទារយុត្តិធម៌ជុំវិញរឿងនេះ គឺជាអំពើល្មើសច្បាប់ និងរំលោភបំពានសិទ្ធិពលរដ្ឋធ្ងន់​ធ្ងរ៖ «រឿង​របស់​ពលរដ្ឋ​ដែល​រង​គ្រោះ​មិន​នាំ​គ្នា​ស្វែង​រក​ដំណោះស្រាយ​រក​យុត្តិធម៌​ជូន​ពួក​គាត់​ទៅ​តាម​ផ្លូវ​ច្បាប់​ទេ​បែរ​ជា​ប្រើ​វិធាន​ផ្សេងៗ​បិទបាំងគំរាម​កំហែង ទៅ​ជា​យាយី​ដែល​មាន​ការ​រិះគន់​ពី​សហគមន៍​ជាតិ​និង​អន្តរជាតិ​អំពី​ប្រព័ន្ធ​យុត្តិធម៌​ឬ​ការ​អនុវត្តន៍​ច្បាប់​នៅ​ក្នុង​ប្រទេសកម្ពុជា​យើង​ហ្នឹង ​គឺមិន​មាន​ភាព​ឯករាជ្យ​មិន​មាន​ការ​អនុវត្តន៍​ឱ្យ​បាន​ត្រឹម​ត្រូវ​ហើយ​គេ​តែង​តែ​ហៅ ថា​ជា​អំពើ​និទណ្ឌ​ភាព​ហ្នឹង»។

រីឯករណីទំនាស់​​ដីធ្លី​​វិញ​លោក មុំ ចន្ថា ប្រាប់ថា អាជ្ញាធរ​ផ្តល់​សំណង​ជា​គោលនយោបាយ​ឱ្យពលរដ្ឋ ១.៦០០រៀល ឬស្មើ ០,៤ដុល្លារ​ក្នុងមួយ​​​ម៉ែត្រ​ការ៉េ ប៉ុន្តែព​លរដ្ឋចាត់ទុ​ក​ដំណោះ​ស្រាយ​បែប​នេះ​ជា​រឿង​អយុត្តិធម៌​ដែល​ពលរដ្ឋ​មិន​អាច​ទទួលយ​កបា​ន​ទេ ពីព្រោះ​តម្លៃ​ដែល​រដ្ឋផ្តល់​ឱ្យ​នេះ​តិចតួច​ មិន​អាច​ឱ្យ​ពលរដ្ឋ​យក​ទៅ​ដោះស្រាយ​ជីវភាព​បាន​ឡើយ។ លោកថា ពលរដ្ឋ​ស្នើ​ឱ្យអាជ្ញាធរ​ផ្តល់​សំណង​​គោល​​នយោ​បាយ​​​​​ឲ្យ​​​បាន​សមរម្យ​ដល់​ពលរដ្ឋ​​ ​​២ម៉ឺនរៀល​ (២០០.០០០)​​ ​​​ក្នុង​​​​ម៉ែត្រការ៉េ​​វិញ ប៉ុន្តែ​អាជ្ញាធរ​​មិន​​ទាន់ឆ្លើយតបសំណើរ​បស់​​ពលរដ្ឋ​​នៅឡើយ។

ករណី​​​​កម្លាំង​​​​យោធា​​ចុះ​​​​បង្ក្រាប​​​ពលរដ្ឋ​​​រឿង​​​ដី​​​ធ្លី​ដោយការ​​​​បាញ់​​​​ប្រហារ​ពលរដ្ឋ​​​​នោះ តែង​​​កើត​​​​មាន​​​​ជា​​​ញឹក​​​ញាប់ ដូច​​​​ជា​​​នៅ​​​ខេត្ត​​​ក្រចេះ​​​ក្នុង​​​ឆ្នាំ​​​២០១៨ និង​​​​ខេត្ត​​​ព្រះ​​​សីហនុ​​​ នៅ​​​ឆ្នាំ២០១៩ ជា​​​ដើម។

សង្គម​​​​ស៊ីវិល​ និង​​​ពលរដ្ឋ ជា​​ពិសេស​​ជន​​រង​​គ្រោះ​​​​ទាម​​ទារ​​​​ឱ្យ​​អា​ជ្ញាធរ​​​​ស៊ើប​​​អង្កេត​​​​ករណី​​​​ហិង្សា​​បាញ់​​​បោះ​​​លើ​​​ប្រជា​​​ពលរដ្ឋ​​​​នេះ​​​​ដោយ​​​ត្រឹម​​​​ត្រូវ តម្លា​​​ភាព ដោយ​​​វែក​​​មុខ​​​ជន​​ល្មើស​​​យក​​​មក​​​ផ្តន្ទា​​ទោស​​​តាម​​​ច្បាប់ ​ដើម្បី​​​លុប​​​​បំបាត់​​​​អំពើ​​​​និទណ្ឌ​​​​ភាព។ ពួក​​​គាត់​​​​ក៏​​​​ស្នើ​​​​ឱ្យ​​​​អា​ជ្ញាធរ បញ្ឈប់​​​​ការ​​​​ប្រើ​​​ប្រាស់​​​​កម្លាំង​​​​ប្រដាប់​​​អាវុធ​​​​បង្ក​​​​ហិង្សា​​​​លើ​​អ្នកតវ៉ាដីធ្លី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល