ក្រុមហ៊ុន​វៀតណាម និង​អាជ្ញាធរ​ខេត្តក្រចេះ បន្ត​ចុះ​ដុត​ផ្ទះ និង​គំរាម​ចាប់​ពលរដ្ឋ​កំពុងមាន​វិវាទ​ដីធ្លី

ដោយ​ សុជីវី
2024.07.02
ក្រុមហ៊ុន​វៀតណាម និង​អាជ្ញាធរ​ខេត្តក្រចេះ បន្ត​ចុះ​ដុត​ផ្ទះ និង​គំរាម​ចាប់​ពលរដ្ឋ​កំពុងមាន​វិវាទ​ដីធ្លី ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ត្រូវ​បាន​ក្រុមហ៊ុន​វៀតណាម​និង​អាជ្ញាធរ​ចុះ​ដុត​ផ្ទះ​សម្បែង​ចោល កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ២០២៤។ រូបភាពពលរដ្ឋ
Photo: RFA

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ​អះអាង​ថា ក្រុមហ៊ុន​វៀតណាម និង​អាជ្ញាធរ​បាន​ដាក់​គ្រឿងចក្រ​ជាច្រើន​ឈូសឆាយ​បំផ្លាញ​ផល​ដំណាំ ដុត​ផ្ទះសម្បែង និង​គំរាមកំហែង​ចាប់ខ្លួន​តំណាង​ពលរដ្ឋ​ដែល​ធ្លាប់​ឡើងទៅ​តវ៉ា និង​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ។ មន្ត្រី​សង្គម​ស៊ីវិល​នៅ​តែ​ទទូច​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​យុត្តិធម៌។

ប្រជាពលរដ្ឋ ស្ថិតនៅ​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ ដែល​កំពុងមាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited KVCL) និង​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង អះអាងថា ក្រុមហ៊ុន និង​អាជ្ញាធរខេត្ត បានដាក់​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ផលដំណាំ​កសិកម្ម ដុត​ផ្ទះសម្បែង​ពលរដ្ឋ​អស់​៧​ខ្នង និង​ព្យាយាម​តាម​ចាប់ខ្លួន​តំណាង​ពលរដ្ឋ ដែល​ប្រមូលគ្នា​ឡើងទៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ថែមទៀត។

តំណាង​ប្រជាពលរដ្ឋ ១​រូប​ក្នុងចំណោម ៥​រូប នៅ​ឃុំ​កោះខ្ញែរ លោក ហុន សុខហេង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១ ខែ​កក្កដា ថា អាជ្ញាធរខេត្ត​មិន​បាន​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ដូច​ពាក្យសន្យា​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​នោះទេ ផ្ទុយទៅវិញ ក្រុមហ៊ុន​វៀតណាម និង​អាជ្ញាធរ​ខេត្ត បន្ត​ចុះ​ដុត​បំផ្លាញ​ផ្ទះសម្បែង ផលដំណាំ​កសិកម្ម និង​គំរាមកំហែង​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ថែមទៀត។ លោក​ថា អាជ្ញាធរ​បាន​បោក​បញ្ឆោត​ឲ្យ​ពួកគាត់​ត្រឡប់​ទៅ​ស្រុក​វិញ ឈប់​ឲ្យ​តវ៉ា​នៅ​ភ្នំពេញ ដោយសារ​អាជ្ញាធរ​ចង់​បិទបាំង​ទង្វើ​អាក្រក់ និង​មិន​ទទួលខុសត្រូវ​ដែល​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ទាំងអស់នោះ​។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ថ្នាក់ជាតិ​អន្តរាគមន៍ និង​ស្វែងរក​ដំណោះស្រាយ​ដល់​ពួកគាត់។

លោក ហុន សុខហេង៖ «ដុត​ផ្ទះ និង​រុញ​ផ្ទះ​អស់​ចំនួន​៧​ខ្នង គេ​អត់​មាន​ឲ្យ​សាបព្រោះ​អាស្រ័យ​ផល​សព្វថ្ងៃ ហើយ​សព្វថ្ងៃ​គេ​មិន​ឲ្យ​សាបព្រោះ​អ្វី​ទេ​លើដី​ប្រជាពលរដ្ឋ​សព្វថ្ងៃ គេ​អត់​ដោះស្រាយ​តែម្ដង​និយាយ​រួម​ទៅ ដី​ប្រជាពលរដ្ឋ​មានតែ​ប៉ុណ្ណឹង​អស់​ប៉ុណ្ណឹង​មិនដឹង​មាន​អ្វី​ទៀត​អស់​ដី​ធ្វើស្រែ​ហើយ ។ សូម​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ពួក​ខ្ញុំ​ទាំង​៥​ភូមិ​ផង​។ ហើយ​ថ្ងៃនេះ​ខ្ញុំ​យកពាក្យ​បណ្ដឹង​ដាក់​ទៅ​សាលាស្រុក បើ​អត់​មាន​ដំណោះស្រាយ​ទៀត ខ្ញុំ​ឡើងទៅ​ភ្នំពេញ​ទៀត»។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាលរង​ស្រុក​សំបូរ លោក ចេង គឺមជប់ និង​អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន បាន​ទេ​នៅ​ថ្ងៃទី១ ខែ​កក្កដា។ ចំណែក​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ក៏​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​បានដែរ នៅ​ថ្ងៃ​ដដែល​នេះ

land.jpg
ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ត្រូវ​បាន​ក្រុមហ៊ុន​វៀតណាម​និង​អាជ្ញាធរ​ចុះ​ដុត​ផ្ទះ​សម្បែង​ចោល កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ២០២៤។ រូប៖ ​ពលរដ្ឋផ្ដល់ឱ្យ

ទោះជា​យ៉ាងណា កាលពី​ថ្ងៃទី​១៩ ខែ​មិថុនាកន្លង​ទៅ ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជិត​៥០​នាក់​បាននាំគ្នា​ឡើងមក​ភ្នំពេញ ដាក់​លិខិត​សុំ​កិច្ច​អន្តរាគមន៍ និង​ស្វែងរក​ដំណោះស្រាយ ពី​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ក្រុមហ៊ុន​វៀតណាម បញ្ឈប់​ការ​ឈូសឆាយ ដំណាំ​កសិកម្ម និង​ឈប់​ឲ្យ​អាជ្ញាធរ​ខេត្តក្រចេះ គំរាមកំហែង​ទៅលើ​ប្រជាពលរដ្ឋ ហើយ​អាជ្ញាធរខេត្ត​ក៏បាន​តាម​លួងលោម និង​បាន​សន្យា​ដោះស្រាយ​បញ្ហាដីធ្លី​ឲ្យ​ប្រជាពលរដ្ឋ​នៅពេល​ពួកគាត់​ត្រឡប់ទៅផ្ទះ​វិញ​។ ប៉ុន្តែ​បច្ចុប្បន្ន​អាជ្ញាធរខេត្ត​មួយ​នេះ មិន​បាន​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​ដូច​ការ​សន្យា​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ថ្នាក់ជាតិ​ត្រូវតែ​តាមដាន និង​ពិនិត្យ​មើល​បញ្ហា​ឲ្យ​ច្បាស់លាស់​។ លោក​ថា រដ្ឋាភិបាល​មាន​សិទ្ធិ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​បាន ចុះ​ហេតុអ្វី​រដ្ឋ​មិនអាច​កាត់​ឆ្វៀល​ដី​ទាំងនោះ​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​សម្រាប់​អាស្រ័យ​ផល​។ លោក​បន្ថែមថា រដ្ឋាភិបាល​គួរតែ​ចុះ​សិក្សា​ពី​ផលប៉ះពាល់​ជាក់ស្ដែង ហើយ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី។

លោក យិន ម៉េងលី៖ «យើង​ត្រូវ​ពិនិត្យមើល​លទ្ធភាព​ជាក់​ស្តែក​ទៅ​ពួកគាត់​ថា តើ​ពួកគាត់​ពិតជា​កាន់កាប់​ជាក់ស្ដែង ពូក​គាត់​ពិតជា​រង​ផលប៉ះពាល់​ពី​ការ​សម្បទាន​សេដ្ឋកិច្ច​ពិតប្រាកដ ឬ​យ៉ាងម៉េច ឬក៏​មួយ​ការវាយតម្លៃ​ផលប៉ះពាល់​ដំបូង​មិន​ច្បាស់លាស់ ទើប​វា​មាន​ផលប៉ះពាល់​ដល់​ពូក​គាត់​។ រដ្ឋាភិបាល​គួរតែ​ឆ្វៀល​ដី​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ដើម្បី​ឲ្យ​គាត់​បាន​អាស្រ័យ​ផលប៉ះពាល់​ពិតប្រាកដ​ពី​ការ​សម្បទាន​សេដ្ឋកិច្ច​នេះ»។

ក្រុមហ៊ុន​វៀតណាម កាម៉ាដេនូ វេនឈ័រ និង​ក្រុមហ៊ុន អិន ខេ អេហ្គ្រី (ខេមបូឌា) (NK Agri (Cambodia) co. ltd)​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ជិត​១​ម៉ឺន ៧​ពាន់ (១៦,៥២៧)​ហិកតារ​កាល​ពី​ឆ្នាំ​២០០៩ ដើម្បី​ដាំ​ដំណាំ​អំពៅ ប៉ុន្តែ​បាន​ក្ស័យ​ធន់​នៅ​ឆ្នាំ​២០១៧។ ប៉ុន្តែ​នៅ​ឆ្នាំ​២០២១​ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ និង​ក្រុមហ៊ុន​កសិកម្ម យុវជន ស្វាយរៀង បាន​សហការគ្នា​ដំណើរការ​វិនិយោគ​ឡើងវិញ ដើម្បី​ផលិត​ស្ករអំពៅ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​និង​វៀតណាម។

ដោយសារ​នៅតែ​គ្មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​ថ្នាក់​ខេត្ត តំណាង​ពលរដ្ឋ​លើកឡើងថា ប្រជាពលរដ្ឋ​ចំនួន ៥​ភូមិ​គ្រោង​នាំគ្នា វេច​បង្វេច ចាន​ឆ្នាំង មុង​ភួយ ខ្នើយ​កន្ទេល ឡើងមក​បោះជុំរុំ​នៅ​រាជធានី​ភ្នំពេញ​ម្ដងទៀត ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍ និង​ស្វែងរក​ដំណោះស្រាយ​។ ពលរដ្ឋ​អះអាង​ថា ពេល​លើកគ្នា​មកជា​លើក​ទី​២​នេះ ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​ដំណោះស្រាយ​ឲ្យ​ពួកគេ​នោះទេ ពួកគេ​នឹងមិន​ត្រឡប់​ទៅ​ស្រុក​វិញ​ជា​ដាច់​ខាត ពីព្រោះ​ពួកគេ​បាត់បង់​ផ្ទះសម្បែង ស្រែចម្ការ និង​ទ្រព្យសម្បត្តិ​អស់ពី​ខ្លួន ដោយសារតែ​ក្រុមហ៊ុន​វៀតណាម និង​អាជ្ញាធរ​ខេត្តក្រចេះ សហការគ្នា​ចុះ ឈូសឆាយ​ផលដំណាំ និង​ដុត​ផ្ទះសម្បែង​ចោល​អស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។