អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់​ខ្លួន​តំណាង​ពលរដ្ឋ​ម្នាក់​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មេត្រីភាព

0:00 / 0:00

អាជ្ញាធរ​ខេត្ត​ព្រះ​វិហារ ចាប់​ខ្លួន​តំណាង​ពលរដ្ឋ​ម្នាក់​ ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត​ ហៅ​គាត់​ទៅ​ជួប​ពិភាក្សា​គ្នា​ពី​ចំនួន​ប្រជា​ពលរដ្ឋ​ជាង​ ៣០០គ្រួសារ​ដែល​ត្រូវ​ដោះ​ស្រាយ​ក្នុង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ មេត្រីភាព។ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា ជា​ការ​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​អភិបាល​ខេត្ត​ព្រះវិហារ ដែល​បាន​ដាក់​ចេញ​វិធានការ​មួយ​ចំនួន ដោះ​ស្រាយ​បញ្ហា​ដីធ្លី​នេះ និង​មិន​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ត​ទៅ​ទៀត។

ភរិយា​តំណាង​ពលរដ្ឋ​ អ្នកស្រី រស់ ស៊ីនឿន ឲ្យ​អាស៊ី​សេរី​ដឹង​ថា ប្ដី​អ្នក​ស្រី​ឈ្មោះ ឡយ លីហួរ​ ត្រូវ​បាន​​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៤ មេសា ក្រោយ​ពី​អភិបាល​រង​ស្រុក​ជាំ​ក្សាន្ត​ លោក វុធ តារា ហៅ​ប្ដី​គាត់ ទៅ​ជួយ​ពិនិត្យ​មើល​ចំនួន​ក្បាល​ដី​របស់​ប្រជាពលរដ្ឋ នៅ​ទី​ស្នាក់​ការ​ក្រុម​ហ៊ុន​មេត្រី​ភាព។

អ្នកស្រី​បន្ត​ថា សាលា​ដំបូង​ខេត្ត​ព្រះ​វិហារ សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ប្ដី​អ្នកស្រី ដាក់​ក្នុង​ពន្ធនាគារ​ ពី​បទ​ចាប់​បង្ខាំង​មនុស្ស​ខុស​ច្បាប់ និង​កាប់​រាន​ដី​រដ្ឋ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ ក្រោយ​ពេល​ចាប់​ខ្លួន​លោក ឡយ លីហួរ ​ភ្លាម​នោះ។ អ្នកស្រី​ស្នើសុំ​តុលាការ​ដោះ​លែង​ប្ដី​គាត់​ឲ្យ​មាន​សេរីភាព​វិញ ព្រោះ​លោក ឡយ លីហួរ មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ទេ៖ «ចាស៎ ! ខ្ញុំ​ចង់​ឲ្យ​ដោះលែង​ឲ្យ​ភ្លាមៗ មក។ ប្រជាជន​គេ​គាំ​ទ្រ​គាត់។ ប្រជាជន​ដែល​បាត់​ពី​គាត់ គឺ​អត់​មាន​កម្លាំង​ចិត្ត​អី​ទៀត​ទេ គាត់​សូម​សំណូមពរ​មិញ ឲ្យ​ដោះ​លែង​ភ្លាមៗ មិន​ឲ្យ​យូរ ព្រោះ​គាត់​លើស​ឈាម និង​ឫសដូង​បាត»។

អភិបាល​រង​ស្រុក​ជាំ​ក្សាន្ត លោក វុធ តារា មិន​អាច​បំភ្លឺ​អំពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​តំណាង​ពលរដ្ឋ​បាន​ទេ ដោយ​លោក​បង្វែរ​រឿង​នេះ​ឲ្យ​ទៅ​សួរ​ព្រះរាជអាជ្ញា​វិញ៖ «សូម​អញ្ជើញ​លោក​ សួរ​ទៅ​ខាង​ព្រះ​រាជអាជ្ញា ខាង​តុលាការ ព្រោះ​​ជា​ខាង​សមត្ថកិច្ច​របស់​គាត់» ។

ចំណែក​ព្រះ​រាជអាជ្ញា ខេត្ត​ព្រះវិហារ លោក ទី សុវិនថាល់ ប្រាប់​អាស៊ី​សេរី​ថា ការ​ចាប់​ខ្លួន​លោក ឡយ លីហួរ នេះ គឺ​អនុវត្ត​តាម​បណ្ដឹង​អាជ្ញា ដែល​មិន​ទាន់​រលត់​នៅ​ឡើយ។ លោក ទី សុវិនថាល់ បញ្ជាក់​ថា លោក ឡយ លីហួរ​ អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បាន ដោយ​តម្រូវ​ឲ្យ​សាច់​ញាតិ​ធ្វើ​លិខិត​ស្នើសុំ​មក​កាន់​តុលាការ​ក្រោម​កិច្ច​អន្តរាគមន៍​ពី​អភិបាល​ខេត្ត។ មន្ត្រី​តុលាការ​រូប​នេះ បញ្ជាក់​ថា នីតិវិធី​ដាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ មិន​អាច​ធ្វើ​បាន​ភ្លាមៗ នោះ​ទេ គឺ​ត្រូវ​ចំណាយ​ពេល​យ៉ាង​តិច ៣ថ្ងៃ៖ «បទ​ល្មើស​អាជ្ញា​បទ​ល្មើស​វា​ធ្ងន់ បើ​សិន​ជា​យើង​មិន​អនុវត្ត​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ម៉េច ឲ្យ​លើក​លែង​ចោទ​ប្រកាន់​ម៉េច បើ​វា​អត់​ទាន់​ទៅ​ឆ្លើយ​អី​ផង។ អា​ហ្នឹង​ ជួយ​ហើយ ជួយ​តាម​នីតិវិធី។ អ៊ីចឹង ! ដើម្បី​ចេញ​ដល់​ដីកា​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​ហ្នឹង គឺ​រុញ​ចោទ​ប្រកាន់​ទៅ​តុលាការ​ហ្នឹង ឃុំ​ខ្លួន​បណ្ដោះអាសន្ន រួច​ទៅ​បាន​ឯកឧត្ដម​អភិបាល​ខេត្ត​នឹង​អន្តរាគមន៍​ឲ្យ​ដោះលែង។ ដោះ​លែង​ទៅ​យើង​ធ្វើ​ដីកា​ដាក់​ឲ្យ​ក្រោម​ត្រួត​ពិនិត្យ​ដោយ​ចង់​កាតព្វកិច្ច​មួយ​ចំនួន​ទៅ។ អា​ហ្នឹង បាន​នៅ​ក្រៅ​ឃុំ ហើយ​មាន​សិទ្ធិ​សេរីភាព​ដើរ​ហើរ​ទូទាំង​ប្រទេស និង​ពិភព​លោក»។

ភិរយា​លោក ឡយ លីហួរ អ្នកស្រី រស់ ស៊ីនឿន បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ចាប់​ខ្លួន​ប្ដី​អ្នកស្រី អភិបាល​រង​ខេត្ត​ព្រះវិហារ លោក អ៊ុង វុទ្ធី បាន​មក​ជួប​អ្នកស្រី នៅ​សាលា​ស្រុក​ត្រពាំង​ប្រសាទ ពី​ការ​ធ្វើ​លិខិត​បញ្ជាក់​ពី​សាលា​ឃុំ​​ត្រពាំង​ប្រាសាទ ដើម្បី​ដាក់​ជូន​តុលាការ ស្នើ​សុំ​ឲ្យ​លោក ឡយ លីហួរ ឲ្យ​នៅ​ក្រៅ​ឃុំ៖ «ខ្ញុំ​ចេញ​ពី​ប្រជុំ​មិញ គាត់​ថា​ឥឡូវ​ ប្រពន្ធ​ ឡយ លីហួរ ទៅ​បញ្ជាក់​ពី​ភូមិ​ ពី​ឃុំ​ ឲ្យ​គេ​ដឹង​ថា​កូន​ចៅ​គាត់​ហ្នឹង ប្ដី​នៅ​ជាប់​ពន្ធនាគារ​មែន។ គាត់​ថា អ៊ីចឹង។ ដល់ហើយ​យក​ក្រដាស​ហ្នឹង យក​ឲ្យ​ប៉ូលិស យក​ប៉ូលិស​ហើយ គេ​យក​ទៅ​ឲ្យ​មន្ទីរ​បរិស្ថាន ហើយ​ដល់​មន្ទីរ​បរិស្ថាន​គេ​យក​ទៅ​ខេត្ត គេ​យក​ទៅ​កន្លែង​ឃុំ​ខ្លួន​ហ្នឹង គេ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ។ ឥឡូវ​ ខ្ញុំ​ចេញ​ទៅ​ធ្វើ​ហើយ»។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (Licadho) លោក អំ សំអាត លើក​ឡើង​ថា ​ការ​ចាប់​ខ្លួន​នេះ គឺ​ធ្វើ​ផ្ទុយ​ពី​សេចក្ដី​សម្រេច​របស់​អភិបាល​ខេត្ត​ព្រះ​វិហារ ដែល​បាន​ដាក់​ចេញ​ជា​វិធានការ​ កាល​ពី​ខែ​កុម្ភៈ​កន្លង​មក។ លោក អំ សំអាត ថា ការ​ដោះស្រាយ​រឿង​ដីធ្លី​នៅ​មិន​ទាន់​ មាន​សម្រាប់​ប្រជា​ពលរដ្ឋ បែរ​ជា​មក​ចាប់​ខ្លួន​តំណាង​ពលរដ្ឋ​ទៅ​វិញ​ ដូច្នេះ​វា​អាច​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ចេញ​តវ៉ា​ទាម​ទារ​ឲ្យ​ដោះ​លែង​តំណាង​ពួក​គេ ហើយ​បញ្ហា​នេះ អាច នឹង​អូស​បន្លាយ​តទៅ​ទៀត៖ «ជា​ការ​ល្អ​ ខ្ញុំ​គិត​ថា​រយៈ​ពេល​នេះ គួរ​មាន​ការ​ចរចា​គ្នា ដោះ​ស្រាយ​គ្នា​ដោយ​សន្តិ​វិធី​ទៅ​ កុំ​ចាប់​ខ្លួន​បន្ថែម​ទៀត​ដូច្នេះ ពីព្រោះ​ការ​ចាប់​ខ្លួន​នេះ មិន​ជា​ការ​ល្អ​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​ការ​ដោះ​ស្រាយ ហើយ​មួយ​ទៀត​ បើ​សិន​ជា​អាច​តុលាការ​គួរ​តែ​អនុញ្ញាត​ឲ្យ​តំណាង​ហ្នឹង​ គាត់​នៅ​ក្រៅ​ឃុំ ឬ​ក៏​ប្រជា​ពលរដ្ឋ​ ដែល​ជាប់​ពន្ធនាគារ​ ១៤នាក់​ទៀត​ហ្នឹង​ នៅ​ក្រៅ​ឃុំ​ ដើម្បី​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ហ្នឹង ដោះ​ស្រាយ​បញ្ចប់​ទៅ​កុំ​ឲ្យ​មាន​បញ្ហា​ត​ទៅ​ទៀត ឬ​ក៏​ក្លាយ​ជា​បញ្ហា​រ៉ាំរ៉ៃ​ ដែល​ធ្វើ​ឲ្យ​បញ្ហា​នេះ រីក​កាន់​តែ​ធំ ពិបាក​ក្នុង​ការ​ដោះ​ស្រាយ​នោះ បាទ !» ។

តំណាង​ពលរដ្ឋ​ លោក ឡយ លីហួរ ធ្លាប់​ប្រាប់​អាស៊ី​សេរី​ កាល​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ​ថា រូប​លោក និង​លោក ផន វណ្ណៈ បាន​រត់​ចេញ​ពី​ផ្ទះ​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព ដើម្បី​គេច​ចេញ​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​ខេត្ត​ព្រះ​វិហារ ក្រោម​ដីកា​បង្គាប់​ពី​ព្រះ​រាជ​អាជ្ញា​លោក ទី សុវិន​ថាល់។ កាល​ពី​ថ្ងៃ​ទី៨ កុម្ភៈ អាជ្ញាធរ​បាន​ដាក់​កម្លាំង​សមត្ថកិច្ច ១២នាក់ ទៅ​ព័ទ្ធ​ផ្ទះ​លោក ឡយ លីហួរ ហើយ​សាក​សួរ​រក​លោក។ ហេតុការណ៍​នោះ គឺ​ធ្វើ​ឡើង​ ២ថ្ងៃ​ក្រោយ​ពី​អភិបាល​ខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់ដា ​បាន​បើក​កិច្ច​ប្រជុំ​មួយ ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​មេត្រី​ភាព កាល​ពី​ថ្ងៃ​ទី៦ ខែ​កុម្ភៈ។

វិធានការ ៥ចំណុច​នោះ​ រួម​មាន បង្កើត​ក្រុម​ការងារ​វាស់វែង និង​ដោះស្រាយ​ផល​ប៉ះ​ពាល់​ជាក់​ស្ដែង ជំរុញ​ឱ្យ​មាន​ការ​ចុះបញ្ជី​ដី​ក្រុមហ៊ុន​មេត្រីភាព ស្នើ​ឱ្យ​ក្រុមហ៊ុន កំណត់​ព្រំ​ដី ឱ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​មាន​កម្លាំង​ការពារ​សន្តិសុខ​របស់​ខ្លួន។ ក្នុង​នោះ ក៏​ស្នើ​ឱ្យ​ពលរដ្ឋ ដែល​បាន​អាស្រ័យ​ផល​ហើយ ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់ និង​បញ្ឈប់​ការ​កាប់​ទន្ទ្រាន​លើ​ដី​មាន​ជម្លោះ​បន្ត​ទៀត ត្រូវ​រង់ចាំ​អាជ្ញាធរ​ពាក់ព័ន្ធ​សម្របសម្រួល និង​ស្នើ​ឱ្យ​តុលាការ​ខេត្ត​នេះ បញ្ឈប់​ការ​ចេញ​ដីកា​កោះហៅ ឬ​ចាប់​ខ្លួន​ពលរដ្ឋ​បន្ត​ទៀត។

គិត​មក​ដល់​ពេល​នេះ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​ថា វិធានការ​ដែល​បាន​ដាក់​ចេញ​ទាំង​នេះ នៅ​មិន​ទាន់​លេច​ចេញ​ជា​រូប​រាង​នៅ​ឡើយ។ សង្គម​ស៊ីវិល​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ពន្លឿន​ដំណោះស្រាយ​ដីធ្លី និង​ជួយ​អន្តរាគមន៍​ដោះ​លែង​អ្នក​ភូមិ ១៤នាក់​ដែល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ​ឲ្យ​មាន​សេរីភាព​វិញ រួម​ទាំង​តំណាង​ពលរដ្ឋ​លោក ឡយ លីហួរ​ ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។