ពលរដ្ឋ​មួយ​គ្រួសារ​នៅ​ក្រចេះ​ខ្លាច​ត្រូវ​ឃុំខ្លួន​ករណី​មេភូមិ​រំលោភ​យក​ដី​និង​ប្ដឹង​​ទៅ​តុលាការ

0:00 / 0:00

ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ភូមិ​គ្រង ឃុំ​ក្បាលស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ បារម្ភ​ពី​ការបាត់បង់​ដីធ្លី​កសិកម្ម​ជិត ៨​ហិកតារ ដែល​កាន់កាប់​ជាង ១០​ឆ្នាំ​មក​ហើយ ត្រូវ​បាន​មេភូមិ​ឃុបឃិត​គ្នា​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក និង​ប្ដឹង​ពួកគាត់​ទៅ​តុលាការ​កាល​ពី​ពេល​ថ្មីៗ​នេះ។ ពលរដ្ឋ​មាន​វិបត្តិ​ដីធ្លី​រាំ​រ៉ែ​នេះ កំពុង​ភ័យ​ព្រួយ​ខ្លាច​តុលាការ​ឃុំខ្លួន​ដោយ​អយុត្តិធម៌។

ពលរដ្ឋ​មួយ​គ្រួសារ មាន​វិបត្តិ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ ព្រួយបារម្ភ​ពី​ចំណាត់ការ​របស់​តុលាការ​ខេត្ត​នេះ ដោយសារតែ​មេភូមិ​ក្បាលស្នួល លោក ឡុង នឿន បាន​ឃុបឃិត​គ្នា​ជាមួយ លោក យឹង គឹមស្រីន រំលោភ​ដីធ្លី​របស់​ពួកគាត់ ជិត ៨​ហិកតារ កាន់​កាប់​ជា​សម្បត្តិ​ផ្ទាល់ខ្លួន។

ពលរដ្ឋ​រស់​ភូមិ​គ្រង ឃុំ​ស្នូល លោកស្រី រស់ សុខុម ឲ្យ​ដឹង​នៅ​ថ្ងៃទី២៣ មិថុនា ថា មេភូមិ​ក្បាល​ស្នួល លោក ឡុន នីន បាន​ប្ដឹង​លោកស្រី​ទៅ​តុលាការ​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​តុលាការ បាន​ចេញ​ដីកា​កោះហៅ​លោកស្រី​ឲ្យ​មក​បំភ្លឺ​នៅ​ថ្ងៃទី១២ ខែ​កក្កដា​ខាងមុខនេះ​។ លោកស្រី​ថា មេភូមិ​ក្បាលស្នួល លោក ឡូង នឿន និង​មេភូមិ​គ្រង លោក យឹង គឹមស្រីន បាន​ឃុបឃិត​គ្នា​រំលោភ​ដីធ្លី​របស់​គាត់ តាំងពី​ចុង​ឆ្នាំ២០១៥ និង​បាន​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ស្ងាត់ៗ លើ​ដី​ដែល​លោកស្រី​ដាំ​ដុះ​ជាង ១០​ឆ្នាំ​មក​ហើយ។ លោកស្រី​បារម្ភ​ខ្លាច​តុលាការ​លម្អៀង​ទៅ​អាជ្ញាធរ​មាន​អំណាច​ក្នុង​សំណុំ​រឿង​នេះ៖ «គេ​មក​គំរាមកំហែង​ខ្ញុំ ឥឡូវ​មាន​ដីកាកោះ​ប្ដឹង​ខ្ញុំ​ទៅ​សាលាដំបូង​ខេត្ត​ទៀត។ ខ្ញុំ​ព្រួយបារម្ភ​ខ្លាច បើ​តុលាការ​យុត្តិធម៌​យើង​ជា​ម្ចាស់​ដី​មិន​ជាប់គុក​ទេ តែ​បើ​មិន​យុត្តិធម៌​ជាប់គុក​ហើយ»។

ស្ត្រី​ដដែល​បន្ថែម​ថា គ្រួសារ​លោកស្រី​មាន​ដី​ជិត ៨​ហិកតារ ឋិត​នៅ​ភូមិ​ក្រសាំង ឧបសម្ពន្ធ​ភូមិ​គ្រង ឃុំ​ស្នួល ស្រុក​ស្នួល កាន់កាប់​តាំងពី​ឆ្នាំ២០០៥ ដាំ​ដំណាំ​ដំឡូង​មី និង​សណ្ដែក​ចិញ្ចឹម​ជីវិត។ រហូតដល់​ចុង​ឆ្នាំ២០១៥ មេភូមិ​គ្រង លោក យឹង គឹមស្រីន ហាម​លោកស្រី​មិន​ឲ្យ​ដាំ​ដុះ​លើ​ដី​នោះ ដោយ​សំអាង​ថា ជា​ដី​របស់​មេភូមិ​ក្បាល​ស្នួល លោក ឡុង នឿន។

លោកស្រី​ថា កាល​ពី​ឆ្នាំ២០១៦ ពលរដ្ឋ​រស់នៅ​ភូមិ​គ្រង​ជាង ៦០​គ្រួសារ បាន​ប្ដិត​មេដៃ​ធានា​អះអាង​ថា ពិតជា​ដី​របស់​លោកស្រី តែ​អាជ្ញាធរ​ខេត្ត​នៅ​មិន​ស្វែងរក​ដំណោះស្រាយ។ លើស​ពី​នេះ លោកស្រី​បាន​ដាក់​ពាក្យ​ប្ដឹង​សំណុំ​រឿង​នេះ​ទៅ​អាជ្ញាធរ​ជាតិ ដើម្បី​ស្វែងរក​ដំណោះស្រាយ តែ​គ្មាន​លទ្ធផល។

លោកស្រី រស់ សុខុម បន្ថែម​ថា កាល​ពី​ឆ្នាំ២០១២ លោក យឹង គឹមស្រីន បាន​ហាម​មិន​ឲ្យ​ក្រុម​និស្សិត​វាស់វែង​ដី​របស់​លោកស្រី សំអាង​ថា ដី​នេះ​កំពុង​មាន​វិវាទ។ ចំណែក​ក្រុម​និស្សិត​បាន​ដក​ទិន្នន័យ​ចេញពី​នៅ​តំបន់​នោះ ស្រាប់តែ​ចុង​ឆ្នាំ​២០១៥ មេភូមិ​ក្បាល​ស្នួល លោក ឡុង នឿន យក​ប្លង់​រឹង​មក​បង្ហាញ និង​អះអាង​ថា ដី​នេះ​ជា​កម្មសិទ្ធិ​របស់​គេ​ស្របច្បាប់ ៖ «ឆ្នាំ​ខ្ញុំ​គ្រប់គ្រង ឆ្នាំ ២០០២ រើ និង ស្អាត ២០០៥ រហូតដល់​ឆ្នាំ ២០១៦ គេ​លួច​មក​ធ្វើ​ប្លង់។ គេ​មក​គំរាមកំហែង​ខ្ញុំ និង​ប្ដឹង​ខ្ញុំ​ទៅ​សាលាដំបូង​ខេត្ត​ទៀត»។

មេភូមិ​គ្រង លោក យឹង គឹមស្រីន បាន​បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៣ មិថុនា ដោយ​លោក​ប្រាប់​ថា ទូរស័ព្ទ​ស្ដាប់​មិន​ឮ។

យ៉ាងណា​លោក​ធ្លាប់​មាន​ប្រសាសន៍​ថា ពលរដ្ឋ​ដែល​ចោទ​លោក គឺជា​កម្មករ​ចំណាកស្រុក​មក​រស់នៅ​តាំងពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​កូរ៉េ មក​វិនិយោគ​ដី​នៅ​តំបន់​នោះ​មុន​ឆ្នាំ​២០០៨។ លោក​កត់សម្គាល់​ថា ដី​នោះ​ក្រុម​និស្សិត​បាន​វាស់វែង​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ឲ្យ​ឈ្មោះ ឡុង នឿន តាំងពី​ឆ្នាំ​២០១៣។ លោក​ថា ដី​នោះ​ជា​ដី​របស់​លោក ឡុង នឿន គ្រប់គ្រង​មុន​ពេល​រដ្ឋាភិបាល​មិនទាន់​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​របស់​កូរ៉េ មុន​ឆ្នាំ​២០០៧។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង មេឃុំ​ស្នួល លោក វ៉ាន់ ឌឿ​ង តែ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

អភិបាលស្រុក​ស្នូល លោក គង់ គឹមនី ធ្លាប់​បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​មិន​អាច​សម្របសម្រួល​វិវាទ​ដីធ្លី​នេះ​បានទេ ព្រោះ​ភាគី​ម្ខាង​មាន​ប្លង់​កម្មសិទ្ធិ ឬ​ប្លង់​រឹង។

មន្ត្រី​នាំ​ពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា យល់ថា ជា​រឿង​ជម្លោះដីធ្លី​នេះ​មាន​ភាព​មិន​ប្រក្រតី​ដោយសារតែ នៅ​ពេល​មិនទាន់​ដំណោះស្រាយ​ផង ស្រាប់តែ​ភាគី​ម្ខាង​ជា​អាជ្ញា​ធរមាន​ប្លង់​កម្មសិទ្ធិ។ លោក​ថា ការ​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​លើ​ដី ដែល​កំពុង​មាន​វិវាទ​អាច​មាន​ភាព​មិន​ប្រក្រតី។ លោក​ទទូច​ឲ្យ​តុលាការ ត្រូវ​ពិនិត្យ​លើ​ប្លង់​កម្មសិទ្ធិ​លើ​ដី​នៅ​តំបន់​នោះ ថា​តើ​ទទួល​បាន​ដោយ​របៀប​ណា និង​សូម​ដោះស្រាយ​សំណុំ​រឿង​នេះ​ដោយ​សន្តិវិធី៖ «ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​តុលាការ សូម​ពិនិត្យ​លើ​កម្មសិទ្ធិ​ហ្នឹង តើ​កម្មសិទ្ធិ​ហ្នឹង​បាន​ដោយ​មធ្យោបាយ​ណា ? សូម​កុំ​ចាត់វិធានការ​ដីធ្លី​នេះ ប្រមុខ​រដ្ឋាភិបាល​មិន​គាំទ្រ​ចំពោះ​ការ​ប្រើ​វិធានការ​លើ​ពលរដ្ឋ​ដែល​កើត​ឡើងលើ​ដីធ្លី​នេះ​ទេ​។ គួរតែ​រក​មធ្យោបាយ​ដោះស្រាយ​ដោយ​សន្តិវិធី និង​រក​ផ្លូវច្បាប់​មក​ជជែក​គ្នា កុំ​ឲ្យ​កើត​មានរឿង​អយុត្តិធម៌​ទៅវិញទៅមក»។

កន្លង​ទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើន​រំឭក ដល់​មន្ត្រី​ថ្នាក់ក្រោម​បម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ និង​ដោះស្រាយ​វិបត្តិ​ដីធ្លី​ដោយ​យុត្តិធម៌ និង​ត្រូវ​ប្រគល់​ដី​ដែល​ពលរដ្ឋ​កាប់​ទន្ទ្រាន​ជា​យូរ​ឆ្នាំ​ហើយ​នោះ ជូន​ពលរដ្ឋ​វិញ។

មន្ត្រី​សង្គម​ស៊ីវិល​ពន្យល់​ថា ប្រសិនបើ​មន្ត្រី​សុរិយោដី និង​អាជ្ញាធរ​ពាក់ព័ន្ធ ផ្ដល់​ប្លង់​កម្មសិទ្ធិ​លើ​ដី​កំពុង​មាន​វិវាទ និង​ឃុបឃិត​គ្នា​គ្រប់គ្រង​របស់​ពលរដ្ឋ គឺជា​ទង្វើ​ល្មើសច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។