ពលរដ្ឋរស់នៅខេត្តបាត់ដំបងប្រមាណ ៧៤គ្រួសារ ស្នើអាជ្ញាធរឃុំតាគ្រៃ អន្តរាគមន៍បើកផ្លូវចេញចូលផ្ទះ ខណៈទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី គឺ លោក តូ ធានទឺ បានធ្វើរបងបិទផ្លូវមិនឱ្យពលរដ្ឋចេញចូល។ មន្ត្រីសង្គមស៊ីវិលយល់ថា លោក តួ ធានទឺ គួរបើកផ្លូវ ហើយអាជ្ញាធរពាក់ព័ន្ធគួរចុះទៅពិនិត្យជាក់ស្ដែង ដើម្បីសម្របសម្រួលបើកផ្លូវជូនដល់ពលរដ្ឋឡើងវិញ។
ប្រជាពលរដ្ឋរស់នៅឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង បារម្ភពីសុវត្ថិភាព ក្រោយអ្នកចាំដីរបស់លោក តូ ធានទឺ បានគំរាមកំហែងពួកគាត់នៅពេលធ្វើដំណើរឆ្លងកាត់ផ្លូវធ្លាប់ប្រើប្រាស់កន្លងមក។ ពួកគាត់បញ្ជាក់ថា ផ្លូវពលរដ្ឋប្រើប្រាស់ និងឆ្លងកាត់ ត្រូវបានអាជ្ញាធរឃុំ និងរដ្ឋបាលខេត្តបាត់ដំបងទទួលស្គាល់ និងឯកភាពគ្នាឱ្យពលរដ្ឋធ្វើដំណើរចេញចូល កាលពីឆ្នាំ២០២១។ ពលរដ្ឋទាំងនោះអះអាងថា ដីដែលពួកគាត់រស់នៅសព្វថ្ងៃ គឺត្រូវបានលោក ជុន ធី ទិញ និងចែក (សម្បទាន) ដល់ពលរដ្ឋក្រីក្រចំនួន ៧៤គ្រួសារ លើផ្ទៃដី ៩ពាន់ (៩.០០០) ការ៉េ ប៉ុន្តែក្នុងឆ្នាំ២០២២ លោក តូ ធានទឺ បានទិញដីនិងព័ទ្ធរបងជុំវិញដីរបស់ពលរដ្ឋទាំង ៧៤គ្រួសារ និងបិទផ្លូវមិនឱ្យពលរដ្ឋឆ្លងកាត់។
ពលរដ្ឋរស់នៅភូមិកំប្រង់ ឃុំតាគ្រៃ លោក រិន រ៉ាន់ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២១ វិច្ឆិកា ថា ម្ចាស់ដីមុនដែលជាកូនលោក ប៉ែន សារ៉េត ឱ្យពលរដ្ឋឆ្លងកាត់ផ្លូវ ប៉ុន្តែក្រោយពីការលក់ដីនេះ លោក តូ ធានទឺ បានធ្វើរបងព័ទ្ធមិនឱ្យធ្វើដំណើរឆ្លងកាត់ដីរបស់គាត់នោះទេ។ លោកបន្តថា ប្រជាពលរដ្ឋបានផ្ដិតមេដៃ និងដាក់សំណើទៅកាន់អាជ្ញាធរឃុំ ដើម្បីស្នើសុំឱ្យលោក តូ ធានទឺ បើកផ្លូវឱ្យពលរដ្ឋធ្វើដំណើរ ដូចសព្វដងឡើងវិញ ។ លោកថា ពលរដ្ឋមានផ្ទះនៅក្នុងដីបិទផ្លូវនោះមួយចំនួនមិនហ៊ានធ្វើដំណើរចូលទៅរស់នៅវិញឡើយ ដោយបន្សល់ទុកសម្ភារៈ និងរបស់ប្រើប្រាស់ខ្លះ ក្រោយមានការគំរាមកំហែងថតរូបពលរដ្ឋឆ្លងកាត់ប្ដឹងទៅប៉ូលិស ហើយបានទៅជួលផ្ទះគេខាងក្រៅ ដើម្បីរស់នៅ។
លោក លោក រិន រ៉ាន់៖ «អត់ឱ្យខ្ញុំចូលដែរហ្នឹង អត់ឱ្យចូល តែចូលគាត់ថតបាន គាត់យកប៉ូលិស យកអីមកចាប់អ៊ីចឹងហាស។ ដីឈ្មោះ ជន់ ធី ហ្នឹងគាត់ចែកឱ្យប្រជាពលរដ្ឋ ហើយជាប់គ្នាហ្នឹង ដីលោក តូ ធានទឺ នៅសងខាង ដីលោក ជុន ធី នៅកណ្ដាលបង នៅជាប់ចម្ការតាង៉ែនបាទ។ ឥឡូវគាត់បិទផ្លូវអត់ឱ្យប្រជាពលរដ្ឋចូល គាត់រាំងរបង រាំងអ្វីអ៊ីចឹងទៅ ផ្លូវវាមាន តែកាលម្ចាស់មិនទាន់លក់ហ្នឹង គេបើកឱ្យចេញចូលៗ ធម្មតាអ៊ីចឹង ប្រជាពលរដ្ឋ។ ដល់កាលណាគាត់ទិញដី កូន ប៉ែន សារ៉េត ទៅគាត់បិទអត់ឱ្យចូលហាសបង ព្រោះអីអត់ទាន់ដាច់ស្រេច ប្រជាពលរដ្ឋអត់ដែលហ៊ានចូលផង គ្រាន់គំរាមទៅអត់មានហ៊ានចូលទេ»។
តំណាងពលរដ្ឋរស់នៅឃុំតាគ្រៃ លោកស្រី មល់ ស្រីមុំ ឱ្យដឹងថា ពលរដ្ឋប្រមាណ ៥០នាក់ តំណាងឱ្យពលរដ្ឋ ៧៤គ្រួសារបានផ្ដិតមេដៃ និងដាក់ពាក្យស្នើសុំទៅម្ចាស់ដី លោក តូ ធានទឺ តាមរយៈអាជ្ញាធរឃុំតាគ្រៃ។ លោកស្រីថា កន្លងមកបញ្ហាផ្លូវនេះ អាជ្ញាធរខេត្តបាត់ដំបងដោះស្រាយម្ដងរួចហើយ កាលពីម្ចាស់ដីមុន និងបានឯកភាពគ្នាបើកផ្លូវឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់។ លោកស្រីសង្ឃឹមថា អាជ្ញាធរ និងម្ចាស់ដី នឹងមានដំណោះស្រាយបើកផ្លូវឆ្លងកាត់ឡើងវិញ។
លោកស្រី មល់ ស្រីមុំ៖ «មិនទាន់ដឹងថា អាជ្ញាធរឃុំគាត់ឆ្លើយថាម៉េច ទើបតែមេភូមិគាត់យកក្រដាសហ្នឹង ទៅឱ្យមេឃុំហើយ គាត់មិនទាន់ឃើញប្រាប់មកវិញថាម៉េចផង។ តែសំណើពួកខ្ញុំ បានស្នើសុំផ្ដិតមេដៃតាំងគ្រួសារអ្នកនៅក្នុងហ្នឹង អ្នកដែលបានមានដីហ្នឹង។ ឮកូនតា ប៉ែន សារ៉េត ហ្នឹងគាត់ថា ដីហ្នឹងគាត់ទុកផ្លូវឱ្យពួកខ្ញុំដើរចូលទៅ ១០ម៉ែត្រ ដល់ពេលមកទៅដោះស្រាយ អត់មានឃើញទៅវាស់ដីឱ្យពួកខ្ញុំធ្វើផ្លូវដើរ ហ្នឹង ១០ម៉ែត្រទេ។ ឮគាត់ថា លោក តូ ធានទឺ ហ្នឹងគាត់ថា គាត់ទិញទាំងអស់ អ៊ីចឹងក៏គាត់មកធ្វើបិទផ្លូវ ទាំងដែលផ្លូវពួកខ្ញុំដើរចេញរាល់ថ្ងៃហ្នឹង»។
ទាក់ទិនរឿងនេះ មេភូមិកំប្រង់ លោក ទូច ចិន្តា លើកឡើងថា កូនរបស់លោក ប៉ែន សារ៉េត បានលក់ដីឱ្យទៅលោក តូ ធានទឺ ប៉ុន្តែមិនបានទុកផ្លូវ ដែលបានឯកភាពគ្នាកន្លងមកចំនួន ៥ម៉ែត្រ ឱ្យពលរដ្ឋឆ្លងកាត់នោះទេ ទើបបង្កជាបញ្ហាកើតឡើង។ លោកបន្តថា ពលរដ្ឋបានប្រមូលស្នាមមេដៃ ដើម្បីដាក់លិខិតទៅកាន់ម្ចាស់ដីថ្មី ដើម្បីស្នើសុំសម្បទានដីផ្លូវ ឱ្យពួកគាត់ឆ្លងកាត់ ហើយលោកក៏បានប្រគល់ឯកសារស្នាមមេដៃទាំងនេះជូនដល់មេឃុំតាគ្រៃរួចហើយ។ លោកថា មេឃុំកំពុងប្រជុំជាមួយរដ្ឋបាលស្រុកកំរៀង ដើម្បីរកដំណោះស្រាយ ប៉ុន្តែលោកមិនទាន់បានទទួលដំណឹងអ្វីថ្មីនៅឡើយនោះទេ។ លោក ទូច ចិន្តា បញ្ជាក់ថា ពាក់ព័ន្ធការគំរាមកំហែងពលរដ្ឋមិនឱ្យឆ្លងកាត់ លោកមិនទាន់ទទួលព័ត៌មាននោះទេ។
លោក ទូច ចិន្តា៖«បើសិនដីហ្នឹង ដីរបស់គាត់គេលក់ឱ្យគាត់ហើយ អ៊ីចឹងគាត់បិទហ្នឹងហើយ ដល់អ៊ីចឹងយើងជួបការលំបាកជាមួយប្រជាជនអត់មានផ្លូវចេញ។ ដល់ឥឡូវយើងមានអី យើងមានតែធ្វើសំណើសុំគាត់វិញ សុំ តូ ធានទឺ វិញ បាទយើងធ្វើសំណើសុំគាត់វិញ ចាំមើលពេលសំណើដល់គាត់ គាត់មានមតិយោបល់យ៉ាងម៉េច អាហ្នឹងសិទ្ធិសេរីភាពរបស់គាត់។ យើងមិនដឹងថា យ៉ាងម៉េចដែរ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ អាជ្ញាធរក៏នៅតែព្យាយាមសុំគាត់ដែរ»។
ពលរដ្ឋ និងអាជ្ញាធរភូមិឃុំ សង្ឃឹមថាការស្នើសុំរបស់ពួកគាត់នឹងទទួលបានផ្លូវធ្វើដំណើរចេញចូលផ្ទះរបស់ខ្លួន ដើម្បីឱ្យកូនចៅមានកន្លែងស្នាក់នៅសមរម្យងាយស្រួលទៅរៀន និងប្រកបរបររកប្រាក់ចំណូលដោះស្រាយជីវភាព។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី លោក តូ ធានទឺ ដើម្បីសុំការអត្ថាធិប្បាយជុំវិញរឿងនេះបានទេ នៅថ្ងៃ២១ វិច្ឆិកា។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដ (Licadho) ប្រចាំខេត្តបាត់ដំបង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា លោក តូ ធានទឺ ក្នុងនាមជាទីប្រឹក្សាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដែលកាន់ព្រះពុទ្ធសាសនាគួរតែមានចិត្តសប្បុរស ដើម្បីសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ និងប្រកបរបរប្រចាំថ្ងៃ។ លោកថា អាជ្ញាធរខេត្ត និងមន្ត្រីសុរិយោដីខេត្ត គួរចុះទៅត្រួតពិនិត្យជាក់ស្ដែង ដើម្បីងាយស្រួលដោះស្រាយ និងសម្របសម្រួលឱ្យមានការបើកផ្លូវដល់ពលរដ្ឋ។
លោក អ៊ិន គង់ជិត៖ «អាងតែគាត់ ដីរបស់គាត់បានទិញពីអ្នកដទៃ ហើយគាត់មានសិទ្ធិចាត់ចែងមែន ប៉ុន្តែគាត់ត្រូវមើលទៅលើផលវិបាក ដែលប៉ះពាល់ទៅលើប្រជាពលរដ្ឋ ស្មើនឹងកាត់ផ្ដាច់ពួកគាត់ បិទច្រកពួកគាត់មិនឱ្យធ្វើដំណើរចេញចូលប្រកបមុខរបរចិញ្ចឹមជីវភាពប្រចាំថ្ងៃ។ លោក តូ ធានទឺ ត្រូវតែបញ្ឈប់ការគំរាមកំហែងបណ្ដេញប្រជាពលរដ្ឋ ដែលរស់នៅក្នុងដី ដែលភាគីម្ខាងទៀតផ្ដល់សម្បទានឱ្យហ្នឹង គួរតែបញ្ឈប់ការគំរាមកំហែង និងបញ្ឈប់ការបណ្ដេញពួកគាត់ចេញ ព្រោះពួកគាត់ទៅរស់នៅលើដីរបស់ពួកគាត់ ដែលបានមកដោយសុចរិតបាទ»។
លោក តូ ធានទឺ ជាអតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងជាទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី លោកយឹម ឆៃលី ដែលជាដន្លងរបស់លោក ហ៊ុន សែន។ លោក តូ ធានទឺ ជាឈ្មួញរកស៊ីដីធ្លីល្បីម្នាក់ ធ្លាប់មានជម្លោះដីធ្លីទំហំប្រមាណជាង ៣ពាន់ហិកតារ ជាមួយប្រជាពលរដ្ឋ នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយលោក ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីការបស់ចៅក្រមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីឆបោកកាលពីឆ្នាំ២០០៤។ តែក្រោយមក លោកក៏ត្រូវបានដោះលែងវិញ។ នៅឆ្នាំ២០១៦ លោក តូ ធានទឺ ត្រូវបានប៉ូលិស នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាប់ខ្លួន ពីបទឆបោកជាថ្មី ហើយសាលាដំបូងខេត្តនេះ ផ្ដន្ទាទោសលោកឲ្យជាប់ពន្ធនាគារ ១ឆ្នាំ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ។
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល សង្ឃឹមថាលោក តូ ធានទឺ នឹងអនុគ្រោះដល់ពលរដ្ឋ ដោយបើកផ្លូវឱ្យពលរដ្ឋធ្វើដំណើរឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។