ឧត្ដមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ស៊ើប​អង្កេត​ករណី មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ប្រើ​ហិង្សា​លើ​អ្នក​តវ៉ា​ដីធ្លី

0:00 / 0:00

អគ្គបញ្ជាការ​​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ ​និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផង​លោក សៅ សុខា សម្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច ចុះ​ស្រាវជ្រាវ​ករណី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ​ប្រើ​ហិង្សា​លើ​អ្នក​តវ៉ា​ដីធ្លី​នៅ​ស្រុក​ព្រៃនប់ ដោយ​លោក​អះអាង​ថា ករណី​នោះ គឺ​ជា​ទង្វើ​ខុស​ច្បាប់ មិន​អាច​ទទួល​យក​បាន។ រីឯ​មន្ត្រី​សិទ្ធិមនុស្ស យល់​របប​ក្រុង​ភ្នំពេញ​គួរ​តែ​ស្រាវ ជ្រាវ​ឡើង​វិញ​ទាំង​អស់ ដូច​ជា ដើម​ហេតុ​នៃ​ជម្លោះ​ដីធ្លី រហូត​ដល់​មាន​ករណី​បាញ់​ប្រហារ និង​ករណី​ប្រើ​ហិង្សា​លើ​អ្នក​តវ៉ា​ដីធ្លី​ឲ្យ​រង​របួស ធ្ងន់ធ្ងរ​ជា​ដើម ទើប​មាន​យុត្តិធម៌​ពេញលេញ និង​កុំ​ឲ្យ​ហេតុការណ៍​ហិង្សា​នេះ កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត។

ឧត្ដមសេនីយ៍​ សៅ ​សុខា ដែល​មាន​តួនាទី​ច្រើន​ស្អេកស្កះ ទាំង​ក្នុង​ក្របខ័ណ្ឌ​​ជា​អគ្គបញ្ជាការ​​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ផង ជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផង ហើយ​មាន​តួនាទី ជា​​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ផង​នោះ ឲ្យ​អាស៊ី​សេរី​ដឹង​ថា គណៈកម្មការ​ចំពោះ​កិច្ច ដែល​លោក​ទើប​បង្កើត​នោះ កំពុង​ចុះ​ស្រាវជ្រាវ​ករណី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ព្រះ​សីហនុ​ប្រើ​ហិង្សា លើ​អ្នក​តវ៉ា​ដីធ្លី ដែល​កំពុង​ល្បី​ក្នុង បណ្ដាញ​សង្គម​ហ្វេសប៊ុក ប៉ុន្តែ​លោក សុំ​មិន​អត្ថាធិប្បាយ​ច្រើន ឡើយ ព្រោះ​មិន​ទាន់​ទទួល​បាន​របាយការណ៍​សរុប​នៅ​ឡើយ។

លោក សៅ សុខា បញ្ជាក់​ថា តាម​រូបភាព​វីដេអូ ដែល​បង្ហាញ​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ យក​ជើង​ទៅ​ជាន់​អ្នក​តវ៉ា​ដីធ្លី​ផ្ទប់​ទៅ​នឹង​ដី ខណៈ​ដៃ​ជាប់​ចំណង​ហើយ​នោះ គឺ​ជា​ទង្វើ​មិន​ត្រឹមត្រូវ និង​ជា​ការ​អនុវត្ត​ហួស​តួនាទី។ ដូច្នេះ​លោក​មិន​អាច​ទទួល​យក​បាន​ទេ។ លោក​បន្ត​ថា មន្ត្រី​កងរាជអាវុធហត្ថ​ទាំង​អស់ មាន​ភារកិច្ច​អនុវត្ត​តួនាទី ប៉ុន្តែ​ក៏​ត្រូវ​មាន​ភារកិច្ច​គោរព​ច្បាប់​ដែរ ដោយ​មិន​អាច​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ឡើយ៖ «ទី១ បើ​រក​ឃើញ​ថា អា​ហ្នឹង​វា​ខុស វា​ជា​បទ​ល្មើស អា​ហ្នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់។ ទី២ បើ​ការ​រក​ឃើញ​ហើយ​វា​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​វិន័យ​កងទ័ព​ព្រោះ​កងទ័ព​មាន​ក្រឹត្យវិន័យ មាន​ច្បាប់​លក្ខន្តិកៈ អា​ហ្នឹង​យើង​អនុវត្ត​ក្របខ័ណ្ឌ​វិន័យ។ ទី៣ ប្រសិន​បើ​រក​ឃើញ​ថា ពាក់ព័ន្ធ​នឹង​ការ​បំពារបំពាន​ផ្នែក​សីលធម៌​ទេ គឺ​យើង​យក​ការ​អប់រំ។ដូច្នេះ​កិច្ចការ​នេះ គេ​កំពុង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​រក​ព័ត៌មាន​លម្អិត​ទាំង​អស់ មុន​នឹង​ធ្វើ​ការ​វិនិច្ឆ័យ​ចុង​ក្រោយ។ក្រុម​ប្រឹក្សា​វិន័យ នឹង​ប្រជុំ និង​សម្រេច​ថា តើ​រូបភាព​នៃ​សកម្មភាព​នោះ វា​ខុស​នូវ​ក្របខ័ណ្ឌ​ច្បាប់ ឬ​ក៏​វិន័យ ឬ​មួយ​ក៏​សីលធម៌។ បើ​ក្របខ័ណ្ឌ​ច្បាប់ គឺ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ចំពោះ​មុខ​តុលាការ »

ទោះ​យ៉ាង​ណា​ក្តី លោក សៅ សុខា បញ្ជាក់​ថា លោក​ត្រួត​ពិនិត្យ​ស្រាវជ្រាវ និង​មាន​វិធានការ​តែ​លើ​មន្ត្រី​កងរាជអាវុធហត្ថ ដែល​ស្ថិត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​ប៉ុណ្ណោះ ដូច្នេះ លោក​មិន​ប៉ះពាល់​ដល់​អង្គភាព​ផ្សេង​នោះ​ទេ។ លោក​បន្ថែម​ថា ទង្វើ​របស់​មន្ត្រី​កងរាជអាវុធហត្ថ​នោះ គឺ​ជា​កំហុស​បុគ្គល មិនមែន​ជា​កំហុស​ស្ថាប័ន​នោះ​ទេ ព្រោះ​ស្ថាប័ន មិន​បាន​បញ្ជា​ឲ្យ​កង​កម្លាំង​ចុះ​ទៅ​វាយ​ដំ ឬ​សម្លាប់​ប្រជាជន​នោះ​ទេ៖ «និយាយ​ដោយ​ខ្លី គឺ​ខ្ញុំ​ទទួល​ខុស​ត្រូវ​ចំពោះ​កម្លាំង​ដែល​នៅ​ក្រោម​ឱវាទ ដែល​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ ហើយ​ចំពោះ​សំណួរ​ថា ទាក់ទង​អ្នក​នេះ​ទាក់ទង​នោះ គឺ​ខ្ញុំ​អត់​មាន​ភារកិច្ច​ទៅ​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​លើ​អ្នក​ណា​ផ្សេង​ទៀត​ទេ ព្រោះ​រឿង​នេះ សំខាន់​ជា​ការ​អនុវត្ត​សាលដីកា​របស់​តុលាការ។ អ៊ីចឹង​នៅ​ពេល​អនុវត្ត គឺ​មាន​ការ​អប់រំ​ទៅ​ហើយ ប៉ុន្តែ​នៅ​ពេល​ទៅ​ធ្វើ​ទៅ​គឺ​បងប្អូន​វា​មាន ការ​ខុស​ឆ្គង វា​មាន​ការ​រំលោភ វា​មាន​ការ​បំពាន។ អ៊ីចឹង​នៅ​ក្នុង​នឹង វា​មិន​មែន​ជា​បទ​បញ្ជា​ឲ្យ​ទៅ​សម្លាប់​ប្រជាជន​ឯណា គឺ​អ្នក​ដែល​ទៅ​អនុវត្ត​នោះ គាត់​ក្ដាប់​មិន​ជាប់​ភារកិច្ច ឬ​ក៏​មាន​ភាព​ក្រេវក្រោធ​អី គឺ​ផ្ទាល់​ខ្លួន​គាត់»

កាលពីថ្ងៃទី២៤ ខែ​មករា មន្ត្រីនគរបាលចំនួន១០០នាក់ មន្ត្រី​កងរាជអាវុធហត្ថ​ចំនួន ១០០នាក់ និងមន្ត្រីយោធាចំនួន១០០នាក់ បាន​បើក​ការ​បាញ់​ប្រហារ​ដោយ​កាំភ្លើង​គ្រាប់​ពិត​ឡើង​លើ​មេឃ​ និង​ទៅ​កាន់​ក្រុម​អ្នក​តវ៉ា​ ដែល​បង្ហាញ​ពី​ការប្រើប្រាស់​កងកម្លាំង​ច្រើន​លើស​លុប ដើម្បី​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​​​ដែល​បាន​សម្រេច​ផ្ដល់​ដី​ទំនាស់​ជាង ៧០ហិកតា ដែល​មាន​ពល រដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​កំពុង​រស់នៅ​នោះ ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន៩គ្រួសារផ្សេងទៀត ដែលគេ សង្ស័យ​ថា ឈរ​ឈ្មោះ​ឲ្យ​ឧកញ៉ា ស៊ីវ គង់ទ្រីវ និង​ប្រពន្ធ​ឈ្មោះ ហុង សួន។ ក្នុង​ហេតុការណ៍ បណ្ដាល​ឲ្យ​កម្មករ​សំណង់​ម្នាក់​អាយុ ២៨ឆ្នាំ​ ឈ្មោះ ​ពៅ សារ័ត្ន ​បាន​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​ចំ​ស្មា​ពី​ផ្នែក​ខាង​ក្រោយ បៀម​គ្រាប់​ជាប់​នឹង​ឆ្អឹង​ខ្នង។ ចំណែក​ពលរដ្ឋ ៤នាក់​ទៀត ត្រូវ​បាន កង​កម្លាំង​ប្រដាប់​អាវុធ​ចាប់​ខ្លួន និង​ចង​ស្លាប​សេក ហើយ​យក​កាំភ្លើង​វាយ​ដុំ និង​យក​ជើង​ជាន់​ផ្ទប់​នឹង​ដី​ថែម​ទៀត ប៉ុន្តែ​ពលរដ្ឋ​ទាំង​នោះ ត្រូវ​បាន​ដោះ​លែង​វិញ នៅ​យប់​ថ្ងៃ​កើត​ហេតុ​ដោយ​មាន​កិច្ចសន្យា​ឈប់​តវ៉ា និង​បង់​លុយ​ម្នាក់ ១រយដុល្លារ ព្រម​ទាំង​ចិញ្ចៀន​មួយ​វង្ស។

ប្រតិបត្តិការ​នេះ ដឹក​នាំ​ដោយ​អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ផៃ ប៊ុនវណ្ណៈ និង​ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ សហការ​ជាមួយ​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ព្រះ​សីហនុ លោក សៀង សុខ។ ទំនាស់​ដីធ្លី​នេះ ស្ថិតនៅ​នៅ​នៅ​ទីតាំង​ក្បែរ​វត្ត​អូរត្រេះ ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់។

អាស៊ី​សេរី​បាន​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អភិបាល​ខេត្ត​ព្រះសីហនុ​លោក យន្ត មីន បាន​ទេ ដោយ លោក​ពុំ​លើក​ទូរស័ព្ទ។ ចំណែក​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហនុ លោក ជួន ណារិន្ទ ប្រាប់​ថា លោក​ជាប់​រវល់​ប្រជុំ សុំ​មិន​ឆ្លើយ​តប។

ម្ដាយ​របស់​ជន​រង​គ្រោះ​ដែល​ត្រូវ​គ្រាប់​កាំភ្លើង គឺ​អ្នកស្រី អន​ អៀន មាន​ប្រសាសន៍​ថា កូន​របស់​អ្នកស្រី​ មិន​អាច​កម្រើក​មួយ​កំណាត់​ខ្លួន​ចុះ​ក្រោម​បាន​ទេ​មក​ដល់​ពេល​នេះ។ អ្នកស្រី​បារម្ភ យ៉ាង​ខ្លាំង ខ្លាច​កូន​ធ្លាក់​ខ្លួន​ពិការ។ អ្នកស្រី​បន្ថែម​ថា កាល​ពី​ថ្ងៃ​ទី២៨ ខែ​មករា អភិបាល​ខេត្ត​ព្រះសីហនុ បាន​ទៅ​សួរ​សុខ​ទុក្ខ​កូន​របស់​អ្នកស្រី​ដែរ និង​ជូន​លុយ​ជាង ១ពាន់ (១.២៥០)ដុល្លារ។ លោក​យន្ត មីន មិន​បាន​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​អ្វី​ផ្សេង​ឡើយ ដោយ​គ្រាន់​តែ​បង្ហាញ​ការ​សោក​ស្ដាយ​ប៉ុណ្ណោះ។ អ្នកស្រី បន្ត​ថា គ្រួសារ​អ្នកស្រី មិន​ចង់​ប្ដឹង​ផ្ដល់​វែង​ឆ្ងាយ​នោះ​ទេ ប៉ុន្តែ​ចង់​អំពាវនាវ​ឲ្យ​អាជ្ញាធរ ជួយ​ទទួល​ខុស​ត្រូវ​ព្យាបាល​របួស​កូន​ឲ្យ​ជា​សះស្បើយ​ឡើង​វិញ៖ «ខ្ញុំ​ បារម្ភ​ណាស់ ព្រោះ​ខ្ញុំ​អត់​មាន​ប្ដី​ផង ខ្ញុំ​ក្រ ខ្ញុំ​ភ័យ​ខ្លាច​កូន​ពិការ​មែន​នេះ​ឯង។ អារម្មណ៍​ថា បើ​កូន​ម៉េចៗ ឲ្យ​គ្រាន់​តែ​បាន​ដើរ​បាន​អី រក​ស៊ី​ជិត​ខាង​ខ្លះ​ទៅ តែ​បើ​កូន​ពិការ​ទៀត ខ្ញុំ​ស្រេច​ហើយ។ ខ្លួន​ខ្ញុំ​នេះ​ក៏​រោគ​ច្រើន​ជំពូក​ដែរ លើស​ឈាម​ផង ខ្លាញ់​រុំ​បេះដូង​ផង»

សារព័ត៌មាន​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថា លោក យន្ត មីន និយាយ​ថា លោក​មិន​ទទួល​ខុស​ត្រូវ​ទេ ព្រោះ អ្នក​ណា​បាញ់ គឺ​អ្នក​នោះ ត្រូវ​ទទួល​ខុស​ត្រូវ។

ក្រោយ​ការ​បាញ់​ប្រហារ​លើ​ពលរដ្ឋ និង​ឈូស​ឆាយ​កម្ទេច​ផ្ទះ និង​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ​នោះ គឺ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន បាន​បន្ត​បោះ​តង់​ដេក​លើ​ដី​ដែល​ពួក​គាត់ ធ្លាប់​រស់​នៅ​ដដែល ព្រោះ​គាត់​គ្មាន​ដី និង​ផ្ទះ​សម្បែង​សម្រាប់​រស់នៅ​កន្លែង​ផ្សេង។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា លោក​ស្វាគមន៍​ចំពោះ​បទបញ្ជា​ឲ្យ​ស្រាវជ្រាវ និង​មាន​វិធានការ​ចំពោះ​មន្ត្រី​កងរាជអាវុធហត្ថ ដែល​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ។ ប៉ុន្តែ​លោក​ក៏​ចង់​ឃើញ​មាន​ការ​ស្រាវជ្រាវ និង​មាន​វិធានការ​លើ​កង​កម្លាំង​ប្រដាប់​អាវុធ​ផ្សេង​ទៀត​ដែរ ព្រោះ​ករណី​នោះ ក៏​មាន​ទាំង​មន្ត្រី​នគរបាល និង​មន្ត្រី​យោធា៖ «ទី១ ដើម្បី​រក្សា​នូវ​កិត្តិយស ដើម្បី​រក្សា​នូវ​តម្លៃ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ។ ទី២ គឺ​ដើម្បី​បញ្ឈប់​នូវ​ទង្វើ​ទាំង​អស់​នេះ កុំ​ឲ្យ​កើត​មាន​តទៅ​ទៀត ហើយ​ទី៣ គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ដែរ ទាក់ទង​នឹង​មិន​ថា​តែ​ការ​ប្រើប្រាស់​ហិង្សា​ទេ ​គឺ​ទាក់ទង​នឹង​ការ​បាញ់​ឲ្យ​របួស​ហ្នឹង​ទៀត ដើម្បី​ទី១ បទ​ល្មើស​ណា ដើម្បី​ដាក់​ត្រឹម​វិន័យ​រដ្ឋបាល​នៃ​កង​កម្លាំង ហើយ​បើ​សិន​ជា​បទ​ល្មើស​នៃ​ការ​បាញ់​ឲ្យ​របួស​នោះ វា​មិនមែន​ជា​ការ​ដាក់​វិន័យ​ទេ ព្រោះ​វា​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ ដែល​ត្រូវ​តែ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ »

លោក អំ សំអាត បន្ថែម​ថា បញ្ហា​ដី​ធ្លី គឺ​ជា​មូលហេតុ​នាំ​ឲ្យ​កើត​មាន​អំពើ​ហិង្សា ដូច្នេះ​អាជ្ញាធរ គួរ​តែ​ជជែក​ដោះ​ស្រាយ​ដោយ​សន្តិវិធី ជា​មួយ​អ្នក​តវ៉ា​ដី​ធ្លី ដែល​បាន​បោះ​តង់ មិន​ព្រម​ចាក​ចេញ​ទាំង​នោះ៖ «ទោះ​បី​ជា​យើង​គិត​ថា វា​មាន​សាល​ដីកា​ពី​តុលាការ​ក៏​ដោយ ក៏​យើង​គួរ​តែ​ពិនិត្យ​មើល​ទៅ​លើ​បញ្ហា ទាំង​អស់​នេះ ហើយ​ស្វែង​រក​ដំណោះ​ស្រាយ​ទាំង​អស់​គ្នា​ថា តើ​មាន​ដំណោះ​ស្រាយ​ណា​មួយ ដែល​យើង​មាន​ផ្លូវ​ក្នុង​ការ​ដោះ​ស្រាយ »

ករណី​កង​កម្លាំង​ប្រដាប់​អាវុធ​ច្រើន​លើស​លុប បាញ់​ពលរដ្ឋ​តវ៉ា​ដីធ្លី​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ រិះគន់​ថា ជា​ទង្វើ​កាត់​ក្ដី​ក្រៅ​ប្រព័ន្ធ​ច្បាប់ ជា​ទង្វើ​រំលោភ​សិទ្ធិមនុស្ស និង​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ​ធ្ងន់ធ្ងរ​បំផុត។ ពួក​គេ​យល់​ថា ហេតុការណ៍​អាជ្ញាធរ​ប្រើប្រាស់​អាវុធ និង​ប្រើ​អំពើ​ហិង្សា លើ​អ្នក​តវ៉ា ឬ​ពលរដ្ឋ អាច​កើត​មាន​បន្ត​ទៀត ប្រសិន​ស្ថាប័ន​អនុវត្ត​ច្បាប់​របស់​ជាតិ ធ្វើ​ឲ្យ​តែ​ល្អ​មើល គ្មាន​ឆន្ទៈ​ពិត​ប្រាកដ និង​បណ្ដោយ​ឲ្យ​ជន​ល្មើស​ចេះ​តែ​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់​ដដែល។ លើស​ពី​នេះ ប្រជា​ពលរដ្ឋ​កាន់​តែ​ឈឺ​ចាប់ និង​បាត់បង់​ជំនឿ​ទៅ​លើ​អនុវត្តន៍​ច្បាប់​ថែម​ទៀត ហើយ​គណបក្ស​កាន់​អំណាច ក៏​កាន់​តែ​បាត់បង់​ប្រជាប្រិយភាព​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។