សាលាឧទ្ធរណ៍ក្រុងភ្នំពេញ សម្រេចលើកពេលសវនាការជំនុំជម្រះក្ដីលើបណ្ដឹងរបស់ពលរដ្ឋខេត្តកំពង់ឆ្នាំង ដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់អ្នកស្រី ជា ខេង ភរិយារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ទៅពេលក្រោយ។ ការសម្រេចនេះ ធ្វើឲ្យក្រុមតំណាងសហគមន៍ឡពាង ខកចិត្តជាលើកទី២ ព្រោះពួកគាត់ត្រូវខាតបង់ពេលវេលា និងចំណាយថវិកាអស់ច្រើន ដើម្បីធ្វើដំណើរពីខេត្តកំពង់ឆ្នាំង មករាជធានីភ្នំពេញ តាមដីកាកោះរបស់តុលាការម្ដងៗ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោក យូ ប៊ុនណា នៅថ្ងៃទី២០ តុលា សម្រេចលើកពេលកាត់ក្ដីក្នុងសំណុំរឿងរដ្ឋប្បវេណីរបស់អ្នកភូមិឡពាង នៅខេត្តកំពង់ឆ្នាំង ដែលប្ដឹងសុំមោឃភាពកិច្ចព្រមព្រៀងក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ទៅពេលក្រោយទៀត និងផ្លាស់ប្ដូរសមភាពចៅក្រមថ្មីជំនួសវិញ។
ការសម្រេចនេះ គឺធ្វើទៅតាមការស្នើសុំរបស់ចៅក្រមម្នាក់ ដែលអះអាងខ្លួនថាត្រូវជាបងប្អូនជីដូនមួយជាមួយ លោក ផាត់ ពៅស៊ាង ដែលជាមេធាវីរបស់អ្នកស្រី ជា ខេង ប្រធានក្រុមហ៊ុនខេឌីស៊ី។
នៅក្នុងដីកាកោះរបស់សាលាឧទ្ធរណ៍ កំណត់ឲ្យសាក្សីដែលបានចូលខ្លួនមកតុលាការ ដោយគ្មានផ្ដល់ហេតុផលត្រឹមត្រូវ ត្រូវពិន័យជាប្រាក់ ១លានរៀល (១.០០០.០០០)។ ចំណែកភាគីដើមបណ្ដឹងមិនចូលខ្លួនបំភ្លឺវិញ តុលាការអាចទទួលស្គាល់សេចក្ដីសំអាងរបស់ភាគីម្ខាងទៀត ថាជាការពិត ដោយផ្អែកតាមមាត្រា១៤០ នៃក្រមនីតិវិធីរដ្ឋប្បវេណី។
តំណាងពលរដ្ឋម្នាក់ក្នុងចំណោម៨នាក់ ដែលចំណាយពេលអង្គុយរង់ចាំបើកសវនាការជាង ៣ម៉ោង លោក ស្ងួន ញឿន ថ្លែងថា នេះជាលើកជាទី២ ហើយ ដែលសាលាឧទ្ធរណ៍ ពន្យារពេលកាត់ក្ដីជូនអ្នកភូមិឡពាង។
លោកមិនសប្បាយនឹងតុលាការជាន់ខ្ពស់មួយទេ ព្រោះពួកគាត់ត្រូវចំណាយថវិកា ក្នុងម្នាក់យ៉ាងតិចអស់៥ម៉ឺនរៀល ទើបអាចធ្វើដំណើរ មកចូលរួមសវនាការបាន ដោយមានអ្នកខ្លះត្រូវលក់មាន់ លក់ឆ្កែ ដូរយកប្រាក់ ហើយអ្នកខ្លះទៀត ត្រូវខ្ចីប្រាក់គេ។
លោកយល់ថា ការពន្យារពេលនេះ គឺជារឿងមិនសមហេតុ និងមិនអាចទទួលយកបាន ព្រោះតុលាការកាត់ក្ដី មិនផ្អែកទៅការជាប់ព័ន្ធនឹងសាច់ញាតិ ខ្លាំងជាងច្បាប់នោះទេ៖ «បើចំពោះខ្ញុំវិញ ខ្ញុំអត់គិតអ៊ីចឹងទេ បើជាបងប្អូន ជាសាច់ញាតិក៏ដោយ ឲ្យតែចៅក្រមហ្នឹង ព្រះរាជអាជ្ញាហ្នឹង ឬមេធាវីហ្នឹង ឈរលើគោលការណ៍ច្បាប់ សុំឲ្យកាត់តែម្ដង។ បើយើងគិតរឿងបងប្អូន ធ្វើតុលាការអត់កើតទេ ធ្វើច្បាប់អត់កើតទេ។ រកយុត្តិធម៌ជូនប្រជាពលរដ្ឋ អត់បានទេ បើគិតរឿងប្អូនអ៊ីចឹងនោះ។ ច្បាប់គេអត់និយាយរឿងបងប្អូនទេ គឺនិយាយរឿងច្បាប់។ នេះជាការគិតរបស់ខ្ញុំ ធ្វើជាកណ្ដាល»។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត សង្កេតឃើញ ករណីប្ដឹងផ្ដល់វិវាទដីធ្លីទៅតុលាការ រវាងប្រជាពលរដ្ឋក្រីក្រ ជាមួយខាងក្រុមហ៊ុន គឺមានភាពខុសគ្នាឆ្ងាយច្រើន ទាំងការចាប់ផ្ដល់អនុវត្តនីតិវិធី និងដំណើរការរឿងក្ដី។
លោកបន្តថា រាល់បណ្ដឹងចេញពីខាងក្រុមហ៊ុន គឺតុលាការ តែងតែចាត់ការលឿនជាង បណ្ដឹងរបស់ពលរដ្ឋក្រីក្រដែលជាម្ចាស់ដី។ លោក យល់ថា ដើម្បីលើកកម្ពស់នីតិរដ្ឋក្នុងប្រទេសឲ្យបានប្រសើរឡើង តុលាការគួរពិចារណា និងពិនិត្យមើលលទ្ធភាព ដើម្បីឲ្យដំណើរការរឿងក្ដីនេះ អាចប្រព្រឹត្តទៅបានដោយរលូន ហើយផ្ដល់ភាពយុត្តិធម៌ពិតប្រាកដ ជូនភាគីគូទំនាស់៖ «ខ្ញុំសង្ឃឹមថា លោកតុលាការដែលរកយុត្តិធម៌ជូនប្រជាពលរដ្ឋហ្នឹង សូមលោកធ្វើយ៉ាងម៉េច ដើម្បីប្រាកដថា ជាតួនាទីរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ដោយមានតម្លាភាព។ ហើយគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផង ព្រោះថាមកម្ដងៗ គាត់ចំណាយមិនតិចទេ។ ហើយខកពេលម្ដងជាពីរដងវិញទៅហើយហ្នឹង វាជាការខកចិត្តរបស់ពួកគាត់។ យើងជាអង្គការសង្គមស៊ីវិល យើងឃើញថា ករណីហ្នឹងកើនឡើងច្រើនដែរ ចំពោះប្រជាពលរដ្ឋរងផលប៉ះពាល់ដីធ្លី ក៏ដូចជាសកម្មជនបរិស្ថាន សកម្មជនដទៃទៀតដែរ»។
កាលពីខែធ្នូ ឆ្នាំ២០២០ អ្នកភូមិឡពាង នាំគ្នាបង់ប្រាក់ជិត ៣០ម៉ឺនរៀល នៅសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ តាមដីកាបង្គាប់របស់តុលាការ ដើម្បីដំណើរការក្ដីក្នុងសំណុំរឿងរដ្ឋប្បវេណី សុំមោឃភាពកិច្ចព្រមព្រៀងជាមួយអ្នកស្រី ជា ខេង ភរិយារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម កាលពីឆ្នាំ២០១៤។
ការប្ដឹងទៅតុលាការជាន់ខ្ពស់មួយនេះ គឺក្រោយពេលសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០២០ សម្រេចបដិសេធចោលបណ្ដឹងរបស់ពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ដែលមានជម្លោះដីធ្លីជាមួយអ្នកស្រី ជា ខេង ក្នុងសំណុំរឿងរដ្ឋប្បវេណី សុំមោឃភាពកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC)។
កិច្ចព្រមព្រៀងឬសំណងគោលនយោបាយ ដែលចុះផ្សាយក្នុងទំព័រកាសែតកោះសន្តិភាព កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ សរសេរថា ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) បានផ្ដល់ថវិកាឲ្យតំណាងពលរដ្ឋម្នាក់ឈ្មោះ រាជ សីម៉ា ៧ពាន់ដុល្លារ សម្រាប់សំណងការឈូសឆាយផ្ទះសម្បែងនិងផលដំណាំ ហើយថវិកា ១ម៉ឺនដុល្លារផ្សេងទៀត ជាថ្នូរនឹងការបញ្ឈប់សកម្មភាពចេញដើរតវ៉ារឿងដីធ្លី ប្រឆាំងនឹងក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់អ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ ស៊ែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។ ប៉ុន្តែខាងប្រជាពលរដ្ឋថា ពួកគាត់មិនដែលទទួលបានទឹកប្រាក់ដូចការចុះផ្សាយនោះម្ដងណាឡើយ។
ក្រុមប្រជាពលរដ្ឋ ទទូចស្នើសុំសាលាឧទ្ធរណ៍ពន្លឿននីតិវិធីកាត់ក្ដីក្នុងសំណុំរឿងខាងលើ ឲ្យបានឆាប់ ដោយផ្ដល់ភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាពជូនពលរដ្ឋក្រីក្រ ដែលបានបាត់បង់ដីស្រែដោយការរំលោភយកពីក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់អ្នកស្រី ជា ខេង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។