ពលរដ្ឋដែលរងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរអន់ចិត្ត ចំពោះអាជ្ញាធរខេត្តស្ទឹងត្រែង ដែលបានយករណាយន្តកាត់ផ្ទះរបស់ពួកគាត់បណ្ដែតទឹកទន្លេក្នុងឃុំស្រែគរចាស់។ អ្នកភូមិថា ផ្ទះពលរដ្ឋជាង៣០ខ្នង ដែលលិចលង់ ដោយសារក្រុមហ៊ុនបិទទ្វារទឹកពន្លិចភូមិជាង ៤ ឆ្នាំមកហើយនោះ អាជ្ញាធរទើបចាប់ផ្ដើមកាត់បណ្ដែតទឹកដើម្បីសម្អាតបរិស្ថាន។
ពលរដ្ឋនៅក្នុងឃុំស្រែគរចាស់ ស្រុកសេសាន ឱ្យដឹងនៅថ្ងៃទី១០ ខែសីហាថា អាជ្ញាធរ និង តំណាងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២ បានប្រើរណាយន្ត កាត់ផ្ទះពលរដ្ឋជិត ១សប្តាហ៍មកហើយ។
តំណាងពលរដ្ឋលោក ហ្វុត ឃឿន ថ្លែងថា អាជ្ញាធរបានប្រើរណាយន្ត កាត់ផ្ទះពលរដ្ឋណា ដែលឯកភាពទទួលសំណង ពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២។ លោកថា អាជ្ញាធរបានផ្អាកសកម្មភាពនេះហើយ ក្រោយពេលកាត់ផ្ទុះបណ្ដែតទឹកទន្លេអស់ចំនួន ៥ ខ្នងផ្ទះ ដោយសារអ្នកភូមិតវ៉ាព្រោះមិនពេញចិត្ត ចំពោះទង្វើរបស់អាជ្ញាធរ។ លោកបន្ថែមថា ពលរដ្ឋខ្លះយំសោក ក្រោយពេលឃើញសំណល់ឈើដែលអាជ្ញាធរបានរុះរើផ្ទះ បានអណ្តែតពាសពេញទន្លេ៖ «អាជ្ញាធរខេត្ត និងស្រុកគេនិយាយថា គេរុះរើហើយគេនឹង គ្រឿងផ្ទះទាំងប៉ុន្មានគេនឹងប្រគល់ជូនពលរដ្ឋវិញ ស្រាប់តែពេលនេះ មិនរុះរើណា មានកាត់ចោលៗ ទម្លាក់អណ្ដែត ពេញទន្លេ។ អត់មានយកគ្រឿងផ្ទះឡើងមកគោកអីណា មានតែអណ្តែតចោល»។
លោក ហ្វុត ឃឿន បន្ថែមថា មកទល់ពេលនេះ នៅសល់ពលរដ្ឋ ៤៩គ្រួសាររួមទាំងពលរដ្ឋបំបែកគ្រួសារ ដែលពុំព្រមទទួលយកសំណងពីក្រុមហ៊ុន ហើយរំកិលទៅរស់នៅលើទីទួលសុវត្ថិភាព ឆ្ងាយពីភូមិចាស់ជាង ១គីឡូម៉ែត្រ។ លោកថា ពួកគាត់បានដាក់លក្ខខណ្ឌឱ្យក្រុមហ៊ុន ផ្តល់សំណងក្នុងមួយគ្រួសារ ១ម៉ឺន ៥ពាន់ដុល្លារ ដើម្បីឱ្យអ្នកភូមិយកទៅសង់ជម្រកថ្មី ក៏ប៉ុន្តែអាជ្ញាធរមិនទាន់ឆ្លើយតបនៅឡើយទេ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គុង ប្រាប់វិទ្យុអាស៊ីសេរីថា ការរុះរើផ្ទះនេះ អាជ្ញាធរមិនបណ្តាលឱ្យមានផលប៉ះពាល់ដល់ការរស់របស់ពលរដ្ឋនោះទេ ព្រោះផ្ទះពលរដ្ឋដែលកំពុងលិចក្នុងទឹកនោះ ពុំបានអាស្រ័យផលឬស្នាក់នៅនោះឡើយ។ លោកថា ពលរដ្ឋត្រូវចូលរួមសហការជាមួយ អាជ្ញាធរ ក្នុងការរៀបចំដំណោះស្រាយ និងសំអាតកន្លែងនោះ។ លើសពីនេះ ក្នុងឃុំស្រែគរចាស់ មានពលរដ្ឋជាង ២០គ្រួសារទៀត ដែលមិនព្រមទទួលយកសំណង ប៉ុន្តែពួកគាត់បានចូលរួមពិភាក្សា ជាមួយក្រុមការងារដោះស្រាយផលប៉ះពាល់ជាបន្តបន្ទាប់មកហើយ។ លោកបញ្ជាក់ថា ពលរដ្ឋបានទាមទារសំណងជាថវិកាច្រើនពេក ហួសពីគោលនយោបាយដោះស្រាយសំណង៖ «សំណើពួកគាត់ សុំថវិកាច្រើន ដល់ពេលច្រើនទៅ វាខុសពីគោលនយោបាយសំណង គណៈកម្មការដោះស្រាយផលប៉ះពាល់ បានរៀបចំដីធ្លី និងផ្ទះសម្បែងជូនពួកគាត់ហើយ ដល់ពេលគាត់អត់ព្រមទៅ គាត់បានសុំរស់នៅក្បែរហ្នឹងវិញ។ អាជ្ញាធរ និងគណៈកម្មការដោះស្រាយផលប៉ះពាល់ សម្របសម្រួលឱ្យពួកគាត់រស់នៅក្បែរហ្នឹងវិញ។ អាជ្ញាធរនៅមានគោលចំហ ពិភាក្សា និងដោះស្រាយ មានផ្លូវចេញ ធ្វើយ៉ាងណា ឱ្យទទួលយកបានទាំងអស់គ្នា»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តស្ទឹងត្រែង លោក ប៊ី វ៉ាន់នី យល់ថា អាជ្ញាធរគួរតែអនុញ្ញាតឱ្យពលរដ្ឋរុះរើផ្ទះដោយខ្លួនឯង ដើម្បីឱ្យពលរដ្ឋយកផ្ទះចាស់មកប្រើប្រាស់ដោយមិនគួរ អារផ្ទះបណ្ដែតទឹកនាំឱ្យប៉ះពាល់អារម្មណ៍របស់ពលរដ្ឋនោះទេ។ លោកថា អាជ្ញាធរគួរតែទទួលយកសំណូមពររបស់ពលរដ្ឋមកដោះស្រាយដោយសន្តិវិធី ដើម្បីប៉ះប៉ូវផ្លូវចិត្តពួកគាត់ ដែលទឹកបានពន្លិចភូមិកំណើត ក្រោមរូបភាពអភិវឌ្ឍន៍នេះ៖ «អាជ្ញាធរគួរតែពិភាក្សាជាមួយម្ចាស់ផ្ទះ ទទួលសំណងដែលយើងធ្វើការរុះរើ ប្រសិនជាគាត់មានលទ្ធភាពរុះរើខ្លួនឯង ដើម្បីយកឈើ និងផ្ទះចាស់ ធ្វើការប្រើប្រាស់ យើងឱ្យគាត់រុះរើដោយខ្លួនឯងទៅ អាហ្នឹងវាជាការល្អ។ ធ្វើការជាមួយ អាជ្ញាធរ សហការគ្នា ធ្វើការរុះរើដោយត្រឹមត្រូវ ចៀសវាង រុះរើធ្វើការអារ និងបណ្តែត»។
ផ្ទះពលរដ្ឋជាច្រើនគ្រួសារ ក្នុងឃុំស្រែគរចាស់ បានលិចលង់ដោយសារ ក្រុមហ៊ុនបិទទ្វារទឹកកាលពីចុងឆ្នាំ ២០១៧ ដើម្បីអនុវត្តគម្រោងផលិតថាមពលអគ្គិសនី។ ក្រោយពីបិទទ្វារទឹក ធ្វើឱ្យលិចលង់ ផលដំណាំ និងស្រូវកសិកម្ម របស់ពលរដ្ឋចំនួន ២ឃុំ គឺឃុំស្រែគរ និងឃុំក្បាលរមាស។
មកទល់ពេលនេះពលរដ្ឋរស់នៅឃុំស្រែគរចាស់ ៤៩ គ្រួសារ និងឃុំក្បាលរមាស ៥៣គ្រួសារបូករួមទាំងពលរដ្ឋបំបែកគ្រួសារបដិសេធមិនព្រមទទួលយកគោលនយោបាយសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២ ហើយបច្ចុប្បន្នពួកគេបន្តរស់នៅលើទីទួលនៅក្បែរភូមិចាស់។ ក្រុមពលរដ្ឋទាំងនោះរស់នៅពឹងផ្អែកលើព្រៃសហគមន៍ដែលជាប្រភពចំណូលសេដ្ឋកិច្ចរបស់ពួកគេ ដូចជា នេសាទត្រី ឃ្វាលគោក្របីធ្វើចម្ការវិលជុំរកអនុផលព្រៃឈើបេះបន្លែ និងដងជ័រទឹកជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។