អាជ្ញាធរ​ស្រុក​ពញាក្រែក ព្រមាន​វិធានការ​ច្បាប់​លើ​អ្នកភូមិ​ត្រពាំងផ្លុង បើ​ហ៊ាន​បន្ត​ទៅ​ធ្វើស្រែ​នៅ​ក្បែរ​ព្រំដែន​ជាមួយ​វៀតណាម

ដោយ មាន ឫទ្ធិ
2020-07-21
Share

អាជ្ញាធរ​ស្រុក​ពញាក្រែក ព្រមាន ប្រើ​វិធានការ​ផ្លូវច្បាប់ លើ​អ្នកភូមិ​ត្រពាំងផ្លុង បើ​នៅតែ​ហ៊ាន​បន្ត​ធ្វើស្រែ នៅ​ក្បែរ​ព្រំដែន។ អ្នកភូមិ​ត្រពាំងផ្លុង ប្រាប់​ថា ពួក​គាត់​ព្រួយបារម្ភ​ពី​សុវត្ថិភាព ក្រោយ​រង​ការព្រមាន​នេះ។ ចំណែក​អ្នកឃ្លាំមើល​ព្រំដែន ថ្លែង​ថា ការព្រមាន​នេះ ជា​ការ​មិន​ទទួលខុសត្រូវ របស់​អាជ្ញាធរ ចំពោះ​ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន។

អ្នកភូមិ​ត្រពាំងផ្លុង​ម្នាក់ លោកស្រី ហាក់ ផាន់​នី ប្រាប់​ថា ប៉ូលិស​ស្រុក​ពញាក្រែក បាន​យក​លិខិត​ព្រមាន មក​ឲ្យ​តំណាង ៦នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី១៩ កក្កដា ហើយ​បាន​ណែនាំ​ឲ្យ​ផ្សព្វផ្សាយ​បន្ត​ទៅ កសិករ​ចំនួន ១០០​គ្រួសារ​ទៀត ដែល​កំពុង​តវ៉ា​ទាមទារ​ដីស្រែ​ក្បែរ​ព្រំដែន​មកវិញ។ អ្នកភូមិ​រូប​នេះ​បន្ត​ថា ក្នុង​លិខិត​ព្រមាន​នេះ អាជ្ញាធរ​ស្រុក មិន​បញ្ជាក់​ពី​វិធានការ​ផ្លូវច្បាប់​បែប​ណា លើ​អ្នកភូមិ​ឡើយ។ លោកស្រី ហាក់ ផាន់នី បន្ត​ថា នៅ​ពេល​ទទួល​បាន​លិខិត​ព្រមាន​នេះ​រួច អ្នក​ភូមិ​ចំនួន ១០៦​គ្រួសារ លែង​ហ៊ាន​ទៅ​ជម្រះ​ស្មៅ រង​ដំឡូង​មី នៅ​ម្ដុំ​ព្រំដែន​ទៀត​ហើយ ព្រោះ​ខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​ភូមិ​នឹង​នៅ​តែ​ប្រមូល​គ្នា ទៅ​ដាក់​ញត្តិ​នៅ​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្រុង​ភ្នំពេញ​ដដែល៖ «ហើយ​ឥឡូវហ្នឹង ពួក​ខ្ញុំ គេ​(អាជ្ញាធរ​) មិនមែន​ហៅ​ទៅ​កន្លែង​គេ​ទេ។ តែ​ហ៊ាន​ធ្វើអ្វី​មួយ គេ​ប្រហែល​ចេញដីកា​ចាប់​ហើយ​យ៉ាង

ក្នុង​លិខិត​នោះ អាជ្ញាធរ​ស្រុក​ពញាក្រែក ជូនដំណឹង​ថា ដីស្រែ​ក្បែរ​ព្រំដែន ដែល​អ្នក​ភូមិ​ទន្ទ្រាន​កាន់កាប់ គឺ​ជា​ដី​រដ្ឋ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​ព្រំដែន​នៃ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី។ លិខិត​ជូនដំណឹង​ចុះ​ថ្ងៃ​ទី១៧ កក្កដា បន្ត​អះអាង​ថា​កន្លង​មក អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ បាន​ចុះ​អប់រំ​ណែនាំ ផ្សព្វផ្សាយ​ច្រើន​ដង​ហើយ តែ​ពលរដ្ឋ​មិន​ស្ដាប់ នៅ​តែ​បន្ត​សកម្មភាព​ទន្ទ្រាន​យក​ដី​រដ្ឋ​ក្បែរ​ព្រំដែន។ ដូច្នេះ ក្នុង​ករណី​ពលរដ្ឋ​បន្ត​ការ​ទន្ទ្រាន​ទៀត អាជ្ញាធរ​នឹង​ប្រើ​វិធានការ​ផ្លូវ​ច្បាប់​ជាធរមាន។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អាជ្ញាធរ​ស្រុក​ពញាក្រែក និង​អភិបាលខេត្ត​ត្បូងឃ្មុំ បានទេ នៅ​ថ្ងៃ​ទី២០ កក្កដា។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់​អាស៊ី​សេរី​ថា ដី​ដែល​អ្នកភូមិ​ត្រពាំងផ្លុង​ខ្លះ ចូល​ទៅ​បង្កបង្កើនផល​ក្បែរ​ព្រំដែន​នោះ ពិតជា​ដី​សាធារណៈ​របស់​រដ្ឋ​ពិតមែន។

លោក ផៃ ស៊ីផាន បញ្ជាក់​ថា ខាង​រដ្ឋាភិបាល​មិន​ទាន់​មាន​ដំណោះ​ស្រាយ​បែប​ណា​ទេ ក្នុង​ករណី​នេះ ព្រោះ​ជា​តួនាទី​របស់​អាជ្ញាធរ​ថ្នាក់​ខេត្ត។ តែ​យ៉ាង​ណា​ក្ដី មន្ត្រី​រដ្ឋាភិបាល​រូប​នេះ អំពាវនាវ​ឲ្យ​អ្នកភូមិ​ត្រពាំង​ផ្លុង ស្ដាប់​ការ​ណែនាំ​របស់​អាជ្ញាធរ​ស្រុក​ពញាក្រែក និង​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ ដើម្បី​បញ្ចៀស ការ​ប្រើ​ប្រាស់​វិធានការ​ផ្លូវ​ច្បាប់៖ «គ្មាន​អ្វី​ក្រៅ​ពី​សំណូមពរ​ទេ សុំ​ឲ្យ​ពលរដ្ឋ​ហ្នឹង គឺ​បញ្ឈប់​ការ​រុករាន​ទៅ​លើ​ដី​រដ្ឋ​តែ​ប៉ិន​ហ្នឹង ហើយ​រដ្ឋ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ បើ​សិន​នៅ​តែ​បន្ត។ ខ្ញុំ​អត់​ដឹង​ទេ​ដំណោះ​ស្រាយ គឺ​មូលដ្ឋាន​នៅ​ស្រុក​ហ្នុង គេ​ដោះស្រាយ​របៀប​ម្ដេច ហើយ​យ៉ាង​ម្ដេច ជា​រឿង​របស់​មូលដ្ឋាន។ តែ​អា​ចំណី​ដី ដែល​សល់​ពី​ខ្សែ​ខណ្ឌសីមា អាហ្នឹង ជា​ដី​របស់​រដ្ឋ»

ប៉ុន្តែ ក្រុម​អ្នកឃ្លាំមើល​កិច្ចការ​ព្រំដែន ហៅ​ការ​ប្រកាស​ប្រើប្រាស់​វិធានការ​ផ្លូវ​ច្បាប់ ដោយ​គ្មាន​ដំណោះ​ស្រាយ ឲ្យ​អ្នក​ភូមិ​ត្រពាំង​ផ្លុង ដែល​កំពុង​បង្កបង្កើនផល នៅ​ក្បែរ​ព្រំដែន​នេះ​ថា ជា​ការ​មិន​ទទួល​ខុសត្រូវ​របស់​អាជ្ញាធរ។

អនុប្រធាន​ក្រុម​ការងារ​យុវជន ១០០រាត្រី លោក មាន ព្រហ្ម​មុនី យល់​ថា ក្នុង​ករណី​នេះ អ្នក​ភូមិ​ត្រពាំងផ្លុង បាន​កាន់កាប់​ដី បង្ក​បង្កើន​ផល តាំងពី​ដូនតា​មក ប៉ុន្តែ​អាជ្ញាធរ​មិន​ព្រម​ចេញ​កម្មសិទ្ធិ​ឲ្យ ទើប​បណ្ដាលឲ្យ​អ្នកភូមិ​រង​ការ​ចោទ​ថា ជា​អ្នក​ទន្ទ្រាន​ដី​រដ្ឋ។ លោក មាន ព្រហ្ម​មុនី ស្នើសុំ​ឲ្យ​រដ្ឋាភិបាល ពិនិត្យ​មើល​ករណី​នេះ​ឡើង​វិញ ដោយ​មិន​ត្រូវ ព្រមាន​ពលរដ្ឋ ដោយ​គ្មាន​ភាព​ទទួល​ខុស​ត្រូវ​ឡើយ។

លោក​បន្ត​ថា ការ​ប្រើ​វិធានការ​ក្ដៅ​លើ​ពលរដ្ឋ​ធ្វើស្រែ​ចម្ការ​នៅ​ក្បែរ​ព្រំដែន ទោះ​តាម​ផ្លូវ​រដ្ឋបាល ឬ​តុលាការ គឺ​ជា​ការ​រំលោភ​ច្បាប់ និង​ជា​មូលហេតុ​បង្ខំ ឲ្យ​ពលរដ្ឋ​ចាក​ចេញ​ពី​តំបន់​ព្រំដែន ធ្វើ​ឲ្យ​ព្រំដែន​មាន​ភាព​ស្ងាត់ ដែល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ងាយ​រង​ការ​រំលោភ​បំពាន​ដែនដី​អធិបតេយ្យ​របស់​ខ្លួន។ អ្នក​ឃ្លាំមើល​ព្រំដែន​រូប​នេះ ចង់​ឲ្យ​អាជ្ញាធរ ដោះ​ស្រាយ​ករណី​នេះ​ឲ្យ​ពលរដ្ឋ ជាជាង​ការ​ព្រមាន និង​ត្រូវ​ពិនិត្យ​មើល​ការ​បោះ​បង្គោល​ព្រំដែន ដែល​ប៉ះពាល់​ដល់​ដី​ពលរដ្ឋ​ឡើងវិញ៖ «ខ្ញុំ​នឹង​ចុះ (ទៅ​មើល) ព្រោះ​មាន​រឿង​ប្រជាពលរដ្ឋ​បាត់​ដីស្រែ​អ៊ីចឹង ខ្ញុំ​គិត​ថា វា​ជា​រឿង​អាក្រក់​បំផុត​ហើយ ធ្វើ​ឲ្យ​គាត់​បាត់បង់​ដីស្រែ ហើយ​គាត់​នៅ​ហ្នឹង តាំងពី​ដូន​ពី​តាម​ក ហើយ​បាត់បង់​ដីស្រែ ហើយ​ប្រជាពលរដ្ឋ ចាស់​ទុំ​នៅ​ហ្នឹង​នៅ​មាន យើង​មិន​សួរ​គាត់ ព្រោះ​ដី​គេ​មិន​ដែល​យក​ទៅ​ណា​ទេ។ សំខាន់​ប្រជាពលរដ្ឋ​ចាស់ទុំ​នៅ​ហ្នឹង ហើយ​បើ​បាត់បង់​ដីស្រែ​កម្មសិទ្ធិ​របស់​គាត់​ដូច្នេះ យើង​ថា វា​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ហើយ​រំលោភ​សិទ្ធិ​ម្ចាស់​ប្រទេស​ខ្លួនឯង​ធ្ងន់ធ្ងរ​ណាស់»

អ្នកភូមិ​ត្រពាំង​ផ្លុង អះអាង​ថា ដី​ចម្ការ ដែល​ទាហាន​វៀតណាម និង​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ រារាំង​មិន​ឲ្យ​ចូល​ទៅ​ជម្រះស្មៅ​ដំឡូងមី នៅ​ក្បែរ​ព្រំដែន ស្ថិតនៅ​ចន្លោះ​បង្គោល​លេខ១៩៩ ដល់​បង្គោល​លេខ២០០ មាន​ទំហំ​ប្រហែល​ហុកសិប (៦០) ហិកតារ។ អ្នក​ភូមិ​អះអាង​ថា ដីស្រែ​ចម្ការ​នៅ​តំបន់​នោះ គឺ​ឪពុក​ម្ដាយ​របស់​ពួក​គាត់ បង្កបង្កើនផល ត​ពី​ជំនាន់​ដូនតា​របស់​ពួក​គាត់ មក​ជា​យូរហើយ មិន​ដែល​រង​ការរារាំង​ពី​អាជ្ញាធរ​ខ្មែរ និង​ទាហាន​វៀតណាម​ទេ។ អ្នក​ភូមិ​បន្ត​ថា ចាស់ទុំ​ដែល​ធ្លាប់​ធ្វើ​ស្រែ​ចម្ការ នៅ​តំបន់​នោះ កាល​ពេល​នៅ​មាន​កម្លាំង ក៏​អះអាង​បែបនេះ​ដែរ។ អ្នក​ភូមិ​ឲ្យ​ដឹង​ថា ទាហាន​វៀតណាម​ទើប​តែ​ចូល​មករា​រាំង​អ្នក​ភូមិ មិន​ឲ្យ​ធ្វើស្រែ​ចម្ការ​នៅ​តំបន់​នោះ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ក្រោយ​ពេល​បោះ​បង្គោល​ព្រំដែន​រួចរាល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។