កម្លាំងអាជ្ញាធរខេត្តព្រះសីហនុរាប់សិបនាក់ នៅតែបន្តឈរជើងការពារសកម្មភាពឈូសឆាយកម្ទេចផ្ទះ និងផលដំណាំរបស់ប្រជាពលរដ្ឋលើដីវិវាទមួយកន្លែង ជាមួយឧកញ៉ា ឈ្មោះ ស៊ីវ គង់ទ្រីវ នៅស្រុកព្រៃនប់ ក្រោយការប៉ះទង្គិចគ្នាកាលពី ថ្ងៃម្សិលមិញ បណ្ដាលឱ្យពលរដ្ឋម្នាក់ត្រូវ គ្រាប់កាំភ្លើង និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្រុងភ្នំពេញ។ សង្គមស៊ីវិល រិះគន់អាជ្ញាធរ និងតុលាការថា អនុវត្តវិធានការរំលោភច្បាប់និងសិទ្ធិមនុស្សធ្ងន់ធ្ងរ។
កងកម្លាំងសមត្ថកិច្ចចម្រុះ ប្រដាប់ដោយកាំភ្លើងបានពង្រាយគ្នាច្រូងច្រាងឈរការពារគ្រឿងចក្រ ឬហៅថា អេស្ការវ៉ាទ័រ ចំនួន ៤គ្រឿង របស់ឧកញ៉ា ឈ្មោះ ស៊ីវ គង់ទ្រីវ ឈូសឆាយកម្ទេចផ្ទះ និងផល ដំណាំរបស់ប្រជាពលរដ្ឋបន្ថែមទៀត នៅថ្ងៃទី២៥ ខែមករា នៅទីតាំងក្បែរវត្តអូរត្រេះ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។ ចំណែកពលរដ្ឋវិញ បានត្រឹមតែឈរមើលទាំងតក់ស្លុតចំពោះសកម្មភាពឈូសឆាយកម្ទេចផ្ទះ ព្រោះពួកគាត់មិនហ៊ានតវ៉ាប្រឈមមុខទៀតទេ ក្រោយការបាញ់បង្ក្រាប និង ចាប់ខ្លួនពលរដ្ឋ កាលពីថ្ងៃទី២៤ ខែមករ។
តំណាងពលរដ្ឋម្នាក់ រៀបរាប់ថា អ្នកភូមិ បានបាក់ស្បាត់មិនហ៊ានតវ៉ាពុះកញ្ជ្រោលទៀតឡើយ។ ពួកគាត់ខ្លះ បានត្រឹមឈរមើលផ្ទះ និងដីធ្លីទាំងទឹកភ្នែកស្រែកយំ ព្រោះគ្មានដី និងផ្ទះសម្រាប់រស់នៅ បន្តទៀត។ ពលរដ្ឋខ្លះទៀត បានសំពះសុំអង្វរឱ្យក្រុមហ៊ុនផ្អាកសកម្មភាពឈូសឆាយនោះ ដើម្បី ជញ្ជូនឥវ៉ាន់ចេញពីក្នុងផ្ទះសិន។ ទោះបីជាពលរដ្ឋខ្លះ បានជញ្ជូនភួយ ម៉ុង កន្ទេល និងចាន ឆ្នាំងចេញពីផ្ទះក្តី ក៏ពួកគាត់មិនដឹងថា ត្រូវទៅទីណាដែរ គឺគ្រាន់តែជញ្ជូនទុកនៅតាមព្រៃ និងតាមផ្លូវសិន៖ «ពលរដ្ឋ បាក់ស្បាត់ហើយ ព្រោះគេធ្វើនេះ មានកម្លាំងសមត្ថកិច្ចមានកាំភ្លើងនិងខ្នោះ»។
ពលរដ្ឋសម្ដែងការសោកស្ដាយចំពោះអាជ្ញាធរខេត្តព្រះសីហនុ ដែលមិនបានបំពេញតួនាទីបម្រើប្រជាពលរដ្ឋ បែរជាការពារក្រុមហ៊ុន ឯកជន ហើយវាយធ្វើបាបនិងដណ្ដើមដីធ្លីស្រស់ៗពីប្រជាពលរដ្ឋទៅវិញ។ ពលរដ្ឋចាត់ទុកសកម្មភាពរបស់ក្រុមហ៊ុន និងអាជ្ញាធរ គឺឃោរឃៅបំផុតដែលមិនអនុវត្តតាមច្បាប់ដោយយុត្តិធម៌នោះទេ ព្រោះការចុះអនុវត្តសាលដីកានេះ មិនបានជូនដំណឹងដល់ពលរដ្ឋជាមុននោះទេ។ ពលរដ្ឋនៅតែទាមទារឱ្យអាជ្ញាធរ ជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីនេះឡើងវិញ ដូចជាផ្ដល់សំណង់សមរម្យ និងចែកដីធ្លីជូនពួកគាត់ជាដើម៖ «ផ្ទះពលរដ្ឋដែលធំៗអីនោះ គេកាត់រំលំចោលអស់ហើយ និងដេញពលរដ្ឋ។ នៅលើនេះ មានប្រជាពលរដ្ឋជាង ១ពាន់គ្រួសារ។ ពលរដ្ឋអត់ទាន់ដកចេញទៅណា នៅឃ្លាំមើល។ ពលរដ្ឋចង់បានដំណោះស្រាយ ព្រោះនៅទីនេះយូរហើយ»។
អាស៊ីសេរី បានព្យាយាមទូរស័ព្ទសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឱ សារឿន និងស្នងការខេត្តព្រះសីហនុជាច្រើនដង ប៉ុន្តែមិនលើកទូរស័ព្ទ។ រីឯអភិបាលខេត្តព្រៃ សីហនុ លោក យន្ត មីន ប្រាប់ថា ជាប់រវល់ប្រជុំ និងបានបិទទូរស័ព្ទវិញ៖ «ខ្ញុំរវល់ប្រជុំបាទ»។
មន្ត្រីអង្គការលីកាដូ (Licadho) មន្ត្រីអង្គការអាដហុក (Adhoc) និងមន្ត្រីអង្គការសហប្រជាជាតិ បានចុះឃ្លាំមើលការបន្តចុះអនុវត្តសាលដីការបស់តុលាការកំពូល នៅលើទីតាំងមានជម្លោះរវាងពលរដ្ឋ និងលោកឧកញ៉ា ស៊ីវ គង់ទ្រីវ នៅថ្ងៃទី២៥ ខែមករា។
កាលពីថ្ងៃទី២៤ ខែមករា សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បានចុះបាញ់បង្ក្រាប និងចាប់ខ្លួនពលរដ្ឋចំនួន ៦នាក់ ដែលតវ៉ាដុតកងឡានប្រឆាំងនឹងការចុះអនុវត្តសាលដីកាតុលាការកំពូល។ ក្នុងហេតុការណ៍នោះ បណ្ដាលឱ្យពលរដ្ឋម្នាក់រងរបួសធ្ងន់ធ្ងរ ដោយសារត្រូវមួយគ្រាប់កាំភ្លើងចំស្មា មុខខាងឆ្វេង និងបៀមគ្រាប់នៅជាប់ឆ្អឹងកងខាងក្រោយខ្នង ហើយបានបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យលោកសង្ឃ ក្នុងក្រុងភ្នំពេញ។ ចំណែក ពលរដ្ឋ ដែលត្រូវបានចាប់ខ្លួនបញ្ជូនទៅស្នងការខេត្ត ប៉ុន្តែត្រូវបានដោះលែងវិញអស់ហើយ កាលពីយប់ថ្ងៃ កើតហេតុដោយមានកិច្ចសន្យា ឈប់តវ៉ា។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ឱ្យដឹងថា ពលរដ្ឋម្នាក់ដែលត្រូវគ្រាប់កាំភ្លើងនោះ ត្រូវបានគ្រូពេទ្យវះកាត់យកគ្រាប់ចេញហើយ នៅរសៀលថ្ងៃ ទី២៥ ខែមករា និងកំពុងបន្តតាមដានសុខភាពរបស់គាត់បន្តទៀត។ អង្គការជាតិ និងអន្តរជាតិ យល់ ថា ករណីបង្ក្រាបលើពលរដ្ឋតវ៉ាដីធ្លីនេះ មានភាពសាហាវដែលរំលោភបំពានច្បាប់ និងរំលោភសិទ្ធិ មនុស្សធ្ងន់ធ្ងរ។ លោក អំ សំអាត បន្តថា ទោះបីការបង្ក្រាបនោះ ជាការអនុវត្តសាលដីកាក្តី ប៉ុន្តែ អាជ្ញាធរ ក៏មិនត្រូវប្រើប្រាស់កាំភ្លើង ឬប្រើអំពើហិង្សាតបតលើពលរដ្ឋធ្ងន់ធ្ងរនោះដែរ៖ «មិនអាចចាប់បង្ខំអនុវត្ត ហើយបង្កឱ្យមានអំពើហិង្សាធ្ងន់ធ្ងររហូតដល់មានការផ្ទះអាវុធធ្វើឱ្យរងរបួស ឬក៏បាត់បង់អាយុជីវិតមនុស្សនោះទេ។ នៅក្នុងករណីនេះ ត្រូវតែមានការស៊ើបអង្កេតមួយដោយឯករាជ្យ និងអព្យាក្រឹត្យមួយដើម្បីរកអ្នកដែលទទួលខុសត្រូវចំពោះការធ្វើឱ្យមនុស្សរងរបួស។ ជាការពិត ទោះបីជាមានអំពើហិង្សា យ៉ាងណាក៏ដោយ ការបង្ក្រាប ឬការការពារខ្លួនធម្មានុរូបនោះ វាត្រូវតែមានកម្លាំងសមមាត្រគ្នា មិនអាចបាញ់ធ្វើឱ្យពលរដ្ឋរងរបួសបានទេ»។
ពលរដ្ឋដែលត្រូវគ្រាប់កាំភ្លើងរងរបួសនោះមានឈ្មោះ ពៅ សារ៉ន អាយុ២៨ ភេទប្រុស។ សង្គម ស៊ីវិល បារម្ភពីរបួសយុវជននោះ អាចក្លាយជាពិការភាព ទោះបីជាយកគ្រាប់ចេញហើយក្ដី។
លោក អំ សំអាត ក៏អំពាវនាវឱ្យរដ្ឋាភិបាល ជាពិសេសអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យមើលភាព ជាក់ស្ដែងអំពីផលប៉ះពាល់លើប្រជាពលរដ្ឋក្រោយបណ្ដេញចេញទាំងបង្ខំ ព្រោះពួកគាត់គ្មានដីធ្លី និងផ្ទះសម្បែងសម្រាប់រស់នៅនោះទេ៖ «អ៊ីចឹងបើគាត់មិនមានដីធ្លីអ៊ីចឹង គឺអាជ្ញាធរគួរតែពិនិត្យពិចារណាទៅលើបញ្ហាដំណោះស្រាយណាមួយដើម្បីឱ្យទទួលបានផលប្រយោជន៍ទាំងសងខាងហើយបញ្ចៀសនូវអំពើហិង្សាដែលកើតឡើងនឹងទៅ»។
ពលរដ្ឋមានជម្លោះដីធ្លី ប្រាប់ថា មិនបានដឹងច្បាស់ថា ដីមានទំនាស់មានទំហំជាក់ស្ដែងប៉ុន្មានហិកតារ ឬពលរដ្ឋប៉ុន្មាននាក់កំពុងរស់នៅទេ ប៉ុន្តែគ្រាន់តែលឺថា មុនឆ្នាំ២០០២ តំបន់ដីទំនាស់ ដែលអាជ្ញាធរចុះបង្ក្រាបពលរដ្ឋ យកដី ជារបស់ឈ្មួញម្នាក់ឈ្មោះឧកញ៉ា ស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះ ហុង សួន។ លោកថា នៅឆ្នាំ២០០២ រដ្ឋសម្រេចដាក់ដីនេះ ជាដីគម្របព្រៃឈើរបស់រដ្ឋ ហើយមានពលរដ្ឋខ្លះ បានកាប់រានទន្ទ្រានរស់នៅ និងមានខ្លះ ទិញតគ្នា ដោយគ្មានអាជ្ញាធរណារារាំងឡើយ។ លុះប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រាប់តែលេចលឺ ថា ដីនោះជារបស់ឈ្មួញទៅវិញ។
ប្រជាពលរដ្ឋ អះអាងថា ពួកគាត់មួយចំនួន នៅតែបន្តក្រាញននៀលទាមទារដំណោះស្រាយដីធ្លី ដដែល ព្រោះពួកគាត់គ្មានជម្រើសផ្សេងនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។