រដ្ឋាភិបាល​ព្រមាន​បញ្ជូន​សំណុំ​រឿង​ដី​នៅ​បវេល​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

0:00 / 0:00

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ចេញ​លិខិត​អន្តរាគមន៍​ជា​លើក​ទី​២​ ទៅ​ឲ្យ​មន្ទីរ​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​បាត់ដំបង។

លិខិត​នោះ​បាន​ជំរុញ​ឲ្យ​មន្ទីរ​សុរិយោដី​ខេត្ត​ពិនិត្យ​សើរើ​ឡើង​វិញ​ចំពោះ​ភាព​មិន​ប្រក្រតី​​លើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២២​ប័ណ្ណ លើ​ផ្ទៃ​ដី ១៦១​ហិកតារ​ជា​របស់​បុគ្គល​ឈ្មោះ ​អៀង ​អឿន ដែល​កើត​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ ៣៨​គ្រួសារ​ នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល ​ព្រមាន​បញ្ជូន​សំណុំ​រឿង​ថ្នាក់​ដឹកនាំ​មន្ទីរ​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​ សំណង់ និង​សុរិយោដី ខេត្ត​បាត់ដំបង​ ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ល្គឹក​ណា​ ស្ថាប័ន​មួយ​នេះ​ មិន​ព្រម​ពិនិត្យ​សើរើ​ឡើង​វិញ​ចំពោះ​ភាព​មិន​ប្រក្រតី​នៃ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ ចំនួន ២២ ទៅ​ឲ្យ​បុគ្គល​ឈ្មោះ ​អៀង អឿន កាន់កាប់​លើ​ផ្ទៃ​ដី​ទំហំ ១៦១​ហិកតារ។

លិខិត​អន្តរាគមន៍​ចុះ​ថ្ងៃ​ទី​៣ មេសា ឆ្នាំ​២០១៤ បញ្ជាក់​ថា រយៈ​ពេល​កន្លង​មក​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា (ក.ស.ម.ក) បាន​ធ្វើ​លិខិត​អន្តរាគមន៍​ឲ្យ​រក​និយាមកា​ដើម្បី​ឲ្យ​តុលាការ​មាន​មូលដ្ឋាន​ធ្វើ​ការ​សម្រេច​ចិត្ត​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង ១០​ខែ​ហើយ ​នៅ​ពុំ​ទាន់​មាន​ចំណាត់​ការ​អ្វី​ឡើយ។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​សង្កត់​ធ្ងន់​ថា៖ «ប្រហែល​ជា​អស់​លោក​យល់​ថា ទុក្ខវេទនា​របស់​ប្រជាជន​ដោយ​ឡែក​ ដែល​អស់​លោក​ចង់​ជាន់​ឈ្លី​យ៉ាង​ណា​ក៏​បាន​ បាន​ជា​គ្មាន​អ្នក​ណា​យក​ចិត្ត​ទុកដាក់​ជំរុញ​ការងារ​របស់​ខ្លួន​ចំពោះ​ករណី​នេះ»

ការ​ចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​ដី​នោះ​មិន​បាន​ធ្វើ​តាម​តាម​នីតិវិធី​ត្រឹមត្រូវ​ មិន​បាន​ចុះ​ទៅ​វាស់​ជាក់​ស្ដែង​នាំ​ឲ្យ​គ្មាន​ការកំណត់​និយាម​ឲ្យ​បាន​ច្បាស់លាស់​ ទើប​រក​ទី​តាំង​មិន​ឃើញ។ និយាមកា​ប័ណ្ណ​កម្មសិទ្ធិ​ ទាំង ២២​ប័ណ្ណ​ ក្នុង​រឿង​ទំនាស់​រវាង​ប្រជាពលរដ្ឋ ៣៨​គ្រួសារ​ជាមួយ​លោក អៀង អឿង ឋិត​ក្នុង​ឃុំ​ អន្លង់រុន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង លើ​ដី​ទំហំ ១៦១​ហិកតារ។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា យល់​ថា ទំនាស់​ដូច​រៀបរាប់​ខាង​លើ​បាន​អូស​បន្លាយ​ជាង ១០​ឆ្នាំ​ ដោះស្រាយ​មិន​ចេញ​ដោយសារ​ភាព​មិន​ច្បាស់​លាស់​របស់​សមត្ថកិច្ច។ អ្នក​ចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​មិន​បាន​ធ្វើ​តាម​នីតិវិធី​ត្រឹមត្រូវ​ មិន​បាន​ចុះ​ទៅ​វាស់​ដី​ជាក់​ស្ដែង​ ដូច្នេះ​គ្មាន​ការ​កំណត់​និយាមកា​ឲ្យ​បាន​ច្បាស់លាស់​ទើប​រក​ទី​តាំង​ដី​មិន​ឃើញ។ កន្លង​មក​តុលាការ​ចេះ​តែ​សម្រេច​តាម​​ភស្តុតាង​នៅ​លើ​ក្រដាស ដោយ​ពុំ​បាន​ចុះ​ពិនិត្យ​ជាក់​ស្ដែង​ដែល​ធ្វើ​ឲ្យ​សាលក្រម​បែប​នេះ​អនុវត្ត​មិន​កើត។ ករណី​ដដែល​នេះ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ធ្វើ​អន្តរាគមន៍​ច្រើន​លើក​មក​ហើយ​តែ​ពុំ​អាច​ដោះស្រាយ​ចេញ។

លោក ឱម យ៉ិនទៀង ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ព្រមាន​ថា ​លិខិត​អន្តរាគមន៍​លើក​ទី​២​​នេះ​ ទុក​រយៈ​ពេល ៤០​ថ្ងៃ​ ជូន​ថ្នាក់​ដឹក​នាំ​មន្ទីរ​សុរិយោដី​ខេត្ត​បាត់ដំបង ហើយ​ប្រសិន​បើ​សំណូមពរ​នេះ​មិន​បាន​មាន​លទ្ធផល​ទេ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​បញ្ជូន​ឯកសារ​ ភស្តុតាង​ សាក្សី ទៅ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បើក​ការ​ស៊ើប​អង្កេត​លើ​រូប​លោក​ជា​ដាច់ខាត។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ​ លោក អូ ដារី ប្រធាន​សុរិយោដី​ខេត្ត​បាត់ដំបង បញ្ជាក់​ថា លោក​បាន​ទទួល​លិខិត​នោះ កាល​ពី​មុខ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ មន្ទីរ​សុរិយោដី​ខេត្ត​បាន​ចាត់ចែង​តាម​នីតិវិធី​ ដោយ​បាន​ចាត់​ឲ្យ​មន្ត្រី​ចុះ​ត្រួត​ពិនិត្យ​លើ​បញ្ហា​នេះ។ បច្ចុប្បន្ន​មន្ទីរ​សុរិយោដី​កំពុង​ធ្វើ​ការ​បូក​សរុប​ ហើយ​លទ្ធផល​នៃ​ការ​សិក្សា​នឹង​ត្រូវ​ធ្វើ​លិខិត​ឆ្លើយ​តប​ទៅ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

លោក អូ ដារី៖ «យើង​អត់​ទាន់​វាស់​ជូន​អ្នក​ណា​ទេ គ្រាន់​តែ​យើង​ដឹង​តាម​រយៈ​ការ​បង្ហាញ​របស់​គាត់ អ៊ីចឹង​ក្រៅ​ពី​ដី​ទំនាស់​ហ្នឹង គឺ​យើង​អនុវត្ត​ជា​ប្រព័ន្ធ​ចុះ​បញ្ជី​ដីធ្លី​ឲ្យ​ប្រជាពលរដ្ឋ​ដទៃ​ទៀត។ ជា​ធម្មតា​ ដី​ទំនាស់​កាត់​ឆ្វៀល​ទុក​ប័ណ្ណ ២២ហ្នឹង​របស់​ភាគី​ខាង អៀង អឿន យើង​ជម្រាប​ជូន​ទៅ​ខាង​សមត្ថកិច្ច​វិញ​ ព្រោះ​ប័ណ្ណ​ហ្នឹង​គាត់​បាន​ចុះ​បញ្ជី​តាំង​ពី​ឆ្នាំ​១៩៩៥»

ថ្មីៗ​នេះ ​ក្រុម​អ្នក​ភូមិ​បាន​ប្រតិកម្ម​ចំពោះ​សាលក្រម​ព្រហ្មទណ្ឌ​របស់​តុលាការ​ខេត្ត​បាត់ដំបង ដែល​បាន​កាត់​ទោស​ពួកគាត់​ចំនួន ៦​នាក់ ដាក់​ពន្ធនាគារ ២​ឆ្នាំ និង​បង្គាប់​ឲ្យ​ពួកគាត់​រួម​គ្នា​សង​សំណង​ជំងឺ​ចិត្ត​ចំនួន ៤០​លាន​រៀល​ ទៅ​ឲ្យ​ភាគី​ដើម​បណ្ដឹង​ម្នាក់​ ឈ្មោះ ​អៀង អឿន។ ការ​សម្រេច​ក្ដី​នេះ​បាន​ធ្វើ​ក្រុម​ភូមិ​និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​រិះគន់​យ៉ាង​ខ្លាំង ហើយ​ចោទ​ថា តុលាការ​បាន​អនុវត្ត​ លំអៀង​ទៅ​រក​បុគ្គល​មាន​លុយ​កាក់​ និង​ពុំ​បាន​ឈរ​លើ​ភស្តុតាង​ជាក់​លាក់​នោះ​ឡើយ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក​ លោក យិន ម៉េងលី ថ្លែង​ថា លិខិត​នេះ​ជា​លិខិត​អន្តរាគមន៍​លើក​ទី​២។ លិខិត​អន្តរាគមន៍​លើក​ទី​១ របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល​ ពុំ​ទទួល​បាន​លទ្ធផល​អ្វី​ទាំង​អស់​ ប៉ុន្តែ​បែរ​ជា​មាន​ការ​ផ្ដន្ទាទោស​ប្រជាពលរដ្ឋ​ទៅ​វិញ៖ «អ៊ីចឹង​យើង​មាន​សង្ឃឹម​ថា ប្រជាពលរដ្ឋ​លោក​នឹង​មាន​ការ​ធូរ​ស្បើយ​ ព្រោះ​បញ្ហា​ទាំង​អស់​នេះ​ យើង​ឃើញ​ហើយ​មាន​ប្រជាពលរដ្ឋ​ខ្លះ​ជាប់​គុក​ម្ដង ខ្លះ​ជាប់​គុក ២​ដង សូម្បី​តែ​នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រជាពលរដ្ឋ​គាត់​ភ័យ​ខ្លាច​ក្នុង​ការ​ចាប់​ខ្លួន​ពួក​គាត់​ហ្នឹង»

កាល​ពី​ថ្ងៃ​ទី​២៣ កុម្ភៈ ឆ្នាំ​២០១៤​ អ្នក​ភូមិ ៧​នាក់ តំណាង​ឲ្យ​អ្នក​ភូមិ ៣៨​គ្រួសារ​ បាន​ដាក់​លិខិត​មួយ​ជូន​អភិបាល​ខេត្ត​បាត់ដំបង ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ជួយ​ដោះស្រាយ​ក្នុង​ករណី​ទំនាស់​ដីធ្លី​នេះ​។ នៅ​ក្នុង​លិខិត​នោះ​បញ្ជាក់​ថា ផល​វិបាក​ក្នុង​ការ​តស៊ូ​មតិ​ផ្លូវ​ច្បាប់​ អ្នក​ភូមិ​មួយ​ចំនួន​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​ជា​ច្រើន​ដង​ ហើយ​បច្ចុប្បន្ន​កំពុង​ប្រឈម​ទៅ​ការ​ចាប់​ខ្លួន​តាម​អំណាច​សាលក្រម​សាលដីកា​សាលាឧទ្ធរណ៍​ ដែល​បាន​សម្រេច​ក្ដី​ដោយ​ពុំ​បាន​ពិចារណា​តាម​អង្គហេតុ​ អង្គច្បាប់ និង​ស្ថានភាព​ជាក់​ស្ដែង​នៃ​ការ​កាន់​កាប់​ដី​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ។

ប៉ុន្តែ​ក្រោយ​មក​ នៅ​ថ្ងៃ​​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៤​ លោក តូច សុភក្តី​ តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ បាន​ចេញ​ដីកា​បង្គាប់​អនុវត្ត​ដោយ​ស្ម័គ្រចិត្ត​ ដោយ​បាន​សម្រេច​ផ្ដន្ទាទោស​អ្នក​ភូមិ​ចំនួន ៦​នាក់​ ដាក់​ពន្ធនាគារ​ម្នាក់ៗ ២​ឆ្នាំ​ គិត​ពី​ថ្ងៃ​ចាប់​ខ្លួន​យក​មក​អនុវត្ត​ទោស​តាម​អំណាច​សាលក្រម​ និង​បាន​សម្រេច​ឲ្យ​អ្នក​ភូមិ​ទាំង ៦​នាក់​ រួម​គ្នា​សង​សំណង​ជំងឺ​ចិត្ត​ចំនួន​ ៤០​លាន​រៀល​​ទៅ​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ឈ្មោះ​ អៀង អឿន។

នៅ​ក្នុង​ដីកា​លេខ​៥១​ ដែល​ចុះ​កាលបរិច្ឆេទ​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មីនា ឆ្នាំ​២០១៤​ របស់​តុលាការ​ខេត្ត​បាត់ដំបង គឺ​បាន​សម្រេច​តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​៤៧ ចុះ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៣ របស់​សាលា​ឧទ្ធរណ៍​ ដែល​បាន​សម្រេច​តម្កល់​សាលក្រម​ព្រហ្មទណ្ឌ​លេខ​១២ ​ចុះ​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០១២ របស់​សាលា​ដំបូង​ខេត្ត​បាត់ដំបង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។