ពលរដ្ឋនៅស្រុកថ្មគោល ខេត្តបាត់ដំបង ចោទអាជ្ញាធរ​ថា កាយដីពលរដ្ឋលក់ ក្រោមលេសអភិវឌ្ឍន៍

0:00 / 0:00

ពលរដ្ឋនៅស្រុកថ្មគោល ខេត្តបាត់ដំបង ចោទប្រកាន់អាជ្ញាធរ ថា កាយដីពលរដ្ឋលក់ ក្រោមលេសអភិវឌ្ឍ

ពលរដ្ឋនៅស្រុកថ្មគោល ខេត្តបាត់ដំបង អះអាងថា អាជ្ញាធរបានកាយដីភូមិ​របស់គាត់យក​ទៅ​លក់​ក្រោមហេតុផលស្ដារអូរធម្មជាតិ ដែលបណ្ដាលឱ្យដីរបស់គាត់រួមតូច ប៉ះពាល់ដល់ការដាំដំណាំ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា គម្រោងស្ដារប្រព័ន្ធធារាស្ត្ររបស់​អាជ្ញាធរ​នៅទីនោះមិនសមហេតុផល។

ពលរដ្ឋរងគ្រោះដោយការបាត់បង់ដីធ្លីនៅឃុំអូរតាគី ស្រុកថ្មគោល ចោទអាជ្ញាធរនៅតំបន់នោះថា បាន​កាយយកដីភូមិរបស់ពួកគាត់ ដែលនៅជាប់អូរធម្មជាតិនោះ យកទៅលក់ ក្រោម​លេស​ស្ដារ​ប្រព័ន្ធ​ធារាស្ត្រ។

ពលរដ្ឋនៅឃុំអូរតាគី ស្រុកថ្មគោល លោកស្រី ប៊ិត ពៅ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ វិច្ឆិកា ថា កាល​ពី​ដើមឆ្នាំ២០២៣ អាជ្ញាធរឃុំអូរតាគី និងមន្រ្តីរបស់មន្ទីរធនធានទឹក បានដកបង្គោល​ព្រំដីខាង​ក្រោយផ្ទះរបស់លោកស្រី និងកាយយកអាចម៍ដី អស់ជាងពាក់កណ្ដាល ក្រោមលេសថាដើម្បីស្ដារ​អូរ។ ក៏ប៉ុន្តែ លោកស្រីថា ការលើកឡើងរបស់អាជ្ញាធរ មិនពិតនោះទេ ព្រោះទម្រង់ផ្ទៃដី ដែល​អាជ្ញាធរ​កាយ មានទំហំធំក្លាយជាបឹង ដែលប៉ះពាល់ដល់ដីកសិកម្ម ដែលជាកម្មសិទ្ធិរបស់​លោកស្រី​មាន​ប្លង់កាន់កាប់ត្រឹមត្រូវ។

«កាលហៅបង (លោកស្រី ប៊ិត ពៅ)ទៅប្រជុំហ្នឹង គេថាបើបងរករឿងគេ ទៅនៅឯណា ក៏ទៅទៅ!ប៉ុន្តែបើគេអត់រករឿង ទុកឱ្យគេធ្វើតាមអំពើចិត្តគេ គេឱ្យនៅលើទំនប់សំណង់ គេនិយាយអ៊ីចឹង។ ដល់ពេលមកដល់ថ្ងៃប្រព្រឹត្តិ លេងមកលួចដករបង។ ដកបង្គោលរបងច្រើនណាស់ ដកអស់ហើយ ប៉ុន្មានសារ អស់រលីង។ គ្នាគេឃុបគ្នាច្រើនណាស់ មកលួចដក គេថតបានឱ្យបង»។

រូបភាពចាប់ពីផ្កាយរណប (Google Earth) ក្នុងពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំ២០២១ ដីក្រោយផ្ទះ​លោកស្រី ប៊ិត ពៅ និងពលរដ្ឋដទៃទៀត ជិត២០គ្រួសារ ដែលនៅក្បែរនោះ បានបាត់បង់​ក្លាយទៅ​ជា​ផ្ទៃបឹងយ៉ាងធំ ខណៈលោកស្រីនៅសល់តែដីផ្ទះប្រហែល៣០ម៉ែត្រប៉ុណ្ណោះ។

House_of_Mrs_Bit_Pov_Otaki_BTB_LICADHO_102923_1.jpg
ផ្ទះពលរដ្ឋ​ គឺ​លោកស្រី ប៊ិត ពៅ នៅឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ​នៅ​ជាប់​ទ្វារ​ទឹក នៃ​​គម្រោងស្ដារប្រព័ន្ធធារាស្ត្ររបស់​អាជ្ញាធរ​ ដែល​ពលរដ្ឋអះអាង​ថា​ ប៉ះពាល់ដីពួក​គាត់។ រូបថត៖ LICADHO 2023-10-29

ឆ្លើយតបនឹងបញ្ហានេះ មេភូមិត្រស់ លោក ហឿន សាលួត ប្រាប់វិទ្យុអាស៊ីសេរី ថា អាជ្ញាធរមិន​បាន​កាយ​ដី​ឯកជនរបស់ប្រជាពលរដ្ឋនោះទេ ហើយការកាយដី ដែលលោកអះអាងថា ដើម្បីស្ដារ​អូរ​នោះ គឺអាជ្ញាធរបានវាស់ដីចំណែករបស់រដ្ឋ ពីមាត់អូរប្រវែង ៤០ម៉ែត្រ ដោយមិនប៉ះពាល់​ដល់ដី​កម្មសិទ្ធិ​របស់ពលរដ្ឋឡើយ។

លោក ហឿន សាលួត៖«អូរវាមានទម្រង់របស់វាហើយ ប៉ុន្តែគេកាយរ៉បកៀនហ្នឹង ទីណាគេអាចកាយបានគេកាយទីហ្នឹង​ទៅ»។

ទោះជាបែបនេះក្ដី ពលរដ្ឋដែលរស់នៅជាប់អាងស្តុកទឹកអូរតាគី លើកឡើងថា អាជ្ញាធរយកលេស ស្ដារ​អូរតាគី​នេះ ដើម្បីកាយយកអាចម៍ដីលក់ ព្រោះទីតាំងដែលអាជ្ញាធរកាយ មានលក្ខណៈឆក រដិបរដុប គឺមិនមែនជាការស្ដារយកជម្រៅ ឬពង្រីកនោះឡើយ ហើយការកាយដីនេះ មានប្រវែង ៧០ម៉ែត ពីមាត់អូរ ដែលលើសពីការបកស្រាយរបស់អាជ្ញាធរ។ ក្នុងនោះ មានពលរដ្ឋជិត ២០គ្រួសារ​ផ្សេង​ទៀត ក៏ទទួលរងពីផលប៉ះពាល់ពីការកាយដីនៅតាមមាត់អូរតាគី នេះដែរ។

ជុំវិញរឿងនេះ អ្នកសម្របសម្រួលកម្មវិធីផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រចាំ​ខេត្តបាត់ដំបង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា គម្រោងស្ដារប្រព័ន្ធធារាស្ត្រ និងធ្វើទ្វារ​ទឹក​នៅលើដីលោកស្រី ប៊ិត ពៅ គឺជារឿងមិនសមហេតុផល និងឆ្លុះបញ្ចាំងឱ្យឃើញ​ពីចេតនា​របស់​អាជ្ញាធរដែលចង់រំលោភយកដីពលរដ្ឋ ខណៈជនរងគ្រោះជាស្ត្រីមេម៉ាយរស់នៅម្នាក់ឯង។ លោក​ជំរុញ​ឱ្យអាជ្ញាធរផ្ដល់ដំណោះស្រាយដល់លោកស្រី ប៊ិត ពៅ ដើម្បីឱ្យគាត់ទទួលបានភាពយុត្តិធម៌ និងសំណងឱ្យបានសមស្របទៅនឹងអ្វីដែលគាត់បានបាត់បង់។

លោក អ៊ិន គង់ជិត៖«អ៊ីចឹងត្រូវផ្ដល់សំណងឱ្យគាត់ទៅ ហើយបើមិនផ្ដល់សំណងទេ គឺត្រូវរកដីណាសមរម្យដីកសិកម្ម​ណា​ទំនេរសមរម្យប៉ះប៉ូវឱ្យគាត់វិញទៅ។គិតថាអាជ្ញាធរគាត់ធ្វើដើម្បីជាប្រយោជន៍​សាធារណៈ​ហើយប៉ុន្តែកន្លែងហ្នឹង វាអត់គួរត្រូវធ្វើផង។ វាមានទ្វារទឹកមួយធំទៅហើយហ្នឹង។ត្រូវតែ​ដោះ​ស្រាយ​ឱ្យ​គាត់ប្រកបដោយភាពយុត្តិធម៌ដើម្បីឱ្យគាត់មានអារម្មណ៍ស្ងប់ចិត្តដែលគាត់ជាស្រ្តីមាន​ជំងឺផងជាស្ត្រីមេម៉ាយផង ហើយទៅធ្វើអ៊ីចឹង វាធ្វើបាបគាត់ខ្លាំងក្លាមែនទែន។»

ពលរដ្ឋរងគ្រោះ និងមន្ត្រីសង្គមស៊ីវិល និយាយ​ថា រាល់គម្រោងអភិវឌ្ឍក្នុងមូលដ្ឋាន អាជ្ញាធរមិន​ត្រូវ​ធ្វើ​ឱ្យមានផលប៉ះពាល់ដោយគ្មានសំណង និងគ្មានដំណោះស្រាយបែបនេះឡើយ បើពុំនោះទេ នឹង​មាន​ការ​រិះគន់ថា អាជ្ញាធរជាជនឆ្លៀតឱកាសកេងចំណេញលើពលរដ្ឋ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន​មិន​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។