តំណាងពលរដ្ឋ មានជម្លោះដីធ្លី ជាមួយ ក្រុមហ៊ុនហេង អភិវឌ្ឍន៍ របស់ អ្នកស្រី សៀង ចាន់ហេង នៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ២នាក់ ឲ្យដឹងថា ពួកគាត់ ត្រូវបានអាជ្ញាធរខេត្តកណ្ដាល បង្ខំឲ្យផ្ដិតមេដៃ ទទួលស្គាល់ថា ពួកគេធ្វើសកម្មភាពញុះញង់ពលរដ្ឋប្រឆាំងគោលនយោបាយប្ដូរដីរបស់អាជ្ញាធរ។ សង្គមស៊ីវិលឃ្លាំមើលវិវាទដីធ្លី ករណីនេះ ហៅសកម្មភាពនេះ ជាការរំលោភសិទ្ធិជាមួលដ្ឋានរបស់ពលរដ្ឋ។
តំណាងពលរដ្ឋ២នាក់ ក្នុងចំណោមអ្នកតំណាងចំនួន៣៣នាក់ ដែលរងការបង្ខំឲ្យផ្ដិតមេដៃ លើកិច្ចសន្យា និងកំណត់ហេតុរបស់អាជ្ញាធរ គឺ លោក សុន ខេមរា និង លោក អ៊ឹម តារា។
លោក សុន ខេមរា អះអាងថា ក្រោយមានពលរដ្ឋរាប់ពាន់នាក់ ទៅតវ៉ានៅសាលាឃុំបឹងខ្យាង កាលពីថ្ងៃទី២០ ធ្នូ ជំទាស់នឹងគោលនយោបាយប្ដូរដីសហគមន៍ ជាថ្នូរនឹងម្នាក់ទទួល១០០ដុល្លារ អាជ្ញាធរខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២៤ ធ្នូ បានកោះហៅតំណាងពលរដ្ឋ២នាក់ ទៅប្រជុំនៅសាលាខេត្តកណ្ដាល និងបានធ្វើកិច្ចសន្យា កំណត់ហេតុប្រជុំ គំរាមឲ្យតំណាងពលរដ្ឋទាំងពីរនាក់ ផ្ដិតមេដៃទទួលស្គាល់ ហើយទម្លាក់កំហុសថា តំណាងពលរដ្ឋ ជាអ្នកញុះញង់ឲ្យពលរដ្ឋឃុំបឹងខ្យាង ប្រឆាំងនឹងគោលនយោបាយប្ដូរដី ដែលអាជ្ញាធរកំណត់។
ជម្លោះដីធ្លីរវាងពលរដ្ឋនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍ របស់អ្នកស្រី ឧកញ៉ា សៀង ចាន់ហេង បានកើតឡើងនៅកំឡុងឆ្នាំ២០០៨។ ដី មានជម្លោះ ជាប្រភេទដីសហគមន៍ ដែលពលរដ្ឋតែនាំគ្នា អាស្រ័យផល តាមលក្ខណៈគ្រួសារ និងតជំនាន់ពីមួយជំនាន់ ទៅមួយជំនាន់ ហើយផ្ទៃដីមានជម្លោះ យ៉ាងហោចណាស់ មានទំហំជាង ៤០០ហិកតារ ស្ថិតនៅក្នុងឃុំចំនួន៤ គឺ ឃុំអំពៅព្រៃ ឃុំបឹងខ្យាង ឃុំកណ្ដោក និងឃុំព្រែកស្លែង។ ច្រើនឆ្នាំមកនេះ ពលរដ្ឋអះអាងថា បានស្វែងរកកិច្ចអន្តរាគមន៍តាមស្ថាប័នរដ្ឋ ជាច្រើនស្ថាប័ន ទាមទារដីនោះ មករក្សាជាដីរដ្ឋដដែល ដើម្បីពលរដ្ឋអាចអាស្រ័យផល ប៉ុន្តែមិនមានដំណោះស្រាយទេ គឺមានតែអាជ្ញាធរជួយលូកដៃ ជ្រោមជ្រែងក្រុមហ៊ុន បង្ខំឲ្យពលរដ្ឋព្រមទទួលយកប្រាក់ក្នុងតម្លៃទាប តាមរយៈគោលនយោបាយអាជ្ញាធរ។
កាលពីថ្ងៃទី១២ ធ្នូ អភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ បានប្រជុំជាមួយក្រុមអ្នកតំណាងពលរដ្ឋទាំង៦ភូមិ ដើម្បីផ្ដល់ជូនគោលនយោបាយម្នាក់ ១០០ដុល្លារ ហើយពលរដ្ឋអាចទៅទទួលយកលុយនៅសាលាឃុំបឹងខ្យាង រយៈពេល១១ថ្ងៃ គឺចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី៣១ ធ្នូ។ ប៉ុន្តែកាលពីថ្ងៃទី ២០ ធ្នូ ក្រុមពលរដ្ឋរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នា នៅសាលាឃុំ ដើម្បីប្រឆាំងនឹងគោលនយោបាយនោះ ដោយពលរដ្ឋទាមទារម្នាក់ ២៥០ដុល្លារ ឲ្យបានប្រហាក់ប្រហែលនឹងពលរដ្ឋនៅឃុំព្រែកស្លែង។
ក្នុងកិច្ចសន្យា ដែលតំណាងពលរដ្ឋ អះអាងថា អាជ្ញាធរបង្ខំឲ្យផ្ដិតមេដៃ អាជ្ញាធរខេត្តកណ្ដាល បានបង្គាប់ឲ្យតំណាងពលរដ្ឋទាំងពីរនាក់ បញ្ឈប់សកម្មភាពប្រមូលផ្ដុំតវ៉ា រារាំង បង្កការលំបាក ឬ ញុះញង់ពលរដ្ឋ មិនឲ្យទៅទទួលយកគោលនយោបាយ១០០ដុល្លារ ក្នុងម្នាក់បន្តទៀត និងត្រូវបញ្ឈប់ការបញ្ចេញមតិតាមវីដេអូឃ្លីប ការបញ្ចេញមតិតាមបណ្ដាញសង្គម និងប្រព័ន្ធអេឡិចត្រូនិច។ តំណាងពលរដ្ឋ លោក សុន ខេមរា ក៏បានអះអាងថា អាជ្ញាធរ បានដាក់កំហិតថា ក្នុងករណី ពួកគេមិនអាចនាំក្រុមហ៊ុនណា ដែលហ៊ានផ្ដល់ជូនគោលនយោបាយ២៥០ដុល្លារ ទៅជួបអភិបាលខេត្តកណ្ដាលបាន តំណាងទាំងពីរនាក់ គឺ លោក សុន ខេមរា និង លោក អ៊ឹម តារា ត្រូវដឹកនាំពលរដ្ឋនៅឃុំបឹងខ្យាងទាំងអស់ទៅទទួលយកគោលនយោបាយ១០០ដុល្លារ តាមការកំណត់របស់គណៈកម្មការចំពោះកិច្ចនៃរដ្ឋបាលខេត្តកណ្ដាល។
តំណាងពលរដ្ឋ ថា ឃុំបឹងខ្យាង មានពលរដ្ឋចំនួន ១ពាន់ ៨រយ ៤៩ (១.៨៤៩) គ្រួសារ ស្មើនឹង ជាង៨ពាន់ (៨.៣៩៥នាក់)។ កំណត់ហេតុនៃកិច្ចប្រជុំរបស់សាលាខេត្តកណ្ដាល បង្ហាញថា រយៈពេល៥ ថ្ងៃដំបូង (២០ ដល់២៤ ធ្នូ) នៃការផ្ដល់គោលនយោបាយ១០០ដុល្លារ ក្នុងម្នាក់ មានតែពលរដ្ឋចំនួន ៤៤៨គ្រួសារ ស្មើនឹង ១ពាន់ ៩រយ ១៣ (១ ៩១៣) នាក់ ដែលបានទៅទទួលយកគោលនយោបាយនេះ ហើយនៅសល់ពលរដ្ឋជាច្រើនលើសលុប មិនទាន់ទៅទទួលយក។
លោក សុន ខេមរា ថា អ្នកដែលទៅទទួលយក គឺសុទ្ធសឹងតែជាក្រុមគ្រួសាររបស់អាជ្ញាធរភូមិ ឃុំ ប្រជាការពារភូមិ និង មន្ត្រីគណបក្សប្រជាជនកម្ពុជា។ លោក សុន ខេមរា អះអាងថា បច្ចុប្បន្នប្រជាការពារភូមិ មេភូមិ និងអាជ្ញាធរ ឃុំធ្វើការទាំងពេលយប់ ដើម្បីដើរបញ្ចុះបញ្ចូល ខ្សឹប គំរាម និងមកដឹកពលរដ្ឋ ទាំងយប់ ឲ្យទៅទទួលលុយគោលនយោបាយ ១០០ដុល្លារ នៅសាលាឃុំ។
អភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមការងារចំពោះកិច្ច ទទួលបន្ទុកពិនិត្យការងារបើកប្រាក់គោលនយោបាយឲ្យពលរដ្ឋឃុំបឹងខ្យាង លោក គង់ សុភ័ណ្ឌ ប្រាប់អាស៊ីសេរី យ៉ាងខ្លីថា អាជ្ញាធរកំពុងបែងចែកប្រាក់គោលនយោបាយ ពលរដ្ឋអាចទៅទទួលយកគ្រប់ពេល រួចចុចទូរស័ព្ទបិទ ដោយមិនឆ្លើយសំណួរផ្សេង។
ប្រធានសម្ព័ន្ធសមាគមកសិករកម្ពុជា លោក ថេង សាវឿន យល់ថា ប្រសិនបើ មានករណី អាជ្ញាធរបង្ខំឲ្យតំណាងពលរដ្ឋផ្ដិតមេដៃ លើកិច្ចសន្យាមែន ជាការរំលោភសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ ហើយការធ្វើបែបនេះ មិនមែនជាដំណោះស្រាយទេ។
តំណាងពលរដ្ឋនៅឃុំបឹងខ្យាង អះអាងថា ពួកគេមិនភ័យតក់ស្លុតទេ ចំពោះការគំរាម ឲ្យផ្ដិតមេដៃ និងបញ្ឈប់សកម្មភាពតវ៉ា នឹងគោលនយោបាយប្ដូរដីសហគមន៍។ តំណាងពលរដ្ឋ ស្នើសុំឲ្យអាជ្ញាធរបញ្ឈប់សកម្មភាពនេះទៀត ហើយងាកមករកការចរចាគ្នា ដោយត្រឹមត្រូវ ព្រោះពលរដ្ឋចង់បានគោលនយោបាយតិចបំផុត ម្នាក់២៥០ដុល្លារ ឬ ទុកដីមានជម្លោះនោះ ឲ្យសហគមន៍អាស្រ័យផលបន្តទៀត។ ពលរដ្ឋ ព្រមានថា បើអាជ្ញាធរបន្តយន្តការ គំរាម ចាប់បង្ខំ ឲ្យពលរដ្ឋ ទទួលយកគោលនយោបាយ១០០ដុល្លារ ទាំងពលរដ្ឋមិនពេញចិត្តទៀត នឹងមានការតវ៉ា ទ្រង់ទ្រាយ ដល់ស្ថាប័នជាតិធំៗ ជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។