ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​​ឃុំ​​បឹង​ខ្យាង​ ថា ​អាជ្ញាធរ​​​ខេត្ត​​កណ្ដាល​​រំលោភ​​កិច្ច​​ព្រម​ព្រៀង​ ទើប​​ពលរដ្ឋ​ប្រមូល​​ផ្ដុំ​​គ្នា​​តវ៉ា​ជា​ថ្មី

0:00 / 0:00

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​​ជាច្រើន​នាក់ នៅ​ឃុំ​បឹងខ្យាង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ប្រមូល​ផ្ដុំ​គ្នា នៅ​មុខ​សាលា​ឃុំ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ និង​តាម​ដង​ផ្លូវ​ជាតិ​លេខ​២ នៅ​ព្រឹក​ថ្ងៃ​ទី​១ មករា ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​​បញ្ឈប់​គោល​​នយោបាយ​​ប្ដូរ​ដី​​ជាមួយ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ របស់​អ្នកស្រី ឧកញ៉ា សៀង ចាន់ហេង។

អាជ្ញាធរ​ខេត្ត​កណ្ដាលពន្យល់ថា ​ដោយសារ​មាន​ពលរដ្ឋ​ខ្លះ មិន​ទាន់​មាន​ពេល​វេលា​ទៅ​ទទួល​យក​ថវិកា​គោល​នយោបាយ​ប្ដូរ​ដី ចំនួន​១០០​ដុល្លារ ទើបក្រុមហ៊ុន​សុំ​ឲ្យ​អាជ្ញាធរ​បន្ត​យុទ្ធនាការ​បន្ត​ទៀត។

ពលរដ្ឋ​​ឃុំ​បឹងខ្យាង​ថា ការ​​ប្រមូល​​ផ្ដុំ​គ្នា​​តវ៉ា​ជាថ្មីទៀត​នេះ ដោយសារ​អាជ្ញាធរ​បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​តំណាង​ពលរដ្ឋ ព្រោះ​ដល់​ផុត​ថ្ងៃ​កំណត់​នៃ​យុទ្ធនាការ​បើក​ឲ្យ​ពលរដ្ឋ​ទៅ​ទទួល​យក​លុយ ១០០ដុល្លារ​ក្នុង​ម្នាក់ ដើម្បី​ប្ដូរ​ដី​ឲ្យ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍​​ទៀត​ហើយ។

តំណាង​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​តំណាង​ចំនួន ​៣៣នាក់ នៃ​សហគមន៍​ជម្លោះ​ដីធ្លី​ ​ឃុំ​បឹងខ្យាង ស្រុក​កណ្ដាល​ស្ទឹង លោក សុន ខេមរា ប្រាប់​ថា ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ទាំង​ ៦ភូមិ ក្នុង​ឃុំ​បឹងខ្យាង សង្ស័យ​ថា អាជ្ញាធរ​ខេត្ត​កណ្ដាល ​ឃុបឃិត​ជាមួយ​​ឈ្មួញ គឺ អ្នកស្រី​ឧកញ៉ា សៀង ចាន់ហេង ទើប​មិន​ព្រម​ដក​​កម្លាំង​ ក្រុម​ការងារ​ចំពោះ​កិច្ច ​បើក​ប្រាក់​គោល​នយោបាយ​ចេញ​ពី​ឃុំ​បឹងខ្យាង តាម​កិច្ច​ព្រមព្រៀង៖ «សា​លា​ខេត្ត​គាត់​បាន​​រំលោភ​លើ​កិច្ច​ព្រម​​ព្រៀ​ង​ដែល​យើង​បាន​​​ព្រៀ​ង​ខាង​សា​លា​ខេត្ត​មាន​ជំ​រើស​ពីរ​យ៉ាង។សាលា​ខេត្ត​មាន​គម្រោង​ពី​ថ្ងៃ​ទី​២០ដល់​ថ្ងៃ​៣០​ធ្នូ​​ឥលូវ​នេះ​ដល់​ពេល​ទៅ​តវ៉ា​គឺ​តវ៉ា​រឿង​ថា​ហេតុ​អី​បាន​រំលោភ​កិច្ច ព្រមព្រៀង របស់​សាលា​ខេត្ត​អ៊ី​ចឹង»

ជម្លោះ​ដីធ្លី​ នៅ​ឃុំ​បឹងខ្យាង ស្រុក​កណ្ដាលស្ទឹង បាន​កើត​ង​នៅ​កំឡុង​ឆ្នាំ​២០០៨ ក្រោយ​មាន​​វត្តមាន​ក្រុមហ៊ុន​ ហេង អភិវឌ្ឍន៍។ ពលរដ្ឋ​ថា ​ដី​មាន​ជម្លោះ ជា​ប្រភេទ​ដី​សហគមន៍ ពលរដ្ឋ​តែង​នាំ​គ្នា​ អាស្រ័យ​ផល​តាម​លក្ខណៈ​គ្រួសារ និង​ត​ជំនាន់​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៀត។

កាល​ពី​ថ្ងៃ​ទី​១២ ធ្នូ អភិបាល​ខេត្ត​កណ្ដាល លោក ម៉ៅ ភិរុណ បាន​ប្រជុំ​ជាមួយ​ក្រុម​អ្នក​តំណាង​​ពលរដ្ឋ​នៅ​ឃុំ​បឹង​ខ្យាង ធ្វើ​កិច្ច​សន្យា​ព្រមព្រៀង​គ្នា​ថា អាជ្ញាធរ​នឹង​​ផ្ដល់​ជូន​គោល​នយោបាយ​ឲ្យ​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ ​ម្នាក់ ១០០​ដុល្លារ បើក​នៅ​សាលា​ឃុំ​បឹង​ខ្យាង រយៈ​ពេល ១១ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី២០ ដល់​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៨។ ផុត​កំណត់​រយៈ​ពេល ១១ថ្ងៃ​នេះ អាជ្ញាធរ​បន្ត​ទុក​ពេល ៣ខែ​ឲ្យ​ពលរដ្ឋ​ដើរ​រក​ក្រុមហ៊ុន​ឯកជន​ផ្សេង​ទៀត ដែល​ហ៊ាន​ផ្ដល់​គោល​នយោបាយ ២៥០​ដុល្លារ ក្នុង​ម្នាក់​តាម​ការ​ទាមទារ​របស់​ពលរដ្ឋ។

អភិបាល​រង​ខេត្ត​កណ្ដាល និង​ជា​ប្រធាន​ក្រុម​ការងារ​ចំពោះ​កិច្ច ដើម្បី​ពិនិត្យ​ការងារ​បើក​ប្រាក់​គោល​នយោបាយ​​ឲ្យ​ពលរដ្ឋ ​ឃុំ​បឹងខ្យាង លោក គង់ សុភ័ណ្ឌ ប្រាប់​អាស៊ី​សេរី​ថា ​អាជ្ញាធរ​បន្ត​យុទ្ធនាការ​​ផ្ដល់​គោល​នយោបាយ​បន្ត​ទៀត ដោយសារ​មាន​សំណូមពរ​ពី​ពលរដ្ឋ​ខ្លះ ដែល​មិន​ទាន់​មាន​ពេល​ទៅ​ទទួល​យក​គោល​នយោបាយ ១០០ដុល្លារ។ លោក គង់ សុភ័ណ្ឌ អះអាង​ថា មិន​មាន​ក្រុមហ៊ុន​​ណា​ ហ៊ាន​ផ្ដល់​គោល​នយោបាយ ២៥០ដុល្លារ ដូច​ពលរដ្ឋ​លើក​ឡើង​ទេ។ ទោះ​យ៉ាង​ណា​ក្ដី អភិបាល​​រង​ខេត្ត​រូប​នេះ​ប្រាប់​ថា មិន​​បដិសេធ​​សំណើ​ពលរដ្ឋ​សុំ​ជួប​អភិបាល​ខេត្ត​ លោក ម៉ៅ ភិរុណ ដើម្បី​នាំ​ក្រុមហ៊ុន​ថ្មី​ទៅ​ជួប​​ទេ ប៉ុន្តែ​ដោយសារ​​អភិបាល​ខេត្ត​កណ្ដាល​​មាន​កិច្ច​ការ​​រវល់​ខ្លាំង​ពេក ទើប​មិន​ទាន់​មាន​ពេល​ជួប​ពលរដ្ឋ៖ « គោល​នយោបាយ​​នេះ​ជា​​ការ​ប្រឹង​ប្រែង​សម្រប​សម្រួល​គឺ​ដី​ទាំង​ស្រុង​ដែល​លោក​ដឹង​នេះ​គឺ​ដី​ដែល​គេ​មាន​ប្លង់​រឹង​​​​អស់​ហើយ​បង​ប្អូន​យើង​មួយ​ចំនួន គាត់​សូម​ឲ្យ​ក្រុមហ៊ុន​ជួយ យើង​ក៏​សូម​ទៅ​ក្រុមហ៊ុន​ដើម្បី​ឲ្យ​ជួយ​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​ទម្រាំ​បាន​ចំនួន ១០០ដុល្លារ យើង​សម្រប​សម្រួល​ក្នុង​នាម​ជា​អភិបាល​ខេត្ត​ឡើង​ឆ្អែត​ឆ្អន់​ទើប​ក្រុមហ៊ុន​គេ​ព្រម »

ឃុំ​បឹងខ្យាង មាន​ពលរដ្ឋ​ជាង ១ពាន់ (១.៨៤៩) គ្រួសារ ស្មើ​នឹង​ជាង ៨​ពាន់ (៨.៣៩៥នាក់)។ អភិបាល​រង​ខេត្ត​កណ្ដាល លោក គង់ សុភ័ណ្ឌ ថា រយៈ​ពេល​យុទ្ធនាការ ១១​ថ្ងៃ ចុង​ខែ​ធ្នូ មាន​ពលរដ្ឋ​ជាង ៣ពាន់​នាក់ ស្មើ​នឹង ៥៧០​គ្រួសារ បាន​ទៅ​ទទួល​យក​គោល​នយោបាយ ១០០​ដុល្លារ ដោយ​គ្មាន​ការ​បង្ខិតបង្ខំ និង​ពេញ​ចិត្ត។ ប៉ុន្តែ​តំណាង​ពលរដ្ឋ លោក សុន ខេមរា ប្រាប់​ថា អ្នក​ដែល​ទៅ​ទទួល​យក គឺ​សុទ្ធ​តែ​ជា​ក្រុម​គ្រួសារ​របស់​អាជ្ញាធរ​ភូមិ ឃុំ ប្រជា​ការពារ​ភូមិ និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មូលដ្ឋាន។ តំណាង​ពលរដ្ឋ​រូប​នេះ អះអាង​ថា ប្រជា​ការពារ​ភូមិ មេភូមិ និង​អាជ្ញាធរ​ឃុំ​ធ្វើការ​ទាំង​ពេល​យប់ ដើម្បី​ដើរ​បញ្ចុះបញ្ចូល ខ្សឹប គំរាម និង​មក​ដឹក​​ពលរដ្ឋ​ទាំង​យប់ ឲ្យ​ទៅ​ទទួល​លុយ​​គោល​នយោបាយ ១០០ដុល្លារ នៅ​សាលា​ឃុំ។

ប្រធាន​សម្ព័ន្ធ​សមាគម​កសិករ​កម្ពុជា លោក ថេង សាវឿន យល់​ថា អាជ្ញាធរ​ខេត្ត​កណ្ដាល​គួរ​តែ​ដក​កង​កម្លាំង​ចែក​លុយ​គោល​នយោបាយ ១០០​ដុល្លារ​​ចេញ​ពី​ឃុំ​បឹងខ្យាង តាម​សំណើ​ពលរដ្ឋ និង​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​​ណែនាំ​ក្រុមហ៊ុន​ ដែល​ហ៊ាន​​ផ្ដល់​គោល​នយោបាយ ២៥០ដុល្លារ ព្រោះ​អាជ្ញាធរ ក៏​ចង់​ឲ្យ​ពលរដ្ឋ​ទទួល​បាន​ប្រាក់​គោល​នយោបាយ​ច្រើន​ដែរ៖ «គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​សំណើ​របស់​ប្រ​ជា​ពល​រដ្ឋ​រក​បាន​នូវ​ក្រុមហ៊ុន​អ៊ីចឹង​អាជ្ញាធរ​ត្រូវ​គោរព​លើ​កិច្ច​សន្យា​របស់​ប្រជា​ពល​រដ្ឋ​បើ​សិន​មិន​គោរព​លើ​សន្យា គឺ​ធ្វើ​ឲ្យ​ពល​រដ្ឋ​អស់​ជំនឿ​ចិត្ត​ទៅ​លើ​ការ​គ្រប់គ្រង ដូច​ជា អាជ្ញាធរ​ភូមិ ​ឃុំ​ ​សង្កាត់​អ៊ីចឹ​ង​ដែរ»

តំណាង​ពលរដ្ឋ​​ ស្នើ​ឲ្យ​អាជ្ញាធរ​ បញ្ឈប់​ការ​លាប​ពណ៌​​ពលរដ្ឋ មាន​ជម្លោះ​ដីធ្លី​ ថា​ជា​ក្រុម​ប្រឆាំង ឬ គំរាម សម្លុត​ បំភ័យ ពលរដ្ឋ​នៅ​ភូមិ​ដាច់​ស្រយាល និង​ នៅ​ពេល​យប់ ហើយ​ទាមទារ​ឲ្យ​ អភិបាល​ខេត្ត​កណ្ដាល លោក ម៉ៅ ភិរុណ ចេញ​មុខ ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង គឺ​ជួយ​ជ្រោមជ្រែង​ផ្នែក​ផ្លូវ​ច្បាប់ សម្រាប់​ក្រុមហ៊ុន ដែល​ហ៊ាន​ផ្ដល់​គោល​នយោបាយ​ឲ្យ​ពលរដ្ឋ​ម្នាក់ ២៥០​ដុល្លារ តាម​ការ​សន្យា។

ពលរដ្ឋ​​ព្រមាន​​ថា ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​កណ្ដាល​ នៅ​តែ​បង្ហាញ​អាកប្បកិរិយា​គេចវេះ មិន​ព្រម​ជួប​ពលរដ្ឋ​តទៅ​​ទៀត​នេះ មិនមែន​ជា​ដំណោះ​ស្រាយ​ទេ ​និង​ចាត់​ទុក​ថា អាជ្ញាធរ​ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍។ ពលរដ្ឋ​បន្ត​ថា នឹង​ធ្វើ​ញត្តិ​ស្នើសុំ​ប្រធាន​ខុទ្ទកាល័យ​ផ្នែក​ទទួល​ញត្តិ​ មុខ​ភូមិ​គ្រឹះ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ និង​​ជា​ប្រធាន​កង​អង្គរក្ស គឺ​លោក ហ៊ីង ប៊ុនហៀង និង​ប្រធាន​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី ដែល​​ជា​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ស្នើសុំ​ជួយ​អន្តរាគមន៍​​រឿង​នេះ ហើយ​បន្ទាប់​មក​ នឹង​ស្នើសុំ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ គឺ​លោក ហ៊ុន សែន អន្តរាគមន៍​ ព្រោះ​​មន្ត្រី​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ យក​ដី​សហគមន៍​លក់​ក្នុង​តម្លៃ​ថោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។