ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​បឹងតាមោក​ស្នើ​តុលាការ​លុបចោល​បទ​ចោទ​លើ​ពួកគាត់

0:00 / 0:00

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​បឹងតាមោក ទាមទារ​ឲ្យ​តុលាការក្រុង​ភ្នំពេញ លុបចោល​ការ​ចោទប្រកាន់​លើ​ពួកគាត់ ហើយ​ងាក​មក​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួកគាត់​ដោយ​យុត្តិធម៌​វិញ។ការ​ទាមទារ​នេះ គឺ​បន្ទាប់ពី​ពលរដ្ឋ​៣​នាក់​ទៀត​ក្នុងចំណោម​៩​នាក់ បាន​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​អាជ្ញាធរ ដែល​ប្តឹង​ពួកគាត់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រឆាំង​អ្នករាជការ​សាធារណៈ ដោយសារ​ពលរដ្ឋ តវ៉ា​មិន​ឲ្យ​អាជ្ញាធរ​រុះរើ​ទ្វារផ្ទះ។

ស្របពេល​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ កំពុង​ធ្វើទុក្ខបុកម្នេញ​បណ្តេញ​ពលរដ្ឋ​ជាង​ពីរ​រយ (២០០)​គ្រួសារ​ចេញពី​ដីធ្លី និង​ផ្ទះសម្បែង​ដែល​រស់នៅ​ជាប់​បឹង​តាមោក ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​នោះ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​មិន​បង្អង់​យូរ​ដែរ​ក្នុង​ការ​ចាត់វិធានការ​បន្ថែម​ទៅលើ​ប្រជាពលរដ្ឋ​ដែល​នៅតែ​តវ៉ា​ទាមទារ​សិទ្ធិ​កាន់កាប់​ដីធ្លី​របស់​ពួកគាត់។

នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ចៅក្រម​ស៊ើបសួរ លោក លឹម សុគន្ធារ៉ា ប្រើ​ពេល​ជាង ១​ម៉ោង​សាកសួរ​ប្រជាពលរដ្ឋ ៣​នាក់ ក្នុងចំណោម ៩​នាក់​នៅក្នុង​បណ្តឹង​របស់​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រឆាំង​អ្នករាជការ​សាធារណៈ។ ហេតុការណ៍​ប្ដឹងផ្ដល់​នោះ​កើតឡើង​បន្ទាប់ពី​ខណ្ឌ​ព្រែកព្នៅ ដាក់​កម្លាំង​ជាច្រើន​នាក់ ទៅ​រារាំង​ក្រុម​ពលរដ្ឋ មិន​ឲ្យ​ជួសជុល​ទ្វារផ្ទះ​របស់​សមាជិក​សហគមន៍​លោកស្រី ហេង នាង ហើយ​បណ្តាល​ឲ្យ​ប៉ះទង្គិច​ពាក្យសម្ដី និង​រុញច្រាន​គ្នា​ទៅវិញ​ទៅមក។

ពលរដ្ឋ​ដែល​ចូល​បំភ្លឺ​នៅ​តុលាការ​ទាំង​៣​នាក់​នោះ រួមមាន​លោកស្រី គង់ តឿ លោកស្រី យន គឹមយឿន និង​លោក សឿន ចំរើន។ នៅ​ខាងមុខ​តុលាការ​វិញ អ្នក​ភូមិ​ជាង​៣០​នាក់ ក៏បាន​នាំគ្នា​ទៅ​ជួយ​លើក​ទឹកចិត្ត​អ្នក​ទាំង ៣​នាក់​ដែរ។

តំណាង​សហគមន៍​បឹងតាមោក​មួយ​រួប លោកស្រី គង់ តឿ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ចៅក្រម បាន​ចោទសួរ​លោកស្រី និង​អ្នក​ផ្សេងទៀត​ដូចៗ​គ្នា​ថា តើ​ពួកគាត់ បាន​ចូលរួម​ប្រើ​ហិង្សា​លើ​អាជ្ញាធរ​ដែរឬទេ​? ប៉ុន្តែ​ពួកគាត់ បាន​បដិសេធ និង​រៀបរាប់​ថា អាជ្ញាធរ​ទៅវិញ​ទេ ដែល​ចូល​ទៅ​រារាំង រករឿង និង​បង្ក​ហិង្សា​លើ​ពលរដ្ឋ ខណៈ​ពលរដ្ឋ គ្រាន់តែ​ជួយ​ចង​ទ្វារផ្ទះ​កុំឱ្យ​ចោរលួច​ស៊ីម៉ង់ និង​ការ៉ូ​របស់​សមាជិក​សហគមន៍​ប៉ុណ្ណោះ។

លោកស្រី គង់ តឿ៖ «អាជ្ញាធរ​ដាក់​សម្ពាធ​ខ្ញុំ​ថា ពួក​ខ្ញុំ​វាយ​អាជ្ញាធរ ប៉ុន្តែ​ខ្ញុំ​សុំ​បដិសេធ ខ្ញុំ​អត់​បាន​វាយ​អាជ្ញាធរ​ទេ។ គាត់​(​អាជ្ញាធរ​)​ចោទប្រកាន់​ខ្ញុំ​ទេ​។ ខ្ញុំ​ចង់​បន្ថែម​ឲ្យ​លឺ​ដល់​សម្តេច​ឡើង​ថ្មី​នេះ(លោក ហ៊ុន ម៉ាណែត)ជួយ​រក​យុត្តិធម៌ ឲ្យ​ខ្ញុំ​ផង​។ ខ្ញុំ​សុំ​រស់​នៅ​នឹង​កន្លែង ខ្ញុំ​រស់នៅ​ជាង​៣០​ឆ្នាំ​ហើយ ដូច្នេះ​សុំ​ឲ្យ​ចេញ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ និង​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​ផង»។

ពលរដ្ឋ​ម្នាក់ទៀត គឺ​លោកស្រី យន គឹមយឿន លើកឡើង​ថា ជា​រឿង​អយុត្តិធម៌​ដែល​តុលាការ កោះហៅ​ពួកគាត់ ជា​ជនរងគ្រោះ​ពី​ការរំលោភ​ដីធ្លី​មក​សាកសួរ តាម​បណ្តឹង​របស់​អាជ្ញាធរ។លោកស្រី​យល់​ថា បណ្តឹង​របស់​អាជ្ញាធរ និង​វិធានការ​របស់​តុលាការ​នេះ គឺជា​ការ​ដាក់​សម្ពាធ​មិន​ឲ្យ​ពលរដ្ឋ​ងើប​តវ៉ា​រក​ដំណោះស្រាយ ដីធ្លី​បន្ត​ទៀត ហើយ​យល់ព្រម​ចាកចេញ​ទៅ​ទីតាំង​ថ្មី​ដែល​មិន​សមរម្យ។

លោកស្រី យន គឹមយឿន៖ «ប្រហែលជា​ពួកគាត់ ចង់​គំរាម​ពួក​ខ្ញុំ ដែល​ហ៊ាន​តវ៉ា​ជាមួយ​គាត់​។ និយាយ​ចំ គាត់​(​អាជ្ញាធរ​)​រំលោភបំពាន​លើ​ពួក​ខ្ញុំ​ហ្មង»។

ប្រជាពលរដ្ឋ​រស់នៅ​ជាប់​បឹង​តាមោក​ដែល​រង​ការ​បណ្តេញ​ចេញ​ពី​ដីធ្លី និង​ផ្ទះសម្បែង​នេះ មាន​២៥០​គ្រួសារ។ ពួកគាត់​បាន​រស់នៅ​ទីតាំង​នោះ តាំងពី​ឆ្នាំ​១៩៩០ មក​។ ពលរដ្ឋ​មួយ​ចំនួន​តូច បាន​យល់ព្រម​ចាក​ចេញ​ទៅ​តាំង​ថ្មី​តាម​គោលការណ៍​ដោះដូរ​របស់​អាជ្ញាធរ ខណៈ​ពលរដ្ឋ​ភាគច្រើន សុំ​អភិវឌ្ឍន៍​នឹង​កន្លែង។ មក​ទល់​ពេល​នេះ តំណាង​ពលរដ្ឋ ចំនួន​១០​នាក់​ហើយ បាន​ជាប់​បណ្តឹង​ក្នុង​តុលាការ​ជាច្រើន​ករណី ដោយសារ​ការ​តស៊ូ​ទាមទារ​ដំណោះស្រាយ​ដីធ្លី ហើយ​តំណាង​សហគមន៍​ម្នាក់ គឺ​អ្នកស្រី បាក់ សុភា បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ ដើម្បី​គេច​ពី​ការ​ចាប់ខ្លួន។ ក្រៅ​ពី​នេះ ពលរដ្ឋ​ទាំងនោះ ក៏បាន​ជួបប្រទះ​ហេតុការណ៍​ជាច្រើន​ទៀត​ដែរ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដូចជា​អាជ្ញាធរ បង្ក្រាប​ដោយ​ហិង្សា​មិន​ឲ្យ​តវ៉ា ការ​គំរាមកំហែង ការ​បំផ្លិច​បំផ្លាញ​មុខរបរ និង​ការ​បូម​ខ្សាច់​ពន្លិច​ផ្ទះ​ពួកគាត់​ជាដើម។

អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត ថ្លែង​ថា នៅពេល​អាជ្ញាធរ ព្យាយាម​បណ្តេញ​ពលរដ្ឋ ចេញពី​ដីធ្លី​និង​ផ្ទះសម្បែង ហើយ​តុលាការ យក​ច្បាប់ព្រហ្មទណ្ឌ​មក​ចោទប្រកាន់​លើ​ពលរដ្ឋ​ថែមទៀត គឺជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់។ លោក​យល់​ថា ផ្អែក​តាម​ទិដ្ឋភាព​ជាក់ស្តែង និង​ទិដ្ឋភាព​ច្បាប់ ពលរដ្ឋ​ទាំងនោះ គួរតែ​មាន​សិទ្ធិ​រស់នៅ​ទីនោះ។

លោក វណ្ណ សុផាត៖ «ប្រព័ន្ធ​យុត្តិធម៌​យើង ត្រូវ​ផ្តល់​យុត្តិធម៌​ឲ្យ​បាន​ស្មើភាព​គ្នា។ ហេតុអ្វី​បាន​ត្រូវ​ផ្តល់​ដី​ហ្នឹង​ឲ្យ​អ្នក​មាន​អំណាច​អ្នក​មាន​លុយ​បាន ហើយ ហេតុ​អី​មិនអាច​ឲ្យ​ប្រជាពលរដ្ឋ​បាន ខណៈ​ពលរដ្ឋ​បាន​រស់នៅ​ទីនោះ​២០​ទៅ​៣០​ឆ្នាំ​មក​ហើយ។ ហេតុ​អី​ឲ្យ​គាត់​មិនបាន​?តើ​ច្បាប់​នេះ​របៀប​ម៉េច​?បើ​ឆ្លុះបញ្ចាំង​ពី​ស្មារតី​ច្បាប់​វិញ គឺថា អនុវត្ត​ស្មើគ្នា មិន​ថា​អ្នកមាន​អ្នកក្រ​។​ដូច្នេះ​បើសិនជា​ឲ្យ​ទៅ អ្នក​ទាំងអស់​នោះ​បាន ត្រូវតែ​ធ្វើ​ម៉េច​ច្បាប់​ហ្នឹង ក៏​ត្រូវតែ​អនុវត្ត​ដើម្បី​ផ្តល់​ដី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​វិញ​ដែរ​។​ហើយ​គាត់​សុំ​អភិវឌ្ឍន៍​នឹង​កន្លែង​គឺជា​សុទ្ធ​តែ​ជា​ដំណោះស្រាយ​ដែល​អាច​ទៅ​រួច»។

ប្រជាពលរដ្ឋ​ទាំងនោះ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​ដែល​ពួកគាត់​កំពុង​រស់នៅ​នោះ មាន​ទំហំ​សរុប​ជាង​៥​ហិកតារ ប៉ុន្តែ​រដ្ឋាភិបាល មិនបាន​អើពើ​នោះ​ទេ។

ផ្ទុយទៅវិញ ទន្ទឹម​នឹង​ការ​បណ្តេញ​ពលរដ្ឋ​នេះ រដ្ឋាភិបាល បែរ​សម្រេច​កាត់​ផ្ទៃដី​បឹង​តាមោក​ជាង​៧០​លើក គិត​ត្រឹម​ខែសីហា ដែល​មាន​ទំហំ​រហូតដល់​ជាង ២​ពាន់ ៣រយ​ហិកតារ​(២.៣៧៦,៩៩) ប្រគល់​ទៅ​ឱ្យ​ស្ថាប័នរដ្ឋ​ក្រុមហ៊ុន និង​បុគ្គល​ឯកជន​ដែល​ជា​គ្រួសារ​និង​សាច់ញាតិ​របស់​អ្នកមាន​លុយ​មានអំណាច ដើម្បី​សាងសង់​ផ្សារ មន្ទីរពេទ្យ ផ្ទះល្វែង និង​អគារ​ផ្សេងៗ​។ ពលរដ្ឋ​អះអាង​ថា បើ​ទោះបី​ជា អាជ្ញាធរ ប្រើប្រាស់​បណ្តឹង​ផ្សេងៗ​ដែល​យុទ្ធសាស្ត្រ ដើម្បី​បំបាក់ស្មារតី និង​កាត់បន្ថយ​សិទ្ធិ​ពួកគាត់​បែប​ណា​ក្តី ក៏​ពួកគាត់ នឹង​នៅតែ​តស៊ូ​ទាមទារ​សិទ្ធិ​រស់​នៅ​លើ​ដីធ្លី​របស់​ពួកគាត់​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។