នៅដើមឆ្នាំ២០១៩ នេះ គឺជាខួប ៧ឆ្នាំ នៃព្រឹត្តិការណ៍ ផ្ទុះជាអំពើហិង្សាមួយ នៅចំកណ្ដាលទីក្រុងភ្នំពេញ។ នៅក្នុងព្រឹត្តិការណ៍នោះ ផ្ទះសម្បែងអ្នកបុរីកីឡាជាង ២០០ខ្នង ត្រូវបានឈូសកម្ទេចចោល ហើយពលរដ្ឋជាច្រើននាក់រងរបួស ដោយសារការប្រើអំពើហិង្សាពីសំណាក់កងកម្លាំងសមត្ថកិច្ចខណ្ឌ ៧មករា រួមនឹងកងសន្តិសុខក្រុមហ៊ុន ផានអ៊ីមិច កាលពីដើមឆ្នាំ២០១២។ នៅថ្ងៃទី៣ ខែមករា ស្អែកនេះ អ្នកបុរីកីឡាដែលរស់នៅក្នុងអគារចាស់ភាគច្រើនជាស្ត្រីវ័យចំណាស់ និងកុមារ នឹងប្រមូលផ្ដុំគ្នា ប្រារព្ធខួបរំលឹកអំពីព្រឹត្តិការណ៍ហិង្សានោះ។
តំណាងអ្នកបុរីកីឡាដែលបន្តរស់នៅក្នុងអាគារចាស់ លោកស្រី ស ស៊ន ប្រាប់អាស៊ីសេរី ថា ការប្រារព្ធខួប៧ឆ្នាំ នៃការបណ្ដេញពលរដ្ឋចេញដោយបង្ខំនៅតំបន់បុរីកីឡា នៅថ្ងៃទី៣ មករា នឹងមានមនុស្សចូលទាំងចាស់ទាំងក្មេងជាង ១០០នាក់ ដែលមកពីសហគមន៍មានជម្លោះដីធ្លីក្នុងក្រុងភ្នំពេញ។ ពលរដ្ឋ ដែលនឹងមកចូលរួមប្រារព្ធខួប ៧ឆ្នាំនៅបុរីកីឡា មានអតីតអ្នកបុរីកីឡា រស់នៅតំបន់ភ្នំបាត និងទួលសំបូរ អ្នកបឹងកក់ អ្នកភូមិ២៣ អ្នកភូមិបឹងឈូក និងសហគមន៍ថ្មគោល។
ក្នុងពិធីនៅថ្ងៃទី៣ មករា លោកស្រី ស ស៊ន ឲ្យដឹងថា មាននិមន្តព្រះសង្ឃ ៤អង្គសូត្រមន្ត និងរាប់បាត្រ ហើយបង្ហោះប៉ោងប៉ោងអមជាមួយសារ សុំដំណោះស្រាយដីធ្លីឲ្យបានឆាប់ ក្នុងឆ្នាំថ្មីនេះ។ សារដែលអ្នកបុរីកីឡានឹងបង្ហោះជាមួយប៉ោងប៉ោង សរសេរថា «មានផ្ទះមានដី គឺមានកូនចៅមានអនាគត» «ផ្ទះនិងដី គឺជាជីវិតរបស់ពួកខ្ញុំ»។
ជុំវិញជម្លោះដីធ្លីនៅតំបន់បុរីកីឡាកណ្ដាលក្រុងភ្នំពេញជាង ៧ឆ្នាំមកនេះ តំណាងអ្នកបុរីកីឡា លោកស្រី ស ស៊ន ស្នើសុំអាជ្ញាធរ ពិសេសសាលាក្រុងភ្នំពេញ និងភាគីក្រុមហ៊ុន ប្រញាប់ផ្ដល់ដំណោះស្រាយជូនពួកគាត់ឲ្យបានឆាប់ ដូចពលរដ្ឋរស់នៅតំបន់ប៊ូលឌិញ (Building)។ លោកស្រីបញ្ជាក់ថា សំណងដែលពួកគាត់ចង់បាន គឺការដោះដូរកន្លែងរស់នៅពីអគារចាស់ទៅនៅក្នុងអគារថ្មីដែលសង់ដោយក្រុមហ៊ុន បើមិនបានរស់នៅក្នុងអគារថ្មី ស្នើសុំជាទឹកប្រាក់ក្នុងតម្លៃមួយ ដែលអាចរកទិញផ្ទះរស់នៅនិងប្រកបរបរចិញ្ចឹម នៅក្នុងទីក្រុងបាន៖ «ក្នុងឆ្នាំថ្មីហ្នឹង ! ពួកមីងចង់បានផ្ទះ ចង់បានផ្ទះនៅ អត់មានចង់ចេញទៅណាក្រៅពីបុរីកីឡាទេ ព្រោះអីរដ្ឋាភិបាលអភិវឌ្ឍន៍នៅហ្នឹងកន្លែង។ អត់ផ្ទះឲ្យលុយមក ឲ្យលុយដែលសំណងអាចទិញផ្ទះបាន ឥឡូវផ្ទះឡើងថ្លៃមិនដូចពីមុនទេ។ ពីមុន ១ម៉ឺន២ម៉ឺនទិញផ្ទះបាន ឥឡូវទិញអត់បានទេ ផ្ទះឡើងថ្លៃរាល់ថ្ងៃ»។
មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត សង្កេតឃើញថា អាជ្ញាធរបានខិតខំដោះស្រាយបញ្ហាដីធ្លីនៅបុរីកីឡានេះ បានច្រើនករណីមកហើយ។ មន្ត្រីដែលធ្វើការផ្នែកបញ្ហាដីធ្លីរូបនេះ យល់ថា សាលាក្រុងភ្នំពេញ និងភាគីក្រុមហ៊ុន គួរប្រញាប់ដោះស្រាយជូនអ្នកបុរីកីឡាដែលនៅសេសសល់៖ «ខ្ញុំថា បើក្រុមហ៊ុនហើយនឹងសាលារាជធានីភ្នំពេញបង្កើនឆន្ទៈ ហើយនឹងពិភាក្សាម្ដងទៀតអំពីសំណង ដែលសមរម្យអាចទទួលយកបាន ដោយអ្នករងផលប៉ះពាល់ហ្នឹង ហើយបញ្ចប់ទៅវាចប់បាត់ហើយ កុំឲ្យនៅរ៉ាំរ៉ៃអញ្ចឹងទៀតណា៎។ ប្រជាពលរដ្ឋ គាត់ចង់បានតែតម្លៃណាមួយដែលគាត់អាចយកទៅ ផ្ទះឬក៏ទិញដីទៀតបាន។ កុំឲ្យគាត់យកទៅ តម្លៃដែលមិនអាចយកទៅទិញផ្ទះទិញដីទៀតបាន មិនដឹងថា គាត់ទៅរស់នៅកន្លែងណាបានទេ បាទ !»។
កាលពីឆ្នាំ ២០០៣ ដីបុរីកីឡា ដែលមានទំហំ១៤,១២ ហិកតារ ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ ៧ មករា ត្រូវបានរដ្ឋាភិបាល ធ្វើសម្បទានទៅឲ្យក្រុមហ៊ុន ផានអ៊ីម៉ិច ដើម្បីសាងសង់អគារពាណិជ្ជកម្ម និងសាងសង់អគារចំនួន ១០អគារ លើផ្ទៃដីទំហំ ២ហិកតារ ដើម្បីសង់លំនៅឋានជូនប្រជាពលរដ្ឋនៅបុរីកីឡា ១.៧៧៦ គ្រួសារ ដើម្បីដោះដូរដីជាង ១២ហិកតារ សម្រាប់គម្រោងអភិវឌ្ឍន៍បុរីកីឡា។
ប៉ុន្តែនៅឆ្នាំ២០១០ ក្រុមហ៊ុនសង់បានតែ ៨អគារ ដែលទុកឲ្យពលរដ្ឋ ៣៨០គ្រួសារ ពុំបានសំណងត្រឹមត្រូវ ត្រូវបន្តរស់នៅលើដីមានជម្លោះ។ អ្នកបុរីកីឡាខ្លះ ដែលបានប្ដូរទៅនៅក្រៅក្រុង ដោយសារខ្វះសេវាកម្មមូលដ្ឋាននានា បានវិលមករស់នៅបុរីកីឡាវិញ ដោយតាំងលំនៅបណ្ដោះអាសន្ន លើគំនរសំរាមក្រោមអគារទាំង ៨ នៅបុរីកីឡា។
មកដល់ថ្ងៃទី៣ និងទី៤ ខែមករា ឆ្នាំ២០១២ ករណីបុរីកីឡា ក៏ផ្ទុះជាអំពើហិង្សា នៅពេលក្រុមគ្រួសារនៅសេសសល់ត្រូវបានបណ្ដេញចេញដោយបង្ខំពីផ្ទះសម្បែង ពីសំណាក់កងសន្តិសុខរបស់ក្រុមហ៊ុន ផានអ៊ីម៉ិច និងកងកម្លាំងសមត្ថកិច្ចចម្រុះព្រមទាំងកងរាជអាវុធហត្ថដែលបង្ហាញពីការពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងករណីនេះ។ សកម្មភាពបណ្ដេញចេញទាំងនោះ ធ្វើឡើងដោយប្រើគ្រឿងចក្រឈូសឆាយផ្ទះសម្បែងពលរដ្ឋ ប្រើដំបងឆក់ និងឧស្ម័នបង្ហូរទឹកភ្នែក។ ក្នុងពេលបណ្ដេញចេញនោះ ផ្ទះសម្បែងជាង ២០០ខ្នង ត្រូវបានកម្ទេច ហើយប្រជាពលរដ្ឋជាច្រើននាក់រងរបួស និងមួយចំនួនផ្សេងទៀត ត្រូវបានចាប់ និងឃុំខ្លួន។
បច្ចុប្បន្ន ផ្ទៃដីនៅបុរីកីឡាដែលបណ្ដេញពលរដ្ឋចេញដោយបង្ខំ កាលពីឆ្នាំ២០១២ នឹងត្រូវជំនួសមកវិញ ជាអគារលំនៅឋានបែបពាណិជ្ជកម្មអន្តរជាតិដំបូងគេនៅកម្ពុជា ឈ្មោះថា CEO KT Pacific តាមរយៈការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុនចិន ឈ្មោះ លីស៊ីន គ្រុប (LiXin Group) និងក្រុមហ៊ុន ខេធី ប៉ាស៊ីហ្វិច គ្រុប (KT Pacific Group)។ ក្នុងគេហទំព័រអចលនទ្រព្យកម្ពុជា ចុះផ្សាយកាលពីខែមករា ឆ្នាំ២០១៨ ឲ្យដឹងថា ក្រុមហ៊ុនចិនឈ្មោះ ស៊ីឈួន ហ័រស៊ី គ្រុប (Sichuan Huaxi Group) ទទួលសិទ្ធិសាងសង់អគារពាណិជ្ជកម្មមួយនេះ ដែលមានកម្ពស់ ៣៣ជាន់ ស្ថិតនៅក្នុងខណ្ឌ៧មករា។ នៅក្នុងគម្រោងនៃការសាងសង់អគារទំនើប ដែលគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២០ រួមមាន អគារលំនៅឋាន សាលសន្និបាតពាណិជ្ជកម្មអន្តរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ផ្សារទំនើប កន្លែងកម្សាន្ត និងភោជនីយដ្ឋាន។
ខណៈមានក្រុមហ៊ុនចិនកំពុងសង់អគារទំនើប តំណាងអ្នកបុរីកីឡា អ្នកស្រី ស ស៊ន ប្រកាន់ជំហរថា ពួកគាត់ដែលរស់នៅជិត ២០គ្រួសារ នឹងមិនចាកចេញពីអគារចាស់ឡើយ ទោះបីជាត្រូវប្រឈមនឹងការបណ្ដេញចេញជាថ្មីទៀតក៏ ដោយ បើសិនមិនទទួលបានសំណងជាការដោះដូរកន្លែងរស់នៅក្នុងអគារថ្មីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។