ជំនួបរវាងអាជ្ញាធរខណ្ឌ៧ មករា និងពលរដ្ឋមានជម្លោះដីធ្លីរ៉ាំរ៉ៃនៅសហគមន៍បុរីកីឡា ដើម្បីស្វែងរកដំណោះស្រាយដ៏សមរម្យមួយ នៅថ្ងៃទី១៨ កញ្ញានេះ មិនបានជោគជ័យទេ។ ក្នុងជំនួបនោះ អភិបាលខណ្ឌ៧ មករា លោក លឹម សុភា តម្រូវឲ្យពលរដ្ឋម្តងមួយគ្រួសារៗ ចូលជួប។
ពលរដ្ឋសហគមន៍បុរីកីឡាដែលបានចូលរួមប្រជុំជាមួយអភិបាលខណ្ឌ៧មករាចោទថា អាជ្ញាធរខណ្ឌមិនទាន់មានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយជម្លោះរបស់ពលរដ្ឋនៅឡើយ ដ្បិតការជួបគ្នាលើកនេះ លោកអភិបាលខណ្ឌនៅតែផ្តល់សំណងតិចតួចដូចមុនដដែល។
តំណាងសហគមន៍បុរីកីឡាលោកស្រី សរ ស៊ន ឲ្យអាស៊ីសេរីដឹងក្រោយចប់កិច្ចប្រជុំថា អភិបាលខណ្ឌ៧ មករា លោក លឹម សុភា បានយល់ព្រមផ្តល់សំណងដល់ពលរដ្ឋមួយគ្រួសារលុយប្រាំពាន់ដុល្លារ និងផ្ទះនៅភូមិអណ្តូងជាយក្រុងភ្នំពេញ។ លោកស្រីបញ្ជាក់ថា ការផ្តល់សំណងបែបនេះ គឺលោកស្រីមិនអាចទទួលយកបានទេហើយលោកស្រីនៅតែបន្តរស់នៅ តំបន់បុរីកីឡាដដែល៖ «គាត់ហៅពួកខ្ញុំទៅកំណត់គោលដៅដដែលអ៊ីចឹង ខ្ញុំមិនអាចទទួលបានទេ មើលទៅគាត់អត់មានឆន្ទៈដោះស្រាយឲ្យទេ» ។
លោកស្រី ស ស៊ន បញ្ជាក់ថា ក្រៅពីលោកស្រីពលរដ្ឋបួនគ្រួសារផ្សេងទៀតក៏មិនព្រមទទួលសំណងនេះដែរ។ តំណាងសហគមន៍បុរីកីឡារូបនេះ ព្រួយបារម្ភថា អាជ្ញាធនឹងប្រើវិធានការក្តៅ ឬតាមផ្លូវតុលាការមកលើពលរដ្ឋ ព្រោះនៅក្នុងជំនួបនោះលោកអភិបាលខណ្ឌបានព្រមានខ្លាំងៗ មកលើលោកស្រី៖ «គាត់ ( អភិបាលខណ្ឌ ) ប្រាប់អម្បាញមិញថា បើសិនជាមីងមិនព្រមទទួលយកសំណងទេ បើសិនមានវិធានការវាយកំទេចអគារហ្នឹងអី មានតែប្រឈមនឹងប្រព័ន្ធតុលាការទេ»។
ជំហររបស់ប្រជាសហគមន៍បុរីកីឡានៅតែបន្តទាមទារផ្ទះនៅបុរីកីឡា ឬលុយ ២៥.០០០ដុល្លារដោយពួកគេអះអាងថា បើមិនបានដូចការទាមទារ គឺមិនព្រមចាកចេញពីទីនេះ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត យល់ថា ការផ្តល់ដំណោះស្រាយ ដែលហៅពលរដ្ឋចូលជួបអភិបាលខណ្ឌម្តង មួយគ្រួសារៗ បែបនេះ មិនមែនជាដំណោះស្រាយល្អនោះទេ។ មន្រ្តីសង្គមស៊ីវិលរូបនេះសង្កេតឃើញថា ការដោះស្រាយនៅតំបន់បុរីកីឡាកន្លងមក គឺអាជ្ញាខណ្ឌតែងតែប្រើវិធីនេះ។ លោកយល់ថា បើអ្នកពាន់ព័ន្ធផ្តល់ដំណោះស្រាយជាកញ្ចប់នឹងអាចដោះស្រាយបញ្ហានេះបាន៖ «ការដោះស្រាយជាកញ្ចប់ច្រើនដងដែរ ប៉ុន្តែមិនទាន់ទទួលដំណោះស្រាយទេ មិនត្រូវគ្នា»។
កាលពីដើមឆ្នាំ២០១៨ ក្នុងចំណោមពលរដ្ឋ ១១គ្រួសារ ដែលមានឯកសារគ្រប់គ្រាន់ មានពលរដ្ឋខ្លះយល់ព្រមទទួលសំណងពីក្រុមហ៊ុន ដោយមួយគ្រួសារយល់ព្រមទទួលលុយមួយម៉ឺនប្រាំមួយពាន់ដុល្លារ (១៦.០០០ដុល្លារ) រួចហើយដើរចេញពីទីនេះ។ ចំណែកអ្នកខ្លះទៀតត្រូវសាលាក្រុងហៅទៅទទួលសំណងស្ងាត់ៗ ដោយគ្មានអ្នកណាដឹងថា សាលាក្រុងផ្ដល់ថវិកាប៉ុន្មាន ឬបានផ្ទះនៅតំបន់ណានោះទេ។
តំណាងសហគមន៍បុរីកីឡា លោកស្រី សរ ស៊ន ប្រាប់ថា នៅពេលនេះក្នុងចំណោមពលរដ្ឋ ១១គ្រួសារដែលមិនទាន់ទទួលសំណង គឺនៅសល់ ៧គ្រួសារទៀត មិនទាន់យល់ព្រមទទួលយកសំណង ដែលសាលាក្រុងភ្នំពេញរៀបចំ។
កាលពីឆ្នាំ២០១២ ផ្ទះសម្បែង ឬទ្រព្យសម្បត្តិរបស់ពលរដ្ឋទាំង ៣៨០គ្រួសារ ដែលមិនព្រមចាកចេញ ត្រូវបានក្រុមហ៊ុន ផាន អ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន និងអាជ្ញាធរក្រុងភ្នំពេញឈូស បំផ្លាញចោល។ សង្គមស៊ីវិលដែលបានតាមដានដំណើររឿងនេះយល់ថា អាជ្ញាធរ និងក្រុមហ៊ុនគួរតែមានឆន្ទៈដោះស្រាយបញ្ចប់ទំនាស់ដីធ្លីទាំងនេះកុំឲ្យនៅបន្តរ៉ាំរ៉ៃទៀត ព្រោះទំនាស់ដីធ្លីទាំងនេះនៅសេសសល់តិចតូចបំផុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។